អានតួអត្ថបទ
បារាំង-Covid-១៩

បារាំងបានបញ្ជាក់ពីការត្រៀមខ្លួនដើម្បីទប់ទល់នឹងការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មី

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់ Reuters

នៅ​ក្នុង​ប្រទេស​ចិន ជំងឺ Covid-១៩ កំពុង​បន្ត​សម្លាប់ និង​ចម្លង​មនុស្ស​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី២៤ កុម្ភៈ ចំនួន​អ្នក​ស្លាប់​សរុប​មាន ២ ៥៩២នាក់ និង​អ្នក​ឈឺ​សរុប​ចំនួន ៧៧ ១៥០នាក់។ ក្រៅ​ពី​ចិន​ដីគោក មេរោគ Covid-១៩ កំពុង​បន្ត​សម្លាប់ និង​ចម្លង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត ពិសេស​នៅ​កូរ៉េខាងត្បូង និង​អ៊ីតាលី។ អ៊ីតាលី​ទើប​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី២៤ កុម្ភៈ​ពី​អ្នក​ស្លាប់​ម្នាក់​ទៀត​ជា​បុរស​អាយុ ៨៤ឆ្នាំ។ ជា​សរុប​ពេល​នេះ អ៊ីតាលី​មាន​ស្លាប់ ៤នាក់ និង​អ្នក​ឈឺ ១៦៥នាក់ ហើយ​តំបន់​ដែល​កំពុង​ផ្ទុះ​ខ្លាំង​ជាង​គេ​គឺ​នៅ​ប៉ែក​ខាង​ជើង។ នៅ​កូរ៉េខាងត្បូង ចំនួន​អ្នក​ឆ្លង​ថ្មី​កំពុង​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៧០នាក់។ គិត​សរុប​ត្រឹម​ថ្ងៃ​ចន្ទ ទី២៤ កុម្ភៈ កូរ៉េខាងត្បូង​មាន​អ្នក​ឈឺ​ចំនួន ៨៣៣នាក់​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​មួយ​នេះ​ក្លាយ​ជា​ប្រភព​វត្តមាន​មេរោគកូរ៉ូណាថ្មី​ធំ​ជាង​គេ​នៅ​ក្រៅ​ទឹកដី​ចិន។ ដោយឡែក​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោកអូលីវីយេ វេរ៉ង់​បាន​ធានា​ថា បារាំង​បាន​ពង្រឹង​វិធានការ និង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ Covid-១៩។

ផ្សាយពាណិជ្ជកម្ម

« ស្ថានការណ៍​កំពុង​មាន​ការ​វិវត្តន៍​ខ្លាំង​នៅ​ក្នុង​លោក។ យើង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​នូវ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ខ្ញុំ​បាន​ជួប​ជជែក​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អ៊ីតាលី និង​អាល្លឺម៉ង់។ ខ្ញុំ​បាន​និយាយ​ប្រាប់​សមភាគី​អ៊ីតាលី​ពី​ការធានា និង​ការ​គាំទ្រ​របស់​ប្រទេស​បារាំង ហើយ​យើង​បាន​ឯកភាព​គ្នា​ពី​គម្រោង​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៅ​ក្នុង​រង្វង់​សហភាពអឺរ៉ុប​ក្នុង​សប្តាហ៍​នេះ។

កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ជជែក និង​ពិនិត្យមើល​រួម​គ្នា​ដើម្បី​ស្វែង​រក​យុទ្ធសាស្រ្ត​ក្នុង​ការ​ទប់ទល់​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​របស់​មេរោគកូរ៉ូណាថ្មី។ ខ្ញុំ​ចង់​បញ្ជាក់​ថា​ក្នុង​ប្រទេស​បារាំង ស្ថានការណ៍​កំពុង​ស្ថិតស្ថិរ​ដោយ​នៅ​តែ​មាន​អ្នក​មាន​មេរោគ Covid-១៩ ម្នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ស្ថានការណ៍​របស់​អ្នក​ជំងឺ​ម្នាក់​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ ហើយ​រូប​គេ​នឹង​អាច​ចេញ​ពី​មន្ទីរពេទ្យ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ព្យាបាល​អ្នក​ឆ្លង​មេរោគកូរ៉ូណាថ្មី​ជា​យថាហេតុ។

នៅ​ក្នុង​ន័យ​នេះ និង​ដោយ​មាន​ការ​យល់ព្រម​ពី​នាយករដ្ឋមន្រ្តី ខ្ញុំ​បាន​សម្រេច​ដំឡើង​បន្ថែម​នូវ​ចំនួន​មន្ទីរពេទ្យ​ដើម្បី​ឆ្លើយ​តប​ឲ្យ​ទាន់​សភាពការណ៍។ ទន្ទឹម​គ្នា​នេះ និង​បន្ទាប់​ពី​បាន​ជួប​ក្រុម​អ្នក​ជំនាញ​សុខភាព យើង​បាន​ស្នើ​ក្រុមហ៊ុន​ផលិត​ម៉ាស់​ក្នុង​ប្រទេស​បារាំង​ឲ្យ​ផលិត​ម៉ាស់​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​តប​នឹង​ស្ថានការណ៍​ជាក់ស្តែង។

យើង​បាន​កម្ម៉ង់​ទិញ​ម៉ាស់​ក្នុង​បរិមាណ​ច្រើន​ដែល​ជា​វិធានការ​បង្ការ​ទុក​មុន ហើយ​យើង​ចាត់​វិធានការ​គ្រប់​យ៉ាង​ដែល​ចាំ​បាច់​ដើម្បី​ធានា​សន្តិសុខ​ពលរដ្ឋ​បារាំង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ