អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីតាលី​​បិទការធ្វើដំណើរចេញ​ចូល​ខេត្តភាគខាងជើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​​នៃ​មេរោគកូរ៉ូណា ​

សំឡេង ០៧:៣១
ប៉ូលិសអ៊ីតាលី ឈរយាមកាមនៅក្នុងក្រុង Milan ក្រោយរដ្ឋាភិបាលសម្រេចបិទច្រកចេញចូលខេត្តភាគខាងជើង នៅថ្ងៃទី៨ មីនា ឆ្នាំ ២០២០។
ប៉ូលិសអ៊ីតាលី ឈរយាមកាមនៅក្នុងក្រុង Milan ក្រោយរដ្ឋាភិបាលសម្រេចបិទច្រកចេញចូលខេត្តភាគខាងជើង នៅថ្ងៃទី៨ មីនា ឆ្នាំ ២០២០។ REUTERS - FLAVIO LO SCALZO

ប្រឈមនឹងការឆ្លងរាលដាលកាន់តែខ្លាំងនៃមេរោគកូរ៉ូណា រដ្ឋាភិបាលប្រទេសអ៊ីតាលី នៅថ្ងៃអាទិត្យទី៨ មីនានេះ បានសម្រេចបិទច្រកចេញចូលខេត្តប្រមាណ ១៤ នៅភាគខាងជើងនៃប្រទេស។ វិធានការនេះ នឹងត្រូវអនុវត្តយ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។ ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋអ៊ីតាលីចំនួនជិត ១៦ លាននាក់ ដែលរស់នៅក្នុងតំបន់ហាមឃាត់ មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញចូលឡើយ លើកលែងតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នភាពការឆ្លងរាលដាលមេរោគកូរ៉ណានៅក្នុងប្រទេសអ៊ីតាលី

ខណៈពេលនេះ ការឆ្លងរាលដាលមេរោគកូរ៉ណានៅក្នុងប្រទេសអ៊ីតាលីកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងជាងមុន។ អ៊ីតាលី គឺជាប្រទេសដែលមានចំនួនករណីឆ្លងមេរោគកូរ៉ូណាច្រើនជាងគេបំផុតនៅអឺរ៉ុប ហើយករណីឆ្លងត្រូវបានគេរាយការណ៍ថាបានកើនឡើងខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ។

គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី ៨ មីនា ចំនួនអ្នកជំងឺដែលស្លាប់ដោយសារតែមេរោគកូរ៉ូណា ឬកូវីដ ១៩ កើនឡើងដល់ចំនួន ២៣៣ នាក់ ដែលក្នុងចំណោមនោះមានច្រើនជាង ៣៦ នាក់ ស្លាប់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយនេះតែប៉ុណ្ណោះ។ នេះ បើតាមតួលេខរាយការណ៍ឲ្យដឹងពីមន្ត្រីជំនាញអ៊ីតាលី។

ចំណែកករណីឆ្លងវិញ ក៏មានចំនួនកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ណាស់ដែរ។ រហូតមកទល់នឹងពេលនេះ អ្នកឆ្លងមេរោគកូរ៉ូណានៅអ៊ីតាលីបានកើនដល់ចំនួនជិត ៦ ពាន់នាក់ ក្រោយពីករណីឆ្លងថ្មី ត្រូវបានគេរាយការណ៍ថាបានកើនចំនួន ១ ២០០ ក្នុងរយៈពេលតែមួយថ្ងៃ គឺថ្ងៃសៅរ៍ម្សិលមិញនេះ។ ចំនួនករណីឆ្លងថ្មីនាថ្ងៃសៅរ៍ គឺជាចំនួនកើនឡើងច្រើនជាងគេបំផុតហើយនៅអ៊ីតាលីចាប់តាំងពីមានការផ្ទុះឡើងមេរោគកូរ៉ូណានៅភាគខាងជើងនៃប្រទេសនេះនាថ្ងៃទី ២១ ខែកុម្ភៈមក។

ដោយសារតែមើលឃើញពីស្ថានភាពធ្ងន់ធ្ងរបែបនេះ ទើបរដ្ឋាភិបាលអ៊ីតាលីនៅថ្ងៃអាទិត្យ ទី ៨ មីនានេះ សម្រេចបិទរាំងខ្ទប់ទាំងស្រុងនូវតំបន់និងទីតាំងខេត្តនៅភាគខាងជើងដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេ។ ក្នុងនោះមានតំបន់ឡាំបាឌីនិងខេត្តដទៃទៀតចំនួន ១៤ ខេត្ត។ វិធានការរបស់រដ្ឋាភិបាលអ៊ីតាលីនេះ ត្រូវចូលជាធរមាន យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៣ មេសាដែរ។

ប្រតិកម្មរបស់រដ្ឋាភិបាលអ៊ីតាលជុំវិញការឆ្លងរាលដាលមេរោគកូរ៉ូណា

អ៊ីតាលីគឺជាប្រទេសដែលសម្បូរមនុស្សចាស់ជាងគេបំផុតក្នុងពិភពលោកបន្ទាប់ពីប្រទេសជប៉ុន។ បើយោងតាមអ្នកជំនាញ មនុស្សចាស់គឺជាមនុស្សដែលងាយរងគ្រោះជាងគេពីមេរោគកូរ៉ណា ដូច្នោះហើយអ៊ីតាលីត្រូវប្រឈមខ្លាំងណាស់ជាមួយនឹងវិបត្តិកូរ៉ូណាដែលកំពុងបន្តវាយលុក។

ជាក់ស្តែង ស្របពេលដាក់ចេញនូវវិធានការបិទខ្ទប់ការចេញចូលក្នុងខេត្តភាគខាងជើង ដែលជាកន្លែងមានការឆ្លងរាលដាលខ្លាំងជាងគេ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក​ហ្ស៊ីអ៊ូសេប កុនតេ នាថ្ងៃអាទិត្យនេះក៏បានចេញមុខនិយាយអំពីភាពអាសន្ននៃការឆ្លងរីករាលដាលមេរោគកូរ៉ូណានៅក្នុងប្រទេសផងដែរ។

លោកនាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រាប់អ្នកយកព័ត៌មានថាប្រទេសអ៊ីតាលីកំពុងប្រឈមនឹងភាពអាសន្នផ្នែកសុខភាពថ្នាក់ជាតិ ដូច្នេះរដ្ឋាភិបាលត្រូវតែដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងរាតត្បាតដូចជាមេរោគកូរ៉ណានេះ។

ទាក់ទងនឹងការបិទច្រកចេញចូលនៅតំបន់ឡាំបាឌី និងខេត្តភាគខាងជើងចំនួន ១៤ ផ្សេងទៀត លោកនាយករដ្ឋមន្ត្រីអ៊ីតាលី បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋរស់នៅតំបន់នោះចំនួនជិត ១៦ លាននាក់ មិនត្រូវបានអនុញ្ញាតឲ្យចេញចូលក្នុងតំបន់ សេរីដូចមុនឡើយ។

នេះមានន័យថា ប្រជាពលរដ្ឋទាំងជិត ១៦ លាននាក់ ត្រូវរងផលប៉ះពាល់។ ពួកគេមិនអាចធ្វើដំណើរចេញចូលឬទៅទីសាធារណៈមួយចំនួនដូចជារោងកុន សារៈមន្ទីរ ឬចូលរួមពិធីបុណ្យផ្សេងៗបានតាមចិត្តដូចមុនបានឡើយ លើកលែងតែពួកគេមានភស្តុតាងដែលបញ្ជាក់បានថាមានការបន្ទាន់ទាក់ទងនឹងការងារ ឬហេតុផលសុខភាពតែប៉ុណ្ណោះ។

ប្រមុខដឹកនាំអ៊ីតាល ពន្យល់ថារដ្ឋាភិបាលធ្វើបែបនេះ គឺដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងថាវិធានការដែលបានដាក់ចេញអាចបង្កជាផលប៉ះពាល់ខ្លះ ដល់ប្រជាពលរដ្ឋពិតមែនហើយ តែគេត្រូវលះបង់ និងទ្រាំលំបាកមួយរយៈពេលតូច ដើម្បីសេចក្តីសុខរយៈពេលវែង។

រដ្ឋាភិបាលអ៊ីតាលីត្រៀមបុគ្គលិកពេទ្យជាច្រើនដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា

ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃមេរោគកូរ៉ូណាដែលមានសភាពចេះតែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ និងស្របតាមការណែនាំពីអ្នកការសុខភាពពិភពលោកផងនោះ រដ្ឋអំណាចអ៊ីតាលី បានត្រៀមជើងព្រួលជាខ្លាំង។ ក្នុងនោះ គេបានត្រៀមបញ្ចប់ថវិកា​រហូតដល់ចំនួន ៦០០ លានអឺរ៉ូឯណោះដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា។

ក្រៅពីបិទខ្ទប់ទាំងស្រុងខេត្តភាគខាងជើង និងត្រៀមថវិកាដ៏ច្រើន រដ្ឋាភិបាលអ៊ីតាលី ក៏បានត្រៀមបុគ្គលិកពេទ្យចំនួនសរុបប្រមាណ ២ ម៉ឺននាក់​ ដែលក្នុងនោះមានពេទ្យជំនាញប្រមាណ ៥ ពាន់ គិលានុបដ្ឋាយិកា ចំនួន ១ ម៉ឺន នាក់ និងអ្នកមើលថែទាំជំងឺ ចំនួន ៥ ពាន់នាក់ផ្សេងទៀត។

លើសនេះទៅទៀតនោះ រដ្ឋាភិបាលអ៊ីតាលី ក៏បានអំពាវនាវផងដែរដល់វេជ្ជបណ្ឌិតដែលចូលនិវត្តន៍ និងនិស្សិតពេទ្យជិតបញ្ចប់ការសិក្សា ឲ្យចូលរួមក្នុងការជាមួយបុគ្គលិកពេទ្យដៃ ដើម្បីព្យាបាល ក៏ដូចជាទប់ទល់នឹងមេរោគកូរ៉ូណាដែរ។

ជារួម ប្រមុខរដ្ឋាភិបាលអ៊ីតាលី បានបង្ហាញឆន្ទៈខ្ពស់ណាស់ ក្នុងការទប់ស្តាត់ការឆ្លងរាលដាលមេរោគកូរ៉ូណា។ មួយវិញទៀត ដើម្បីការពារសុខភាព សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន រដ្ឋាភិបាលអ៊ីតាលី ក៏មិនខ្លាចនឹងចំណាយថវិកាក្នុងចំនួនដ៏ច្រើនដើម្បីជួលបុគ្គលិកពេទ្យឲ្យមកចូលរួមព្យាបាលអ្នកជំងឺឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ