អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្នុងមួយសប្តាហ៍ អ៊ីតាលី​មានមនុស្សស្លាប់​ដោយសារ​កូវីដ ១៩ ជាង ៣០០០នាក់

សំឡេង ០៧:១៧
បុណ្យបញ្ចុះសព​អ្នកស្លាប់ដោយសារ​កូរ៉ូណាវីរុស​នៅ​អ៊ីតាលី
បុណ្យបញ្ចុះសព​អ្នកស្លាប់ដោយសារ​កូរ៉ូណាវីរុស​នៅ​អ៊ីតាលី REUTERS - Flavio Lo Scalzo

មនុស្ស​ស្លាប់ដោយសារ​មេរោគរាតត្បាត​កូវីដ ១៩​បាន​កើនឡើង​ច្រើនជាង ១ម៉ឺននាក់ នៅទូទាំង​ពិភពលោក។ នៅ​អ៊ីតាលី ចំនួន​មនុស្ស​ស្លាប់​ដោយសារ កូវីដ ១៩ បានកើនឡើង​ដល់ ៣៤០៥នាក់ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល ដែល ជាហេតុ​ធ្វើ​ឲ្យ​អ៊ីតាលី វ៉ាដាច់ ប្រទេស​ចិន ទៅទៀត ខាង​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ នៅក្នុង​ពិភពលោក។ ចំណែក ប្រទេស​ចិន ដែល​រងគ្រោះ​មុនគេ​ដោយសារ​មេរោគរាតត្បាត​កូវីដ ១៩ មាន​ចំនួន​មនុស្ស​ស្លាប់ សរុប ៣២៤៥​នាក់ នាំមុខ​អ៊ីរ៉ង់ (១២៨៤) និង​អេស្ប៉ាញ (៧៦៧)។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​រយៈពេល មិនដល់​១ខែ ចំនួន​មនុស្ស​ស្លាប់ ដោយសារ​មេរោគ​កូរ៉ូណា នៅ​អ៊ីតាលី បានកើន ក្នុង​ចំនួន​ដែលគេ​មិន​នឹកស្មានដល់។ អ៊ីតាលី មាន​មនុស្ស​ស្លាប់ ដំបូងគេ តែ​ ២​នាក់ ប៉ុណ្ណោះ ដោយសារ​កូវីដ ១៩ កាល​ពី​ថ្ងៃទី ២២​កុម្ភៈ​ ប៉ុន្តែ ចំនួន​មនុស្ស​ស្លាប់​ដោយសារ កូវីដ បាន​កើនឡើង កាន់តែ​ច្រើន ជាបន្តបន្ទាប់ ជាពិសេស នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ចំនួន មនុស្ស​ស្លាប់​ក្នុង​មួយថ្ងៃៗ គឺ​មិន​តិច​ជាង ៤០០​នាក់​នោះ​ទេ។ ហើយ​ករណី​មនុស្ស​ស្លាប់​ភាគច្រើន គឺ​កើត​មាននៅក្នុង​តំបន់ ៣  ភាគខាងជើង អ៊ីតាលី ដែល​សុទ្ធ​ជា​តំបន់​សេដ្ឋកិច្ច​សំខាន់​របស់​អ៊ីតាលី។

សួរថា ហេតុអ្វី​បានជា​អ៊ីតាលី មាន​មនុស្ស​ស្លាប់​ច្រើន ជាង​ចិន​ទៅ​ទៀត។ នៅក្នុង​ពិភពលោក អត្រាមរណភាព ដោយសារ​កូរ៉ូណាវីរុស មាន​ដល់ ១៥% សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី ៧០​ឆ្នាំឡើងទៅ ដែលមាន​ប្រព័ន្ធការពារខ្លួន ចុះខ្សោយ បើ​ប្រៀបធៀប​នឹង​មនុស្ស​វ័យ​ក្មេង។ អាច​ថា កត្តាប្រជាសាស្រ្ត ធ្វើ​ឲ្យ​អ៊ីតាលី មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើនជាងគេ គឺច្រើនជាង​ប្រទេស​ចិន​ទៅទៀត។ ត្រូវ​ដឹងថា អ៊ីតាលី ជាប់ចំណាត់ថ្នាក់​ទី​២​ក្នុង​ពិភពលោក បន្ទាប់​ពី​ជប៉ុន ក្នុង​នាម​ជា​ប្រទេស​ដែល​មានុស្ស​ចាស់​ច្រើន។ ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញថា មនុស្ស​ចាស់​ដែល​មានអាយុ ចាប់ពី​៦៥ឆ្នាំ​ឡើងទៅ តំណាង​ឲ្យ​២៣​ភាគរយ​នៃ​ប្រជាជន​អ៊ីតាលី​សរុប។ បើតាម អាជ្ញាធរ អ៊ីតាលី មនុស្ស​ស្លាប់​ភាគច្រើន ដោយសារ​កូរ៉ូណាវីរុស មានអាយុ​ជា​មធ្យម​៨០ឆ្នាំ។ គេ​វាយតម្លៃ​ដែរ​ថា ការដែល​អ៊ីតាលី មាន​ករណី​ឆ្លងលឿន និង​មាន​មនុស្ស​ចាស់​រងគ្រោះ​ខ្លាំង ស្លាប់​ច្រើន​ដោយសារ​កូរ៉ូណាវីរុស ក៏ដោយសារ​តែ​នៅ​អ៊ីតាលី គេ​សង្កេតឃើញថា មនុស្សក្មេង អាយុ ចន្លោះ ១៨ និង​៣០ឆ្នាំ រស់នៅក្នុង​ដំបូលផ្ទះតែមួយ ជាមួយ​មនុស្ស​ចាស់។ ក្មេងៗ ដែល​មិនសូវ​ខ្វល់​ពី​ការឆ្លងមេរោគកូរ៉ូណា ដោយសារ​គិតថា ខ្លួន​មិន​សូវ​រងគ្រោះ ធ្លាក់ខ្លួន​ឈឺខ្លាំង ប៉ុន្តែ ពួកគេ​អាច​ជា​ភ្នាក់ងារ​ចម្លង​ទៅមនុស្ស​ចាស់​ដែលរស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាស់។ នៅក្នុង​ចំនុចនេះ គេ​អាច​ប្រៀបធៀប​ជាមួយ​បារាំង ដែល​មាន​ប្រជាជន​ជាមនុស្ស​ចាស់​ច្រើនដែរ ដល់ទៅ ២០ភាគរយ​នៃប្រជាជន​សរុប។ នៅ​បារាំង មនុស្ស​ចាស់ មិនសូវ​រស់នៅ​ក្នុង​ដំបូលផ្ទះ​តែមួយ ជាមួយ​នឹង​គ្រួសារ ក្មេងៗ​នោះទេ។ ប្រហែល​ចំណុចនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បារាំង មាន​មនុស្ស​ឆ្លង និង​ស្លាប់​តិចជាង​អ៊ីតាលី ថ្វីត្បិត​ថា ប្រទេស​ទាំងពីរ មានជាប់ព្រំដែន​ជាមួយ​គ្នា​ក្តី។

មួយវិញទៀត ក្រៅតែ​ពី​បញ្ហា​អាយុ អ៊ីតាលី មានផងដែរ បញ្ហា​ខាងប្រព័ន្ធ​សុខាភិបាល។ ត្រូវ​ដឹងថា ក្នុង​ចំណោម​មនុស្ស​ស្លាប់ ដោយសារ​កូវីដ មាន​៨ភាគរយ ជា​គ្រូពេទ្យ គិលានុបដ្ឋាក ដែល​ធ្វើការ​នៅមន្ទីរពេទ្យ។ ពួកគេ​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ខ្វះ​សំភារៈ​ពេទ្យ ដូចជា​អាវ ម៉ាស កាពារ និង​ឧបករណ៍​ធ្វើតេស្ត​រកមេរោគកូរ៉ូណា។ អ៊ីតាលី ដែល​មិនបាន​ប្រុងប្រៀបខ្លួន​ទាល់តែសោះ​នឹង​ជំងឺរាតត្បាត​កូវីដ កំពុង​ជួបវិបត្តិ​សុខាភិបាល​ធ្ងន់ធ្ងរ។

អង្គការសុខភាពពិភពលោក​ថា​ប្រទេស​ក្រីក្រ ខ្វះសំភារៈ​សម្រាប់រក្សា​អនាម័យ និង​មិនអាច​អនុវត្ត​វិធានការ ហាមមនុស្ស​មិន​ឲ្យ​ចេញក្រៅផ្ទះ

ចំនួន​មនុស្ស​ឆ្លងមេរោគកូរ៉ូណា​បាន​កើនឡើង​ជារៀងរាល់ថ្ងៃ និង​ក្នុងចំនួន ដ៏ច្រើន រហូត​ធ្វើ​ឲ្យ​អ៊ីតាលី មាន​ករណី​អ្នកឆ្លង​មេរោគកូរ៉ូណា ចំនួន ៤១ ០៣៥ គឺ​ពាក់កណ្តាល​ចំនួន​អ្នកឆ្លង​នៅ​ប្រទេស​ចិន ដែលមាន​៨១ ០០០ ករណី។

រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រកាស​បិទទីក្រុង និង​ដាក់មនុស្ស​ឲ្យ​នៅក្នុងផ្ទះ តាំង​ពី​សប្តាហ៍មុន ប៉ុន្តែ ដូច នៅប្រទេស​អឺរ៉ុប​ផ្សេងទៀត មនុស្ស​ជាច្រើន មិន​សូវ​គោរព​តាម បទបញ្ជា ប៉ុន្មានទេ។ ទោះជា​រដ្ឋាភិបាល​ប្រកាស​បិទ ភោជនីយដ្ឋាន សាលារៀន ហាម​មិន​ឲ្យ​មាន​ការជួបជុំ នៅកន្លែង​សាធារណៈ ដើម្បី កាត់បន្ថយ ការជួប ប៉ះពាល់​គ្នា ដែលអាច​ងាយឆ្លង​មេរោគកូរ៉ូណា ប៉ុន្តែ មនុស្ស​មួយចំនួន នៅ​តែ​ដើរចេញ​ទៅ​ក្រៅ មិន​គោរព​តាម​បទបញ្ជា​ដែល​តម្រូវ​ឲ្យ​ស្ថិតនៅ​ចម្ងាយ ជាង ១ម៉ែត្រ​រវាង​គ្នា។

សម្រាប់​អង្គការ​សុខភាព​ពិភពលោក បើសិន គេ​អនុវត្ត​វិធានការ កាត់ផ្តាច់​សែចង្វាក់​ចម្លងមេរោគ ដូចជា ស្ថិតនៅក្នុង​ផ្ទះ មិនចេញ​ទៅក្រៅ ទៅជួប​អ្នកដទៃ និង​ត្រូវ​លាងដៃ​ជាប្រចាំ នោះ គេ​នឹង​អាច​កាត់ផ្តាច់​ខ្សែចង្វាក់​ចម្លង​របស់​មេរោគកូរ៉ូណា និង​អាច​ឈាន​ទៅ​ទប់ស្កាត់​ការចម្លង ឆ្លងរីករាលដាល​មេរោគកូរ៉ូណា។ យ៉ាងណាក៏ដោយ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ទទួល​ស្គាល់​ដែរថា នៅ​មាន​ប្រទេស​ជាច្រើន ជាពិសេស ប្រទេសក្រីក្រ ដែលមិនអាច​អនុវត្ត​វិធានការ ដាក់ឃាំងមនុស្ស​ឲ្យនៅក្នុងផ្ទះ ហើយនិង​គ្មាន​សំភារៈ​គ្រប់គ្រាន់ សម្រាប់​ធានារក្សា​អនាម័យ ដូចជា​ទឹក និង​សាប៊ូ​ជាដើម។ បើតាម​អង្គការ​សុខភាពពិភពលោក បើសិន គ្មាន​សាមគ្គីភាព ហើយ​និង​គ្មាន​វិធានការ​តឹងរ៉ឹង​របស់​គ្រប់ប្រទេស​នោះ មនុស្ស​រាប់លាននាក់​នឹងត្រូវ​អន្តរាយជីវិត​ដោយសារ​កូវីដ ១៩។

​រដ្ឋាភិបាល​អ៊ីតាលី​នឹង​បន្ត​វិធានការ ដាក់មនុស្ស​ក្នុង​ផ្ទះរហូត​ដល់​ខែ ឧសភា

វិធានការ​ដែល​រដ្ឋាភិបាល​អ៊ីតាលី​គ្រោង​នឹង​ធ្វើ គឺ​ពន្យារ​ច្បាប់​ដាក់មនុស្ស​ក្នុង​ផ្ទះ តទៅទៀត គឺ​រហូត​ដល់ ខែ ឧសភា ហើយ​និង​ចាត់វិធានការ​ផ្សេងទៀត ដើម្បី ទ្រទ្រង់​សេដ្ឋកិច្ច​អ៊ីតាលី ដែល​ស្ទើរដួលរលំ ដោយសារ​កូរ៉ូណាវីរុស។ នាយករដ្ឋមន្រ្តី អ៊ីតាលី លោក​Conte ផ្ទាល់ នៅក្នុង​បទសម្ភាសន៍​ចុះផ្សាយ​ក្នុង​កាសែត​អង់គ្លេស Financial Times នៅថ្ងៃសុក្រនេះ បាន​អំពាវនាវ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​បញ្ចេញ ប្រើ​មូលនិធិ​សង្រ្គោះ ចំនួន ៤១០​ពាន់​លាន​អឺរ៉ូ ដែល​ក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ បាន​បង្កើតឡើង នៅ​ឆ្នាំ ២០១២ ដើម្បី ជួយ​សង្រ្គោះសមាជិក ដែលរងគ្រោះ​ដោយសារ​វិបត្តិប្រាក់បំណុល។ សម្រាប់​ប្រមុខរដ្ឋាភិបាល​អ៊ីតាលី គេ​គួរប្រាក់​កញ្ចប់​ថវិកា​នេះ ដើម្បី ជួយ​ប្រទេស​សមាជិក ដូចជា​អ៊ីតាលី​ជាដើម ក្នុង​ការទប់ទល់ នឹង​ការខូចខាត បង្កឡើង​ដោយសារ​ការរាតត្បាត​របស់​កូវីដ ១៩។

នៅក្រោយ​ការស្នើសុំ​របស់​អ៊ីតាលី គេនៅមិនទាន់​ឃើញ​មាន​ចម្លើយ​ពីក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ​ផ្សេងទៀតនោះទេ។ ប៉ុន្តែ រដ្ឋមន្រ្តី សេដ្ឋកិច្ច​បារាំង នៅថ្ងៃ​សុក្រនេះ បាន​និយាយ​ហើយ​ថា បើគេ​មិនជួយ​អ៊ីតាលី​ទេ នោះ អ៊ីតាលី មិនងាយ​ងើបរួច​ពី​វិបត្តិ​សុខភាព និ​ងសេដ្ឋកិច្ច​លើកនេះ​នោះទេ។ រដ្ឋមន្រ្តីបារាំង​បញ្ជាក់ដែរថា បើសិន ប្រទេស​សមាជិក​សហភាពអឺរ៉ុប​មិន​សាមគ្គី ជួយ​គ្នាទេ នោះ គឺ​អឺរ៉ុប​ទាំងមូល​ដែរ ដែល​នឹង​មិនអាច​​ងើបឈរ ឡើងវិញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ