អានតួអត្ថបទ
អ៊ុយក្រែន

ភ្លើងឆេះព្រៃនៅអ៊ុយក្រែន កំពុងបង្កើនកំរិតសារធាតុវិទ្យុសកម្មក្នុងបរិយាកាស

ភ្លើង​ឆេះ​ព្រៃ​នៅ​អ៊ុយក្រែន ជុំ​វិញ​តំបន់​នុយក្លេអ៊ែរ​ឈែរណូប៊ីល
ភ្លើង​ឆេះ​ព្រៃ​នៅ​អ៊ុយក្រែន ជុំ​វិញ​តំបន់​នុយក្លេអ៊ែរ​ឈែរណូប៊ីល Yaroslav EMELIANENKO / AFP

ក្នុង​ពេល​ប្រទេសកំពុង​បិទ​ខ្ទប់​យ៉ាង​តឹងរឹង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ អ៊ុយក្រែន​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​មួយ​ទៀត។ ជា​អគ្គីភ័យ​ដែលអាច​បង្ហុយផ្សែង​មាន​វិទ្យុ​សកម្ម ​ និង​ដែល​កំពុង​ឆាប​ឆេះ​ព្រៃ​និង​វាល​ស្មៅ អស់​រាប់​សិប​ហិចតារ នៅជុំវិញ​​​តំបន់នុយក្លេអ៊ែរ​ឈែរណូប៊ីល (Tchernobyl)។ តាំង​ពី​មានគ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​ នៅ​ឆ្នាំ​១៩៨៦មក​ ឈែរណូប៊ីល បានក្លាយ​ជា​តំបន់​ហាមឃាត់ គ្មាន​មនុស្ស​រស់​នៅទេ។

ផ្សាយពាណិជ្ជកម្ម

 

អគ្គីភ័យ​បានចាប់​ឆាប​ឆេះ តាំង​ពី​ចុង​សប្តាហ៍​មក នៅ​ជុំ​វិញ​តំបន់​នុយក្លេអ៊ែរ​ឈែរណូប៊ីល ដែល​ធ្លាប់​រង​គ្រោះ​ដ៏​ធ្ងន់ធ្ងរក្នុង​ប្រវត្តិ​នុយក្លេអ៊ែរ​ កាលពី​ឆ្នាំ​១៩៨៦​។ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ជាង​១០០​នាក់ ជំនួយ​ដោយ​យន្តហោះពីរគ្រឿង ​និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង កំពុង​ប្រមូលកម្លាំងពន្លត់​ភ្លើង​ព្រៃ ​តែមិន​អាច​យកឈ្នះ​ព្រះ​អគ្គី និង​ចូលទៅ​ជិត​តំបន់​នុយក្លេអ៊ែរ​បាន​ទេ។ អណ្តាត​ភ្លើង​បាន​ឆាបឆេះ​ព្រៃជុំ​វិញ តំបន់​នុយក្លេអ៊ែរ អស់​ជាង​១០០​ហិចតារ​រួច​ទៅ​ហើយ។

បើតាម​ភ្នាក់ងារ​ការពារ​បរិស្ថាន កំរិត​វិទ្យុ​សកម្ម​ បានកើន​ឡើង​១៦​ដង លើ​កំរិតសុវត្ថិភាព​​។ ប៉ុន្តែ​អាជ្ញាធរ​​គ្រប់គ្រង​ស្ថានភាព​បន្ទាន់​អ៊ុយក្រែន បាន​ធានា​អះអាង​ថាកំណើន​បរិមាណ​ធាតុ​វិទ្យុសកម្មខ្ពស់​​ មាន​តែ​នៅ​ក្នុង​តំបន់​ព្រៃឈែរណូប៊ីលនិងមិន​សាយភាយ​ចោទ​ជា​បញ្ហា​ឆ្លងអ្វី​ជា​ពិសេស​ទេ។ ក្រោយ​មហន្តរាយ​នុយក្លេអ៊ែរដ៏​ធ្ងន់ធ្ងរបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នុយក្លេអ៊ែរ​ពិភពលោក​ប្រចាំ​សតវត្សរ៍​ទី​២០​មក តំបន់​នុយក្លេអ៊ែរឈែរណូប៊ីល និង​៣០​គីឡូម៉ែត្រ​ជុំ​វិញ (២៦០០គីឡូម៉ែត្រ​ការ៉េ) បាន​ក្លាយ​ជា​តំបន់​គ្មានមនុស្សរស់​នៅ និង​ជា​តំបន់​ឆ្លង​វិទ្យុសកម្ម​ខ្លាំង​ជាង​គេបំផុត​នៅ​លើ​ពិភពលោក។

តាមការពិត​ក្រៅ​អំពី​ហានិភ័យ​នៃកា​រសាយ​ភាយ​ជាតិ​វិទ្យុសកម្ម ការ​​ឆេះ​ព្រៃ​ពេលនេះ មិនមែនស្ថានការណ៍​ប្លែកខុស​ប្រក្រតីទេ។ ជា​រៀង​រាល់​ឆ្នាំ មិន​ថា​នៅ​ឈែរណូប៊ីល ឬ​នៅ​តំបន់​ផ្សេង​ក្នុង​ប្រទេសទេ ឱ្យ​ដល់​រដូវផ្ការីកម្តងៗ ប្រជាពលរដ្ឋ​នាំ​គ្នា​ដុត​សំរាម ដុត​ស្លឹកឈើងាប់ៗ ឬ​ដុតស្មៅ​ក្នុង​ខ្លួន​របស់​ពួកគេ។ តែដោយ​មាន​ខ្យល់​ខ្លាំង រងើក​​ភ្លើង​តែង​ឆេះ​រាល​ រួច​ក្លាយ​ជា​អគ្គីភ័យ​ដែលគ្រប់​គ្រង​លែង​បាន។

ក្នុង​រយៈ​ពេល​៤៨​ម៉ោងចុងក្រោយ​នេះ គេ​រាប់​ឃើញ​មានករណី​ឆេះ​វាល​ស្មៅ ព្រៃ​ steppe និង​ព្រៃ​​ចំនួន​៨០០​កន្លែង​ ក្នុងនោះ​១៤០​កន្លែង​នៅ​ជុំវិញ​ក្រុង​គៀវ។ ខ្យល់​ពុល​បង្កឡើង​ដោយ​ផ្សែង​ឆេះ​ព្រៃ​នេះ កំពុង​គ្របដណ្តប់​លើសង្កាត់​ជា​ច្រើន​នៅ​រដ្ឋ​ធានី។

បើ​ទោះ​បី​នៅ​ឆ្នាំនេះ ប្រជាពលរដ្ឋ​អ៊ុយក្រែន​រាប់​លាន​នាក់មិន​សូវ​ប្រឈម​នឹង​ផ្សែង​ឆេះ​ព្រៃ ព្រោះ​ត្រូវ​នៅ​តែក្នុង​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការចម្លង​ជំងឺកូវីដ​១៩ ចាប់​ពី​ថ្ងៃទី ៦​មេសា​មក​ក្តី ការ​​ឆេះព្រៃ​នេះជា​ប្រភព​នៃ​ក្តី​ព្រួយ​បារម្ភ​ដ៏​ពិតៗ នៅអ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ