អានតួអត្ថបទ
បារាំង

បារាំង៖លោកម៉ាក្រុងជំរុញអឺរ៉ុបឲ្យរួមសាមគ្គីគ្នា​ថែម​ទៀត​ដើម្បីប្រឈមនឹងភាពគ្មានសណ្តាប់ធ្នាប់ក្នុងលោក

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង Reuters

នៅ​ថ្ងៃ​សុក្រ ទី៧ កុម្ភៈ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ជំរុញ​សហភាពអឺរ៉ុប​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​កាន់​តែ​ខ្លាំង​នៅ​ចំពោះ​មុខ​ភាព​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​លោក។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ចូលរួម​ពេញលេញ​នៅ​ក្នុង​ការ​ចរចា​ខាង​មុខ​ស្តីពី​ការ​គ្រប់គ្រង​គ្រឿងសព្វាវុធ រួម​ទាំង​កិច្ចសន្ទនា​យុទ្ធសាស្រ្ត​ស្តីពី​តួនាទី​នៃ​កម្លាំងនុយក្លេអ៊ែរ​របស់​បារាំង។ ការ​ថ្លែង​របស់​លោក​ម៉ាក្រុង​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ជាង ១ម៉ោង​ស្តីពី​យុទ្ធសាស្រ្ត​ការពារ និង​កម្លាំងនុយក្លេអ៊ែរ​បារាំង​រៀបចំ​ក្នុង​សាលាយោធា​ក្រុង​ប៉ារីស។ នៅ​ចំពោះ​មុខ​មន្រ្តីយោធា និង​អនុព័ន្ធ​ការពារជាតិ រួម​ទាំង​វត្តមាន​ប្រមុខការទូត និង​ប្រមុខ​ការពារជាតិ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា សហភាពអឺរ៉ុប​មិន​អាច​បន្ត​ដើរ​តួនាទី​ជា​អ្នកទស្សនា​ការ​ប្រកួតប្រជែង​អាវុធនុយក្លេអ៊ែរ​បាន​ឡើយ។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ថា យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​បារាំង​មាន​គោលដៅ​ទប់​សង្គ្រាម និង​ថា បារាំង​នឹង​មិន​ចូលរួម​ក្នុង​សង្រ្គាមនុយក្លេអ៊ែរ ឬ​មួយ​ក៏​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ជា​ការ​សងសឹក​ទេ។

ផ្សាយពាណិជ្ជកម្ម

« យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង​មាន​គោលដៅ​​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​សង្រ្គាម។ កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​គ្មាន​គោលដៅ​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នៅ​ទីនេះ​ថា បារាំង​នឹង​មិន​ចូល​ប្រឡូក​នៅ​ក្នុង​សង្រ្គាមនុយក្លេអ៊ែរ ឬ​មួយ​ក៏​ប្រើ​អាវុធនុយក្លេអ៊ែរ​ដើម្បី​ជា​ការ​សងសឹក​នោះ​ឡើយ។ ដោយឡែក កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់ ពិសេស​ក្នុង​សហភាពអឺរ៉ុប។

កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​បាន​ចូលរួម​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​សហភាពអឺរ៉ុប និង​អត្ថិភាព​របស់​អឺរ៉ុប។ នៅ​ក្នុង​ន័យ​នេះ កម្លាំង​នុយក្លេអ៊ែរ​របស់​យើង​មាន​វិសាលភាព​ចំពោះ​សហភាពអឺរ៉ុប។ ត្រង់​ចំណុច​នេះ ឯករាជ្យភាព​នៃ​ការ​សម្រេចចិត្ត​របស់​យើង​ពិត​ជា​ត្រូវ​គ្នា​យ៉ាង​ពេញលេញ​ជាមួយ​នឹង​សាមគ្គីភាព​ដែល​មិន​ចេះ​រង្គោះរង្គើ​ជាមួយ​ដៃគូ​អឺរ៉ុប​របស់យើង។

ការ​សន្យា​របស់​យើង​ដើម្បី​សន្តិសុខ និង​ការពារ​អឺរ៉ុប ហើយ​ទឹកចិត្ត​សាមគ្គីភាព​របស់​យើង​តែង​ជិតស្និទ្ធ​ជានិច្ច។ យើង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ផលប្រយោជន៍​សំខាន់​របស់​បារាំង​មាន​វិសាលភាព​ចំពោះ​សហភាពអឺរ៉ុប »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ