អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងកំពុងពិចារណា ក្រុងពលរដ្ឋឱ្យនៅតែក្នុងផ្ទះមែនឬ ?

សំឡេង ០៥:២៥
បារាំង​នឹង​ដាក់​កំហិត​ឱ្យប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្ទះ​ឬ ?
បារាំង​នឹង​ដាក់​កំហិត​ឱ្យប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្ទះ​ឬ ? POOL/AFP/File

ក្រោយ​ពី​បាន​ប្រកាស​ចាត់​វិធានការបិទ​សាលា​រៀន​ ​ទូទាំង​ប្រទេស​​ បិទ​ហាង​ទំនិញ ភោជនីដ្ឋាន បារ រង្គសាល រោងកុន​ ... ព្រមទាំង​ទី​​សាធារណៈ​ មិន​ចាំបាច់មក រដ្ឋាភិបាល​បារាំង ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ៗ​ជា​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​សប្តាហ៍​នេះ។ តើ​បារាំង​​ត្រូវ​លុប​ចោល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជុំ​ទីពីរ ? បិទ​ព្រំដែន​ ? ចេញ​បម្រាម​កាន់​តែ​តឹង​តែង ដូច​នៅ​អ៊ីតាលី ឬ​អេស្ប៉ាញ កំហិត​ប្រជាជន​មិន​ឱ្យ​ចេញ​ពី​ផ្ទះតែ​ម្តង ឬ​យ៉ាងណា ?

ផ្សាយពាណិជ្ជកម្ម

ជា​វិធានការ​ដ៏​បារាំង​ពុំ​ធ្លាប់​ជួបប្រទះ​ទេ។ តាំង​ពី​វេលា​ម៉ោង ១២​អាធ្រាត្រ​ថ្ងៃសៅរ៍​ទី ១៤​មីនា មក ហាង​ទំនិញ​ ដែល​មិន​បាច់​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បិទ។ ការ​បិទ​ហាង​ បិទ​ទី​សាធារណៈ​មិន​បាច់​ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ កុំ​ឱ្យមានការ​ជួប​ជុំមនុស្ស​ច្រើន ដែល​ជា​កត្តា​ហានិភ័យ​អាច​បង្កើនចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩។ ប៉ុន្តែ​ នៅ​ថ្ងៃ​អាទិត្យ ទី ១៥ មីនាម្សិលមិញ​ ក្រោម​ផ្ទៃ​មេឃស្រលះ​​ល្អ គេ​បែរ​ជា​ឃើញ​ប្រជាជន​ដើរ​លេង​ព្រោង​ព្រាត​ នៅ​ជុំៗ​គ្នា​ តាម​ទី​កន្លែង​សាធារណៈ សួន​ច្បារ មាត់​ទន្លេ យ៉ាង​រីករាយ ដូច​ជា​គ្មាន​រឿង​អ្វីកើត​ឡើង​សោះ ដែល​តែ​តាម​ពិត​ប្រទេស​កំពុ​ង​ប្រឈម​នឹង​ការ​រាតត្បាត​​យ៉ាង​ខ្លាំង ចំនួន​អ្នកឆ្លង​ថ្មី និងអ្នក​ស្លាប់​កើន​ឡើង​ជា​លំដាប់។

នៅ​ចំពោះ​មុខ​​អាកប្បកិរិយា​មិន​ល្អរបស់​ប្រជាពលរដ្ឋ​បែប​នេះ មិន​ចូល​រួម​អនុវត្ត​សកម្មភាព​ដែល​ជា​រនាំង​ទប់​​ការរាតត្បាត​ ទើបអង្គ​ប្រជុំ​ពិសេស​របស់​រដ្ឋាភិបាល​ដែលប្រព្រឹត្ត​ទៅ​នៅ​សៀល​ថ្ងៃអាទិត្យ​ផុស​គំនិត ថា​បើ​ប្រជាពលរដ្ឋមិន​ប្រកាន់​យក​កាយវិការ​ទប់​ស្កាត់​​មេរោគ​ទេ គឺ មាន​តែ​ដាក់​បម្រាម បិទ​ឱ្យ​នៅ​ក្នុង​ផ្ទះ​តែ​ម្តង ដូច​អ៊ីតាលី ឬ​អេស្ប៉ាញ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​សេចក្តី​សម្រេច​ផ្លូវការ​ឡើយ។ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បាន​អះអាង​និង​បដិសេធ​ជា​ផ្លូវការ​នៅ​ព្រឹកថ្ងៃចន្ទ​ទី ១៦​មីនា​ភ្លាម ថា​រដ្ឋាភិបាល​ពុំ​បាន​ត្រៀម​ចេញ​ក្រិត្យ​​ឃុំ​ប្រជាពលរដ្ឋ​ឱ្យ​តែ​ក្នុង​ផ្ទះ​ទេ។ តែ​រដ្ឋាភិបាល​នឹង​ពិនិត្យ​ពិចារណាមើល​គ្រប់​វិធានការដើម្បី​​ធ្វើ​យ៉ាង​ណា​ឱ្យប្រជាពលរដ្ឋ​ប្តូរ​អាកប្បកិរិយា​របស់​ខ្លួន​ គោរព​តាម​សេចក្តីណែនាំ​របស់​អាជ្ញាធរ។

​វិធានការ​ថ្មី​ កាន់​តែ​តឹង​តែង

រដ្ឋាភិបាល​បារាំង​គ្រោង​នឹង​រឹត​បន្តឹង​វិធានការ​បន្ថែម​ទៀត ព្រោះ​ស្ថានភាព​រាតត្បាត​កាន់​ធ្ងន់ធ្ងរ​ណាស់ មាន​ស្លាប់​ឡើង​ដល់​១២៧​នាក់​ និង​អ្នក​ឆ្លង ៥៤២៣​ករណី​នៅក្នុង​ប្រទេស​ គិត​ត្រឹម​ព្រឹក​ថ្ងៃចន្ទទី​១៦មីនា។ ក្រោ​យ​ពី បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ទទួ​ល​ខុស​ត្រូវ​អឺរ៉ុប និង​ជាមួយ​លោកស្រី​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មែរកិល នៅពេល​​ព្រឹក លោក​ប្រធានាធិបតី​បារាំង​​ត្រូវ​ បន្ត​ជំនួ​បប្រជុំ​អាហារ​ថ្ងៃ​ត្រង់ ក្នុង​ទម្រង់ជា​ជំនួប​​ក្រុមប្រឹក្សា​ការពារ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​ និង​ជំនួប​ប្រជុំ​ក្រុម​ប្រទេស​ហ្ស៧ តាម​វីដេអូខុនហ្វេរិនទៀត។ បន្ទាប់​មក​ លោកប្រធានាធិបតី ម៉ាក្រុង នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ នៅ​ពេលយប់។ គឺ​នៅ​ពេល​នោះ​ហើយ ដែលលោក​ប្រធានាធិបទី​​ប្រាប់​អំពី​វិធានការ​ថ្មី អាច​ជា​វិធានការ​ដែល​ទាក់​ទង​នឹង​ការ​​សម្រេច​បិទខ្ទប់​ប្រជាជន​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ ឬ​ការ​លើក​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជុំ​ទីពីរ និង​បញ្ហា​បិទ​ព្រំដែន​​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត។

​បិទ​ព្រំដែន 

​លោកប្រធានាធិបតី​ម៉ាក្រុង មិន​ដែល​គាំទ្រ​គំនិត​ចង់​បិទ​ព្រំដែនរវាង​សមាជិក​សហភាព​អឺរ៉ុប​ដូច​គ្នា​ទេ។ លោក​ធ្លាប់​ទាំង​បាន​រិះគន់ជម្រើស​នេះផង កាលពី​​ប៉ុន្មាន​ថ្ងៃ​មុន ប៉ុន្តែ​លោក​មិន​អាច​បញ្ចុះ​បញ្ចូល​សមភាគី​អឺរ៉ុប​ផ្សេងៗទៀត​បាន​ឡើយ សូម្បី​តែ​អាល្លឺម៉ង់ ក៏​ប្រកាន់​យកវិធានកា​របិទព្រំដែន​ដែរ។ អាល្លឺម៉ង់​បានប្រកាស​​បិទព្រំដែន​ជាមួយ​បារាំង អូទ្រីស អ៊ីតាលី ស្វីស ដាណឺម៉ាក និង​លុចសំបួរ។ ដូច្នេះ​បារាំង​គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ព្រមសម្រប​ខ្លួន​បិទ​ព្រំដែន​ជាមួយ​អាល្លឺម៉ង់​វិញ​ដែរ។ គេ​សង្កេត​ប៉ូលិស​ព្រំ​ដែន​បង្ហាញ​វត្តមាន​នៅ​តាមព្រំដែន​ជាមួយ​បារាំង​ហើយ​នៅ​ថ្ងៃនេះ។ មាន​តែ​ចរាចរណ៍​ទំនិញ​ទេ​ដែល​អាច​ចេញ​ចូល​បាន។

ប៉ុន្តែ​លោក ប្រធានាធិបតី​ នៅ​តែ​ទទូច​​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​ចាត់​វិធានការ​ត្រួ​តពិនិត្យ​ព្រំ​ដែន​រួម ព្រំ​ដែន​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ចន្ទ​តែ​ម្តង និង​សហការ​ចាត់​វិធានការ​ដើម្បី​​កុំ​ឱ្យ​ប្រទេស​ណា​មួយ​​ប្រឹង​ប្រយុទ្ធ​ទប់ទល់​នឹង​កូវីដ​១៩ធ្វើ​តែ​ម្នាក់ឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ