អានតួអត្ថបទ

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដាក់ខ្លួន​ឲ្យនៅដាច់ពីគេ បន្ទាប់ពី​ជួបគ្រូពេទ្យ​ដែលមាន​ផ្ទុកមេរោគកូរ៉ូណា

លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅថ្ងៃ​អាទិត្យ​ទី ២២​មីនា បាន​ប្រកាស​ពីវិធានការរឹតបន្តឹង​ការធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការឆ្លងមេរោគកូរ៉ូណា
លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅថ្ងៃ​អាទិត្យ​ទី ២២​មីនា បាន​ប្រកាស​ពីវិធានការរឹតបន្តឹង​ការធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការឆ្លងមេរោគកូរ៉ូណា via REUTERS - POOL New

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែរកិល បាន​ដាក់​ខ្លួន​លោកស្រី​ឲ្យ​នៅ​ដាច់ដោយឡែក ពី​គេឯង បន្ទាប់​ពី​គ្រូពេទ្យ​ដែលបាន​ចាក់វ៉ាក់សាំង​ជូនលោកស្រី កាលពី​ថ្ងៃ​សុក្រ ធ្វើតេស្តទៅ​ឃើញ​មាន​ផ្ទុក​មេរោគកូរ៉ូណា។ នេះបើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ កាលពី​ថ្ងៃ​អាទិត្យ។ ការសម្រេច​ចិត្ត បង្ខាំង​ខ្លួនឯង របស់​លោកស្រី មែរកិល​ធ្វើឡើង បន្ទាប់ពី​លោកស្រីត​ប្រកាស​វិធានការ​រឹតបន្តឹងថ្មី ដើម្បី​ទប់ស្កាត់​ការចម្លងមេរោគកូរ៉ូណា ដែលនៅក្នុង​នោះ​មានផងដែរ ការហាម​មិន​ឲ្យ​មាន​ការជួបជុំ​មនុស្ស​លើស​ពី​២នាក់ឡើងទៅ។ 

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ទទួលដំណឹង​ថា គ្រូពេទ្យ​ដែល​បាន​ចាក់វ៉ាក់សាំង​ឲ្យ​លោកស្រី កាលពី​ថ្ងៃសុក្រ ធ្វើតេស្ត មាន​ផ្ទុកមេរោគ កូរ៉ូណា លោកស្រី នាយករដ្ឋមន្រ្តី អង់ហ្គេឡា មែរកិល ដែល​ទើប​បាន​ប្រកាស​វិធានថ្មី ក្នុង​ការទប់ស្កាត់​ជំងឺ កូវីដ ១៩ កាលពីថ្ងៃ​អាទិត្យ​បាន សម្រេចចិត្ត ដាក់ខ្លួន​លោកស្រី ឲ្យនៅ​ដាច់ឆ្ងាយ​ពីគេឯង នៅ​យប់​ថ្ងៃ​ដដែល។

តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី​អង់ហ្គេឡា មែរកិល ដែល​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ តាំង​ពី​ឆ្នាំ ២០០៥ ហើយ​និង​គ្រោង​បញ្ចប់អាណត្តិ នៅ​ឆ្នាំ ២០២១ នឹង​បន្ត ធ្វើការ​ពី​ផ្ទះ។ ចំណែក​តេស្ត​រក​មេរោគ​កូរ៉ូណា នឹង​ធ្វើឡើង ជាប្រចាំ នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី​ដឹងថា តើ​លោកស្រី មាន​ឆ្លងមេរោគកូរ៉ូណា​ដែរឬទេ។

នៅមុន​ប្រកាស ដាក់​ខ្លួនឲ្យនៅក្នុង​ផ្ទះ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ទើប​បាន​បង្ហាញ​ពី​វិធានការ​ថ្មីៗ របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល​មេរោគ​កូរ៉ូណា ដែល​ពេលនេះ បាន​ឆ្លង​ដល់​មនុស្ស ២២​៦៧២នាក់ និង​សម្លាប់​មនុស្ស​៨៦នាក់ នៅ​អាល្លឺម៉ង់។

ទៅតាម​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល ការជួបជុំ​មនុស្ស​ចាប់ពី​២នាក់ឡើង​ទៅ នឹង​ត្រូវ​ហាមឃាត់​មិនឲ្យមាន ចំណែក ភោជនីយដ្ឋាន និង​ហាងទំនិញ​ដែល​មិនចាំបាច់ នឹង​ត្រូវ​បិទទ្វារ។

រហូតមកដល់ពេលនេះ អាល្លឺម៉ង់ នៅមិនទាន់​អនុវត្ត​វិធានការ​ដាក់​មនុស្ស​ឲ្យ​នៅ​ក្នុង​ផ្ទះ ដូច​ប្រទេស​ជិតខាង ដូចជា​បារាំង អ៊ីតាលី និងអេស្ប៉ាញ​នោះ​ទេ។ ប៉ុន្តែ រដ្ឋ​មួយចំនួនៗ​នៅ​ភាគខាងកើត ដូចជា​រដ្ឋ​Bavièreជាដើម ចាប់អនុវត្ត​រួចហើយ វិធានការ​ហាមមិន​ឲ្យ​មនុស្សដើរចេញ​ក្រៅផ្ទះ បិទហាងទំនិញ និង​តម្រូវ​ឲ្យ​មនុស្ស​ធ្វើការ​ពីផ្ទះ។

បន្ទាប់ពី​ប្រកាស​វិធានការរឹតបន្តឹង កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាជន រដ្ឋាភិបាល​អាល្លឺម៉ង់ នៅថ្ងៃ​ចន្ទ​នេះ ត្រូវ​កោះប្រជុំ​គណៈរដ្ឋមន្រ្តី ដើម្បី​អនុម័ត​ផែនការ​ទ្រទ្រង់​សេដ្ឋកិច្ច​អាល្លឺម៉ង់ ដែល​រងប៉ះពាល់​ដោយសារ​ជំងឺរាតត្បាត កូវីដ ១៩។ ជាមួយ​ផែនការ​នេះ អាល្លឺម៉ង់​នឹង​អាច​ប្រើប្រាស់​ថវិកា​ដល់ទៅ ៨២២​ពាន់លាន​អឺរ៉ូ ជាពិសេស​ជាមួយ​នឹង​មូលនិធិ​ជំនួយ​របស់​អឺរ៉ុប ដើម្បី​អាច​ធ្វើ​ជាតូបនីយកម្ម​ក្រុមហ៊ុន​អាល្លឺម៉ង់​ធំៗ ដែល​កំពុង​ប្រឈម​នឹង​ការក្ស័យធន ដោយសារ​ជំងឺរាតត្បាត​លើកនេះ។ វិទ្យាស្ថាន សេដ្ឋកិច្ច​អាល្លឺម៉ង់ ឈ្មោះ IFO បាន​វាយតម្លៃ​នៅថ្ងៃ​ចន្ទនេះ ថា វិបត្តិ​កូរ៉ូណា​លើកនេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់ ខាតបង់ ពី ២៥៥ ទៅ ៧២៩ពាន់លានអឺរ៉ូ បើសិន​វិបត្តិកូរ៉ូណា បន្តមាន​ក្នុង​រយៈពេល ៣ខែ​ទៅមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ