អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉ូណាវីរុស៖ អង់គ្លេសផ្លាស់ប្តូយុទ្ធសាស្រ្ត ព្រោះមិនចង់​ជួបស្ថានភាពអាក្រក់ ដូចអ៊ីតាលី

សំឡេង ០៧:១៦
នៅក្នុង​ការផ្សាយតាមទូរទស្សន៍ថ្ងៃចន្ទទី ២៣​មីនានាយករដ្ឋមន្រ្តី​អង់គ្លេស លោកបូរីស ចនសុន​ប្រកាស​ដាក់មនុស្ស​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការឆ្លងមេរោគកូរ៉ូណា
នៅក្នុង​ការផ្សាយតាមទូរទស្សន៍ថ្ងៃចន្ទទី ២៣​មីនានាយករដ្ឋមន្រ្តី​អង់គ្លេស លោកបូរីស ចនសុន​ប្រកាស​ដាក់មនុស្ស​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការឆ្លងមេរោគកូរ៉ូណា REUTERS - ANDREW COULDRIDGE

នៅអង់គ្លេស​ បន្ទាប់ពី​រារែក​អស់ជាច្រើនថ្ងៃ លោក​នាយករដ្ឋមន្រ្តី បូរីស ចនសុន បានប្រកាស កាលពី​យប់ថ្ងៃចន្ទ ទី​២៣មីនា ហាមមិនឲ្យ​មនុស្ស​ចេញក្រៅផ្ទះ និង​ហាម​មិន​ឲ្យ​មាន​ការជួបជុំ​គ្នា ចាប់​ពី​២នាក់ឡើងទៅ នៅ​ទីកន្លែង​សាធារណៈ ក្នុង​គោលដៅ ទប់ស្កាត់​ការឆ្លង​រីករាលដាល​មេរោគកូរ៉ូណា។ អង់គ្លេស​កំពុង​រង​រាតត្បាតដោយសារ​កូវីដ ១៩​មិនចាញ់​ប្រទេស​ជិតខាង​ផ្សេង​ ដូចជា​បារាំង អ៊ីតាលី និង​អេស្ប៉ាញ។ 

ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្រ្តី​បូរីស​ចនសុន បាន​ប្រកាស​វិធានការ​ដាក់មនុស្ស​ឲ្យនៅក្នុង​ផ្ទះ បន្ទាប់ពី​សង្កេតឃើញថា ប្រជាជន​អង់គ្លេស​មិនបាន​គោរព​ខ្ជាប់ខ្ជួន បទបញ្ជា​របស់​រដ្ឋាភិបាល ដែល​អំពាវនាវ​ឲ្យមនុស្ស​ស្ថិតនៅ ឆ្ងាយ​ដាច់ពីគ្នា ដើម្បី កាត់បន្ថយ ហានិភ័យ នៃការឆ្លងមេរោគកូរ៉ូណា។ នៅ​ចុងសប្តាហ៍​មុននេះ ប្រជាជន​អង់គ្លេស ជាពិសេស​នៅ​តាម​ទីក្រុង​ធំៗ នៅតែ​ដើរចេញ​ទៅជួបជុំគ្នា​ធម្មតា នៅ​កន្លែង​សួនកំសាន្ត។ ពួកគេ​ឈរ​នៅជិតកៀកគ្នា មិនថា ក្នុង​រទេះភ្លើង ឬ​តាមផ្លូវ ហាក់ដូចជា​គ្មាន​ខ្លាចរអែង​នឹង​ការឆ្លង​មេរោគកូរ៉ូណា​នោះទេ។

សម្រាប់​នាយករដ្ឋមន្រ្តី​អង់គ្លេស ចាប់ពី​ថ្ងៃ​អង្គារនេះតទៅ ប្រជាជន​អង់គ្លេស​លែង​អាច​ធ្វើ​អីចឹង​តទៅទៀត​បានហើយ។ គ្មានទេ ការជួបជុំគ្នា ចាប់ពី​២នាក់ ឡើងទៅ លើកលែង​តែ​សមាជិក​គ្រួសារ​ដែលរស់នៅក្រោមដំបូលផ្ទះតែមួយ។ ចំណែក​ហាងលក់ទំនិញ​ដែល​មិនចាំបាច់​ក៏ត្រូវបិទទ្វារ បន្ទាប់ពី សាលារៀន និង​ភោជនីយដ្ឋាន​ត្រូវ​បាន​បិទ កាលពី​សប្តាហ៍មុន។

ប្រឈម​នឹង​ការកើនឡើង​នៃ​ករណី​ឆ្លងមេរោគកូរ៉ូណា រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់ខ្លួន។ កាលពី​ថ្ងៃទី​១៥មីនាកន្លងទៅ នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អង់គ្លេស ធ្វើ​កិច្ចការ​ចាំបាច់​តែ ២ប៉ុណ្ណោះ គឺ លាងដៃ ជា​ប្រចាំ និង​ដាក់ខ្លួន​ឯង ឲ្យ​នៅឆ្ងាយពីគេឯង បើសិន​ជា​ឃើញ​មាន​រោគសញ្ញា ឆ្លងមេរោគកូរ៉ូណា។ ដោយ​ប្រកាស​ដាក់មនុស្ស​ឲ្យនៅក្នុង​ផ្ទះ កាលពីថ្ងៃ​អង្គារ

នាយករដ្ឋមន្រ្តី អង់គ្លេស ផ្លាស់ប្តូរ ជំហរ​ដោយ​លែង​អនុវត្ត​យុទ្ធសាស្រ្ត​Immunité collective​តទៅទៀត

នៅពេល ករណី​ឆ្លង​បន្ត​កើនឡើង នៅ​បារាំង អ៊ីតាលី នាយករដ្ឋមន្រ្តីអង់គ្លេស​បាន​រារែក​មិន​ចាត់វិធាន​បិទទីក្រុង ដាក់មនុស្ស​ឲ្យនៅក្នុងផ្ទះ ដូចបារាំង និងអ៊ីតាលី ដោយសារ​តែ​បានស្តាប់​តាម​យោបល់​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត ដែល វាយតម្លៃថា​យុទ្ធសាស្រ្ត​អ៊ីមុយនីតេ កូឡិចទីវ (Immunité collective  ឬការទុកឲ្យ​មនុស្ស​ឆ្លងសិន ដើម្បី បង្កើត​រនាំង​អង់ទីករ) មាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ការរីករាលដាល​មេរោគកូរ៉ូណា។

លោក​Patrick Vallance ទីប្រឹក្សា​វិទ្យាសាស្រ្ត​របស់​លោកនាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​ជា​អ្នក​ផ្តើមគំនិត Immunité collective ​ធ្លាប់​និយាយ​ថា ការឆ្លងមេរោគ​កូរ៉ូណា នៅក្នុង​ចំណោមប្រជាជន គឺ​ជា​រឿង​ដែល​មិនអាច​ជៀសរួច។ ហើយ​នោះគឺ​ជារឿងល្អ ដើម្បី​ឲ្យប្រជាជន​អាច​ទទួល​បានអង់ទីករ ដែលអាច​ស៊ាំ ទប់ទល់​នឹង​ការឆ្លង​រាតត្បាត​មេរោគ នៅពេលខាងក្រោយ ជាពិសេស នៅរដូវត្រជាក់​ខាងមុខ ដែល​គេ​បារម្ភថា មេរោគ​កូរ៉ូណានេះ នឹង​អាច​វិល​ត្រលប់​មកវិញសាជាថ្មី។

អាជ្ញាធរ​អង់គ្លេស​វាយតម្លៃថា ដើម្បី​ឲ្យ​យុទ្ធសាស្រ្ត Immunité collective ដំណើរការ មានប្រសិទ្ធិភាព នោះ គឺ មានតែ ប្រជាជន​អង់គ្លេស ដល់ទៅ ៦០ភាគរយ ដែល​ត្រូវ​ឆ្លង​មេរោគកូរ៉ូណា​ជាមុន​សិន ដើម្បី​ជួយ​ការពារ​ប្រជាជន​ទាំងមូល​ពី​ជំងឺរាតត្បាតកូវីដ ១៩។

យុទ្ធសាស្រ្ត​អ៊ីមុយនីតេ កូឡិចទីវ (Immunité collective) មាន​ប្រសិទ្ធិភាពដែរឬទេ?

Immunité collective គឺ​ជា​គោលការណ៍​ដែលគេ​ធ្លាប់​ប្រើ​សម្រាប់​លុបបំបាត់​ការរីករាលដាល​ជំងឺឆ្លង​ក្នុង​ចំណោម​ប្រជាជន។ មាន​ន័យ​ថា គេ​បណ្តោយ​ឲ្យមនុស្ស​ឆ្លងមេរោគ រហូត​ដល់​កម្រិតមួយ ដើម្បី​ទុក​ឲ្យ​ពួកគេ​បង្កើត​រនាំង​អង់ទីករ សម្រាប់​ការពារ​ខ្លួន។ ជាទូទៅ ការរាតត្បាត​របស់​មេរោគ​មួយ នឹង​ចាប់ថយចុះ មកវិញ នៅពេល ដែល​ចំនួន​ឆ្លងដល់​កម្រិតមួយខ្ពស់ ពោល​គឺ​នៅពេល​ដែល​ប្រជាជន​ភាគច្រើន ដែល​ឆ្លងមេរោគ អាច​បង្កើត​អង់ទីករក្នុង​ខ្លួន។

យុទ្ធសាស្រ្ត​ធ្វើ​ឲ្យ​មនុស្ស​ឆ្លងមេរោគ​សិន ដើម្បី​បង្កើត​រនាំង អង់ទីករ នឹង​អាច​មាន​ប្រសិទ្ធិភាព បើសិន​គេអភិវឌ្ឍ បង្កើត​ឲ្យមានវ៉ាក់សាំង ក្នុង​ពេល​ជាមួយ​គ្នា។ ក្នុងករណី​កូរ៉ូណាវីរុស គេនៅតែមិនទាន់រកឃើញ​វ៉ាក់សាំង ហើយ​ខុសពី​មេរោគដទៃទៀត កូរ៉ូណាវីរុស ឆ្លងលឿន​រហ័ស និងគ្រោះថ្នាក់​សម្រាប់អ្នកដែល​មាន​សុខភាព​ខ្សត់ខ្សោយ។

យុទ្ធសាស្រ្ត Immunité collective មាន​ប្រសិទ្ធិភាព ប៉ុន្តែ គេ​ក៏​ត្រូវ​ប្រថុយ​នឹង​ការបាត់បង់ជីវិត​មនុស្ស​ច្រើនណាស់ ជាពិសេស​ក្នុង​ករណី​ជំងឺររាតត្បាត​កូវីដ ១៩។

ការសិក្សា​មួយ​ដែល​សកលវិទ្យាល័យ​អង់គ្លេស Cambridge ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ ​បង្ហាញថា បើសិន​រដ្ឋាភិបាល មិន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ទេ ពោល គឺ​នៅតែ​រក្សា​យុទ្ធសាស្រ្ត ដដែល ទុក​ឲ្យ​មនុស្ស​ឆ្លងមេរោគ​គ្រប់គ្នា ដើម្បី​បង្កើត​រនាំង​អង់ទីករ នោះ អង់គ្លេស​នឹង​អាចមានអ្នកស្លាប់​ដោយសារ​កូរ៉ូណាវីរុស ដល់ទៅ ជាង ៧ម៉ឺននាក់។ ម្យ៉ាងទៀត បើទុក​ឲ្យ​មនុស្ស​ឆ្លង ច្រើន ហើយបើសិន​មានករណី​អ្នកជំងឺធ្ងន់ នោះ មន្ទីរពេទ្យ​អង់គ្លេស​ដែលមាន​គ្រែសង្រ្គោះបន្ទាន់ផ្នែក​ដង្ហើម តែ ៥ពាន់គ្រែ ពិតជា​គ្មាន​សមត្ថភាព​ទប់ទល់​បាន​នោះទេ។

នៅអង់គ្លេស​សព្វថ្ងៃ ចំនួន​មនុស្ស​ឆ្លង កូរ៉ូណាវីរុស​បានកើនឡើង លឿន ក្នុង​ល្បឿនលឿន​ដូច​អ៊ីតាលី កាលពី​ប៉ុន្មានសប្តាហ៍មុន។ រហូតមកដល់​ថ្ងៃ​ចន្ទ ចំនួន​មនុស្ស​ឆ្លង​កូរ៉ូណាវីរុស​បានកើនឡើង​ដល់ ជាង​៦ពាន់នាក់ និង​មាន​ស្លាប់មនុស្ស ៣៣៥នាក់។ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស កាលពីថ្ងៃចន្ទម្សិលមិញ និយាយ​ថា លោក​សម្រេច​ចាត់វិធានការ​ដាក់​មនុស្ស​ក្នុង​ផ្ទះ ដើម្បី​កុំ​ឲ្យ​អង់គ្លេស​ធ្លាក់​ក្នុង​ស្ថានភាពអាក្រក់​ដូចអ៊ីតាលី៕

 

រដ្ឋាភិបាល​អង់គ្លេស យឺតយ៉ាវ​ក្នុង​ការប្រកាស​ដាក់​មនុស្ស​ក្នុង​ផ្ទះ យឺត បើប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ជិតខាង

ឆ្លើយតប​នឹងវិបត្តិកូរ៉ូណា លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស ចាត់​វិធានការ​យឺតយ៉ាវ ក៏អាច​ដោយសារ​មកពី​ហេតុផល​ពីរ គឺ​ទី១ ទាក់ទង​នឹង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​មូលដ្ឋានគ្រឹះ​សំខាន់​ណាស់​សម្រាប់​អង់គ្លេស និង​សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់។ នៅក្នុង​អន្តរាគមន៍​កន្លងមក លោក បូរីស ចនសុន បញ្ជាក់ម្តងហើយ ម្តងទៀត ថា លោក​មិន​ចង់ ចាត់​វិធានការ​បិទ​សិទ្ធិ ដាក់មនុស្សឲ្យនៅក្នុងផ្ទះ ដូច​ដែល​ប្រទេស​ផ្សេងទៀត​ធ្វើនោះទេ។

ក្រៅតែ​ពីបញ្ហា​សិទ្ធិសេរីភាព វា​មាន​ទាក់ទង​នឹង​ប្រយោជន៍​សេដ្ឋកិច្ច ព្រោះថា បើបិទ​ប្រទេស បិទទីក្រុង ដាក់មនុស្ស​ឲ្យនៅក្នុងផ្ទះ នោះ ប្រទេស​នឹង​ខាតបង់​សេដ្ឋកិច្ច​ច្រើនណាស់។ ដើម្បី ឲ្យ​ប្រទេស​នៅតែ​អាច​ដំណើរការ​ទៅធម្មតា លោកនាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ប្រើយុទ្ធសាស្រ្ត យុទ្ធសាស្រ្ត អ៊ីមុយនីតេ កូឡិចទីវ ដែលបើតាម ទីប្រឹក្សា​វិទ្យាសាស្រ្ត​របស់​លោក គឺ​មាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ការរីករាលដាល​មេរោគកូរ៉ូណា។

នៅក្នុងពិភពលោក មានតែ​ប្រទេស​២ទេ ដែល​អនុវត្ត​យុទ្ធសាស្រ្ត​នេះ គឺអង់គ្លេស​និង​ប្រទេស​ហូឡង់។ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ហូឡង់​នៅពេលនេះ មិនបាន​បិទហាង បិទ​សាលារៀន និង​ដាក់មនុស្ស​នៅក្នុង​ផ្ទះនោះទេ ពោល​គឺ​ទុក​ឲ្យ​មនុស្ស​ឆ្លងមេរោគកូរ៉ូណា​ដល់​កម្រិត​មួយ​ខ្ពស់ ដើម្បី អាច​បង្កើត​ជារនាំង អង់ទីករ សម្រាប់​បង្ការ ទប់ស្កាត់​ការរាតត្បាត​របស់​មេរោគ នៅពេល​ក្រោយ ឬ អ៊ីមុយនីតេ កូឡិចទីវ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ