អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​បង្កើន​ប្រាក់ពិន័យ ដល់ ៣៧៥០អឺរ៉ូ សម្រាប់អ្នកដែល​ល្មើស ដើរចេញក្រៅផ្ទះ ដោយគ្មានហេតុផល

សំឡេង ០៧:៥៧
ប៉ូលិស​បារាំង​ត្រួតពិនិត្យ​អ្នកដើរ​នៅតាមឆ្នេរសមុទ្រ​ក្រុង​នីស ភាគខាងត្បូង​ប្រទេស​បារាំង នៅក្នុង​ក្របខ័ណ្ឌ​អនុវត្ត​វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះដោយសារ​កូរ៉ូណាវីរុស 20/03/2020
ប៉ូលិស​បារាំង​ត្រួតពិនិត្យ​អ្នកដើរ​នៅតាមឆ្នេរសមុទ្រ​ក្រុង​នីស ភាគខាងត្បូង​ប្រទេស​បារាំង នៅក្នុង​ក្របខ័ណ្ឌ​អនុវត្ត​វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះដោយសារ​កូរ៉ូណាវីរុស 20/03/2020 REUTERS - ERIC GAILLARD

នៅ​ប្រទេស​បារាំង ជំងឺ​រាតត្បាត​កូវីដ ១៩ បាន​សម្លាប់​មនុស្ស​១១២​នាក់បន្ថែមទៀត កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឲ្យ​បារាំង មាន​អ្នកស្លាប់​ដោយសារ កូវីដ១៩  សរុប ៥៦២នាក់ និង​អ្នកឆ្លង​កូរ៉ូណាវីរុស ជាង ១ម៉ឺន ៤ពាន់នាក់។ នៅក្នុងសន្និសីទ​កាសែត​កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ រដ្ឋមន្រ្តី​សុខាភិបាល​បារាំង បាន​រំលឹកថា ស្ថានភាព​នឹង​បន្ត​ចុះអាក្រក់​បន្ថែម​ទៀត ជាមួយ​នឹង​ចំនួនអ្នកឆ្លង កាន់តែ​ច្រើនតែច្រើន មុន​នឹង​វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះ អាច​ផ្តល់​លទ្ធផល​ជាផ្លែផ្កា។ 

ផ្សាយពាណិជ្ជកម្ម

តាម​ការវាយតម្លៃ​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាលបារាំង ចំនួន​អ្នកឆ្លង មេរោគកូរ៉ូណា​នៅបារាំង អាច​មាន​ចន្លោះ ពី ៣​សែន ទៅ ៩សែន​នាក់ ដោយសារ​ថា នៅ​មាន​មនុស្ស​ច្រើនទៀត ដែល​អាច​ឆ្លងមេរោគនេះ​រួចហើយ ប៉ុន្តែ នៅ​មិន​ទាន់​បញ្ចេញ រោគសញ្ញា ហើយ​ដែល​គេ​នៅមិនទាន់​ធ្វើតេស្ត​រកមេរោគ។ បើសិន​គេ​ឆ្លង​មេរោគនេះ ហើយ​មិន​ចម្លងទៅ​អ្នកដទៃ ហើយនិង​ជាទៅវិញ មិនអីទេ។ ប៉ុន្តែ អ្វីដែល​គេបារម្ភខ្លាចខ្លាំង គឺ​ការបន្ត​ឆ្លង​រីករាលដាល ហើយ​និង​មាន​មនុស្ស​ធ្លាក់ខ្លួនឈឺ ជា​គំហុក។

គិត​រហូតមកដល់​យប់ថ្ងៃ​សៅរ៍ម្សិលមិញ បារាំង មាន​ឆ្លង​មេរោគកូរ៉ូណា ជាង ១ម៉ឺន ៤ពាន់ ប៉ុន្តែ​ក្នុង​ចំណោមនោះ មានតែ​ពាក់កណ្តាល​ដែល​ទទួល​ការព្យាបាល​នៅមន្ទីរពេទ្យ។ ក្នុង​ចំណោម អ្នកឈឺ​នៅមន្ទីរពេទ្យ ជាង ៦ពាន់នាក់ទៀតសោត គឺ​មាន អ្នកជំងឺ ១៥២៥នាក់ ដែលឈឺធ្ងន់ មានបញ្ហាផ្លូវដង្ហើម ដែលត្រូវការ​ការបញ្ចូល​ខ្យល់ជាប្រចាំ។ នៅ​បារាំង ក៏ដូច​នៅ ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដូចជា​អ៊ីតាលី​ជាដើម ដោយសារ​តែ​ខ្វះគ្រែ សម្ភារៈ សម្រាប់ ការជួយ​ដកដង្ហើម​របស់​អ្នកដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​បារាំង​ហៅថា Réanimation គ្រូពេទ្យ​ត្រូវ​បង្ខំចិត្ត ជ្រើសរើស​អ្នកជំងឺ​ដែល​គួរ ទទួល​បាន​ការសង្រ្គោះបន្ទាន់។ ជាទូទៅ គេ​ផ្តល់​អាទិភាព​ទៅ​លើ​អ្នកដែល​មាន​សង្ឃឹម រស់ច្រើនជាងគេ ដោយ​មើល​ទៅលើ​អាយុ ទៅ​លើ​ស្ថានភាព​សុខភាព របស់​ជំងឺ ថា ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​ដែរឬទេ។ ការធ្វើ​បែបនេះ គឺ​ខុសពី​ក្រមសីលធម៌​របស់​គ្រូពេទ្យ ប៉ុន្តែ គ្រូពេទ្យ​បារាំង គ្មានជម្រើស​នោះទេ។ នៅក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​ពលរដ្ឋបារាំង​នៅ​ដើម​សប្តាហ៍នេះ ប្រធានាធិបតីបារាំង​បាននិយាយ​ជាច្រើនដង​ពាក្យ​សង្រ្គាម។ សង្រ្គាម សុខភាព បង្កឡើង​ដោយ​មេរោគកូរ៉ូណា ដែលកំពុង​រាតត្បាត​ពាសពេញ​ពិភពលោក។ សម្រាប់ ក្រុមគ្រូពេទ្យ​នៅ ប្លុក​Réanimation សង្រ្គាម​របស់​លោកប្រធានាធិបតី​បារាំង គឺ​ការជ្រើសរើស​អ្នកដែល​ត្រូវ​រស់ និង​អ្នកដែល​ត្រូវ​ស្លាប់ គឺ​ដូចការណ៍​ដែល​គេ​ធ្វើ នៅក្នុង​សមរភូមិ​សង្រ្គាម ពោល​គឺ​បើអ្នករងរបួស​ធ្ងន់ គ្មាន​សង្ឃឹមរស់ នោះ គេនឹង​មិន​សែង យកទៅ​ព្យាបាល​នោះទេ គេ​សែង​តែ​អ្នករបួស ដែល​គេ​សង្ឃឹម​ជួយ​សង្រ្គោះព្យាបាល​តែប៉ុណ្ណោះ។ នៅក្នុង​ស្ថានភាព​ប្រទេស​មាន​សន្តិភាព ប៉ុន្តែ ​ខ្វះឧបករណ៍ និង​កន្លែង​ព្យាបាល ការរើស​អ្នក​ដែល​ត្រូវ​រស់ អ្នកដែល​គេ​ត្រូវ​ផ្តល់ជំនួយ​ការដកដង្ហើម យ៉ាងដូច្នេះ គឺ​ខ្លោចផ្សារ​ណាស់​សម្រាប់​គ្រូពេទ្យ។ តួនាទី​របស់​គ្រូពេទ្យ​គឺ​ដើម្បី​ព្យាបាល ប៉ុន្តែ មិន​មែន​ដើម្បី ជ្រើសរើស​អ្នកដែលត្រូវ​រស់ ឬ​ត្រូវ​ស្លាប់​នោះទេ។

អ្នកដែល​ល្មើស មិនគោរពតាម​វិធានការ ដាក់មនុស្ស​ក្នុង​ផ្ទះ នឹង​ប្រឈម​ប្រាក់ពិន័យ ដល់ ៣៧៥០អឺរ៉ូ និងទោសជាប់ពន្ធនាគារ ៦ខែ

ប្រមុខរដ្ឋបារាំង លោកអេម៉ានុយអែល ម៉ាក្រុង​ផ្ទាល់ទទួល​ស្គាល់​ថា នៅមាន​ប្រជាជន​បារាំង​ជាច្រើន មិនបាន​​គោរព ម៉ត់ចត់ វិធានការ​របស់​រដ្ឋាភិបាល ដែល​ហាមមិន​ឲ្យមនុស្ស​​ចេញ​ក្រៅផ្ទះ។ គេ​នៅតែ​ឃើញ​មនុស្ស​ដើរចេញ​ទៅក្រៅ ជួបនិយាយ​គ្នា នៅ​ឈរ​នៅជិតគ្នា តិចជាង ១ម៉ែត្រ ផ្ទុយពីការអំពាវនាវ​របស់​អ្នកជំនាញ វិទ្យាសាស្រ្ត ដែលថា វិធានការ​ដាក់មនុស្ស​ឲ្យនៅក្នុងផ្ទះ និងការស្ថិតនៅ​ចម្ងាយ រវាងគ្នា ឲ្យបាន​ជាង ១ម៉ែត្រ នឹងជួយ​កាត់បន្ថយ មែនទែន ការឆ្លងមេរោគកូរ៉ូណា។

តាម​រដ្ឋមន្រ្តី​មហាផ្ទៃ​បារាំង ប៉ូលិស​បាន​ឃាត់សួរ​មនុស្ស ជាង ៩សែននាក់ នៅ​តាមផ្លូវ និង​បាន​ផាក​ពិន័យ មនុស្ស​ជិត​៤ម៉ឺននាក់ ដែល​ល្មើសចេញទៅក្រៅ ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ដូចជា​ទៅ​ទិញគ្រឿងបរិភោគ ឬ​ថ្នាំពេទ្យ។

ដោយសារ​តែ​មនុស្ស​នៅតែគោរព​មិនខ្ជាប់ខ្ជួន រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ចាត់វិធានការ​តឹងខ្លាំងជាងមុន ដើម្បី កាត់បន្ថយ ឲ្យ​កាន់តែ​ខ្លាំង​វត្តមាន​របស់មនុស្ស​នៅ​ក្រៅផ្ទះ ដូចជា ប្រើ​ឧទ្ធម្ភាគចក្រ ដ្រូន ដើម្បី តាមមើល​កន្លែង​ដែល​មាន​មនុស្ស នៅក្រៅផ្ទះ។ ក្នុង​រឿង​ផាកពិន័យវិញ គឺ​កាន់តែ​ធ្ងន់ មានន័យថា បើប៉ូលិស​ឃាត់ខ្លួន​ម្តង គ្មាន​លិខិត សុំដើរចេញក្រៅផ្ទះ គេ​ត្រូវ​បង់​១៣៥​អឺរ៉ូ ប៉ុន្តែ បើសិន​ក្នុង​រយៈពេល ១៥​ថ្ងៃ ប៉ូលិស ឃាត់ខ្លួន ជាលើកទី២ និង​គ្មាន​លិខិតស្នាមសុំ​ដើរចេញក្រៅទេ នោះគេត្រូវ​បង់ប្រាក់ពិន័យ ដល់ទៅ ១៥០០​អឺរ៉ូ។ ក្នុង​រយៈពេល ១ខែ បើសិន គេ​រំលោភ​ច្បាប់​ដល់ទៅ ៣ដង នោះ គេ​ប្រឈម​នឹង​ទោសជាប់ពន្ធនាគារ ៦ខែ និង​ប្រាក់ពិន័យ ៣៧៥០អឺរ៉ូ។ ទាំងអស់នេះ​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការប្រកាស​អាសន្ន ស្តីពីសុខភាព ដែល​ព្រឹទ្ធសភា​បារាំង​ត្រូវ​បោះឆ្នោត អនុម័ត​នៅល្ងាច​ថ្ងៃអាទិត្យ​ទី ២២មីនា។

វិធានការ​ហាម​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅផ្ទះ​នឹង​អាច​ពន្យារពេលវែង ជាង ២សប្តាហ៍

វិធានការ​ហាមមនុស្ស​មិន​ឲ្យ​ចេញក្រៅផ្ទះ ដែល​ប្រធានាធិបតី​បារាំង ប្រកាស​កាលពី​ថ្ងៃ​ចន្ទ នឹង​បិទបញ្ចប់​ទៅ នៅចុងខែមីនានេះ ប៉ុន្តែ ទៅតាម​ការអំពាវនាវ​របស់​គ្រូពេទ្យ ដែល​បារម្ភ​ពីលំហូរ​ដ៏គំហុក​របស់អ្នកជំងឺ កូវីដ ១៩ គេ​វាយតម្លៃថា វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះ នឹង​អាច​ពន្យារពេល​យូរតទៅទៀត។ តាម​រដ្ឋមន្រ្តី​សុខាភិបាលបារាំង លោក​Olivier Veran ការសម្រេច​យ៉ាងណានោះ ទៅអាស្រ័យ​ទៅលើ​យោបល់​របស់​ទីប្រឹក្សា​វិទ្យាសាស្រ្ត ដែលត្រូវ​ប្រជុំគ្នា នៅ​ថ្ងៃ​ចន្ទ​ស្អែក។

ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​ក្រុមគ្រូពេទ្យ​នេះដែរ រដ្ឋមន្រ្តី សុខាភិបាល​បារាំង បាន​ប្រកាស​ដែរថា បារាំង នឹង​ទិញបន្ថែម ម៉ាស ២៥០​លាន​ម៉ាសបន្ថែមទៀត ព្រោះថា ស្តុក​ម៉ាស​របស់​រដ្ឋាភិបាល​សព្វថ្ងៃនេះ មាន​ត្រឹមតែ ៨៦លានម៉ាស​តែប៉ុណ្ណោះ។ ក្នុង​មួយអាទិត្យ គេ​ត្រូវការ​ម៉ាស ២៤លាន ម៉ាស​សម្រាប់​គ្រូពេទ្យ បុគ្គលិកពេទ្យ ដែល​ធ្វើការ​នៅ មន្ទីរពេទ្យ និងនៅតាម​កាប៊ីនេ ក្នុងទីក្រុង។ ដូច្នេះ ឃើញថា បើសិន​គ្មាន​ការកុម្ម៉ង់ទិញម៉ាសទេ នោះ បារាំង​នឹង​ខ្វះម៉ាស​មែនទែនសម្រាប់​អ្នកធ្វើការ​ក្នុង​វិស័យ​សុខាភិបាល។ សម្រាប់​មនុស្ស​ទូទៅវិញ រដ្ឋមន្រ្តីសុខាភិបាលបារាំង នៅតែ​មិន​លើកទឹកចិត្ត​ឲ្យ​គេ​ពាក់ម៉ាស​នោះទេ ព្រោះ​មិនចាំបាច់ និង​គ្មាន​នៅក្នុង​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក។

ក្រៅពីប្រកាស​វិធានការ​ទិញម៉ាស​រាប់លាន រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង បាន​លើកឡើង​ផងដែរ ពី​វិធីសាស្រ្ត​ថ្មី ក្នុង​ការធ្វើតេស្ត​រកអ្នកផ្ទុកមេរោគ ពោល​គឺ​នៅក្រោយ វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះ ត្រូវ​បិទបញ្ចប់។ សព្វថ្ងៃនេះ ការធ្វើតេស្ត​រកអ្នកផ្ទុកមេរោគ ធ្វើឡើង​សម្រាប់តែ​អ្នកដែល​ជំងឺ ចេញរោគសញ្ញា ប៉ុន្តែ មិនទូទៅ​នោះទេ។ មួយវិញទៀត រដ្ឋមន្រ្តី បារាំង​បាន​ប្រកាស​ពី​អនុវត្ត​ក្នុង​ទ្រង់ទ្រាយធំ ការធ្វើតេស្ត​សាកល្បង​ប្រើថ្នាំ ដែលមាន​ម៉ូលេគុល Chloroquine ដែល​បើ​តាម​រដ្ឋមន្រ្តី បាន​ផ្តល់​លទ្ធផល​វិជ្ជមាន គួរ​ឲ្យ​លើកទឹកចិត្ត។ ការធ្វើតេស្ត​សាកល្បង ទៅលើ​អ្នកជំងឺ ២៤នាក់ នៅទីក្រុង​ម៉ាសីយ៍​កន្លងមក​បង្ហាញថា នៅក្រោយ​ប្រើ​ថ្នាំ ដែលមាន​ម៉ូលេគុល Chloroquine ដែល​គេ​ប្រើសម្រាប់​ជំងឺ​គ្រុនចាញ់ មាន​តែអ្នកជំងឺ ២៥ភាគរយ​ប៉ុណ្ណោះ ដែល​មាន​មេរោគកូរ៉ូណា ក្នុងពេលអ្នកដែល​មិនបាន​ប្រើថ្នាំ​សាកល្បង ដល់ទៅ ៩០ភាគរយ នៅបន្ត​មានផ្ទុកមេរោគកូរ៉ូណា។ លទ្ធផលនៃ​ការធ្វើតេស្ត​ ទៅលើអ្នកជំងឺ ក្នុង​ទ្រង់ទ្រាយធំ នឹង​អាច​ដឹង​ក្នុង​រយៈពេល ២សប្តាហ៍ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ