អានតួអត្ថបទ

តើ​វ៉ាក់សាំងបង្ការ​ជំងឺរបេង អាច​បង្ការទប់ទល់​កូវីដ១៩​?

អ្នក​ស្រាវជ្រាវ​បារាំង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​របេង អាចមាន​លទ្ធភាព​​ជួយទប់​ទល់​នឹង​​កូវីដ​១៩។​
អ្នក​ស្រាវជ្រាវ​បារាំង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​របេង អាចមាន​លទ្ធភាព​​ជួយទប់​ទល់​នឹង​​កូវីដ​១៩។​ REUTERS/Aly Song/File Photo

នៅពេល​នេះ គ្មាន​វ៉ាក់សាំង​បង្ការ​មេរោគកូរ៉ូណាថ្មី​នៅឡើយទេ ហើយ​គេទំនង​ជា​ត្រូវការពេលវេលា​​ច្រើន​ខែ​ទៀត​ ទម្រាំ​អាចសិក្សា​​ស្រាវជ្រាវ​រកឃើញ​វ៉ាកសាំងការពារ​កូវីដ១៩​។ ទោះយ៉ាងនេះ​ក្តី​ ពីថ្ងៃ​សុក្រទី៣មេសា អ្នក​ស្រាវជ្រាវ នៅវិទ្យាស្ថាន​ប៉ាស្ទ័រ ​ក្នុង​​ប្រទេស​បារាំង​ បានទាញ​សម្មតិ​កម្ម​ថ្មី ដែល​ទំនង​ជាអាច​​ផ្តល់ក្តី​សង្ឃឹមថា វ៉ាក់សាំង​បង្ការ​ជំងឺ​របេង អាចមាន​លទ្ធភាព​​ជួយបង្ការទប់​ទល់​នឹង​​កូវីដ​១៩។​

ផ្សាយពាណិជ្ជកម្ម

«គេ​បាន​ដឹង​ជាច្រើន​ឆ្នាំមកហើយ ថា វ៉ាក់សាំងបង្ការជំងឺរបេង ឈ្មោះថា BCG អាច​មាន​ប្រសិទ្ធភាព​ច្រើនយ៉ាង​ហើយ​ដែល​​ពេល​កន្លងទៅ ​គេធ្លាប់ប្រើ​ជាវិធីផ្សំ​សម្រាប់​​​ព្យាបាល​ជំងឺមហារីកប្លោកនោម ជំងឺរបេង និង ជំងឺទឹកនោះផ្អែម​ប្រភេទ​១ជាដើម​។ ក្មេងៗ​ដែល​ទទួល​វ៉ាក់​សាំង BCG នេះ​ គឺ​អាចនឹង​រងគ្រោះ​ដោយសារតែ​បញ្ហាសួត​និង​ផ្លូវ​ដង្ហើម​តិចតួច​ប៉ុណ្ណោះ។» នេះបើតាម​ការ​ពន្យល់​របស់​​វេជ្ជបណ្ឌិត Camille Locht អ្នក​ស្រាវជ្រាវ​ នៃ​ វិទ្យាស្ថានប៉ាស្ទ័រ នៅខេត្តលីល ភាគខាងជើង​ប្រទេសបារាំង។​

លោកវេជ្ជបណ្ឌិត​បញ្ជាក់ទៀតថា «វ៉ាក់សាំងបង្ការជំងឺរបេង មិនមែន​ទៅ​សម្លាប់​កូវីដ​១៩ ឬ​ប្រឆាំង​នឹង​ជំងឺ​នេះ​ដោយ​ត្រង់​ផ្ទាល់​នោះទេ ក៏ប៉ុន្តែ​វា​ជួយ​ទៅ​ពង្រឹងភាព​ស៊ាំ​របស់​ប្រព័ន្ធ​ការពារ​សរីរាង្គកាយ​ ហើយ​ប្រព័ន្ធ​ការពារនេះ​ជាអ្នក​ប្រឆាំង​ទប់​ទល់​នឹងមេរោគ​កូរ៉ូណាថ្មី​។ តាម​សម្មតិកម្ម​រៀបរាប់ទាំងអស់នេះ​ គេគួរតែ​អាច​ទាញ​យក​ប្រយោជន៍​ ដើម្បី​អាច​សាកល្បង​ក្នុងការ​ព្យាបាល​ និងបង្ការ​ជំងឺ​កូវីដ​១៩។» បើតាម​អ្នក​ជំនាញ​បារាំង​ វេជ្ជបណ្ឌិត Camille Locht ដដែល។​

នៅ​​ជិត​ខាងបារាំង អ្នក​ជំនាញ​អឺរ៉ុប​បាន​កំពុង​តែ​សាកល្បង​វ៉ាក់សាំងបង្ការជំងឺរបេងនេះដែរ ដើម្បី​ទប់​ទល់​នឹង​កូវីដ​១៩។ អេស្ប៉ាញ​ និងអាល្លឺម៉ង់ កំពុងតែ​ពិសោធ​សាកល្បង។​ នៅ​​អូស្ត្រាលីឯណោះ​ បាន​ប្រកាស​ថា បាន​ចាក់ ​ BCG វ៉ាក់សាំងបង្ការជំងឺរបេងនេះ ទៅដល់​ក្រុម​គ្រូពេទ្យ​ចំនួន​៤០០០នាក់ កាលពី​សប្តាហ៍​មុន។​

ចំណែក​នៅ​ហូឡង់វិញ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ​ នៃ​សកលវិទ្យាល័យវិទ្យាសាស្ត្រ​ Radboud បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​តេស្ត​សាកល្បង បាន​ពីរសប្តាហ៍មកហើយ ដោយ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺរបេងនេះ ​ទៅក្រុម​​គ្រូពេទ្យ​និងបុគ្គលិក​សុខាភិបាល​ ចំនួន​១០០០នាក់។ ពួក​គេ​​នៅ​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ចំនួន​៨ ដែល​ទទួល​ព្យាបាល​អ្ន​ក​ជំងឺ​១៩។ ក្នុង​ចំណោម​មនុស្ស​ទាំង​១ពាន់​នាក់នោះ គឺពាក់កណ្តាល​ត្រូវចាក់​វ៉ាក់សាំង​ និង​ពាក់កណ្តាលទៀត​ទទួល​ថ្នាំគ្រាប់​​។ អ្នក​ជំនាញ​ហូឡង់ថា លទ្ធផល​តេស្ត​នេះ អាច​នឹង​ដឹងលទ្ធផល​នៅ​បីបួន​ខែ​ទៀត។​

គួរជ្រាបថា វ៉ាក់សាំងបង្ការជំងឺរបេង (BCG : Bilié de Calmette et Guérin) ជាវ៉ាក់សាំង​មាន​អាយុ​ចំណាស់​​ និងបានត្រូវ​រកឃើញ​ ដោយអ្ន​ក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង ឈ្មោះ Calmette និង​ Guérin នៅឆ្នាំ១៩១២ ហើយ​សាកល្បង​លើកដំបូង​ ចាក់​លើ​ទារក​ នៅឆ្នាំ​១៩​២១​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ