អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ ៖ ព្រះមហាក្សត្រីយានីអង់គ្លេសថ្លែងសារជាប្រវត្តិសាស្ត្រទៅកាន់ប្រជាជាតិ

សំឡេង ០៧:១៣
ព្រះ​មហាក្សត្រីយានី  Elisabeth II ក្នុងពេលថ្លែងសុន្ទរថា​ទៅ​កាន់​ប្រជាជាតិ​ជូន​ពរ​បុណ្យ​ឆ្លង​ឆ្នាំ​ពី​វាំង Windsor ឆ្នាំ​២០១៩
ព្រះ​មហាក្សត្រីយានី Elisabeth II ក្នុងពេលថ្លែងសុន្ទរថា​ទៅ​កាន់​ប្រជាជាតិ​ជូន​ពរ​បុណ្យ​ឆ្លង​ឆ្នាំ​ពី​វាំង Windsor ឆ្នាំ​២០១៩ Reuters/Steve Parsons/Pool

ជា​ការ​ដ៏​កម្របំផុត​ដែល​ព្រះ​មហាក្សត្រីយានីអង់គ្លេស Elizabeth II ចេញថ្លែងសារ​ទៅ​កាន់ប្រជាជាតិ​។ តាម​ទម្លាប់ ព្រះមហាក្សត្រីយានី មាន​បន្ទូល​តែ​នៅ​ពេល ​ថ្លែងសុន្ទរកថាផ្លូវការ​នៅ​ចំពោះ​មុខ​សភា និង​​ក្នុង​ឱកាស​បុណ្យ​ណូអែល ឬ​គ្រីស្មាក់​។ ប៉ុន្តែ​ជំងឺកូវីដ១៩ ដែល​បាន​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល បាក់ខ្លបស្ទើរ​គ្រប់​គ្នា​ បាន​ជំរុញ​ឱ្យ​ព្រះ​មហាក្សត្រីយានី​ ​ថ្លែង​សុន្ទរកថា​ ពិសេស​ ទៅ​កាន់ប្រជាពលរដ្ឋ​របស់​ព្រះ​អង្គ​ទាំងអស់ (អង់គ្លេស​និង​រដ្ឋ​ក្នុង​ខំមិនវាល) តាម​កញ្ចក់​ទូរទស្សន៍ នៅ​ថ្ងៃ​អាទិត្យ​ទី ៥ មេសា វេលា​ម៉ោង​៧យប់​ ម៉ោង​សកល។

ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់ ព្រះមហាក្សត្រីយានី មាន​បន្ទូល​តែ​នៅ​ពេលត្រូវ​ថ្លែង​សុន្ទរកថា ​នៅ​ចំពោះ​មុខ​សភា និង​នៅ​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ដើម្បី​​ជូន​ពរពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​គ្រីស្មាក់​។ ជា​សរុប​ ​ង​អំឡុងពេលគ្រង​រាជ្យ​ចំនួន​៦៨​ឆ្នាំ​ ព្រះ​អង្គ​ចេញ​ថ្លែងសារ​ទៅ​កាន់​ប្រជាជាតិ ក្នុង​ពេល​មាន​ទុក្ខ​ភ័យ​ខ្លាំង តែ​បីដង​​គត់​ប៉ុណ្ណោះ។

លើកទីមួយ គឺ​នៅ​ឆ្នាំ​១៩៩១ នៅ​ពេល​ពិភពលោក​ជួប​សង្គ្រាម​ជា​លើក​ដំបូង​នៅតំបន់​ឈូង​សមុទ្ទ​ពែក្ស។ លើក​ទីពីរ នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ពេល​បុណ្យ​សព​ព្រះនាង​Diana ដែល​ជាអតីត​កូន​ប្រសារ និង​ដែលបានស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង​ប៉ារីស និង​នៅ​ពេលព្រះមាតា​របស់​ព្រះ​អង្គ​សោយ​ទី​វង្គត​នៅ​ឆ្នាំ​២០០២។

កាលពី​​ឆ្នាំ​២០១២ ព្រះមហាក្សត្រីយានី​បាន​ថ្លែង​សារ​តាម​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​ដែរ តែ​ដោយ​មូលហេតុ​វិជ្ជមាន ​ដើម្បី​អរគុណ​ពលរដ្ឋ​ ក្នុង​ឱកាស​ខួប​៦០​ឆ្នាំ​នៃ​ការគ្រងរាជ្យ​របស់​ព្រះ​អង្គ។

ប្រឈម​នឹង​ជំងឺកូវីដ១៩ ព្រះ​មហាក្សត្រីយានី​ បាន​សម្រេច​ព្រះ​ទ័យ​​ថ្លែង​សារ ទៅ​កាន់ប្រជាពលរដ្ឋ​របស់​ព្រះ​អង្គ​ទាំងអស់ ពោលគឺ​​ប្រជាពលរដ្ឋ​រស់នៅអង់គ្លេស​ និង​ ពលរដ្ឋ​រស់​នៅក្នុង​ប្រទេសដែល​ព្រះអង្គ​ជាប្រមុខ​រដ្ឋ ឬ​ហៅ​ថា​​ក្រុមប្រទេសCommonwealth (កាណាដា អូស្ត្រាលី និងសរុប​ជាង​២០​ប្រទេស​ផ្សេងទៀត)។

តាម​កញ្ចក់​ទូរទស្សន៍ នៅ​ថ្ងៃ​អាទិត្យ​នេះ​ វេលា​ម៉ោង​៧យប់​ ម៉ោង​សកល។ ជាគម្រប់​​លើក​ទីបួន។

សុន្ទរកថា​របស់ព្រះ​មហាក្សត្រីយានីនេះ​ ជា​សារ​ដែល​បាន​ថត​ទុក​តាំង​តែ​ពី​ថ្ងៃទី ៣​មេសា​មក ពី​ដំណាក់ Windsor នៅ​ជាយ​ក្រុង​ឡុងដ៍​ទី​ដែល​ព្រះ​មហាក្សត្រីយានីនិង​ស្វាមី សម្រាកនៅ​ក្នុង​អំឡុង​ពេល ឃុំ​ព្រះកាយ​ដូចពលរដ្ឋ​អង់គ្លេស​ទាំងឡាយ​ដើម្បីទប់​ស្កាត់​ការ​ចម្លងមេរោគ​កូរ៉ូណា​ថ្មី។

បើតាម​សម្រង់​ខ្លឹមសារ​ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ទទួល​បាន ព្រះ​មហាក្សត្រីយានី នឹង​ថ្លែងសារ​ដែល​ផុស​ចេញពី​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​តែ​ម្តង។

“ខ្ញុំសង្ឃឹម​ថា នៅ​ឆ្នាំ​ខាងមុខ គ្រប់គ្នា​នឹង​មាន​មោទនភាពនឹង​អ្វីដែល​យើង​ជំនះ​បាន​នៅពេល​នេះ ! អ្នក​ដែល​នឹង​បន្ត​វេន​ពី​យើង នឹងនិយាយ​ថា ពលរដ្ឋ​អង់គ្លេសជំនាន់​នេះ ខ្លាំង​ដូច​ជំនាន់​មុនៗដែរ។ ​ជា​ពលរដ្ឋ​ដែលមាន​/ចេះស្វ័យ​​​គោរព​វិន័យ​ខ្ពស់ មុះមុត មាន​សប្បុរសធម៌ និង​ភារៈ”។ នេះ​ជាសម្រង់​ព្រះ​រាជបន្ធូល​របស់​ព្រះ​មហាក្សត្រីយានី។ សុន្ទរកថា​ទាំង​ស្រុង នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ និង​តាម​ប្រព័ន្ធ​សង្គម​របស់​រាជវាំង ដែល​គ្រប់គ្នា​ អាច​តាមដាន​ស្តាប់បាន។

ព្រះ​មហាក្សត្រីយានី​ថ្លែងសារ ​វិបត្តិ​ធ្ងន់ធ្ងរ​ខ្លាំង

អន្តរាគមន៍​របស់​ព្រះ​មហាក្សត្រីយានីអេលីហ្សាបែត​ទីពីរ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​អង់គ្លេសកត់​ត្រា​ឃើញ​​ចំនួន​អ្នក​ស្លាប់​ កើន​ឡើង​ដល់​កំរិត​កំពូល​បំបែក​ឯកត្តកម្ម​រាល់​ថ្ងៃ។ ​ស្លាប់​ថែម ៣៨១​នាក់​នៅ​ថ្ងៃអង្គារ ៥៦៣នាក់​នៅ​ថ្ងៃពុធ ៥៦៩​នៅ​ថ្ងៃព្រហស្បតិ៍ ៦៨៤នាក់​នៅ​ថ្ងៃ​សុក្រ។ ​តុល្យាការ​ផ្លូវការ​ចុងក្រោយនៅ​ថ្ងៃ​សៅរ៍​បាន​បង្ហាញ​ថា ​មានស្លាប់​៧០៨នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​កុមារ​អាយុ​ទើប​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ​សូម​ប្រយ័ត្ន កូវីដ១៩​មិនមែ​ន​សម្លាប់​តែ​ជីវិត​មនុស្ស​ចាស់​ និង​អ្នក​ទន់​ខ្សោយ​ទេ។ ជា​សរុប មានពលរដ្ឋ​អង់គ្លេស​ ស្លាប់​ដោយ​កូវីដ១៩​ ចំនួន​ ៤៣១៣នាក់ ជាង​៤ម៉ឺនមួយ​ពាន់៩រយ​នាក់​មាន​ផ្ទុក​មេរោគកូរ៉ូណា​។

នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក ចនស៊ុន​ ផ្ទាល់​ ក៏​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ព្រះ​អង្គម្ចាស់ ហ្សាល​ រាជបុត្រ​ស្នង​រាជ​របស់​អង់គ្លេស ទើបបាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩ ម្សិលម្ង៉ៃ​នេះ​ទេ។

ស្ថិត​ក្នុង​ចំណោម​​​អ្នក​មាន​ហានិភ័យខ្ពស់​​នឹង​កូវីដ១៩ ព្រះ​មហាក្សត្រីយានី ដែល​មាន​ព្រះជន្ម​៩៣ព្រះ​វស្សា ស្វាមីព្រះ​ជន្ម ៩៨​ព្រះ​វស្សា​​ បាន​ជម្លៀស​ព្រះកាយ​ទៅ​សម្រាក​នៅ​វាំង​វីស័រ​ តាំង​ពី​ថ្ងៃទី ១៩មីនា រយៈ​ពេល​១២​សប្តាហ៍(ឬរហូត​ដល់​ការ​រាតត្បាតស្ងប់​ស្ងាត់) ​ដូច​បណ្តាល​ពលរដ្ឋ​អង់គ្លេស​វ័យ​លើស​ពី​៧០​ឆ្នាំ​ឡើង​ទៅ​ដែរ ។

អង់គ្លេស​ទើបប្តូរ​យុទ្ធសាស្ត្រ សម្រេច​​​បិទ​ខ្ទប់​ប្រជាជន ចាប់​ពី​ថ្ងៃ​ទី ២៣​មីនា សម្រាប់​រយៈពេល​បី​សប្តាហ៍​យ៉ាង​តិច និង​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​លក្ខណៈប្រឈម​នឹង​ផលវិបាក​បង្ក​ឡើង​កូវីដ១៩ ដោយ​សំឡឹង​ឃើញ​ថា​អង់គ្លេស​អាច​នឹង​វិលមករក​ភាព​ធម្មតាវិញ​នៅ​រវាង៦​ខែ។ ចំពោះ​មន្ទីរ​ពេទ្យ អង់គ្លេស​ដ៏ដូចបារាំង កំពុង​ប្រើ​គ្រប់​មធ្យោបាយ​​ធំ ទ្រទ្រង់​រចនា​សម្ព័ន្ធ​សុខាភិបាល ដែលអាចនឹង​ចាល់​គ្រប់កន្លែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ