អានតួអត្ថបទ
ស្វ៊ីស-សិទ្ធិ​អ្នកស្រលាញ់​ភេទ​ដូចគ្នា

ប្រជាជនស្វ៊ីសបោះឆ្នោត « យល់ព្រម » ធ្វើច្បាប់ប្រឆាំងការរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា

បដាផ្សព្វផ្សាយ​របស់​ក្រុម​អ្នក​គាំទ្រ​ឲ្យ​ធ្វើ​កំណែទម្រង់​ក្រមព្រហ្មទណ្ឌ​ស្វ៊ីស ដើម្បី​ការពារសិទ្ធិអ្នកស្រលាញ់ភេទ​ដូចគ្នា។ ហ្សឺណែវ ថ្ងៃទី​៦ កុម្ភៈ ២០២០​
បដាផ្សព្វផ្សាយ​របស់​ក្រុម​អ្នក​គាំទ្រ​ឲ្យ​ធ្វើ​កំណែទម្រង់​ក្រមព្រហ្មទណ្ឌ​ស្វ៊ីស ដើម្បី​ការពារសិទ្ធិអ្នកស្រលាញ់ភេទ​ដូចគ្នា។ ហ្សឺណែវ ថ្ងៃទី​៦ កុម្ភៈ ២០២០​ REUTERS/Denis Balibouse

កាលពីថ្ងៃអាទិត្យ ទី៩កុម្ភៈ​ ប្រជាជនស្វ៊ីសបានចូលរួមបោះឆ្នោត​ប្រជាមតិ ដើម្បីធ្វើច្បាប់ថ្មីមួយ សំដៅផ្តន្ទាទោសរាល់ទំរង់នៃការរើសអើង​ទៅលើ​អ្នក​ស្រលាញ់​ភេទដូចគ្នា។ លទ្ធផល​បង្ហាញថា ប្រជាជន​ស្វ៊ីស ចំនួន៦៣% បានបោះឆ្នោតយល់ព្រម។ នេះគឺជាការ​បោះ​ជំហាន​ថ្មីមួយ សម្រាប់​ប្រទេស​អឺរ៉ុប​មួយនេះ ដែល​កន្លង​មក​មានការ​យឺតយ៉ាវ ក្នុង​ការ​រៀបចំ​បទដ្ឋាន​ច្បាប់ ការពារ​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា បើ​ប្រៀបធៀប ទៅនឹង​​ប្រទេស​​ផ្សេង​​ទៀត ក្នុងតំបន់។

ផ្សាយពាណិជ្ជកម្ម

ប្រជាជនស្វ៊ីសចំនួន៦៣% បានបោះឆ្នោតយល់ព្រម ក្នុង​ការធ្វើ​កំណែទម្រង់ លើ​ក្រមព្រហ្មទណ្ឌ ដោយ​បានបន្ថែម ការ​ពិន័យ​ផ្តន្ទាទោសចំពោះ​ទង្វើ​រើសអើង ជេរ​ប្រមាថ​មើលងាយ ទៅលើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។ ចាប់ពី​ពេលនេះទៅ ការ​រើសអើង​ទៅលើ​អ្នក​ស្រលាញ់​ភេទដូចគ្នា នឹង​ត្រូវ​ផ្តន្ទាទោស​ដោយច្បាប់ ដូចទៅនឹងការរើសអើងផ្លូវភេទ ឬការ​រើសអើង​សាសនា និង​ការ​ប្រកាន់​ពូជសាសន៍​ជាដើម។

នៅតាម​ទីក្រុងធំៗ​ខ្លះ ដូចជា​ទីក្រុង​ហ្សឺណែវ សម្លេង​ឆ្នោត​គាំទ្រ ​ច្បាប់ប្រឆាំង​នឹង​ការ​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នេះ មាន​ដល់ទៅ​ជាង​៧០%។ សមាគម​ការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទដូចគ្នា ​នៅស្វ៊ីស​ បានសំដែង​ការ​អបអរ ចំពោះ​ការ​បោះជំហាន​ថ្មីនេះ​ ដោយ​មាន​ការ​ប្រឹងប្រែង​ ពី​សំណាក់​អ្នក​​នយោបាយ សាមជិក​សភា មក​ពី​បក្ស​សង្គមនិយម​ស្វ៊ីស។

ក្រៅ​ពី​ផ្តន្ទាទោសពន្ធនាគារ ឬពិន័យជាប្រាក់ ​​ចំពោះ​ការ​​ជេរប្រមាថ ​ការ​មាក់​ងាយ​ ឬ​រើសអើង​លើអ្នក​ស្រលាញ់​ភេទដូចគ្នា ច្បាប់ថ្មី ​ក៏អាច​អនុវត្ត​បានដែរ ​ចំពោះ​ការ​និយាយ ឬ​ការ​សរសេរ​​​ នៅលើ​បណ្តាញ​សង្គម ដូចជា​​ ​Facebook Twitter​ ​Youtubeជាដើម។

សកម្មជន​ម្នាក់ បាន​លើកឡើង​ថា លោក​មិន​សង្ឃឹម​ថា ច្បាប់នេះ​ នឹងធ្វើ​ឲ្យ​មនុស្​សកែប្រែ ឈប់​រើសអើង​លើ​អ្នក​ស្រលាញ់ភេទ​ដូចគ្នា ​ភ្លាមៗ​នោះទេ។ តែលោកជឿ​ថា វានឹង​ធ្វើឲ្យ​មនុស្ស​ មាន​ការ​ពិចារណា​ច្រើន​ជាងមុន មុន​នឹង​ហារស្តី ​សរសេរ ឬ​និយាយ​បន្តុះបង្ហាប់​លេងសើច ​បែប​មើលងាយ​ចំអក ​ទៅលើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។

គួរកត់​សំគាល់​ថា ជា​ទូទៅ ​​យុវជន​ក្មេងៗ ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា គឺជា​អ្នក​រង​សំពាធ​ផ្នែក​សតិអារម្មណ៍​ខ្លាំង​បំផុត ដោយសារ​តែ​ការ​ប្រមាថ​មើលងាយ ​ឬ​ការ​សើច​ចំអក។ កម្រិត​នៃ​ការ​ធ្វើ​អត្តឃាត​របស់​មនុស្ស​ស្រលាញ់​ភេទដូចគ្នា​នៅស្វ៊ីស មាន​លើស​អ្នកផ្សេង ​ដល់ចន្លោះ​ពី ២ទៅ៥ដង។ បើប្រៀបធៀប​ទៅនឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ ស្វ៊ីស​ក៏មាន​ការ​យឺតយ៉ាវ​ដែរ ក្នុង​ការ​រៀបចំ​បទដ្ឋាន​ច្បាប់​ការពារ​សិទ្ធិ​អ្នក​ភេទ​ទី៣។ ក្រុមប្រឹក្សា​នៃទ្វីបអឺរ៉ុប ព្រមទាំង​អង្គការ​សហប្រជាជាតិ ​ធ្លាប់បាន​ក្រើន​រំលឹក ឲ្យ​ស្វ៊ីស ត្រូវ​រៀបចំ​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ ឲ្យបាន​ស្មើភាព​គ្នា ជា​ពិសេស​ ចំពោះ​អ្នក​ដែល​ងាយ​រងគ្រោះ​ ដូចជា​អ្នកស្រលាញ់​ភេទ​ដូចគ្នា​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ