អានតួអត្ថបទ

បារាំង​ប្រឈម​នឹង​ការវិលត្រលប់​របស់​ជនជាតិ​ខ្លួន ជាង ១សែននាក់ ដែល​ជាប់គាំង​នៅបរទេសដោយសារកូវីដ១៩

ជនជាតិ​បារាំង​ដែលនៅ​កកស្ទះ នៅ​ព្រលាន​យន្តហោះប្រទេស​ម៉ារ៉ុក ដើម្បី​រង់ចាំ​ធ្វើដំណើរ​ត្រលប់ចូល​ប្រទេស​កំណើតវិញ
ជនជាតិ​បារាំង​ដែលនៅ​កកស្ទះ នៅ​ព្រលាន​យន្តហោះប្រទេស​ម៉ារ៉ុក ដើម្បី​រង់ចាំ​ធ្វើដំណើរ​ត្រលប់ចូល​ប្រទេស​កំណើតវិញ REUTERS - YOUSSEF BOUDLAL

ប្រជាជន​បារាំង ប្រមាណ ១សែន ៣ម៉ឺននាក់ កំពុង​ជាប់គាំង​នៅបរទេស ដោយសារ​វិធានការ​បិទព្រំដែន បិទទីក្រុង ដែលបណ្តាល​មកពីជំងឺរាតត្បាត​កូវីដ ១៩។ កាលពី​ថ្ងៃ​សុក្រម្សិលមិញ រដ្ឋមន្រ្តីក្រសួងការបរទេស​បារាំង​បាន​អះអាង​ថា រដ្ឋាភិបាល​កំពុង​ធ្វើការ យ៉ាងមមាញឹក​ដើម្បី​សម្រួល​ដំណើរ​វិលត្រលប់​ចូលប្រទេស របស់​ជនជាតិ​បារាំង ទាំងនោះ ប៉ុន្តែ លោក​បាន​ស្នើសុំ​ឲ្យ​ពួកគេ​រង់ចាំ និង​អត់ធ្មត់។ 

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​បារាំង​កំពុង​ព្យាយាម សម្រួល​ដំណើរវិលត្រលប់​របស់​ប្រជាជន បារាំង ជាង ១សែននាក់ ដែល​កំពុង​ជាប់គាំង នៅបរទេស ដោយសារ​វិធានការ​បិទព្រំដែន ក្នុងកាលៈទេសៈ​ទប់ស្កាត់​ការឆ្លងរីករាលដាល​មេរោគ កូវីដ ១៩។ តាមរដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​ហ្សង់អ៊ីវ លឺ ឌ្រីយ៉ង់ ជនជាតិ​បារាំង ដែល​រដ្ឋាភិបាល​កំពុង​រិះរក​មធ្យោបាយ​ឲ្យ​អាច​ធ្វើដំណើរ​ចូល​ប្រទេសវិញ ភាគច្រើន ជា​អ្នក​ដែល​ទៅ​ធ្វើដំណើរកំសាន្ត ​ទៅ​បរទេស។

ជាក់ស្តែង នៅពេល​ប្រទេស​ជាច្រើន បាន​ផ្អាក ​ការហោះហើរ សំដៅ​បារាំង ដែល​ជា​ប្រទេស​អឺរ៉ុប​មួយ​ កំពុង​មានការឆ្លងរីករាតត្បាត​ខ្លាំង របស់​មេរោគកូរ៉ូណា រដ្ឋាភិបាល​បារាំង​កំពុង​ចរចា ជាមួយ​អាជ្ញាធរ​របស់​ប្រទេស​ទាំងនោះ ឲ្យ​ជួយសម្រួល ដល់​ការចាកចេញ​របស់​ពលរដ្ឋបារាំង​ដែលជាប់គាំង​ក្នុង​ទឹកដីពួកគេ។ តាម រដ្ឋមន្រ្តី​ការបរទេស​បារាំង រាល់​ការចំណាយ លើ​ការធ្វើដំណើរ​ជា​បន្ទុក​របស់​អ្នកធ្វើដំណើរ​បារាំង ចំណែក ​ក្រុមហ៊ុន​ហោះហើរ Air France នឹង​ជួយ​ទៅ​ដឹកជញ្ជូន ជនជាតិ​បារាំង​ពី​បរទេស។

សូមបញ្ជាក់ថា តាំង​ពី​ថ្ងៃ​សុក្រ អាជ្ញាធរ​បារាំង បាន​អន្តរាគមន៍ ឲ្យ​មាន​ការដឹកជញ្ជូន​ជនជាតិ​បារាំង ជាង ១៧០០នាក់ ក្នុង​ចំណោម​២ពាន់នាក់ ដែល​នៅជាប់គាំង​នៅ​ប្រទេស​ម៉ារ៉ុក។ ប្រមុខការបរទេស​បារាំង​បញ្ជាក់ដែរថា ការដាក់ឃាំង ជនជាតិ​បារាំង​ដែល​ធ្វើដំណើរ​ត្រលប់ពីបរទេស ឲ្យ​នៅដាច់​ដោយឡែក រយៈពេល ២សប្តាហ៍ នឹង​ត្រូវ​សម្រេច​ទៅតាម​ករណី​មួយៗ គឺ​មិន​ស្វ័យប្រវត្តិ​នោះទេ។

នៅពេល​បារាំង ត្រៀម​ទទួល​យក ពលរដ្ឋ​ខ្លួន​ពីបរទេស ប្រមុខការបរទេស​បារាំង នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បារាំង ដែល​ធ្វើការ និង​ស្នាក់នៅ​បរទេស នៅ​បន្ត នៅបរទេស​តទៅទៀត។ សព្វថ្ងៃនេះ មាន​ប្រជាជន​បារាំង ប្រមាណ ជិត ៣លាននាក់ ធ្វើការ រស់នៅ​ទឹកដី​បរទេស។ សម្រាប់​លោកហ្សង់អ៊ីវ លឺ ឌ្រីយ៉ង់ ក្នុង​បរិបទ​នៃការឆ្លងរាតត្បាត​មេរោគកូវីដ ១៩ ពលរដ្ឋ​បារាំង គួរ​តែ​នៅ​ក្នុង​ផ្ទះ មិនថា នៅ​ប្រទេស​បារាំង ឬ​នៅទីកន្លែងផ្សេង នៅប្រទេស​ផ្សេង​នោះទេ។

យុទ្ធនាការ​ការទូត​ដើម្បី​ដឹកប្រជាជន​បារាំង ចូល​ប្រទេស​វិញ ធ្វើឡើង​នៅក្នុង​កាលៈទេសៈ ដែល​រដ្ឋាភិបាល​បារាំង​កំពុង​អនុវត្ត​វិធានការ​ដាក់ក្រុង​មនុស្ស​ក្នុង​ផ្ទះ។ កាសែត​ក្នុង​ស្រុក​បារាំង មួយចំនួន​បានលើកឡើង​ពីលទ្ធភាព ពន្យារ វិធានការ​ដាក់​មនុស្ស​ក្នុង​ផ្ទះ រហូត​ដល់​ខែ មេសា នៅពេល​វិធានការ​ហាម​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅផ្ទះ ២សប្តាហ៍ របស់​លោកប្រធានាធិបតី ម៉ាក្រុង ត្រូវ​ចប់​នៅ​ចុងខែ​មីនានេះ។ ការរំលោភ​បម្រាម ដោយ​នៅតែ​ដើរចេញ​ទៅក្រៅផ្ទះ របស់​ប្រជាជន​បារាំង ហើយនិង​ចំនួន ចេះតែកើនឡើង​នៃ​ករណី​ឆ្លង និង​ស្លាប់​របស់​អ្នកជំងឺ​ដោយសារ​កូវីដ ១៩ ជា​ហេតុផល​សំខាន់​ដែលអាច​តម្រូវ​ឲ្យ​រដ្ឋាភិបាល ពន្យារពេល នៃការដាក់ឃាំង​មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ក្នុង​ប្រទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ