អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Covid-19៖ បារាំង​ត្រៀម​លក្ខណៈ​ប្រកាស​អាសន្ន ខណៈចំនួន​អ្នកឆ្លង​ក្រៅប្រទេស​ចិន​កើនឡើង​គួរឲ្យបារម្ភ

សំឡេង ០៧:១៧
ទេសចរថតរូបនៅសារៈមន្ទីរលូវរ៍ ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី​៥មីនា ២០២០
ទេសចរថតរូបនៅសារៈមន្ទីរលូវរ៍ ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី​៥មីនា ២០២០ REUTERS/Charles Platiau

មេរោគកូរ៉ូណា Covid-19 កំពុង​បន្តឆ្លងរាលដាលខ្លាំង នៅតាមប្រទេសផ្សេងក្រៅពីចិន។ គិតមកត្រឹម​ ថ្ងៃ​៧មីនា មានប្រទេសចំនួន​៩៤ប្រទេសហើយ ដែលមានករណីឆ្លងមេរោគកូរ៉ូណា។ អាជ្ញាធរបារាំង ដែលបានរកឃើញករណីផ្ទុកមេរោគ ចំនួន​១៩០នាក់បន្ថែម កាលពីថ្ងៃសុក្រទី​៦មីនា បានលើកឡើងថា គេកំពុង​ត្រៀមខ្លួន ប្រកាសអាសន្នកម្រិតទី៣ ដើម្បីទប់ទល់ការឆ្លងមេរោគនេះ ឲ្យមានប្រសិទ្ធិភាព។ ដោយឡែក ការភ័យបារម្ភ ជ្រួលច្របល់ខ្លាំង បានធ្វើឲ្យប្រជាជនតាមប្រទេសមួយចំនួន នាំគ្នាសម្រុកទិញប្រមូលស្បៀងអាហារ និងសម្ភាៈប្រើប្រាស់នានា។

ផ្សាយពាណិជ្ជកម្ម

មេរោគ Covid-19 បានឆ្លងទៅដល់ប្រទេសទាំងអស់៩៤ប្រទេសហើយ។ គ្រប់ទ្វីប គ្រប់តំបន់ មិនថាអឺរ៉ុប អាស៊ី ទ្វីប​អាមេរិក តំបន់ដើមបូព៌ា ឬទ្វីបអាហ្វ្រិក គឺសុទ្ធតែមានអ្នកផ្ទុកមេរោគ Covid-19។ យោងតាមតួលេខចុងក្រោយ នៅម៉ោង៩ព្រឹក ម៉ោងសកល ថ្ងៃទី៧មីនា ផ្ទៀងផ្ទាត់​ដោយ​អង្គការ​សុខភាព​ពិភពលោក និងអ្នកយកព័ត៌មានបារាំង AFP គឺ​ចំនួនអ្នកឆ្លង Covid-19 នៅទូទាំងពិភពលោក មានចំនួន ១០១​៩៨៨នាក់ ដែលក្នុងនោះមានស្លាប់ចំនួន​៣៤៩១នាក់។

នៅចិន ដោយដកតំបន់ហុងកុង និងម៉ាកាវចេញ គឺមានករណីឆ្លង សរុប៨ម៉ឺន៦៥១នាក់ ក្នុងនោះស្លាប់​៣០៨០នាក់។ មានន័យថា ក្នុងរវាង២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងបន្ថែម ៩៩នាក់ និងស្លាប់២៨នាក់ នៅចិន។ យោងតាមតួលេខនេះ ឃើញថានៅចិន ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ មានការចុះថយបន្តិច។ ក៏ប៉ុន្តែពេលនេះ ការបារម្ភ គឺនៅតាមប្រទេសផ្សេងក្រៅពីចិន ដែលមេរោគនេះបានទៅដល់។

ជាក់ស្តែង ប្រទេសកូរ៉េខាងត្បូង ដែលធ្ងន់ជាងគេ ដែលមានអ្នកឆ្លង​សរុប៦៧៦៧នាក់ ក្នុងនោះស្លាប់​៤៤នាក់ អ៊ីរ៉ង់មានអ្នកឆ្លងចំនួន៥៨២៣នាក់ ក្នុងនោះស្លាប់​១៤៥នាក់ អ៊ីតាលី អ្នកឆ្លងមាន​៤៦៦៣នាក់ ស្លាប់១៩៧នាក់ អាល្លឺម៉ង់ ឆ្លង៦៨៤នាក់ មិនទាន់មានអ្នកស្លាប់ទេ។ នៅសហរដ្ឋអាមេរិកវិញ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Grand Princess ផ្ទុកអ្នកដំណើរជាង​៣៥០០នាក់ ដែលចតនៅឆកសមុទ្រកាលីហ្វ័រញ៉ា ត្រូវបានគេរកឃើញមានអ្នកផ្ទុកមេរោគ  Covid-19 ចំនួន​២១នាក់។ ចំណែកនៅរដ្ឋហ្វ្ល័រីដា មានអ្នក ២នាក់ ដោយមេរោគនេះ។ ចំណែកបារាំងវិញ​ តួលេខចុងក្រោយបង្ហាញថា មានអ្នកឆ្លង Covid-19 សរុប៦១៣នាក់ ដែលក្នុងនោះ​មានស្លាប់៩នាក់។ គ្រាន់តែមួយថ្ងៃចុងក្រោយថ្ងៃទី​៦មីនា​ អាជ្ញាធរសុខាភិបាលបារាំង បានរកឃើញករណីឆ្លងថ្មី ចំនួន​១៩០នាក់។

បារាំង ត្រៀមខ្លួនប្រកាសអាសន្នកម្រិត៣ តែធានាថាពលរដ្ឋមិនត្រូវភ័យ

បារាំងជាប្រទេសមួយ ដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ និងមានសមត្ថភាពខ្ពស់ណាស់។ ប្រឈមនឹងករណីឆ្លងបែបនេះ អាជ្ញាធរសុខាភិបាលបារាំង គេមានការប្រុងប្រយ័ត្នខ្លាំងបំផុត តាមរយៈការផ្តល់ព័ត៌មាន​ជាក់ច្បាស់ មិនមែនចេះតែធ្វើលេងៗទេ។ សម្រាប់ពេលនេះ រដ្ឋាភិបាលបារាំង បានចាត់ថ្នាក់កម្រិតអាសន្នក្នុងកម្រិត២ ពោលគឺមិនទាន់ដល់កម្រិត៣ ដែលជាកម្រិតអាសន្នជម្ងឺឆ្លងធ្ងន់ធ្ងរទូទាំងប្រទេសឡើយ​។

នៅបារាំង មាន​តំបន់២ ដែលមានផ្ទុះការឆ្លងមេរោគ Covid-19 ខ្លាំងបំផុត គឺតំបន់ Haut Rhin និងតំបន់ L’Oise ស្ថិតនៅភាគខាងជើងប្រទេស។ នៅតំបន់ទាំង២នេះ រដ្ឋាភិបាលបារាំង បានចេញវិធានការបិទសាលារៀន ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ រយៈពេល២សប្តាហ៍។ បើតាមការសន្និដ្ឋាន របស់អ្នកជំនាញ កុមារ អាចមិនប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយមេរោគ Covid-19 នេះមែនពិត តែកុមារអាចផ្ទុក និងចម្លងមេរោគនេះទៅអ្នកដ៏ទៃបាន។ ត្រង់នេះហើយដែលជាការបារម្ភ ព្រោះកុមារមិនអាចមានការប្រុងប្រយ័ត្ន លាងសម្អាតដៃ ឬមិនប៉ះពាល់គ្នា ដូចមនុស្សធំឡើយ។

យ៉ាងណាមិញ ការលាងសំអាតដៃឲ្យ​បានញឹកញាប់បំផុត គឺជាវិធីសាស្ត្រការពារការឆ្លងមេរោគ ហើយត្រូវបានអាជ្ញាធរសុខាភិបាលបារាំង ផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ មួយវិញទៀត រដ្ឋាភិបាលបារាំង ក៏ទើបតែបានចេញក្រិត្យមួយ ដើម្បីកំណត់តម្លៃទឹកអាកាល់លាងសំអាតដៃ សម្លាប់មេរោគ ដែល​លក់នៅតាមឱសថស្ថាន។ ធ្វើបែបនេះ គឺដើម្បីកុំឲ្យឈ្មួញ ឆក់ឱកាសតម្លើងថ្លៃ។ ចំណែកការពាក់ម៉ាសការពារវិញ គឺមិនជាចាំបាច់ទេ បើសិនយើងមិនមានផ្ទុកមេរោគទេនោះ។

កម្មវីធីកីឡាមួយចំនួន ត្រូវលុបចោល។ ការប្រកួតកីឡាបាល់ទាត់រវាងក្រុមPSG និងក្រុមStrasbourg និង​ការប្រកួតកីឡាបាល់អោបស្រ្តី រវាងក្រុមជម្រើសជាតិEcosse​ និងក្រុមជម្រើសជាតិបារាំង ក៏ត្រូវលុប​ចោល​។ កម្មវិធីរត់ម៉ារ៉ាតុងក្រុងប៉ារីស ក៏ត្រូវលើកទៅធ្វើដល់ខែតុលា។

លោកនាយករដ្ឋមន្ត្រីបារាំង បានលើកឡើងថា រដ្ឋាភិបាលអាចនឹងប្រកាសអាសន្នកម្រិតទី៣ទូទាំងប្រទេសក្នុងពេលខាងមុខ។ ក៏ប៉ុន្តែមិនមែនមានន័យថា ប្រជាជាននឹងត្រូវតែ ភ័យបារម្ភនោះទេ។ អាជ្ញាធរសុខាភិបាលបារាំង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ទល់ និងព្យាបាល។ ដូច្នេះប្រជាជន មិនត្រូវភ័យ ផ្អើលឈូរឆនោះទេ។

ផ្អើលទិញស្បៀង ធ្វើឲ្យស្បៀងកាន់តែខ្វះ អស់ពីស្តុក

ចង់មិនចង់ បញ្ហាឆ្លងរាលដាលមេរោគ Covid-19 នេះ បានធ្វើឲ្យមនុស្សមានសតិអារម្មណ៍ភ័យបារម្ភ ជ្រួលច្រលប់។ មួយផ្នែកធំ គឺដោយសារតែព័ត៌មាន ឬដំណឹងនានា ដែលផ្សព្វផ្សាយពាលវាលពាលកាល នៅតាមបណ្តាញសង្គម ដូចជាលើFacebook ជាដើម។ អង្គការសុខភាពពិភពលោក បានចាត់ទុកថា កូរ៉ូណាវីរុស គឺជាមេរោគឆ្លងគួរឲ្យបារម្ភមែនហើយ តែព័ត៌មានក្លែងក្លាយ​បំភ័យបង្អើលមនុស្សនេះ វាក៏គឺជាមេរោគឆ្លងមួយដ៏កាចសាហាវដែរ។

ព័ត៌មាន​ដែលគ្មានប្រភពទាំងនោះ វារុញច្រានសតិអារម្មណ៍មនុស្ស ឲ្យកាន់តែភ័យខ្លាច។ លាយឡំជាមួយភាពមិនទុកចិត្ត ទៅលើអាជ្ញាធរសាធារណៈថែមទៀត ផងនោះ គឺមនុស្សកាន់តែមានអារម្មណ៍ខ្លាច ភ័យតៗគ្នា។ គឺអារម្មណ៍ភ័យនេះហើយ ដែលធ្វើឲ្យពួកគេផ្អើលនាំគ្នាទិញស្បៀងទុក និងសម្ភារៈចាំបាច់ផ្សេងទៀត។ ជាក់ស្តែង​នៅអូស្ត្រាលី ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមនុស្សម្នា នាំគ្នាផ្អើលឈូរឆ ដណើ្តម​​​​ប្រញ៉ាយគ្នា​ ទិញក្រដាសបង្គន់ទុក ​ឡើងអស់ពីផ្សារ។ រដ្ឋមន្ត្រី​សុខាភិបាល​អូស្ត្រាលី បានចេញអន្តរាគម​ហើយ​អំពាវនាវ​ឲ្យ​មនុស្ស​​ស្ងប់ស្ងាត់ ​កុំ​ជ្រួល​ច្របល់ ​ដោយគ្មានសមហេតុសមផលពេក។

នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មានករណីផ្អើលឈូរឆ ទិញស្បៀងទុកនេះដែរ។ អាជ្ញាធរបារាំង បានលើកឡើងថា​ មិនមានអ្វីត្រូវផ្អើលទិញស្បៀងទុកឡើយ។ ផ្ទុយទៅវិញ គឺការផ្អើលសម្រុកនាំគ្នាទិញស្បៀងបែបនេះទៅវិញទេ ដែលធ្វើឲ្យស្បៀងខ្វះ លែងមានក្នុងស្តុក អ្នកផលិតផលិតមិនទាន់ ធ្វើឲ្យកាន់តែផ្អើលភ័យថែមទៀត។ ភ័យពេក មិន​ល្អទេ។ កាន់តែភ័យ កាន់តែមិនអាចពិចារណារកខុសត្រូវ រកសមហេតុផលឃើញ។ ដូច្នេះចូរមនុស្សម្នាក់ៗសម្រួលចិត្តឡើងវិញ ប្រុងប្រយ័ត្នការពារខ្លួនកុំឲ្យឆ្លង ឬកុំចម្លងទៅអ្នកផ្សេង វាជារឿងប្រសើរណាស់ទៅហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ