អានតួអត្ថបទ
កូវីដ១៩-សន្និសីទអាកាសធាតុ

សន្និសីទអាកាសធាតុត្រូវលើកពេលដោយសារកូវីដ១៩

សន្និសីទ​អាកាសធាតុ COP26 ត្រូវជា​សន្និសីទ​លើកចុងក្រោយ មុនពេល​ដែល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ២០១៥ ត្រូវ​ចូល​ជា​ធរមាន
សន្និសីទ​អាកាសធាតុ COP26 ត្រូវជា​សន្និសីទ​លើកចុងក្រោយ មុនពេល​ដែល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ២០១៥ ត្រូវ​ចូល​ជា​ធរមាន POOL/AFP/File

សន្និសីទអាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ (COP26) ដែល​គ្រោងធ្វើ​នៅ​ស្កុតឡែនដ៍ នៅខែវិច្ឆិកា​ចុងឆ្នាំ​នេះ ត្រូវលើកពេល ដោយសារ​តែ​វិបត្តិ​កូវីដ១៩។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អង់គ្លេស កាលពីថ្ងៃ​ពុធ ដោយ​មិនបាន​បញ្ជាក់​ទេ​ថា តើ​សន្និសីទ​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃណាវិញ​ពិតប្រាកដ។

ផ្សាយពាណិជ្ជកម្ម

“ដោយ​មើលទៅលើ​ស្ថានភាព​នៃ​ការ​រីករាលដាលកូវីដ១៩​នៅ​ទូទាំងពិភពលោក​បច្ចុប្បន្ន​នេះ សន្និសីទ​អាកាសធាតុ COP26 នៅខែវិច្ឆិកា​ឆ្នាំ២០២០​នេះ នឹង​មិន​អាច​ប្រព្រឹត្តធ្វើ​ទៅបាន​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ និង​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋានបាន​នោះទេ” នេះ​ជាការ​បញ្ជាក់ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស​នៅថ្ងៃ​ពុធ ដោយ​បាន​បន្ថែម​ថា សន្និសីទនេះ​នឹង​ត្រូវលើកទៅ​ធ្វើ​នៅ​ឆ្នាំ២០២១​វិញ ដោយ​​កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវ​ប្រកាស​ឲ្យដឹង​នៅ​ពេលក្រោយ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹង​ថា លោក​គាំទ្រ​ការ​លើកពេល​សន្និសីទ​នេះ ដោយ​ពិភពលោក​ទាំងមូល​ត្រូវ​ផ្តោត​អាទិភាព​លើ​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩​​ឲ្យ​បាន​ជា​មុនសិន។

ដូចគ្នា​ដែរ មន្រ្តី​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​អាកាសធាតុ ក៏ដូចជា​សកម្មជន​បរិស្ថាន​ផ្សេងទៀត សុទ្ធតែ​បាន​ឯកភាព​គ្នា​ថា ការ​លើកពេល​សន្និសីទអាកាសធាតុ គឺ​ជា​រឿងមួយ​ចៀសមិនផុត ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គេ​ក៏​បាន​អំពាវនាវ​ដោយ​ទទូច​ផងដែរ​ថា រដ្ឋាភិបាល​មិនត្រូវ​ភ្លេច​នូវ​ការ​សន្យា​របស់​ខ្លួន ទាក់ទង​នឹង​ការទប់ស្កាត់​ការ​ឡើងកម្តៅ​នៃ​ភពផែនដី​នេះទេ។

លោកស្រីប៉ាទ្រីស្យា អេស្ពីណូសា (Patricia Espinosa) លេខា​ទទួលបន្ទុក​កិច្ចការ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ថា កូវីដ១៩ គឺ​ជា​ការគំរាមកំហែង​ដ៏​ធំ និង​បន្ទាន់មួយ ដែល​មនុស្សជាតិ​ត្រូវ​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន​នេះ ក៏ប៉ុន្តែ យើង​ក៏​មិន​ត្រូវ​ភ្លេចដែរ​ថា បញ្ហា​អាកាសធាតុ គឺ​ជា​ការគំរាមកំហែង​កាន់តែ​ធំ​ជាងនេះ​ទៅទៀត ដែល​មនុស្សជាតិ​ត្រូវ​ប្រឈម​នៅ​ក្នុង​រយៈពេល​វែង​ទៅមុខ។

គួរបញ្ជាក់ថា សន្និសីទ COP26 នៅស្កុតឡែនដ៍​នេះ ត្រូវបាន​គេ​គ្រោង​ធ្វើ​រយៈពេល ១០ថ្ងៃ ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៣ម៉ឺននាក់ ក្នុងនោះ មាន​ថ្នាក់ដឹកនាំ​ប្រទេស​ជុំវិញ​ពិភពលោក​ប្រមាណ​ជា ២០០នាក់ ដើម្បី​ជជែក​គ្នា​រកវិធី​ទប់​ស្កាត់​ការកើនឡើង​នៃ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី។

ក្រុមអ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទាញ​នូវ​សេចក្តីសន្និដ្ឋាន​មួយ កាល​ពី​ឆ្នាំ២០១៨​ថា ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​អាកាសធាតុ​ ពិភពលោក​ទាំងមូល​ចាំបាច់​ត្រូវតែ​នាំគ្នា​ផ្លាស់ប្តូរ​ ទាំង​របៀបរស់នៅ​ក្នុង​សង្គម និង​ទាំង​ម៉ូដែល​សេដ្ឋកិច្ច។ ការបញ្ចេញ​ឧស្ម័ន​កាបូនិច​ចាំបាច់​ត្រូវ​កាត់បន្ថយ​ឲ្យ​បាន ៤៥% នៅ​ត្រឹមឆ្នាំ២០៣០ ហើយ​ត្រូវ​កាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ឲ្យ​ដល់​កម្រិត ០ នៅ​ត្រឹម​ឆ្នាំ២០៥០ ទើប​គេ​អាច​ទប់ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដីកើនឡើង​លើស​ពី ១,៥អង្សារ នៅ​ចុងសតវត្សរ៍​នេះ ស្រប​ទៅតាម​អ្វី​ដែល​គេ​បាន​ព្រមព្រៀងគ្នា នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ