អានតួអត្ថបទ
អាល្លឺម៉ង់

ការសិក្សា៖ ២០១៩ ជាឆ្នាំ​ដែល​ការចំណាយ​លើ​កងទ័ព ក្នុង​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង

ចិន​បង្ហាញ​គ្រឿងសព្វាវុធ WZ-8 supersonic ក្នុងព្យុហយាត្រា​កងទ័ព​ដើម្បី​ប្រារព្ធខួប​៧០ឆ្នាំ​នៃការបង្កើត​កងទ័ពចិនកាលពីថ្ងៃទី ១​តុលា ២០១៩
ចិន​បង្ហាញ​គ្រឿងសព្វាវុធ WZ-8 supersonic ក្នុងព្យុហយាត្រា​កងទ័ព​ដើម្បី​ប្រារព្ធខួប​៧០ឆ្នាំ​នៃការបង្កើត​កងទ័ពចិនកាលពីថ្ងៃទី ១​តុលា ២០១៩ © REUTERS/Jason Lee/File Photo

ការចំណាយ​ទៅលើ​វិស័យ​យោធា នៅក្នុង​ពិភពលោក បាន​កើនឡើង ៤ភាគរយ ក្នុង​ឆ្នាំ ២០១៩។ ជាកំណើន​ខ្ពស់​មិនធ្លាប់មាន នៅក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយនេះ។ នេះ​បើតាម​ការសិក្សា​របស់​វិទ្យាស្ថាន​អន្តរជាតិ ដើម្បី សិក្សា​យុទ្ធសាស្រ្ត IISS ដែល​ត្រូវ​បាន​ចុះផ្សាយ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​ថ្ងៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ ត្រូវ​រៀបចំ​ធ្វើ នៅទីក្រុង​Munich ប្រទេស​អាល្លឺម៉ង់។ 

ផ្សាយពាណិជ្ជកម្ម

មាន​ចំណងជើងថា “តុល្យភាពយោធា” ការសិក្សា​ប្រចាំឆ្នាំ របស់​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត IISS បាន​បង្ហាញថា ការប្រកួតប្រជែង​គ្រឿង​សព្វាវុធ រវាង​មហាអំណាច​អាមេរិក និង​មហាអំណាចចិន គឺ​ជាហេតុផល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ចំណាយ ទៅលើ​វិស័យ​កងទ័ព​មានការកើនខ្ពស់ ខ្លាំង កាលពី​ឆ្នាំ ២០១៩។ ចំណែក បច្ចេកវិទ្យា​យោធា ថ្មី ដែល​កាន់តែ​ទំនើប ហើយ​និង​ជម្លោះ​ប្រដាប់អាវុធ តាំង​ពី​ប្រទេស​លីប៊ី រហូត​ដល់​អ៊ុយក្រែន គឺ​ជា​ហេតុផល​បន្ទាប់បន្សំ​ដើម្បី ធ្វើ​ឲ្យ​ការចំណាយ លើ​វិស័យ​យោធា កើនឡើង​ខ្លាំង នៅ​ឆ្នាំ ២០១៩។

តាមលោក John Chimpan ប្រធាន​វិទ្យាស្ថានអន្តរជាតិ ដើម្បី​ការសិក្សា​យុទ្ធសាស្រ្ត ការចំណាយ​លើ​វិស័យ​កងទ័ព​បាន​ចាប់កើន​ឡើងវិញ នៅ​បន្ទាប់​ពី ពិភពលោក​ចាប់​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ ឆ្នាំ ២០០៨។ ប៉ុន្តែ និន្នាការ​បង្កើន​ការចំណាយ​ទៅលើ​វិស័យ​យោធា មាន​កាន់តែច្រើន នៅក្នុង​ពិភពលោក នៅក្នុងបរិបទ ដែល គ្រប់គ្នា​មើល​ឃើញ​តែ​រូបភាព​គំរាមកំហែង​នៅ​គ្រប់​ទីកន្លែង។

ជាក់ស្តែង កម្មវិធី​ទំនើបកម្ម​វិស័យកងទ័ព​របស់​ចិន ដូចជា ការអភិវឌ្ឍ​មីស៊ីល ដែល​គេ​មិនអាច​ចាប់​បាន​សញ្ញា បាន​ធ្វើ​អាមេរិក ព្រួយបារម្ភ និង​សម្រេចចិត្ត​បង្កើន​ថវិកា​យោធា​របស់ខ្លួន​ប្រមាណ ៥៣​ពាន់​លាន​ដុល្លារ បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​យោធា​អាមេរិក នៅ​ឆ្នាំ ២០១៩ បាន​កើនឡើង​ដល់ ៦៨៥ពាន់​លាន​ដុល្លារ។ គេ​វាយតម្លៃថា ៥៣ពាន់​លាន​ដុល្លារ ដែល​អាមេរិក​សម្រេច​បន្ថែម​ពីលើ​កញ្ចប់​ថវិកា​កងទ័ព ឆ្នាំ ២០១៨ គឺ មាន​តម្លៃ​ស្មើ​នឹង​កញ្ចប់​ថវិកា​កងទ័ព​ជាតិ​របស់​ប្រទេស​អង់គ្លេស មួយទាំងមូល។

សម្រាប់​លោក John Chimpan ប្រធាន វិទ្យាស្ថានអន្តរជាតិ ដើម្បី​ការសិក្សាយុទ្ធសាស្រ្ត នៅ​អឺរ៉ុប ការរលត់រលាយ​សន្ធិសញ្ញា​ស្តីពី​អាវុធ​បាញ់ចម្ងាយ​មធ្យម នៅក្រោយ ការដកខ្លួន​របស់អាមេរិក និង​រុស្ស៊ី បូកផ្សំនឹង​ការព្រួយបារម្ភ ពី​ការគំរាមកំហែង​របស់​រុស្ស៊ី បាន​ជំរុញ​ឲ្យបណ្តាប្រទេស​អឺរ៉ុប​បង្កើន​ថវិកា​កងទ័ព ដល់ទៅ​ជាង ៤,២%ដែរ។ ប្រទេស​នៅ​អឺរ៉ុប ដែល​ជា​សមាជិក​របស់អង្គការ​អូតង់ បាន​បង្កើន​ថវិកាកងទ័ព​របស់​ខ្លួន​ផងដែរ ទៅតាម​ការទាមទារ​របស់​លោកដូណាល់ ត្រាំ ដែល​បាន​គំរាមបង្វែរយុទ្ធសាស្រ្ត​យោធា​អាមេរិក ពី​អឺរ៉ុប ទៅ​នៅ​អាស៊ីប៉ាស៊ីហ្វិក។

ដូច​មហាអំណាច​អាមេរិក ចិន​បាន​បង្កើន​ថវិកា​កងទ័ព របស់ខ្លួន ប្រមាណ ៦ភាគរយ បន្ថែមទៀត នៅ​ឆ្នាំ ២០១៩ ដែល​ធ្វើ​ឲ្យ​ថវិកា​កងទ័ព​ចិន​មាន​ចំនួន ១៨១ពាន់​លាន​ដុល្លារ ដែល​ស្ថិតនៅ​ឆ្ងាយដាច់ ក្រោយ​សហរដ្ឋអាមេរិក។ នៅក្នុង​រឿងចំណាយ​ទៅលើ​វិស័យ​កងទ័ព ចិន ជាប់ចំណាត់ថ្នាក់​លេខ២ បន្ទាប់ពី​អាមេរិក ប៉ុន្តែ នៅ​ឈរ​មុខ​អារ៉ាប៊ី សាអូឌីត ដែលជាប់ចំណាត់ថ្នាក់​លេខ៣ ក្នុង​ពិភពលោក។ រុស្ស៊ី ជាប់ចំណាត់ថ្នាក់​លេខ ៤ ចំណែក​ឥណ្ឌា​ជាប់លេខ ៥ នៅមុខ អង់គ្លេស និង​បារាំង។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ នៅ​ទីក្រុង​Munich ប្រធានាធិបតី​អាល្លឺម៉ង់ លោក Frank Walter Steinmeier បាន​ចាត់ទុក ការប្រកួតប្រជែង​ផ្នែក​សព្វាវុធ រវាង​ប្រទេស​គូបដិបក្ខ​ថា ជា​ការបំផ្លាញ ពិភពលោក ដ៏ខ្លាំងក្លា មួយ។ លោក​បាន​សំដែង​ការសោកស្តាយ​យ៉ាងដូច្នេះថា “ពីមួយឆ្នាំ ទៅ​មួយឆ្នាំ យើងបាន​ចាកឆ្ងាយ​ពី​គោលដៅ ដែល​និយាយ​ពីការសហការ​អន្តរជាតិ ដើម្បី​បង្កើត​ពិភពលោក​មួយ​ដែល​សន្តិភាព។ គំនិតប្រកួតប្រជែង ចង់ឈ្នះ ចង់ចាញ់ រវាង​មហាអំណាច​ពិភពលោក កំពុង​ដិតនៅ​ជាប់ ក្នុង​តថភាព ពិភពលោក​សព្វថ្ងៃ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ