អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិសេដ្ឋកិច្ច Covid-19 ៖ ធ្វើសកម្មភាពឱ្យរហ័ស និងធ្វើអ្វីដែលអាចធ្វើទៅបាន

សំឡេង ០៤:២២
សៀវភៅអេឡិចត្រូនិកមួយ ក្រោមចំណងជើងថា “វិបត្តិសេដ្ឋកិច្ច Covid-19 ៖ ធ្វើសកម្មភាពឱ្យរហ័ស និងធ្វើអ្វីដែលអាចធ្វើទៅបាន”
សៀវភៅអេឡិចត្រូនិកមួយ ក្រោមចំណងជើងថា “វិបត្តិសេដ្ឋកិច្ច Covid-19 ៖ ធ្វើសកម្មភាពឱ្យរហ័ស និងធ្វើអ្វីដែលអាចធ្វើទៅបាន” © VOX

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២០ វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច (CEPR) របស់ចក្រភពអង់គ្លេស បាន​ចេញផ្សាយនូវ សៀវភៅអេឡិចត្រូនិកមួយ ក្រោមចំណងជើងថា “វិបត្តិសេដ្ឋកិច្ច Covid-19 ៖ ធ្វើសកម្មភាពឱ្យរហ័ស និងធ្វើអ្វីដែលអាចធ្វើទៅបាន”។ តើសៀវភៅនេះមានខ្លឹមសារអ្វីខ្លះ? ហើយ តើ​សៀវភៅនេះមានសារៈសំខាន់អ្វីសម្រាប់​វិបត្តិជម្ងឺរាតត្បាតសកល Covid-19 នាលពេលបច្ចុប្បន្ន?

ផ្សាយពាណិជ្ជកម្ម

អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ មកពីជុំវិញពិភពលោក កំពុងដង្ហោយហៅឱ្យរដ្ឋាភិបាលសកល អនុវត្ត​សកម្មភាពគោលនយោបាយយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយការខូចខាតសេដ្ឋកិច្ច ដោយសារជម្ងឺរាតត្បាតសកល Covid-19។ តាមរយៈ​ សៀវភៅអេឡិចត្រូនិកចុងក្រោយ ចេញផ្សាយដោយ វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច (CEPR) របស់ចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ ឱ្យធ្វើសកម្មភាពរហ័ស និងធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីប្រឈមជាមួយវិបត្តិសេដ្ឋកិច្ច Covid-19។ អ្នកសេដ្ឋកិច្ចទាំងនេះ ​បានយល់ស្របជាឯកច្ឆន្ទ ថា ​គោលនយោបាយជំរុញ និងការសម្របសម្រួលលើប្រព័ន្ធពន្ធដារ នឹងមានទំហំធំធេងណាស់។

អ្នកសេដ្ឋកិច្ចទាំងនេះ បាន​បង្ហាញអំពី ជម្រើសនៃគោលនយោបាយ លើការកាត់បន្ថយភាពភ័យខ្លាចក្នុងសេដ្ឋកិច្ច ការកាត់បន្ថយ​ចំនួនក្រុមហ៊ុន និងបុគ្គលឯកជនក្ស័យធន ការរក្សាកម្រិតនៃការចំណាយសាធារណៈសមស្រប ការបង្កើនការវិនិយោគសាធារណៈ និងការចំណាយថែទាំសុខភាព ក៏ដូចជា ការវាយតម្លៃលើយន្តការផ្តល់ថវិកាផ្សេងៗ សម្រាប់ស្ថាប័នជាតិ និងអន្តរជាតិ។

ផ្អែកតាមបទពិសោធន៍ជារួម របស់ពិភពលោក ក្នុងការប្រឈមទល់នឹង Covid-19 បង្ហាញថា គម្រោងជំរុញលើកទឹកចិត្តសេដ្ឋកិច្ចដែលអនុវត្តបានល្អ ការបង្កើនភាពជឿជាក់របស់ប្រជាជនលើចំណេះដឹងវិទ្យាសាស្ត្រ អ្នកជំនាញខាងវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំនយោបាយ គឺជាកត្តាដ៏ចម្បង ក្នុងការដោះស្រាយស្ថានការណ៍បែបនេះ។​

ដើម្បីគ្រប់គ្រងភាពភ័យខ្លាច និងភាពភ័យស្លន់ស្លោរបស់ប្រជាជន ការបញ្ចូនសារ​ពីអ្នក​ដឹកនាំ ទាំងក្នុងក្របខ័ណ្ឌប្រទេស និងក្របខ័ណ្ឌស្ថាប័ន ចាំបាច់ត្រូវតែមានភាពច្បាស់លាស់ ស៊ីចង្វាក់គ្នា និងពោរពេញដោយ​ព័ត៌មានពេញលេញ។ អ្នកជំនាញ​ផ្នែករោគរាតត្បាតម្នាក់បានលើកឡើងថា “ការបញ្ចូនសារ ត្រូវតែស៊ីចង្វាក់គ្នា ត្រឹមត្រូវ កុំលាក់ព័ត៌មានសំខាន់ កុំឱ្យ​នរណាម្នាក់ឡើងលើតុនិយាយ ដោយគ្មានការរៀបចំ ចំណេះដឹង និងវិន័យឱ្យសោះ។"

ក្នុងបរិបទនេះ តួនាទីនៃគោលនយោបាយសេដ្ឋកិច្ច គឺដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ឱ្យបាន​ខ្ពស់បំផុត ស្របនឹងការសម្រេចចិត្តខាងវេជ្ជសាស្ត្រសាធារណៈ។ ជម្ងឺរាតត្បាតសកល ដូចជា Covid-19 នឹងជះឥទ្ធិពលអាក្រក់បំផុត លើដំណើរសេដ្ឋកិច្ច ព្រោះហេតុផលច្រើនយ៉ាង ក៏ប៉ុន្តែ គោលនយោបាយទប់ស្កាត់មិនត្រឹមត្រូវ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះលើសដើម។

សម្រាប់ឆ្នាំ២០២០ ប្រទេសយ៉ាងច្រើនលើពិភពលោក នឹងត្រូវប្រឈមបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះត្រូវប្រឈមនឹងបញ្ហាផ្នែកតម្រូវការ និងការផ្គត់ផ្គង់ ទាំងនៅក្នុងបរិបទប្រទេស និងរវាងប្រទេស។ បណ្តាប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ការផ្ញើប្រាក់ពីសមាជិកគ្រួសារចំណាកស្រុក និងការវិនិយោគបរទេស នឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត។ បណ្តាប្រទេសទាំងនោះ នឹងត្រូវប្រឈមនឹងការហាមឃាត់ការធ្វើដំណើរ ភាពភ័យខ្លាច និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុទូទាំងសាកលលោក។ កម្ពុជាទំនងជាមិន​អាចរួចផុតពីករណីនេះទេ។

តាមប្រពៃណី គេជឿជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស នៅក្នុងពេលវេលាដ៏លំបាកបែបនេះ។ លើសពីនេះ វាជាផលប្រយោជន៍រយៈពេលវែង ផងដែរ សម្រាប់ប្រទេសចិន ក្នុងការបន្តរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ កម្ពុជាជាប្រជាជាតិអាស៊ីមួយ ដែលមានទីតាំងជាយុទ្ធសាស្រ្ដ ស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ី​ប៉ាស៊ីហ្វិក។ ទោះយ៉ាងណា ចិនខ្លួនឯងផ្ទាល់ក៏កំពុងប្រឈមនឹងបញ្ហា ដូច្នេះ ចិនទំនងមិនអាចដាក់ទុនវិនិយោគ ក្នុងចំនួនច្រើនដូចពីមុននោះទេ។ ប្រទេសចិនមានទុនបម្រុងបរទេស ចំនួន ៣ទ្រីលានដុល្លារអាមេរិក ប៉ុន្តែ ចាប់ពីពេលនេះតទៅ ចិនទំនងនឹងប្រើប្រាស់ទុនបម្រុងបរទេសនេះ ដោយការប្រុងប្រយ័ត្នជាងមុន ព្រោះថា ក្នុងអាណត្តិរបស់ លោក Xi Jinping ចិនបានប្រើប្រាស់ ១ទ្រីលាន ក្នុងចំណោម ៤ទ្រីលាន រួចទៅហើយ។ លុះត្រាតែ នៅក្នុងរយៈពេលវែង ដែលប្រទេសចិនអាចវិលត្រលប់មករកភាពប្រក្រតីវិញ ដូច្នេះ ចិនអាចងាកមកធ្វើអ្វីដែលពួកគេគួរតែធ្វើដូចធម្មតា។

សម្រាប់ប្រទេសកម្ពុជាផ្ទាល់ ព្រោះកម្ពុជាមានទុនបម្រុងបរទេសចំនួនប្រហែល ១៥ពាន់លានដុល្លារអាមេរិក កម្ពុជាអាចប្រើប្រាស់ថវិកានេះ អំឡុងពី៦ខែ ទៅ១ឆ្នាំ។ បន្ទាប់ពីនេះ លុះត្រាតែកម្ពុជាត្រូវប្រមែលប្រមូល ថវិកាពីក្រុមវីរជន និងក្រុមអ្នកជំនួញធំៗ ដែល​បាន​ចូលរួមច្រើន ក្នុងវិស័យធនធានធម្មជាតិ និងដីធ្លី។ សរុបជារួម កម្ពុជាទំនងជាអាចប្រឈមដោះស្រាយបញ្ហាបាន នៅក្នុងរយៈពេលខ្លី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ