អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់-ការពារជាតិ

បារាំងនិង​អាល្លឺម៉ង់ ព្រមព្រៀង​គ្នា​ចាប់ផ្តើម​ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី

រដ្ឋមន្ត្រីការពារជាតិបារាំង (ស្តាំ) និង​រដ្ឋមន្ត្រី​ការពារជាតិអាល្លឺម៉ង់ (ឆ្វេង) ចុះហត្ថលេខាផលិតយន្តហោះចម្បាំង​រួមគ្នា Future Combat Air System (FCAS / SCAF)។ ប៉ារីស ថ្ងៃទី​២០កុម្ភៈ២០២០​
រដ្ឋមន្ត្រីការពារជាតិបារាំង (ស្តាំ) និង​រដ្ឋមន្ត្រី​ការពារជាតិអាល្លឺម៉ង់ (ឆ្វេង) ចុះហត្ថលេខាផលិតយន្តហោះចម្បាំង​រួមគ្នា Future Combat Air System (FCAS / SCAF)។ ប៉ារីស ថ្ងៃទី​២០កុម្ភៈ២០២០​ REUTERS/Charles Platiau

រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង និងក្រសួងការពារជាតិអាល្លឺម៉ង់ បានចុះកិច្ចសន្យារួមគ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០កុម្ភៈ ដើម្បីចាប់ផ្តើមធ្វើការផលិត យន្តហោះចម្បាំងគម្រូមួយ ដែលជាស្នាដៃរួមគ្នា របស់បារាំងនិងអាល្លឺម៉ង់។ ការផលិតយន្តហោះចម្បាំងរួមគ្នានេះ គឺវា​ស្ថិតនៅក្នុងកម្មវត្ថុ របស់ប្រទេសមហាអំណាចអឺរ៉ុបទាំង២នេះ ដែលចង់ឲ្យសហភាពអឺរ៉ុប មានលទ្ធភាពពេញលេញ ក្នុងការការពារខ្លួនដោយខ្លួនឯង និង​​ឈប់រំពឹងសហរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យាតម្លៃ១៥០លានអឺរ៉ូ ត្រូវបានរដ្ឋមន្ត្រីការពារជាតិបារាំង និងរដ្ឋមន្ត្រីការពារជាតិ​អាល្លឺម៉ង់ ចុះហត្ថលេខា​រួមគ្នា នៅទីក្រុងប៉ារីស ថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ ដើម្បីចាប់ផ្តើមផលិតយន្តហោះចម្បាំងគម្រូ​ទី១។ ពីនេះដល់ឆ្នាំ២០២៦ យន្តហោះចម្បាំងគម្រូ ប្រភេទ SCAF (Système de combat aérien futur) នឹងលេចចេញជារូបរាង្គ។ ហើយបន្ទាប់ពីបានគម្រូយន្តហោះដំបូងនេះ ទើបអ្នកជំនាញអាចពិនិត្យ ឲ្យបានស៊ីជំរៅ ​សិក្សា​អំពីសមត្ថភាព និងភាពគួរឲ្យទុកចិត្តរបស់យន្តហោះ មុននឹង​ផលិតវាចេញជាផ្លូវការ។

លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង បានលើកឡើងថា យន្តហោះចម្បាំងប្រភេទថ្មី Scaf នឹងចូលមកជំនួសយន្តហោះចម្បាំង Rafale របស់បារាំង និងយន្តហោះ​ចម្បាំង Eurofighter របស់អាល្លឺម៉ង់ នៅរវាង២០ឆ្នាំទៀត។ លោកស្រីបន្តថា ប្រទេសទាំង២ បារាំង អាល្លឺម៉ង់ បានប្តេជ្ញាកសាងសហប្រតិបត្តិការក្នុងវិស័យកងទ័ព និងគ្រឿងសព្វាវុធនេះ ដើម្បីត្រៀមការពារសន្តិសុខដោយខ្លួនឯង ទៅថ្ងៃខាងមុខ​។ លោកស្រីបានអបអរផងដែរ ថានេះគឺជាគម្រោងដ៏ជាទីមោទនៈ ក្នុងការកសាងប្រព័ន្ធការពារសន្តិសុខ សម្រាប់សហភាពអឺរ៉ុបទាំងមូល។

ប្រទេស​អេស្ប៉ាញ ក៏ទើបតែបានសម្រេច ចូលរួមនៅក្នុងគម្រោងនេះដែរ ដោយទទួលបន្ទុកផ្នែកស្រាវជ្រាវបច្ចេកវិទ្យា។ តាមការគ្រោងទុក ភាគីអេស្ប៉ាញ អាចនឹងចូលរួមទឹកប្រាក់ប្រមាណ​៤៥លានអឺរ៉ូ​ បន្ថែមពីលើ​១៥០លានអឺរ៉ូ ដែលបារាំងនិងអាល្លឺម៉ង់ចែក​គ្នាចេញ​​ម្នាក់​​ពាក់កណ្តាល។​

សូមរំលឹកថា គម្រោងផលិតយន្តហោះចម្បាំងរួមគ្នា រវាងបារាំងនិងអាល្លឺម៉ង់ បានចាប់បដិសន្ធិឡើង នៅក្នុងឱកាស​ពិព័ណ៌យានផ្លូវអាកាសឆ្នាំ២០១៩។ ក៏​ប៉ុន្តែ​គម្រោង​នេះ បាន​រអាក់រអួល ដោយសារ​តែ​ភាគីអាល្លឺម៉ង់ បាន​បង្អែរបង្អង់។ សមាជិក​សភា​អាល្លឺម៉ង់ ​បាន​ស្ទាក់ស្ទើរ មិនព្រម​លើ​គោលការណ៍​បែងចែក​ការចំណាយគ្នា​​ម្នាក់៥០% ក៏ព្រោះតែក្នុងវិស័យយន្តហោះចម្បាំង បារាំងមានប្រៀបជាងអាល្លឺម៉ង់។

តែទីបំផុត សភាBundestag អាល្លឺម៉ង់ បានបោះឆ្នោតបើកភ្លើងខៀវ កាល​ពីសប្តាហ៍កន្លងទៅ។ តែសភាអាល្លឺម៉ង់ បានក្រើនរំលឹក ឲ្យរដ្ឋាភិបាលប្រុងប្រយ័ត្ន មិនត្រូវឲ្យអាល្លឺម៉ង់ចាញ់ប្រៀបបារាំងទេ នៅក្នុងគម្រោងមួយទៀត ដែលបារាំង និងអាល្លឺម៉ង់ ចង់ផលិតរថក្រោះ MGCS រួមគ្នា​។ ក្នុងវិស័យរថក្រោះ អាល្លឺម៉ង់ មានបច្ចេកវិទ្យានាំមុខលើសបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ