អានតួអត្ថបទ
បច្ចេកវិទ្យា-អឺរ៉ុប​

អឺរ៉ុបចង់មានបច្ចេកវិទ្យា “បញ្ញាសិប្បនិម្មិត” ដែលបំរើជាគុណប្រយោជន៍ដល់មនុស្ស

លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុបកំពុង​គយគន់​​រ៉ូបូទំនើប "Do you Speak Robot?" ក្នុងពិព័ណ៌ AI Xperience Center នៅ​សកលវិទ្យា​ល័យ​Vrije ក្រុង​ព្រុចស៊ែល ថ្ងៃទី​១៨កុម្ភៈ២០២០​
លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុបកំពុង​គយគន់​​រ៉ូបូទំនើប "Do you Speak Robot?" ក្នុងពិព័ណ៌ AI Xperience Center នៅ​សកលវិទ្យា​ល័យ​Vrije ក្រុង​ព្រុចស៊ែល ថ្ងៃទី​១៨កុម្ភៈ២០២០​ Stephanie Lecocq/Pool via REUTERS

កាលពីថ្ងៃពុធ ទី១៩កុម្ភៈ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានបង្ហាញនូវផែនការរបស់សហភាពអឺរ៉ុប ក្នុងការ​អភិវឌ្ឍន៍វិស័យ​បច្ចេកវិទ្យា​បញ្ញាសិប្បនិ​ម្មិត ដើម្បីដើរឲ្យទាន់ គូរប្រជែងធំៗ ដូចជាក្រុមហ៊ុនរបស់​សហរដ្ឋអាមេរិក និង​ ចិនជាដើម។ តែយ៉ាងណា សហភាពអឺរ៉ុប សុខចិត្តដើរយឺតបន្តិចក៏បាន ដើម្បីរៀបចំ​បទដ្ឋានច្បាប់ គ្រប់គ្រងបច្ចេកវិទ្យាទំនើបនេះ ដោយឆ្លើយតបទៅនឹងគុណប្រយោជន៍របស់មនុស្សជាចំបង​ ជាជាងគិតតែពីការស្វែងរក​​​​ចំណេញប្រាក់។

ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប ដឹងខ្លួនយ៉ាងច្បាស់ថា ក្នុងវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត គឺអឺរ៉ុប មានការយឺតយ៉ាវច្រើន។ ក្រុមហ៊ុនធំៗក្នុងវិស័យនេះ មាន Google Facebook គឺជារបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Tencent គឺជារបស់ចិន។ គឺក្នុងកម្មវត្ថុចង់ដើរឲ្យទាន់ដៃគូរប្រជែងនេះ គណកម្មការអឺរ៉ុបបានចេញផ្សាយនូវសៀវភៅសមួយ ដើម្បីបង្ហាញពី​ផែនការ និងគោលដៅក្នុងការអភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សម្រាប់សហភាពអឺរ៉ុប​។ ចាប់ពីពេលនេះទៅ សហភាព អឺរ៉ុប ចង់ដើរតួនាទីដោយខ្លួនឯង ក្នុងការគូសវាសបទវិធានច្បាប់ ដើម្បីលើកកំពស់ ផ្សព្វផ្សាយ និងការពារក្រុមហ៊ុនរបស់ខ្លួនក្នុងវិស័យនេះ។

យោងតាមលោកស្រី Von der Leyen ​ប្រធានកណកម្មការអឺរ៉ុប បានឲ្យដឹងថា ពីនេះរហូតដល់ថ្ងៃទី​១៩ឧសភា អឺរ៉ុបនឹងរៀបចំឲ្យមានការជជែក ពិគ្រោះយោបល់​ពីគ្រប់ភាគី ដូចជាអង្គការសង្គមស៊ីវីល ក្រុមហ៊ុន​ឯកជន នឹងតំណាងរដ្ឋាភិបាល របស់​ប្រទេសសមាជិកទាំង​២៧ប្រទេស របស់សហភាពអឺរ៉ុប។ ហើយគេសង្ឃឹមថា នៅរវាងចុងឆ្នាំ២០២០ និងសម្រេចឲ្យបាននូវអត្ថបទច្បាប់អឺរ៉ុបមួយ ដែលកំណត់ពីការគ្រប់គ្រងវិស័យបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត។

លោកស្រីប្រធានគណកម្មការអឺរ៉ុបលើកឡើងថា អឺរ៉ុបចង់មានវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត មួយដែលជឿនលឿន តែត្រូវតែជាបច្ចេកវិទ្យា ដែលប្រជាជនអឺរ៉ុបមានការទុកចិត្ត។ លោកស្រីបន្ថែមថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមិនល្អ ហើយក៏មិនអាក្រក់ដែរ។ អ្វីៗគឺវាអាស្រ័យទៅលើកម្មវត្ថុនៃការប្រើប្រាស់វា និងរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។ សម្រាប់សហភាពអឺរ៉ុប គឺគេត្រូវការ​បច្ចេកវិទ្យាមួយ ដែលបំរើ​ជាគុណប្រយោជន៍ដល់មនុស្សជាចំបង ដោយចៀស​​មិន​ស្វែងរក​តែប្រាក់ចំណេញ។ លោកស្រីពន្យល់ថា ក្នុងវិស័យសំខាន់មួយចំនួន ដូចជាវិស័យសុខាភិបាល និងវិស័យដែលទាក់ទងដោយផ្ទាល់ទៅនឹងសុខភាព ឬអាយុជីវិតមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ផ្តល់អាជ្ញាបណ្ណឲ្យបានម៉ដ្ឋចត់។

ដោយឡែក យោងតាមលោក Thierry Breton ​​មន្ត្រីបារាំងទទួលបន្ទុកកិច្ចការសហគ្រាសប្រចាំសហភាពអឺរ៉ុប បានលើកឡើងថា ក្នុងវិស័យ​បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន អឺរ៉ុបដើរយឺតជាងអាមេរិក និងចិនមែន​ពិត។ ក៏ប៉ុន្តែ អឺរ៉ុបមានប្រៀបច្រើន នៅក្នុងវិស័យទិន្នន័យសហគ្រាស ព្រោះក្រុមហ៊ុនឧស្សាហកម្មធំៗ ភាគច្រើនមាននៅអឺរ៉ុប។ ជាមួយនឹងអនាគតច្បាប់របស់អឺរ៉ុប ដើម្បីគ្រប់គ្រងវិស័យនេះ អឺរ៉ុបនឹងរៀបចំឲ្យមានទីផ្សារទិន្នន័យដ៏ធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ