អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លទ្ធផល​កំណែ​​​ទម្រង់ ​និងប្រជាប្រិយភាពលោក ម៉ាក្រុង

លោកប្រមុខរដ្ឋបារាំង អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron
លោកប្រមុខរដ្ឋបារាំង អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron MARTIN BUREAU / POOL / AFP

ក្រោយពីការដាក់ចេញឱ្យអនុវត្តកំណែទម្រង់យ៉ាងច្រើន អំឡុងរយៈពេលជិត៣ឆ្នាំ ក្រោមអាណត្តិដឹកនាំរបស់ លោក អេម៉ានុយអែល ម៉ាក្រុង, អត្រានៃអ្នក​អត់ការងារធ្វើក្នុងប្រទេសបារាំងបានបន្តធ្លាក់ចុះ។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នា ការស្ទង់មតិអំពីប្រជាប្រិយភាពនិង​អត្រានៃការអនុម័តច្បាប់របស់ប្រធានាធិបតី នៅតែបន្តធ្លាក់ចុះ។ តើហេតុអ្វី?

ផ្សាយពាណិជ្ជកម្ម

ជា​លើ​ក​ដំបូង ក្នុងប្រវត្តិសាស្ត្រ​បារាំង ដែល​មាន​ប្រធានាធិបតីវ័យ​ក្មេង​បំផុត ក្រោយ​សករាជរបស់​ អធិរាជបារាំង ណាប៉ូ ឡេអុង។  លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវគេមើល​ឃើញ​ថា មាន​ភាព​​សកម្ម​ខ្លាំង​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​នានា ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ចបារាំងមានភាព​ប្រកួត​ប្រជែង​​ជាងមុន និងដើម្បី​ដើរតាមឱ្យទាន់សភាពការណ៍របស់ពិភពលោក។ កំណែ​ទម្រង់​ចម្បងៗ ដែលអនុវត្ត​កន្លង​មក​ ​រួមមាន កំណែ​ទម្រង់​វិស័យ​អប់រំ  វិស័យ​ដឹក​ជញ្ជូន​សាធារណៈ ​ច្បាប់ការងារបារាំង ពន្ធដារ និង​​​វិស័យ​គាំពារ​សង្គម ជាដើម។ និយាយឱ្យសង្ខេប ទាំងនេះ​ជា​កំណែ​ទម្រង់​ដែល​មានគោល​បំណង ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចបារាំង​មាន​ភាព​ប្រកួត​ប្រជែង​ជាង​មុន​ ធៀប​នឹង​ទីផ្សារ​ពិភពលោក និង​ដើម្បី​​ធ្វើ​ឱ្យ​ប្រជាជន​បារាំង​ ​ត្រូវ​បង្ខំចិត្ត​ខិតខំ​ធ្វើការ​ច្រើន​ជាង​មុន​។

ផ្អែកតាមរបាយការណ៍ របស់សារព័ត៌មាន The Economist អំឡុងរយៈពេល​ជិត៣ឆ្នាំ បន្ទាប់ពីលោកម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតី លទ្ធផលនៃកំណែទម្រង់របស់លោក ហាក់ដូចជាកំពុងលេចឡើងជារូបរាង។ នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩ រដ្ឋាភិបាលបារាំង បានបន្ធូរបន្ថយច្បាប់ការងារ ដើម្បីលើកទឹកចិត្តដល់ការជួលបុគ្គលិក ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបង្កើន​ភាពជាអ្នកហ្វឹកហ្វឺន (ឬបង្ហាត់បង្រៀន) និង​ការលើកទឹកចិត្តក្នុងការទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដើម្បីជំរុញ​ឱ្យ​អ្នកអត់ការងារធ្វើត្រលប់ចូលមកធ្វើការវិញ។ កំណែទម្រង់ទាំងនេះត្រូវអនុវត្តស្របពេលជាមួយនឹងការកាត់បន្ថយពន្ធអាជីវកម្ម ការកាត់បន្ថយថ្លៃសេវាបើកប្រាក់ឈ្នួលរបស់ក្រុមហ៊ុន និងការជំរុញទីផ្សារអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិនបរទេស ថាបារាំងបើកចំហ​កាន់តែខ្លាំងចំពោះអាជីវកម្ម។

ថ្មីៗនេះ រដ្ឋាភិបាលបារាំងបានសាកល្បងជំរុញកំណែទម្រង់ក្នុងស្រុកធំចុងក្រោយ ដែលពាក់ព័ន្ធទៅនឹងច្បាប់ប្រព័ន្ធប្រាក់សោធននិវត្តន៍​ (ឬប្រាក់រ៉ឺត្រែត)។ ច្បាប់នេះ ដែលមានគោលបំណងបញ្ចូលរបបសង្គម ចំនួន៤២ ទៅក្នុងប្រព័ន្ធតែមួយ បានបញ្ចូនទៅកាន់សភា នៅថ្ងៃទី១៧ ខែកុម្ភៈ ក៏ប៉ុន្តែ កញ្ចប់ថវិកា​មិន​ទាន់​មានការយល់ព្រមនៅឡើយ។ ដើម្បីប្រឆាំងនឹងកំណែទម្រង់នេះ កូដកម្ម និងការតវ៉ាយ៉ាងច្រើននៅតែបន្តកើតមាន។

ចាប់តាំងពីពេលនោះមក កំណើនសេដ្ឋកិច្ចបារាំង មានភាពរឹងមាំជាងការរំពឹងទុក។ កំណើនសេដ្ឋកិច្ច វាស់វែង ដោយផលិតផលដុលក្នុងសរុប (G.D.P) បានកើនឡើង កាលពីឆ្នាំមុន ចំនួន ១,២ភាគរយ (ជាកំណើន​លឿនជាងអាល្លឺម៉ង់) ទោះបីជាអត្រាកំណើនបានធ្លាក់ចុះបន្តិចនៅត្រីមាសទី៤។ សេដ្ឋកិច្ចបារាំង បង្កើតការងារ និងអាជីវកម្មថ្មីៗ។ ត្រឹមមួយឆ្នាំ ដល់ខែកញ្ញា ឆ្នាំ២០១៩ ការងារចំនួន ២៦០ ០០០ ការងារ ត្រូវបង្កើតឡើង ពោលគឺកើនឡើងពី ១៨៨ ០០០ ការងារ ធៀបពីឆ្នាំមុន។ អត្រាអត់ការងារធ្វើ នៅត្រីមាសទី៤ នៃឆ្នាំ២០១៩ ធ្លាក់ចុះដល់ ៧,៩ភាគរយ ពោលនេះជាអត្រាទាបបំផុត ក្នុងរយៈពេល ១១ឆ្នាំ ចុងក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយ លែងមានព័ត៌មានពោរពេញដោយការបិទទ្វារ និងបោះបង់រោងចក្រទៀតហើយ។ ចំនួនក្រុមហ៊ុនថ្មីៗ បានបង្កើតឡើងដល់ ៨១៥ ០០០ ក្រុមហ៊ុន ក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩។ នេះជាការកើនឡើង ក្នុងអត្រា ៣៨ភាគរយ អំឡុងរយៈពេលដូចគ្នា នៅឆ្នាំ២០១៧។ ការស្ទង់មតិ បង្ហាញថា មាន ៨៤ភាគរយ នៃវិនិយោគិនបរទេស បានបង្ហាញពីមតិវិជ្ជមានលើសេដ្ឋកិច្ចបារាំង។ មតិវិជ្ជមានកើនឡើង​ពី ៣៦ភាគរយ នៅឆ្នាំ២០១៦។ លើសពីនេះ​ ប្រាក់ចំណូលរបស់គ្រួសារបារាំង ​កើនឡើង ២ភាគរយ កាលពីឆ្នាំមុន ដែលនេះជាល្បឿនលឿនបំផុត ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ។

ទោះជាយ៉ាងណា លោក​ម៉ាក្រុង នៅតែលំបាក​ទទួលបាន​ស្នាដៃសម្រាប់លទ្ធផលសម្រេចបានទាំងអស់នេះ។ សេដ្ឋកិច្ចរបស់បារាំង ធ្វើបាន​ល្អប្រសើរជាងអាល្លឺម៉ង់ក្នុងផ្នែកខ្លះ ពីព្រោះបារាំង​ពឹងផ្អែកលើការនាំចេញតិចជាង ហើយបារាំងមិន​សូវ​ប្រឈមខ្លាំង​នឹង​ការប្រែប្រួលពី​ពាណិជ្ជកម្មអន្តរជាតិ។ ថវិកាជំរុញកំណើនសេដ្ឋកិច្ច ប្រមាណ ១៧ពាន់លានអឺរ៉ូ ឬស្មើ ១៨,៤ពាន់លានដុល្លារអាមេរិក ត្រូវដាក់ចេញឱ្យអនុវត្ត ដើម្បីឆ្លើយតបជាបន្ទាន់ ទៅនឹងការតវ៉ារបស់ចលនាបាតុកម្មអាវកាក់លឿង។

យោងលើអ្វីដែល​លោក​ម៉ាក្រុងសម្រេចបានស្ថានការណ៍គួរតែរុញច្រានឱ្យ​ប្រជាប្រិយភាព និង​អត្រានៃការអនុម័តច្បាប់របស់ប្រធានាធិបតីកើនឡើង ក៏ប៉ុន្តែ ក្នុងភាពជាក់ស្ដែង អត្រាបាន​ធ្លាក់ចុះ ៤ពិន្ទុទៅវិញ នៅខែមករា។ អត្រានេះធ្លាក់មកត្រឹម ៣០ភាគរយ ប៉ុណ្ណោះ។ នេះបើយោងតាមការស្ទង់មតិ របស់ស្ថាប័ន Ifop។ ក្នុងសង្គមបារាំង លោកម៉ាក្រុងត្រូវគេដាក់នាមឱ្យថា មនុស្សក្រអឺតក្រទម និងមាននិន្នាការទៅកាន់អ្នកមាន។

ផ្អែកតាមអ្នកជំនាញ គេអង្កេតឃើញថា លោកម៉ាក្រុងបរាជ័យក្នុងការបញ្ចុះបញ្ចូលភាពវិជ្ជមាន លើសន្តានចិត្តប្រជាជន ដើ​ម្បីអបអរសាទរលទ្ធផលសម្រេចបានទាំងនេះ។ រឿងនេះអាចប្រហែលជា យុទ្ធសាស្រ្ដរបស់លោកម៉ាក្រុង ព្រោះដើម្បីតម្រូវទៅតាមស្ថានភាពនយោបាយសង្គមរបស់ពិភពលោកបច្ចុប្បន្ន។ សម្រាប់ពេលបច្ចុប្បន្ន ការបកស្រាយអ្វីមួយ ដោយផ្អែកលើហេតុផលត្រឹមត្រូវ មានភាពផុយស្រួយខ្លាំងណាស់ ពីព្រោះ​សង្គមមនុស្សបានបាត់ទំនុកចិត្តលើរដ្ឋាភិបាល ចំពោះការបង្ហាញការពិត និងម៉្យាង ដោយសារចលនា​ប្រជានិយមបានអុកឡុកសង្គមយ៉ាងខ្លាំងផងដែរ។ ជាក់ស្ដែង បើទោះជាមានការចេញផ្សាយស្ថិតិផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិបារាំង អំពីការធ្លាក់ចុះអត្រានៃអ្នកអត់ការងារធ្វើ ក៏លោកស្រី Marine Le Pen មេដឹកនាំជាតិនិយមមួយ​រូប​ បានសរសេរនៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនថា “ចុះប្រសិនបើយើងឈប់និយាយកុហកទៅកាន់ពលរដ្ឋបារាំង?”។ សរុបជារួម ប្រឈមនឹងស្ថានភាពទាំងអស់នេះ លោកម៉ាក្រុងទំនងជាលំ​បាកនឹងបញ្ចុះបញ្ចូលប្រជាជនបារាំងឱ្យទទួលស្គាល់ថា កំណែទម្រង់របស់គាត់បានចាប់ផ្តើមចេញផ្លែផ្ការួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ