អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី-តួកគី

លោកស៊ែរហ្កី ឡាវរ៉ូស៖បទឈប់បាញ់មួយនៅតំបន់អ៊ីដឡិបក្នុងប្រទេសស៊ីរីជាការចុះចាញ់ពួកភេវរជន

ប្រមុខការទូតរុស្ស៊ីលោកស៊ែរហ្កី ឡាវរ៉ូសថ្លែងនៅ​ពីមុខក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែ ប្រទេស​ស្វ៊ីស ថ្ងៃទី២៥ កុម្ភៈ ២០២០
ប្រមុខការទូតរុស្ស៊ីលោកស៊ែរហ្កី ឡាវរ៉ូសថ្លែងនៅ​ពីមុខក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែ ប្រទេស​ស្វ៊ីស ថ្ងៃទី២៥ កុម្ភៈ ២០២០ Fabrice COFFRINI / AFP

នៅ​ថ្ងៃ​អង្គារ ទី២៥ កុម្ភៈ ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវរ៉ូស​បាន​ថ្លែង​ទាត់​ចោល​លើ​ការ​អំពាវនាវ​ឲ្យ​មាន​បទឈប់បាញ់​មួយ​នៅ​តំបន់​អ៊ីដឡិប ប្រទេស​ស៊ីរី។ តាម​លោក​ឡាវរ៉ូស បទឈប់បាញ់​មាន​ន័យ​ស្មើ​នឹង​ការ​ចុះចាញ់​ពួក​ភេវរជន។ ប្រមុខ​ការទូត​រុស្ស៊ី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ពី​មុខ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​កាកបាទក្រហមអន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​ស្ថានការណ៍​ក្នុង​តំបន់​អ៊ីដឡិប។ តំបន់​ដែល​មាន​ជនស៊ីវិល​កំពុង​ជាប់​កុន​នៅ​ក្នុង​ការ​វាយប្រហារ​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​ទ័ពអាកាស​រុស្ស៊ី​លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។ ដោយឡែក ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ថា គ្មាន​ជំនួបកំពូល ៤ភាគី​ស្តីពី​ស៊ីរី​នៅ​ថ្ងៃទី៥ មីនា​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​អង្គារ ទី២៥ កុម្ភៈ​តែ​មួយ មាន​ប្រតិកម្ម​ពី​រុស្ស៊ី និង​តួកគី​ដែល​ជា​ប្រទេស​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ស្ថានការណ៍​ក្តៅ​គគុក​នៅ​ក្នុង​តំបន់​អ៊ីដឡិប ប្រទេស​ស៊ីរី។ នៅ​ក្នុង​សន្និសីទកាសែត​មួយ​រៀបចំ​ក្នុង​ទីក្រុង​អង់ការ៉ា ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ពី​ការ​គ្មាន​ជំនួបកំពូល ៤ភាគី​នៅ​ថ្ងៃទី៥ មីនា​ខាង​មុខ​ដោយ​នៅ​ម្ខាង គ្មាន​ការ​ព្រមព្រៀង​រវាង​ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ហើយ​នៅ​ម្ខាង​ទៀត គ្មាន​ការ​ព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី២២ កុម្ភៈ លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​ពី​គម្រោង​រៀបចំ​ជំនួបកំពូល ៤ភាគី​ស្តីពី​ស៊ីរី​នៅ​ថ្ងៃទី៤ មីនា។ ជំនួបកំពូល ៤ភាគី​ចូលរួម​ដោយ​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​តួកគី​មាន​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​តំបន់​អ៊ីដឡិប។

តែ​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ថា បើ​គ្មាន​ជំនួបកំពូល ៤ភាគី​ក៏​អាច​មាន​ជំនួបកំពូល​ទ្វេភាគី​រុស្ស៊ី និង​តួកគី​នៅ​ថ្ងៃទី៥ មីនា​នោះ​ដែរ។ ចំណែក​អ្នក​នាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​ធានា​ថា លទ្ធភាព​នៃ​ជំនួប​ពហុភាគី​កំពុង​សិក្សា រួច​បន្ថែម​ថា មិនមែន​ជា​ជំនួប​ទ្វេភាគី​រវាង​ពូទីន និង​អ៊ែរដូហ្កាន​ទេ។ តាម​លោក​ឌីមីទ្រី ប៉េស្កូវ បើ​គ្មាន​ជំនួបកំពូល ៤ភាគី​រវាង​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​តួកគី​ក៏​អាច​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​ត្រីភាគី​រវាង​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​ដែរ។ គួរ​រម្លឹក​ថា​តាំង​ពី​ឆ្នាំ ២០១៧ ជំនួបកំពូល​ត្រីភាគី​រវាង​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​ធ្លាប់​បាន​រៀបចំ​ចំនួន ៧លើក​ដែល​លើក​ចុង​ក្រោយ​បាន​រៀបចំ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី។

ចំណែក​ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវរ៉ូស​បាន​ថ្លែង​នៅ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​នា​ថ្ងៃ​អង្គារ ទី២៥ កុម្ភៈ​ថា ការ​ទាមទារ​ឲ្យ​មាន​បទឈប់​បាញ់​នៅ​តំបន់​អ៊ីដឡិប​មាន​ន័យ​ស្មើ​នឹង​ការ​ចុះចាញ់​ពួក​ភេរវជន។ ទន្ទឹម​គ្នា​នេះ លោក​ឡាវរ៉ូស​បានចោទ​រដ្ឋាភិបាល​បរទេស​​មួយ​ចំនួន​ពី​បទ​ចង់​បង្ហាញ​ភាព​ត្រឹមត្រូវ​នៃ​ទង្វើ​អាក្រក់​ក្រៃលែង​របស់​ពួក​ជ្រុលនិយម និង​ពួក​ភេវរជន។ ដោយឡែក គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​សម្តែង​ក្តីបារម្ភ​ពន់ពេក​ចំពោះ​ស្ថានការណ៍​មនុស្សធម៌​នៅ​ក្នុង​តំបន់​អ៊ីដឡិប​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។ តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ តំបន់​ដែល​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ ៣លាននាក់​មួយ​នេះ​បាន​ស្ថិត​ក្រោម​ការ​វាយប្រហារ​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ទ័ពអាកាស​រុស្ស៊ី។

តាម​អង្គការ​សហប្រជាជាតិ មាន​មនុស្ស​ជិត ១លាននាក់​បាន​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង​ដែល​ជា​ចំនួន​មួយ​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ដ៏​ខ្លី​គិត​តាំង​ពី​ឆ្នាំ ២០១១ ដែល​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល។ កាកបាទក្រហម​អន្តរជាតិ​បាន​ត្អូញត្អែរ​ពី​ការ​លំបាក និង​ហានិភ័យ​ចំពោះ​បុគ្គលិក​របស់​ខ្លួន និង​អ្នកស្ម័គចិត្តមនុស្សធម៌​ក្នុង​ការ​ចូល​ទៅ​ជួយ​ពលរដ្ឋ​ដែល​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ