អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ ៖ ចំនួនអ្នកស្លាប់ចាប់ថយបន្តិចអឺរ៉ុប តែកើនខ្លាំងនៅអាមេរិក

សំឡេង ០៥:០៥
ក្រុម​គ្រូពេទ្យ​បារាំង​នៅ​ផ្នែក​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​
ក្រុម​គ្រូពេទ្យ​បារាំង​នៅ​ផ្នែក​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​ REUTERS - Stephane Mahe

កូវីដ១៩​ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច ៦ម៉ឺន​៨​ពាន់​១២៥​នាក់ និងជាង​មួយ​លាន​ពីរ​សែន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា។ នេះ​បើ​តាម​តុល្យការ​ផ្លូវការ​នៅ ល្ងាច​ថ្ងៃ​អាទិត្យទី ៥​មេសា ២០២០។ អឺរ៉ុប​ដែល​ទ្វីប​រងគ្រោះ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុត កំពុងសំឡឹង​ឃើញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម តែនៅ​​អាមេរិក​វិញ ​លោក​ត្រាំមាន​ប្រសាសន៍​ថា សប្តាហ៍​នេះ​ជា​សប្តាហ៍​ដ៏​ខ្មៅ​ងងឹត​បំផុតសម្រាប់​អាមេរិក។  ​

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយនេះ សហរដ្ឋ​អាមេរិក​រាប់​ឃើញ​មាន​អ្នក​ស្លាប់​ថ្មី​បន្ថែម​ជិត​១ពាន់​នាក់ (៩៦៣៣​នាក់)។ ហើយចំនួន​អ្នក​ស្លាប់​នឹង​មាន​កាន់​តែ​ច្រើនទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ និង​នៅ​ថ្ងៃ​​ខាង​មុខ។ ​លោកប្រធានាធិបតី​ ​ត្រាំ បាន​បញ្ជាក់​នៅ​យប់​មិញ​ទៀត ថា​សប្តាហ៍​នេះ ជា​សប្តាហ៍ដ៏​មហាទុក្ខ​សោក​អាក្រក់​បំផុត​សម្រាប់​អាមេរិក។ បាន​ន័យ​ថា​នឹង​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ខ្លាំង​។ អាមេរិក​នឹង​មាន​ស្ថានភាព​ដូច​រង​ការ​វាយប្រហារ​​នៅ​Pearl Harbor ឆ្នាំ​១៩៤១ ឬ​ដូច​មហាភេរវកម្ម​ថ្ងៃទី ១១​ កញ្ញា ២០០២។ តែ​វិបត្តិ​ទាំង​ពីរ​កើត​ឡើង​នៅ​តែ​មួយ​កន្លែង ឯ​ចំណែកវិបត្តិ​កូវីដ១៩ នឹងកើត​មាន​ពេញ​ផ្ទៃ​ប្រទេស។ លោក​ត្រាំ​បាន​ទទួល​ស្គាល់​ថា អាមេរិក​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​គ្រប់គ្រង​ជំងឺ​រាតត្បាត​មួយ​នេះ។

អឺរ៉ុបចាប់​ធូរ​ស្បើយ ?

លើក​លែង​តែ​នៅ​អង់គ្លេស​មួយ​ ដែល​ស្ថានភាព​នៅ​យ៉ាប់​យឺន​ខ្លាំង​ជាង​គេ​បើ​ប្រៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​​ដូច​គ្នា។​ ហើយ​លោក​ ចន​ស៊ុន ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស ផ្ទាល់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ យប់​ថ្ងៃ​អាទិត្យ​ទី ៥​មេសា តែ​ពីរ​បី​ម៉ោង​ក្រោយ​ការ​ថ្លែង​សារ​ជា​ប្រវត្តិសាស្ត្រ​របស់​ម្ចាស់​ក្សត្រី​អេលីហ្សាបែត​ទី​ពីរ។ ប៉ុន្តែស្ថានភាពសុខភាពលោក​ នៅ​នឹងល្អ ។ លោកនាយករដ្ឋមន្ត្រី​​នៅ​តែ​បន្ត​ចាត់​ចែង​កិច្ចការ​ដឹកនាំ​ប្រទេស​​ដដែល​ទេ។

តែ​សម្រាប់​សហភាព​អឺរ៉ុប​ទាំង​មូល​វិញ ពេល​នេះ ​អឺរ៉ុប​ហាក់​សំឡឹង​ឃើញ​​មាន​ភាព​ប្រសើរ​បន្តិច​។ ចំនួន​អ្នក​ស្លាប់​ នៅ​អ៊ីតាលី​ បាន​ថយ​ចុះ​មក​ស្មើ​នឹង​កំរិត​កាលពី​ពីរ​សប្តាហ៍​មុន នៅអេស្ប៉ាញ​អត្រា​អ្នក​ស្លាប់​ចាប់​ទ្រឹង​និង​ថយ​ចុះ​បី​ថ្ងៃ​ជាប់​ៗ​គ្នា នៅ​បារាំង​ក៏​ចាប់​ថយ​ចុះ​ដែរ។ ហើយ​ជាពិសេស​ទៅ​ទៀត ​ចំនួន​អ្នក​ជំងឺ​ចូល​សង្គ្រោះ​បន្ទាន់​ចាប់​ផ្តើម​រង្វើល​​ជាង​​មុន ដែល​អនុញ្ញាត​ឱ្យ​ក្រុមគ្រូពេទ្យ​អាច​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន​ត្រឹម​ត្រូវ។ ឥទ្ធិពល​នៃ​ការ​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​ ដើម្បី​កាត់បន្ថយ​​ចាប់​ផ្តើម​បង្ហាញ​ប្រសិទ្ធភាព​ហើយ។ នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ។

យុទ្ធសាស្ត្រ​​នាំ​​ប្រទេស​ចេញពី​ការ​បិទខ្ទប់​

បារាំងបាន​ចាប់​ផ្តើម​ពិចារណាបណ្តើរៗ​អំពី​វិធី​ដក​ការ​បិទខ្ទប់​ប្រជាពលរដ្ឋ​ ដោយ​ព្រលយ​ថា​នឹង​ត្រូវ​ធ្វើមួយ​​ដំណាក់ម្តងៗ ​ទៅ​តាម​វ័យរបស់​ប្រជាពលរដ្ឋ និង​ទៅ​តាមផ្នែក ម្តង​មួយ​តំបន់ៗ ... ប៉ុន្តែ​មិន​ទាន់មាន​ការ​​សម្រេច​អ្វី​ទាំង​អស់។ អូទ្រីស​គ្រោង​នឹង​ដើរ​ចេញជា​ដំណាក់ៗ​ដែរ ចាប់​ពី​ថ្ងៃ​តទី ១៣​មេសា​ទៅ។

ចំណែក​នៅអ៊ីតាលី​​ រដ្ឋាភិបាល​បាន​បង្ហាញ​ផែនការ​យុទ្ធសាស្ត្រ នៅ​យប់​មិញ​ ដែល​មាន​ចំណុច ៖ ​ ដក ការ​បិទខ្ទប់​ប្រជាពលរដ្ឋ​ឱ្យ​នៅ​តែ​ផ្ទះ ​ជា​ដំណាក់ៗ ត្រូវ​ពាក់​ម៉ាស់​ជា​ទូទៅ​ រក្សា​គម្លាត​សុវត្ថិភាព​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ នៅ​តាម​កន្លែង​ធ្វើការ តាម​​ទីមាន​មនុស្ស​ជុំៗច្រើន (ផ្សារ ហាង​ទំនិញ ភោជនីដ្ឋាន) ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ​រថភ្លើង ឡានក្រុង និងរក្សា​បណ្តាញ​មន្ទីរពេទ្យ​ទទួល​បន្ទុក​ព្យាបាល​ជំងឺ​កូវីដ​១៩​ដដែល ខ្លាច​ក្រែង​ជំងឺ​នេះ​ផ្ទុះ​ឡើង​វិញ។ អ៊ីតាលី​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ស្មាតហ្វូន​ តាម​គំរូ​របស់​កូរ៉េខាង​ត្បូង ដែល​ផ្តល់​សញ្ញា​ប្រាប់​ថា​មាន​អ្នក​ជំងឺ​កូវីដ​១៩​នៅទីណា ឬ​កម្មវិធី​សម្រួល​ការ​តាមដាន​សុខភាព​​ពី​ចម្ងាយ​(អនឡាញ) ឬ​តាម​ដាន​ចង្វាក់​បេះដូង និង​អត្រា​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម​ជា​ដើម។

ប៉ុន្តែ​ ទាំង​នៅ​បារាំង ទាំង​នៅអ៊ីតាលី នេះគ្រាន់​តែ​​ជា​គម្រោង​ ជា​ផែនការ ប៉ុណ្ណោះ​។ ឯ​ការ​ចាប់​អនុវត្ត​ដោយ​ជាក់​ស្តែង ពុំ​ទាន់​ត្រូវ​បាន​កំណត់​ទេ។ អ្វីៗ​ត្រូវ​ផ្អែក​ទៅ​លើ​សេចក្តី​សម្រេច​របស់​អ្នក​វិទ្យាសាស្ត្រ និង​ការ​វិវឌ្ឍ​ដោយ​ជាក់​ស្តែង​នៃ​ជំងឺ។

ជា​ផ្លូវការ នៅ​អ៊ីតាលី ការ​បិទខ្ទប់​ប្រជាពលរដ្ឋ​នៅ​ផ្ទះ មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​១​ឧសភា ឯសកម្មភាព​សេដ្ឋកិច្ច​ឈប់​ស្ងៀម​ឈឹង​រហូត​ដល់​ថ្ងៃទី ១៣​មេសា​យ៉ាង​ឆាប់។ នៅ​បារាំង រយៈ​ពេល​ខ្ទប់ពលរដ្ឋ​នៅ​ផ្ទះ ត្រូវ​បាន​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី ១៥​មេសា​ ហើយទំនង​ជា​នឹង​អាច​ពន្យារ​បន្ថែ​ម​ទៀត។

មាន​សញ្ញា​នៃ​ភាព​ថមថយមែន តែ​ទាំង​​រដ្ឋាភិបាល​ ទាំង​អ្នក​ជំនាញ​សុខភាព​​នៅ​អឺរ៉ុប​ សុទ្ធ​តែ​ទទូច​កាន់​តែ​ខ្លាំង​ឡើង​ៗ​ឱ្យ​ប្រជាជន​ចាំ​បាច់​ត្រូវធ្វើ​ជា​ពលរដ្ឋ​ល្អ គោរព​វិន័យ​ គោរព​ច្បាប់​បិទ​ខ្ទប់​ឱ្យ​នៅផ្ទះ​ ឱ្យ​​បាន​ខ្ជាប់​ខ្ជួន​ ដើម្បី​កុំ​ឱ្យ​ប្រទស​ធ្លាក់​ក្នុង​វិបត្តិ មាន​ករណី​ឆ្លងរាតត្បាត​​ថ្មី​ជា​ទី​ពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ