អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងផ្តើម​ “សាកល្បង” ប្រើថ្នាំ​ផ្សំពី ​Chloroquine ​ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​កូវីដ​១៩

សំឡេង ០៥:៥៨
អ្នកជំនាញ​​នៅវិទ្យាស្ថាន​​ស្រាវជ្រាវ​ជម្ងឺឆ្លង​ក្រុង​ម៉ាកសី​ លើកបង្ហាញថ្នា Nivaquine ដែលមានសារធាតុ chloroquine និងថ្នាំ Plaquénil ដែលមានផ្សំពី​ hydroxychloroquine។ ថ្ងៃទី​២៦ កុម្ភៈ ២០២០
អ្នកជំនាញ​​នៅវិទ្យាស្ថាន​​ស្រាវជ្រាវ​ជម្ងឺឆ្លង​ក្រុង​ម៉ាកសី​ លើកបង្ហាញថ្នា Nivaquine ដែលមានសារធាតុ chloroquine និងថ្នាំ Plaquénil ដែលមានផ្សំពី​ hydroxychloroquine។ ថ្ងៃទី​២៦ កុម្ភៈ ២០២០ AFP - GERARD JULIEN

គិតមកត្រឹមថ្ងៃពុធ ទី​១៨មីនា បារាំងមានអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៧៧៣០នាក់ ដែលក្នុងនោះ មាន​ស្លាប់ ១៧៥នាក់។ ​ប្រឈមនឹងការរាលដាលនៃមេរោគកូវីដ១៩នេះ អាជ្ញាធរសុខាភិបាល​បារាំង បានប្រកាស ថានឹងចាប់ផ្តើមធ្វើការសាកល្បង ព្យាបាលអ្នកជម្ងឺដែលមានផ្ទុក​មេរោគកូវីដ​១៩​ ដោយការប្រើថ្នាំម្យ៉ាង ដែលគេប្រើព្យាបាលជម្ងឺគ្រុនចាញ់ ឈ្មោះថា​ ប្លាកេនីល (Plaquénil) ព្រោះមានការសិក្សាសាកល្បង ដោយក្រុមគ្រូពេទ្យ​នៅទីក្រុងម៉ាកសី ដែល​បានបង្ហាញលទ្ធផលគួរឲ្យសង្ឃឹម។​

ផ្សាយពាណិជ្ជកម្ម

Plaquénil ថ្នាំគ្រុនចាញ់ ទំនង​មានប្រសិទ្ធិភាព​លើ​កូវីដ១៩

ការ​សិក្សាសាកល្បងមួយ ត្រូវបាន​ធ្វើឡើង ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ វិជ្ជបណ្ឌិត Didier Raoult ដែលជាអគ្គនាយក នៃវិទ្យាស្ថានសិក្សាជម្ងឺឆ្លង ប្រចាំទីក្រុងម៉ាកសី (Institut Hospitalo-universitaire Méditerranée Infection)។​ អ្នកជំនាញបានសាកល្បង ប្រើថ្នាំឈ្មោះ Plaquénil ដែលជាថ្នាំព្យាបាលជម្ងឺគ្រុនចាញ់ ដែលមានលក់នៅលើទីផ្សារជាច្រើនសិបឆ្នាំមកហើយ។ ក្នុងថ្នាំ Plaquénil គឺផ្សំពីម៉ូឡេគុលសំខាន់ ឈ្មោះថា Chloroquine។ គឺម៉ូឡេគុលនេះហើយ ដែលគេសង្ស័យថា អាចឈានទៅសម្លាប់មេរោគ កូវីដ១៩បាន។

យោងតាមលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Didier Raoult គឺលទ្ធផលល្អសឹងតែមិនគួរឲ្យជឿ។ ក្នុងចំណោមអ្នកផ្ទុកមេរោគកូវីដ១៩ ទាំង២៤នាក់ ដែលគេបានសាកល្បង គឺក្រោយ៦ថ្ងៃនៃការប្រើថ្នាំនេះ មាន​៧៥%បានជាសះស្បើយ លែងមានផ្ទុកមេរោគកូវីដក្នុងខ្លួន។ លោកសាស្ត្រាចារ្យបានសន្និដ្ឋានថា ម៉ូឡេគុលChloroquine ដែលមាននៅ​ក្នុងថ្នាំ Plaquenil នេះ អាចទំនងជាអ្នកទៅសម្លាប់មេរោគកូវីដ១៩ ដែលមាននៅក្នុងខ្លួនអ្នកជម្ងឺ។

អាជ្ញាធរសុខាភិបាលបារាំង សម្រេចផ្តើមប្រើ​សាកល្បងទ្រង់ទ្រាយធំ

លទ្ធផលនេះគួរជាទីសង្ឃឹមមែន តែអាជ្ញាធរសុខាភិបាលបារាំង នៅមានការប្រុងប្រយ័ត្ន ដោយត្រូវរងចាំលទ្ធផល នៃការសាកល្បងទ្រង់ទ្រាយធំទៅលើអ្នកជំងឺកូវីដ១៩។ លោក Oliver Véran រដ្ឋមន្ត្រីក្រសួង​សុខាភិបាលបារាំង បានប្រកាសកាលពីរសៀលថ្ងៃទី​១៧មីនាថា​ រដ្ឋាភិបាលសហការជាមួយមន្ត្រីជំនាញវិជ្ជសាស្ត្រ​សុខាភិបាល នឹងចាប់ផ្តើមបើក​ការសិក្សាសាកល្បងទ្រង់ទ្រាយធំ ក្នុងពេលដ៏ឆាប់នេះ ទៅលើអ្នកផ្ទុកមេរោគកូវីដ១៩ ក្នុងចំនួនច្រើន។

តែយ៉ាងណា លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់សេចក្តីសម្រេចនយោបាយ ទាក់ទិននឹងសុខភាពសាធារណៈ គឺរដ្ឋាភិបាល ត្រូវតែធ្វើដោយផ្អែកទាំងស្រុង ទៅលើ​ការឲ្យយោបល់ពិគ្រោះ ពីសំណាក់អ្នកជំនាញវិទ្យាសាស្ត្រសុខាភិបាល មិនមែនចេះតែនឹកឃើញចេញបញ្ជា សម្រេចនោះទេ។ រហូតមកទល់ពេលនេះ តួលេខទិន្នន័យស្រាវជ្រាវ អំពីការប្រើថ្នាំ Plaquénil ទៅលើអ្នកជំងឺកូវីដ១៩ គឺមានតិចនៅឡើយ។ តែយ៉ាងណា អ្នកជំនាញមានសង្ឃឹមច្រើន ថាពេលសាកល្បងទ្រង់ទ្រាយធំ លទ្ធផលអាចនឹងដូចអ្វីដែលគេបានសាកល្បង​ក្នុងចំនួនតិចដែរ។

យ៉ាងណាមិញ មន្ទីរពិសោធន៍វិជ្ជសាស្ត្រ Sanofi ដែលជាសហគ្រាសផលិតឱសថដ៏ធំរបស់បារាំង បានប្រកាសថា គេបានត្រៀមផ្តល់ថ្នាំ Plaquénil ជាច្រើនលានគ្រាប់រួចហើយ ដើម្បីជូនទៅអាជ្ញាធរសុខាភិបាល​បារាំង ក្នុងការសាកល្បងព្យាបាលអ្នកជំងឺកូវីដ១៩។

Remdesivir Favipiravir Kaletra …

ដូចយើងដឹងហើយ តាំងតែពីផ្ទុះការឆ្លងរាលដាលកូវីដ១៩មក គឺមិនទាន់មានថ្នាំណា អាចទៅសម្លាប់មេរោគនេះ ឲ្យមានប្រសិទ្ធភាពទាំងស្រុងនោះទេ។ កន្លងមកគឺគេបាន​ត្រឹម​តែប្រើថ្នាំ ដើម្បីព្យាបាល​បំបាត់អាការៈឈឺ ដែលអ្នកជំងឺកូវីដ១៩ ត្រូវជួបប្រទះ។ ក្រុមគ្រូពេទ្យជំនាញ តាមប្រទេសជាច្រើន បានសាកល្បងផ្សេងៗគ្នា។

កាលពីថ្ងៃចន្ទទី១៦មីនា លោក Bruce Aylward អគ្គនាយករងនៃអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា គេកំពុងសាកល្បងប្រើថ្នាំមួយប្រភេទផ្សំពីម៉ូឡេគុល ឈ្មោះ Remdesivir។ អ្នកជំនាញនៅមជ្ឈមណ្ឌលសិក្សាវិជ្ជសាស្ត្រនៃសកលវិទ្យាល័យ ណេប្រាស្កា អាមេរិក កំពុងតែសាកប្រើថ្នាំនេះ ទៅលើ​អ្នកជំងឺកូវីដ១៩ ដែលយកចេញពីនាវាទេសចរណ៍ ដែលជាប់នៅជប៉ុន កាលពីខែមុន។​ នៅចិន ក៏កំពុងមានការសាកល្បងថ្នាំ Remdesivir នេះដែរ។ លទ្ធផលយ៉ាងណា នឹងដឹងនៅរវាងខែមេសាខាងមុខ។

ដោយឡែកនៅចិនដែរ លោករដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន កាលថ្ងៃ​អង្គារម្សិលមិញបាននិយាយថា អ្នកជំនាញចិន បានសាកប្រើថ្នាំ ឈ្មោះ Avigan ដែលថ្នាំនេះផ្សំពីម៉ូឡេគុល Favipiravir ដែលជាកម្មសិទ្ធិរបស់​ មន្ទីរពិសោធន៍ផលិតថ្នាំជប៉ុន Fujifilm។ យោងតាមលោករដ្ឋមន្ត្រីចិនរូបនេះ គេបានប្រើថ្នាំនេះ ទៅលើអ្នកជំងឺកូវីដ១៩ ចំនួន​៨០នាក់ នៅមន្ទីរពេទ្យក្រុងឆិនចិន និងទៅ​លើអ្នកជំងឺ១២០នាក់ នៅមន្ទីរពេទ្យក្រុងវូហាន។ លទ្ធផលបានបង្ហាញថា ម៉ូឡេគុល Favipiravir នេះ អាចទប់ការពង្រីកខ្លួន របស់មេរោគកូវីដ១៩ ហើយមានអ្នកជំងឺបានជាសះស្បើយ គួរជាទីសង្ឃឹម។ ថ្នាំប្រភេទនេះ ត្រូវបាន​គេយកទៅប្រើ​ព្យាបាលជម្ងឺអេបូឡា។

ក្រៅពីនេះ ក៏មានការសាកល្បងប្រើថ្នាំ Kaletra ដែលជាថ្នាំសម្លាប់មេរោគ HIV។ ថ្នាំ Kaletra ក៏គេកំពុងសាកប្រើ ដោយផ្គួបជាមួយថ្នាំ ឈ្មោះ Interféron bêta ព្រោះគេធ្លាប់សាកប្រើរួចមកហើយ កាលពីក្នុងករណីជម្ងឺ MERS។

យោងតាមលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Yazdanpanah អគ្គនាយកក្រុមជំនាញវិជ្ជសាស្ត្រផ្នែកមេរោគឆ្លង នៅប្រទេសបារាំង បានបញ្ជាក់ថា ក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងមានការសិក្សា សាកល្បងទ្រង់ទ្រាយធំ ដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីសាកប្រើថ្នាំ ផ្សេងៗគ្នា។ ការសាកល្បងនេះ នឹងអនុវត្តទៅលើអ្នកជំងឺកូវីដ១៩ ចំនួន​៣២០០នាក់ ក្នុងនោះមាន​៨០០នាក់នៅបារាំង។ អ្នកជំងឺទាំងអស់ នឹងបែងចែកជា​៣ក្រុម ផ្សេងគ្នា ដោយទទួលនូវថ្នាំព្យាបាលផ្សេងៗគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ