អានតួអត្ថបទ
បារាំង-អឺរ៉ុប-កូវីដ១៩

លោក​ម៉ាក្រុង​ គាំទ្រអ៊ីតាលី​ និង​អំពាវនាវ​ឲ្យ​អឺរ៉ុប​សាមគ្គី​គ្នា​ជួយ​អ៊ីតាលី​

ប្រមុខរដ្ឋបារាំងលោកអេម៉ានុយអែល ម៉ាក្រុង ។
ប្រមុខរដ្ឋបារាំងលោកអេម៉ានុយអែល ម៉ាក្រុង ។ REUTERS - POOL

ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងកិច្ចសម្ភាសមួយ ជាមួយកាសែតជួរមុខល្បីៗរបស់អ៊ីតាលី នៅថ្ងៃសៅរ៍ ទី២៨ មីនានេះថា បារាំងនៅចាំជួយ​គាំទ្រ​អ៊ីតាលី។ ជាមួយគ្នានេះ លោកម៉ាក្រុង បានរំឭកដែរថា ប្រទេសអឺរ៉ុបមួយចំនួន បានជួយ​​អ៊ីតាលី មិនតិចនោះទេ។ ដូច្នោះហើយ ប្រជាជនអ៊ីតាលី មិនគួរជឿការឃោនា​បំពុល ដែលបង្ហាញតែពី​ជំនួយមកពីក្រៅ ដូចជាពីប្រទេសរុស្ស៊ី និងចិន និងមើលរំលង​ជំនួយរបស់​ប្រទេសអឺរ៉ុប​គ្នាឯងនោះទេ។

ផ្សាយពាណិជ្ជកម្ម

ក្រៅតែពីបានលើកឡើង អំពីការគាំទ្ររបស់បារាំងចំពោះប្រទេសអ៊ីតាលី  លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានអំពាវនាវផងដែរឲ្យបណ្តាប្រទេសអឺរ៉ុបឈប់អាត្មានិយម និង​បែរមកសាមគ្គីគ្នា ដើម្បីជួយអ៊ីតាលីដែលកំពុងផុងខ្លួងរងគ្រោះកាន់តែខ្លាំង ពីជំងឺកូវីដ១៩។

លោកម៉ាក្រុង បានគូសបញ្ជាក់ថាប្រសិនបើអឺរ៉ុបមិនសាមគ្គីគ្នា នោះ អ៊ីតាលី អេស្បាញ ឬប្រទេសអឺរ៉ុបផ្សេងទៀត អាចនិយាយបានថាអឺរ៉ុបបាត់មុខ ស្របពេលដែលពួកគេ កំពុងជួបវិបត្តិធំ និងត្រូវការជំនួយជាបន្ទាន់។ “ ខ្ញុំ មិនចង់ឃើញប្រទេសអឺរ៉ុបអាត្មានិយមនោះទេ ហើយក៏មិនចង់ឃើញអឺរ៉ុបបាក់បែកគ្នាដែរ”។ លោកម៉ាក្រុងបន្ថែម។

យ៉ាងណាក៏ដោយ លោកម៉ាក្រុង មិនភ្លេចរំលេចនោះទេ ថាប្រទេសអឺរ៉ុបមួយចំនួន បានចូលខ្លួន ជួយអ៊ីតាលី ក្នុងគ្រាដែលអ៊ីតាលីជួបគ្រោះអាសន្ន។ លោកប្រធានាធិបតី​បារាំងរូបនេះ បាននិយាយថា មានការលើកឡើងជាច្រើន អំពី​ជំនួយ​របស់ចិន ឬរុស្ស៊ី។ ក៏ប៉ុន្តែ ហេតុអ្វីគេមើលរំលង និងមិនបាននិយាយអ្វី ពីបារាំង និង អាល្លឺម៉ង់ ដែលបាន​ប្រគល់ម៉ាស់មុខចំនួន ២ លាន និងសម្លៀកបំពាក់ពេទ្យរាប់ម៉ឺន​ដល់ប្រទេសអ៊ីតាលី?

ទោះបីជាជំនួយរបស់បារាំង និងអាល្លឺម៉ង់ នៅមិនទាន់គ្រប់គ្រាន់ក៏ពិតមែន តែលោក អេម៉ានុយអែល ម៉ាក្រុង ថានេះ គ្រាន់តែ​ជាការចាប់ផ្តើមមួយ ហើយគេមិនត្រូវជឿ ការឃោនាបំពុល ដែលបង្ហាញតែពី​ជំនួយមកពី​ខាងក្រៅ និង មកពីគូបដិបក្ខរបស់​អឺរ៉ុបនោះទេ។

គួរជ្រាបថា នៅគ្រាកន្លងមក អ៊ីតាលីដែលជាប្រទេសមួយ ទទួលរងការវាយប្រហារខ្លាំង ដោយវីរុសកូវីដ១៩ ធ្លាប់បានរិះគន់ប្រទេសបារាំង និង អាល្លឺម៉ង់យ៉ាងខ្លាំង បន្ទាប់ពី​ប្រទេសទាំងពីរ បដិសេធមិនផ្តល់ជំនួយម៉ាស់​និងឧបករណ៍ផ្សេងទៀត ដល់អ៊ីតាលី ដែលត្រូវការសម្ភារៈទាំងនោះជាបន្ទាន់។

ផ្ទុយទៅវិញ ទីក្រុងរ៉ូម បានសាទរចំពោះប្រទេសចិន ដែលបានបញ្ជូនយន្តហោះ ដឹកម៉ាសមុខ  និងបរិក្ខាពេទ្យ ប្រគល់ជូនអ៊ីតាលី ក្នុងពេលដែលអ៊ីតាលី ត្រូវការសម្ភារៈ​ទាំងនោះ ដើម្បីដោះស្រាយវិបត្តិកូវីដ១៩ ដែលកំពុងផ្ទុះខ្លាំងនៅក្នុងប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ