អានតួអត្ថបទ

គ្រូពេទ្យ ដែលជួបលោក ពូទីន សប្តាហ៍មុន មានកូវីដ១៩

“លោក ពូទីន តែងធ្វើតេស្តជារឿយៗ។ លទ្ធផល គឺស្រួលបួលធម្មតា។” សេចក្តីនេះ ថ្លែង ដោយ អ្នកនាំពាក្យប្រមុខរដ្ឋរុស្ស៊ី។
“លោក ពូទីន តែងធ្វើតេស្តជារឿយៗ។ លទ្ធផល គឺស្រួលបួលធម្មតា។” សេចក្តីនេះ ថ្លែង ដោយ អ្នកនាំពាក្យប្រមុខរដ្ឋរុស្ស៊ី។ via REUTERS - SPUTNIK

គ្រូពេទ្យនាយក នៃមន្ទីរពេទ្យក្រុងម៉ូស្គូ ដែលបានទទួលជួប លោក វ៉្លាឌីមៀរ ពូទីន  កាលពីសប្តាហ៍មុន ​ បាន​ប្រកាសថ្ងៃអង្គារថា គាត់ឆ្លងជំងឺកូរ៉ូណាវីរុស។ ក៏ប៉ុន្តែ វិមានក្រេមឡាំង ថ្លែងអះអាងថា គ្មានអ្វីគួរឲ្យបារម្ភឡើយ  សម្រាប់លោកប្រធានាធិបតី រុស្ស៊ី។ “លោក ពូទីន តែងធ្វើតេស្តជារឿយៗ។ លទ្ធផល គឺស្រួលបួលធម្មតា។” សេចក្តីនេះ ថ្លែង ដោយ អ្នកនាំពាក្យប្រមុខរដ្ឋរុស្ស៊ី លោក ឌ្មីទ្រី ពេស្កូវ ទៅទីភ្នាក់ងារព័ត៌មាន Interfax ។

ផ្សាយពាណិជ្ជកម្ម

 

វេជ្ជបណ្ឌិត  Denis Protsenko បញ្ជាក់ថា គាត់ធ្លាក់ខ្លួនឈឺ ប៉ុន្តែគ្មានរោគលក្ខណៈដែលនាំឲ្យព្រួយបារម្ភឡើយ។ លោក​អះអាងថា ៖«ជាការពិត  តេស្តកូវីដ១៩លើរូបខ្ញុំ​ គឺវិជ្ជមាន ប៉ុន្តែខ្ញុំស្រួលខ្លួនធម្មតាសុទ្ធសាធ។  ខ្ញុំបង្ខាំងខ្លួនឯង នៅដាច់ពីគេ ក្នុងការិយាល័យខ្ញុំ។»

លោកប្រធានាធិបតីរុស្ស៊ី ក្នុងវ័យ ៦៧ ឆ្នាំ បានអញ្ជើញទៅជួបលោកគ្រូពេទ្យនេះ កាលពីថ្ងៃ ២៤ មី​នា នៅក្នុងមន្ទីរពេទ្យ។​ ក្នុងឱកាសទស្សនកិច្ចនេះ បុរសទាំងពីរ បានចាប់ដៃគ្នា យ៉ាងហំ  ហើយសំណេះសំណាលគ្នា ដោយឥតពាក់ម៉ាសទេ។

បន្ទាប់មក លោក ពូទីន បាន​ស្លៀកពាក់ឯកសណ្ឋានការពារ ភ្ចាប់ដោយម៉ាស់ការពារ មុន​នឹងទៅជួបអ្នកជំងឺដោយផ្ទាល់ក្នុងមន្ទីរពេទ្យនោះ។ វេជ្ជបណ្ឌិត Protsenko បានជម្រាបប្រធានាធិបតីពូទីន ថា រុស្ស៊ី ត្រូវតែត្រៀមខ្លួនប្រឈម នឹងសេណារីយ៉ូ ដូចនៅអ៊ីតាលី យោងទៅលើស្ថានការណ៍ធ្ងន់ធ្ងរ ក្នុងប្រទេស។

ជំនួបនេះបានប្រព្រឹត្តទៅ មុនលោក ពូទីន ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ ដោយគាត់បានប្រកាស ឲ្យប្រទេសឈប់ធ្វើការមួយសប្តាហ៍ ដើម្បីប្រយុទ្ធនឹងការសាយភាយនៃកូវីដ១៩ នៅរុស្ស៊ី។ តាំងពីពេលនោះមក បណ្តាជននៃដែនដីរុស្ស៊ីមួយភាគធំ បានត្រូវដាក់ឲ្យសម្ងំនៅផ្ទះ។

គ្រាន់តែជំងឺកូរ៉ូណាវីរុស ចាប់ឆ្លងរាតត្បាតលើផែនដី អាជ្ញាធររុស្ស៊ី ចាត់វិធានការភ្លាមភ្លែតការពាររូបលោក វ្លាឌីមៀរ ពូទីន។ តាំងពីដើមខែកុម្ភៈមក វិមានក្រេមឡាំង រមែងវាស់សីតុណ្ហភាព ជារឿយៗ ចំពោះ​អ្នក​ដែលចូលរួមក្នុងព្រឹត្តិការណ៍ណា ដែលមានវត្តមានមានលោកប្រធានាធិបតីរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ