អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅពី​ក្រោយ​មហន្តរាយ​នៃ​កូវីដ១៩ ​មាន​ចំណុច​វិជ្ជមាន​​ខ្លះ ដែល​មិនគួរ​មើល​រំលង

សំឡេង ០៦:៣១
កុមារី២នាក់ញញឹកតាមបង្អួចកញ្ចក់ ជាមួយពាក្យថា "Be happy" បើទោះបីជាពួកគេ​ត្រូវស្ថិតនៅ​តែក្នុងផ្ទះ មិនអាច​ចេញទៅណាបាន។ ក្រុងសាំងអេលែន ប្រទេសអង់គ្លេស ថ្ងៃទី​២៥ មីនា ២០២០។
កុមារី២នាក់ញញឹកតាមបង្អួចកញ្ចក់ ជាមួយពាក្យថា "Be happy" បើទោះបីជាពួកគេ​ត្រូវស្ថិតនៅ​តែក្នុងផ្ទះ មិនអាច​ចេញទៅណាបាន។ ក្រុងសាំងអេលែន ប្រទេសអង់គ្លេស ថ្ងៃទី​២៥ មីនា ២០២០។ REUTERS - PHIL NOBLE

ការផ្ទុះការឆ្លងរាលដាលនូវមេរោគកូវីដ១៩ នៅទូទាំងពិភពលោក បានបង្កឲ្យមានការភ័យខ្លាច ជ្រួលច្របល់ជាខ្លាំង។ ប្រទេសមួយចំនួន​បានចេញបញ្ជា ហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យចេញពីផ្ទះ មិនឲ្យធ្វើដំណើរទៅ​ណា​មកណា ដើម្បីបង្ការការឆ្លងរាលដាល។ ចំនួនអ្នកស្លាប់រាប់ពាន់នាក់​ កើនឡើងឥតឈប់។ សេដ្ឋកិច្ចពិភពលោកទាំងមូល​ ជាពិសេសក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស និងវិស័យទេសចរណ៍ ត្រូវជួបវិបត្តិយ៉ាង​ធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ នៅពីក្រោយដំណឹងអាក្រក់ទាំងនេះ វាក៏មាន​ចំណុចវិជ្ជមានមួយចំនួនដែរ ដែលពិភពលោកយើងបានទទួលផល ពីការផ្ទុះឡើងនូវមេរោគរាតត្បាតនេះ។

ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នាទទួលស្គាល់ថា កូរ៉ូណាវីរុស ឬមេរោគកូវីដ១៩ គឺជាគ្រោះមហន្តរាយមួយដ៏ធ្ងន់ធ្ងរ ដែលកំពុង​បោកបក់​ មកលើភពផែនដីយើង។ ផលវិបាក​​ជាច្រើនជំពូក ទាំងលើជីវិតមនុស្ស ទាំងលើសេដ្ឋកិច្ច កំពុងធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភ។ តែទន្ទឹមនឹងនេះ មេរោគកូវីដ១៩ បានញ៉ាំងឲ្យមានឥទ្ធិពលវិជ្ជមានខ្លះផងដែរ មកលើសង្គមមនុស្ស និងជាពិសេស ទៅលើកត្តាធម្មជាតិ របស់ភពផែន​ដីយើង។

មនុស្សនាំគ្នា​លាងសំអាត​ដៃ​រក្សាអនាម័យ

និយាយពីចំណុចវិជ្ជមានខ្លះៗ គឺយើងអាចចាប់​ផ្តើមនិយាយពីកត្តាអនាម័យ។ ក្រោយផ្ទុះការឆ្លងរាលដាល​នូវកូវីដ១៩ សារ​អប់រំ​ដាស់តឿន ឲ្យមនុស្ស​លាងសំអាតដៃ​ឲ្យបាន​ញឹកញាប់ ត្រូវគេ​បានគេ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត ទូលំទូលាយបំផុត នៅតាមប្រទេសសឹងតែទាំងអស់​។ មិនដែលមាន​ទេ​ពីមុនមក ដែល​មនុស្ស​យកចិត្ត​ទុកដាក់ ​នឹងការ​រក្សា​អនាម័យ លាង​សំអាត​ដៃ​ញឹកញាប់ ​ជាមួយ​នឹង​សាប៊ូ​បែបនេះ។ មិនថា ​តារា​ល្បីៗ ឬ​អ្នក​នយោបាយ​ សុទ្ធតែ​បានចូលរួម​ ផ្សព្វផ្សាយ​សារ​នេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។ មនុស្សមួយចំនួន ដែលមិនសូវជាខ្វាយខ្វល់ នឹងការលាងសំអាតដៃ បានចាប់យកទំលាប់ល្អនេះ ព្រោះ​ហេតុតែខ្លាចស្លាប់ខ្លួនបង់អត្មាដោយសាររោគ​កូរ៉ូណាថ្មី។

ការលាងសំអាតដៃជាប្រចាំ បានទប់ស្កាត់មេរោគ​ផ្សេងទៀត ​ចូល​មក​ខ្លួន​មនុស្ស​​បាន មិនមែន​ត្រឹមតែ​មេរោគ​កូវីដ​១៩​មួយទេ។ ជាក់ស្តែង​ជំងឺ​ផ្តាសសាយ​ធំ ឈ្មោះ La Grippe។ កន្លង​មក​មួយឆ្នាំៗ ​ក្នុងរដូវ​​មាន​អាកាសធាតុ​ត្រជាក់ មាន​មនុស្ស​ជាច្រើន​លាននាក់ ​បាន​ឆ្លង​មេរោគ​នេះ ជា​ពិសេស​នៅ​តាម​ប្រទេស​អឺរ៉ុប និងអាស៊ីខាងជើង។ នៅបារាំង ជំងឺ Grippe ធ្វើឲ្យ​មាន​មនុស្សស្លាប់ប្រមាណ ​១៥០០ ទៅ២០០០នាក់ជាមធ្យម ជារៀងរាល់ឆ្នាំ។

តែអ្វីដែលគេកត់សំគាល់ គឺនៅដើមឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺបង្កឡើងដោយមេរោគ Grippe បានធ្លាក់ចុះគួរឲ្យ​កត់​សំគាល់។ នៅជប៉ុន ដែលមាន​អ្នកឆ្លង​មេរោគ Grippe ​ដល់ទៅ​ជាង​​២១​លាន​​នាក់ រវាង​ឆ្នាំ​២០១៧-២០១៨ នៅដើមឆ្នាំ២០២០នេះ មានតែ​​ជាង​៧លាន​នាក់​ប៉ុណ្ណោះ។ លោក Daisha Inoue មន្ត្រី​ក្រសួង​សុខាភិបាល​ជប៉ុន​ម្នាក់ បាន​លើកឡើង​ថា មូលហេតុ​នៃការ​ធ្លាក់ចុះ​អ្នក​ឆ្លងមេរោគ ​Grippe នេះ​ គឺ​ដោយសារ​មនុស្ស​ បាននាំ​គ្នា​រក្សាអនាម័យ ​ដោយ​ការ​លាង​សំអាតដៃ​បានល្អ​ ព្រោះ​ពួកគេ​ខ្លាច​មេរោគ​កូវីដ១៩។

ការបញ្ចេញ​​ចោលនូវ​ឧស្ម័នពុល​ក្នុង​បរិយាកាស ​ថយ​ចុះខ្លាំង

ចំណុចវិជ្ជមាន​មួយទៀត ​បង្ក​ឡើង​ដោយ​កូវីដ១៩​នោះ គឺការ​ធ្លាក់ចុះ​ ដ៏គួរ​ឲ្យ​ត្រេកអរ​បំផុត នូវ​កម្រិត​​ឧស្ម័ន​ពុល​​គ្រប់ប្រភេទ​​នៅក្នុង​បរិយាកាស។ រោងចក្រ​ត្រូវ​បិទទ្វារ ​យន្តហោះ​ត្រូវ​បិទជើង​ហោះហើរ​សឹងតែ​ទាំងស្រុង ទាំងអស់​នេះ​បា​ន​ជះ​ផល​អាក្រក់​ដល់​សេដ្ឋកិច្ច​មែនពិត ​តែ​ភព​ផែន​ដី​យើង ​ជាអ្នក​បាន​ទទួល​ផលវិជ្ជមាន។ បរិស្ថាន​ធម្មជាតិ ដែល​ជា​ប្រភព​នៃ​ជីវិត​មនុស្ស​សត្វ ​ជាអ្នក​​ទទួល​​​ផលល្អ ពី​​ការ​ផ្អាក​រោងចក្រ ផ្អាក​ការ​ហោះហើរ​​ចរារចណ៍​លើ​អាកាស និងការ​​ប្រើប្រាស់​យាន​យន្ត។

ក្នុង​រវាងខែកុម្ភៈ ​ការ​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​កាបូនិក​របស់​ចិន បាន​ធ្លាក់ចុះ​ដល់​ទៅ​២៥%  ពោល​គឺស្មើនឹង​២០០​លាន​តោន។ ការ​​ដុតធ្យូងថ្ម​ ដើម្បី​ផលិត​ថាមពល ​បានថយចុះ​ដល់​ទៅ​​៣៦% ​នៅ​​ប្រទេស​ចិន។ កម្រិត​នៃ​ល្អង​ធូលី​តូចល្អិត​ក្នុង​បរិយាកាស ក៏បាន​ចុះ​ថយ​គួរឲ្យ​កត់សំគាល់​បំផុត ជា​​ពិសេស​​នៅ​​ប្រទេសចិន។ នៅតំបន់​ទីក្រុង​មីឡង់ ភាគ​ខាងជើង​​ប្រទេស​អ៊ីតាលី​វិញ ក៏គេ​សង្កេត​​ឃើញ​​ថា ​កម្រិត​​ល្អង​ធូលី​នៅ​ក្នុង​បរិយាកាស ដែល​ជា​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស​នោះ ​បាន​​ធ្លាក់​ចុះខ្លាំង​ណាស់​ដែរ។​ នៅ​ទីក្រុង​វ៉េនីស ទឹក​សមុទ្រ​ប្រែ​ថ្លាឆ្វង់​ ដ៏​កម្របំផុត ​ដោយសារ​តែ​នាវា​​ដឹក​​ជញ្ជូន​ទេសចរ ​ត្រូវ​ឈប់​សំចត​ចោល គ្មាន​សកម្មភាព។ ទីក្រុង​សម្បតិ្ត​បេតិកភណ្ឌ​កណ្តាល​សមុទ្រ​​ដ៏ល្បី​​មួយនេះ​ ហាក់​ដូច​ជាបាន​ដកដង្ហើម​ សម្រាក​ពី​ភាព​ណែនណាន់​តាន់តាប់​​ឥត​ស្រាក​ស្រាន​ ​របស់​​ភ្ញៀវ​ទេសចរ។ ចំណែក​​ទីក្រុង​ប៉ារីសវិញ​ តួលេខ​ផ្លូវការ​បង្ហាញថា ​មិនធ្លាប់​មាន​​ខ្យល់​​អាកាស​​ល្អ​​​បរិសុទ្ធ ​​ដូច​​កំឡុង​​ពេលនេះ​ទេ ក៏ព្រោះ​តែ​គ្មាន​ចរាចររថយន្ត។

រួមគ្នា​ប្រយុទ្ធ​​​ប្រឆាំង​នឹងការ​ជួញ​ដូរសត្វព្រៃ

ចំណុចវិជ្ជមាន​មួយទៀត​ គឺ​សម្រាប់​សត្វព្រៃ។ ការផ្ទុះ​មេរោគ​កូវីដ១៩ ត្រូវបាន​ធ្វើឲ្យ​ចោទឡើង​​នូវសំណួរ​ទាក់ទិន​​នឹង​គ្រោះថ្នាក់ ​បង្កឡើង​ដោយ​សកម្មភាព​​ជួញដូរ​សត្វព្រៃ យ៉ាង​អាណាធិបតេយ្យ​នៅ​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ឯទៀត។ សត្វ​ប្រចៀវ ​​និង​សត្វពង្រូល ​ត្រូវបាន​ក្រុម​អ្នក​ស្រាវជ្រាវ​​ជឿ​ថា គឺជា​ជង្រុក​​ផ្ទុក​មេរោគ​​កូវីដ១៩។ នៅខែកុម្ភៈ​​ រដ្ឋាភិបាលចិន ​បាន​ចេញ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ ហាមឃាត់​រាល់​ការ​ជួញ​ដូរ ​និង​ការ​បរិភោគ​សត្វព្រៃ​ទាំងអស់។

ការហាមឃាត់ ​ដែល​​មាន​សុពលភាព​​​ជា​និច្ច​​និរន្ត​​នេះ បានធ្វើ​ឲ្យ​​អង្គការ​ការពារ​សត្វព្រៃ ​អបអរសាទរ​ជាខ្លាំង។ គេសង្ឃឹម​ថា លើកនេះ ​ទាំង​ថ្នាក់​ដឹកនាំ​ ទាំង​ប្រជាជន​ចិន បានឆ្វេងយល់​ច្បាស់ អំពី​គ្រោះថ្នាក់​នៃ​ជំនួញ​ប្រភេទ​នេះ ថាវា​មិនមែន​ត្រឹមតែ​ធ្វើឲ្យ​សត្វព្រៃ​ផុតពូជ​នោះទេ ​តែ​សេដ្ឋកិច្ច និង​សុខភាព​​ប្រជាជន​ចិន ​ក៏អាច​ជួប​ហានិភ័យ​ធ្ងន់ដែរ។ ការ​ផ្ទុះឡើង​នៃ​មេរោគកូវីដ​១៩ បាន​ធ្វើឲ្យ​​អ្នក​ចូលចិត្ត​បរិភោគ​សាច់​សត្វព្រៃ ​មាន​ការ​ខ្លាច​រអារ។ ជាក់ស្តែង ​ទីផ្សារ​លក់​សាច់សត្វ​ជ្រូកព្រៃ​ សត្វ​ឈ្លូស ​នៅ​ប្រទេស​ហ្កាបុង​ បាន​ធ្លាក់ចុះ​ជាខ្លាំង។

មនុស្សងាក​មកគិត​ពីតម្លៃពិតនៃជីវិតក្នុងសង្គម

ផលវិជ្ជមាន គួរឲ្យ​កត់សំគាល់​មួយដែរ គឺ​ថា​មេរោគ​កូវីដ១៩ បាន​ធ្វើឲ្យ​មនុស្ស​ម្នា​រស់នៅ​ក្នុង​សង្គម ​មាន​​ការ​យកចិត្ត​ទុកដាក់ ជួយ​យក​អាសារគ្នា​ ទៅវិញទៅមក។ ប្រឈមនឹង​គ្រោះថ្នា​ក់ផ្នែក​សុខភាពដ៏​ធំ​បែបនេះ​ មនុស្ស​ភាគច្រើន បាន​ស្វែងយល់​ ពិចារណា​ពី​សារៈសំខាន់​ ពី​ខ្លឹមសារ​ពិតប្រាកដ​នៃ​ជីវិត។ នោះ​គឺ​សុខភាព សាមគ្គីភាព ​មិត្តភាព និងការ​ជួយគ្នា​ទៅវិញ​ទៅមក។

នៅ​បារាំង ដែល​រដ្ឋាភិបាល​​បាន​​ហាម​​ប្រជាជន​មិនឲ្យ​ចេញ​ដើរ​ទៅ​ខាងក្រៅ ប្រជាជន​បាន​រៀបចំ ​ជួយគ្នា​រវាង​​អ្នក​​ជិតខាង ដើម្បី​​សម្រាល​​ការលំបាក។ ការ​សាកសួរ​សុខទុក្ខ​គ្នា​ទៅវិញ​ទៅមក រវាង​ក្រុមគ្រួសារ​​ ន​ិងមិត្តភ័ក្ត​បាន​កើនឡើង។ ជារៀងរាល់​យប់​ម៉ោង៨ ​ប្រជាជន​បារាំង​នាំគ្នា​អើត​តាម​បង្ហួច ទះដៃ​យ៉ាង​កងរំពង ដើម្បី​ថ្លែង​ការអរគុណ ​ចំពោះ​ក្រុមគ្រូពេទ្យ ​និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​វិជ្ជ​សាស្ត្រ​ទាំងអស់ ដែល​​ប្រថុយ​ជីវិត បន្ត​ធ្វើ​ការ​ងារ​​ជួយ​សង្រ្គោះ​ជីវិត​អ្នកជំងឺ។

មេរោគកូវីដ​១៩ បានធ្វើឲ្យ​មនុស្ស​ខ្លាច​រអារ​មែន​ពិត តែវា​បាន​ធ្វើឲ្យ​មនុស្ស មាន​ភាព​រឹងមាំ​ចាប់ដៃ​គ្នា យល់ដឹង​ពី​តម្លៃ​ពិត​នៃ​ជីវិត​ក្នុង​សង្គម ដែល​ឈរលើក្តី​មេត្តា ក្តី​សាមគ្គីគ្នា ជួយ​សង្រ្គោះ​យក​អាសារ ​មិនបោះបង់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ