អានតួអត្ថបទ
បារាំង-Covid-១៩

Covid-១៩៖បារាំងប្រកាសចូលដំណាក់កាលទី៣ នៃការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី

អគ្គនាយកសុខាភិបាលបារាំង​លោក​ Jérôme Salomon (រូបឆ្វេង) និង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង​លោក Olivier Véran
អគ្គនាយកសុខាភិបាលបារាំង​លោក​ Jérôme Salomon (រូបឆ្វេង) និង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង​លោក Olivier Véran Ludovic MARIN / AFP

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ មីនា​ពី​ការ​ឈាន​ចូល​ដំណាក់កាលទី៣ នៃ​ការ​ឆ្លងរាលដាល​ជំងឺ Covid-១៩។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី១៤ មីនា Covid-១៩ ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ Covid-១៩ មាន ៩១នាក់ និង​អ្នក​ឈឺ​បាន​កើន​ដល់ ៤ ៥០០នាក់ ក្នុង​នោះ​មាន ៣០០នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ អ្វី​ទៅ​ជា​ហេតុផល​ដែល​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ប្រកាស​ដំណាក់កាល​ទី៣ នៃ​ការ​ឆ្លងរាលដាល Covid-១៩ ពេល​នេះ និង​ថា មាន​វិធានការ​បន្ថែម​អ្វី​ខ្លះ​នៅ​ក្នុង​ដំណាក់កាល​ទី៣​នេះ?។

ផ្សាយពាណិជ្ជកម្ម

ការ​វិវឌ្ឍន៍​នៃ​ការ​ឆ្លងរាលដាល Covid-១៩ ក្នុង​ប្រទេស​បារាំង​លែង​កំណត់​នៅ​ក្នុង​តំបន់​នេះ ឬ​តំបន់​នោះ​ទៀត​ឡើយ តែ​នៅ​ទូទាំង​ប្រទេស។ ចាប់​ពី​ពេល​នេះ​ត​ទៅ Covid-១៩ បាន​ធ្វើ​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បារាំង។ នៅ​ក្នុង​ដំណាក់កាលទី២ រដ្ឋាភិបាល​បាន​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាតត្បាត តែ​ជាមួយ​នឹង​ដំណាក់កាលទី៣ រដ្ឋាភិបាល​បាន​ប្តូរ​ពី​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​ទៅ​ជា​យុទ្ធសាស្រ្ត​ដើម្បី​កាត់​បន្ថយ​មេរោគ។ គួរ​បញ្ជាក់​ថា ដំណាក់កាល​ទី៣ នៃ​ការ​ឆ្លងរាលដាល Covid-១៩ មិនមែន​បញ្ជាក់​ពី​កំណើន​គ្រោះថ្នាក់​នៃ Covid-១៩ ទេ តែ​បញ្ជាក់​ពី​ការ​ប្តូរ​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រឆាំង​វា។

វិធានការ​នៅ​ក្នុង​ដំណាក់កាល​ទី៣ នៃ​ការ​ឆ្លងរាលដាល Covid-១៩ ពេល​នេះ​មាន​ច្រើន​ចាប់​ពី​ការ​បិទសាលារៀន ទីកន្លែង​សាធារណៈ​មួយ​ចំនួន​ដែល​មិន​ចាំ​បាច់ ឬ​មួយ​ក៏​កម្រិត​ចំនួន​មនុស្ស​ជួបជុំ​គ្នា​ជា​ដើម។ ទាំង​នេះ​ក៏​មាន​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បារាំង​គ្រប់​រូប​ចៀសវាង​ការ​ធ្វើ​ដំណើរ​មិន​ចាំ​បាច់​ជា​ដើម។ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​នៅ​ក្នុង​ការ​ឆ្លង​ចូល​​ដំណាក់កាល​ទី៣ នៃ​ការ​ឆ្លងរាលដាល Covid-១៩ ពេល​នេះ គឺ​ការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​ព្យាបាល​ដោយ​ផ្តល់​អាទិភាព​លើ​អ្នក​ឆ្លង Covid-១៩ ក្នុង​កម្រិត​ធ្ងន់​ដែល​ត្រូវ​សង្រ្គោះបន្ទាន់។

វិធានការ​ពិសេស​បន្ថែម​នៅ​ក្នុង​ដំណាក់កាលទី៣ នេះ គឺ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ទាំង​អស់ ទាំង​គ្រូពេទ្យ​ឯកជន​នៅ​តាម​ស្រុក ខេត្ត ក្រុង និង​គ្រូពេទ្យ​នៅ​តាម​គ្រប់​មន្ទីរពេទ្យ​ទាំង​អស់។ បើ​អ្នក​ជំងឺ​ណា​ម្នាក់​ផ្តាសាយ ឈឺក្បាល និង​ហៀរសម្បោរ​ធម្មតា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យប្រចាំ​គ្រួសារ​ជា​មុន ហើយ​បើ​គ្មាន​អ្វី​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​នៅ​ផ្ទះ។ តែ​សម្រាប់​អ្នក​ធ្ងន់ធ្ងរ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​តេស្ត​រក Covid-១៩។ កម្មវត្ថុ​របស់​រដ្ឋាភិបាល គឺ​កាត់​បន្ថយ​ការ​ទៅ​កាន់​មន្ទីរពេទ្យ​របស់​អ្នក​ជំងឺ​ឈឺ​បន្តិចបន្តួច​ដោយ​ទុក​កន្លែង​ឲ្យ​អ្នក​មាន Covid-១៩ ដែល​ត្រូវ​សង្រ្គោះបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ