អានតួអត្ថបទ
បារាំង

សន្និសីទស្តីអំពីសន្តិសុខ ផ្តោតលើ ការធ្លាក់ចុះឥទ្ធិពលរបស់បស្ចិមលោក

លោក​ Emmanuel Macron នៅក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​ ថ្ងៃទី ១៥ កុម្ភៈ ២០២០
លោក​ Emmanuel Macron នៅក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​ ថ្ងៃទី ១៥ កុម្ភៈ ២០២០ CHRISTOF STACHE / AFP

សន្និសីទ​ស្តីពី​សន្តិសុខ​លើក​ទី ៥៦ បាន​​ចាប់​បើក​នៅ​ថ្ងៃ​ទី ១៤​ កុម្ភៈ​ដល់​ថ្ងៃអាទិត្យ​ ដើម្បី​ពិចារណា​លើ​ប្រធានបទ “ការ​ធ្លាក់​ចុះ​ឥទ្ធិពលរបស់​បស្ចិមលោក”។ ប្រមុខ​រដ្ឋ​និងប្រមុខ​រដ្ឋាភិបាល​ជាច្រើន​ប្រទេស​បាន​មក​ចូល​រួម​។ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ (Emmanuel Macron) ក៏​បង្ហាញ​វត្តមាន​ក្នុង​ជំនួប​កំពូល​នេះ ជា​លើក​ដំបូង​ដែរ ដោយ​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ នៅ​ថ្ងៃ​សៅរ៍ទី​ ១៥ កុម្ភៈនេះ។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំងដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​សន្និសីទ​​ស្តីអំពី​សន្តិសុខ នៅ​ទីក្រុង​ម៉ុយនិច​ប្រទេស​អាល្លឺម៉ង់ លើក​ចុងក្រោយ​គេ​បង្អស់​ គឺ​លោក នីកូឡា សាកូហ្ស៊ី នា​ឆ្នាំ​២០០៩។ ជិត​១០​ឆ្នាំ​ក្រោយ ទើប​គេ​ឃើញ​ប្រធានាធិបតី​បារាំង​បង្ហាញ​វត្តមាន​ជា​ថ្មី។

នៅ​ថ្ងៃសៅរ៍​ទី ១៥កុម្ភៈនេះ លោក​ អេម៉ានុយអែល​ ម៉ាក្រុង ដែល​ធ្លាប់​លើក​សំណើ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ពង្រឹង​នយោបាយ​ការបរទេស​អឺរ៉ុប​ បាន​​លាត​ត្រដាង​ អំពី​​ផែនការ ការពារជាតិ​អឺរ៉ុប​ និង​សំណើ​ចង់​បើក​ការចរចា​ស្តីអំពី​តួនាទី​នៃ​អំណាច​អាវុធ​នុយក្លេអ៊ែរ​បារាំង។ លោក​ម៉ាក្រុង​ ក៏​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​ចុះ​ទន់​ខ្សោយ​ឥទ្ធិពល​របស់​លោក​ខាង​លិច។ លោក​ប្រធានាធិបតី​បារាំង ក៏​បាន​ឆ្លៀត​ ​បន្ទោស​រុស្ស៊ី ថា​ជា​តួកាច ដែល​​ប៉ុនប៉ង​បង្ក​អស្ថិរភាព​​​ តាមរយៈ​ការ​ញុះញង់​តាមប្រព័ន្ធ​សង្គម​និង​វាយប្រហារ​អ៊ីនធឺនែត។

​ទាក់ទង​នឹង​ការ​ស្ថាបនា​អឺរ៉ុប​វិញ លោក​ ម៉ាក្រុង បាន​អះអាង​ថា​លោក​កំពុង​​រង់​ចាំ​យ៉ាង​សកម្មភាព​របស់​​​អាល្លឺម៉ង់​ ក្នុងនាម​ជា​ដៃគូ​ដឹកនាំ​ក្បាល​ម៉ាស៊ីនអឺរ៉ុប ដើម្បី​ប្រឈម​នឹង​នយោបាយ​អាត្មានិយម​របស់​អាមេរិក និ​ងការស្ទុះ​ឡើង​របស់​ចិន។

សូម​បញ្ជាក់​ថា​សន្និសីទ​នេះ ជាការ​ជួប​ជុំ​ដ៏​ធំ ជា​ទម្លាប់​យូរលង់​មក​ហើយ​។ នៅ​លើក​ទី​៥៦នេះ អ្នក​រៀប​ចំ​កម្មវិធី​ចង់​ឱ្យ​អ្នក​ចូល​រួម​ទាំង​ ជាង​៥០០​នាក់ ដែល​ជា​ប្រមុខ​ដឹកនាំរដ្ឋ-រដ្ឋាភិបាល​ (ជាង​៤០រូប) ប្រមុខ​ដឹកនាំ​ពិភពលោក​​​ផ្នែកការពារជាតិ ការបរទេស និង​សហគមន៍​ចារកិច្ច បង្ហាញ​ទស្សនៈ​រៀងខ្លួន ​ដើម្បី​លើក​ស្ទួយ​ ឥទ្ធិពល​របស់​ក្រុម​បស្ចិមលោក​ នៅលើ​ឆាក​អន្តរជាតិ ឡើង​វិញ។ ឥទ្ធិពល​ធ្លាក់​ចុះ​ដោយចង់​សំដៅ​ថា អាមេរិក​របស់​លោក​ដូណាល់​ត្រាំ ប្រកាន់​ជំហរ​នយោបាយការ​ពារ​តែ​ផលប្រយោជន៍​ជាតិ​តែមួយ​របស់​ខ្លួន ដោយ​សារតែ​Brexit ដោយសារ​តែសន្ទុះ​​នយោបាយ​ប្រជាភិថុត​របស់​រដ្ឋ​នៅ​អឺរ៉ុប ទើប​ធ្វើ​ឱ្យ​ ចិន រុស្ស៊ី ឬ​តួកគី​ផង ឆ្លៀត​យក​ចំណេញ។

ប៉ុន្តែ​ “សហរដ្ឋ​អាមេរិក មិន​បាន​បោះបង់​សហគមន៍​អន្តរជាតិ​ទេ ! អាមេរិក​បាន​ពង្រឹង​អូតង់​ លើ​សមរភូមិ​ខាង​កើត​ជាប់​ព្រំប្រទល់​រុស្ស៊ី និង​បាន​យក​ឈ្នះ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ ក្រុម​លោក​ខាង​លិច​កំពុង​ឈ្នះ ហើយ​យើង​កំពុង​ធ្វើការ​រួម​គ្នា !” នេះ​ជា​ប្រសាសន៍​​ការពារ​ខ្លួន​​របស់​រ​ដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាមេរិក ពី​វេទិកា​សន្និសីទមុន​សុន្ទរកថា​របស់​ប្រធានាធិបតី​បារាំង​បន្តិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ