អានតួអត្ថបទ
កូវីដ១៩ សេដ្ឋកិច្ច អឺរ៉ុប

វិបត្តិកូវីដ១៖ ក្រុមប្រទេស​ចាយ​ប្រាក់​អឺរ៉ូ និយាយ​មិន​ត្រូវ​គ្នា រឿង​ដំណោះស្រាយ​ជួយ​សេដ្ឋកិច្ច

បុគ្គលិកអនាម័យ សំអាតតុមីក្រូហ្វូន នៅស្នាក់ការ​ក្រុមប្រឹក្សាអឺរ៉ុប ទីក្រុងព្រុចសែល
បុគ្គលិកអនាម័យ សំអាតតុមីក្រូហ្វូន នៅស្នាក់ការ​ក្រុមប្រឹក្សាអឺរ៉ុប ទីក្រុងព្រុចសែល REUTERS - FRANCOIS WALSCHAERTS

កាលពី​យប់ថ្ងៃអង្គារទី៧មេសា​ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសចាយប្រាក់អឺរ៉ូ បានប្រជុំគ្នា អស់ពេញមួយយប់ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុដ៏ធ្ងន់ធរ ដែល​បង្កឡើងដោយមេរោគកូវីដ១៩។ តែយ៉ាងណា គ្មានការត្រូវរូវគ្នាណាមួយទេ ដោយប្រទេសទាំង​នោះ បានចែកគ្នាជា២ក្រុម មួយក្រុមដែលជាប្រទេសភាគខាងត្បូង ចង់ឲ្យមានការធ្វើកម្ចីប្រាក់រួមគ្នា តែមួយក្រុមទៀតជាប្រទេសភាគខាងជើង ប្រឆាំងដាច់ខាតចំពោះគំនិតនេះ។

ផ្សាយពាណិជ្ជកម្ម

ការប្រជុំគ្នាតាមប្រព័ន្ធវីស្យូខុនរិនស៍ រយៈពេល១៦ម៉ោង ពេញមួយយប់ថ្ងៃអង្គារទី៧មេសា មិនបានផ្លែផ្កាអ្វីទាំងអស់។ លោក Mario Centeno ប្រធានក្រុមប្រទេសចាយប្រាក់អឺរ៉ូ បានសរសេរលើទំព័រ Twitter ការប្រជុំនឹងធ្វើឡើងជាថ្មី នៅថ្ងៃព្រហស្បតិ៍ ហើយកម្មវត្ថុដែលោកចង់បានគឺនៅដដែល គឺរៀបចំឲ្យមានសំណាញ់សន្តិសុខ ទប់ទល់ជាមួយវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយមេរោគកូវីដ១៩ និងដាក់ចេញនូវផែនការផ្តល់សន្ទុះដល់សេដ្ឋកិច្ចឡើងវិញ។

គួរកត់សំគាល់ថា មុននឹងបើកកិច្ចប្រជុំនេះ អ្នកវិភាគមួយចំនួន បានលើកឡើងរួចទៅហើយ ថាគេគ្មានសង្ឃឹមទេ​​ ថាក្រុមប្រទេស​ចាយប្រាក់អឺរ៉ូ អាចនឹងនិយាយចុះសម្រុងគ្នា ក្នុងការ​ដាក់ចេញជាវិធានការរួមណាមួយ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ជួយក្រុមហ៊ុនដែលខាតបង់ និងជួយការពារបុគ្គលិក​ពីការបាត់​បង់​ការងារ ជាដើម។

ក្រុមប្រទេសចាយប្រាក់អឺរ៉ូ បាន​ចែកគ្នាជាពីរក្រុម។ ក្រុមប្រទេសខាងត្បូង ដែលមានជាអាទិ៍ អ៊ីតាលី អេស្ប៉ាញ ក្រិក បារាំង ម៉ាល់តិ៍ បានស្នើសុំឲ្យមានការរួមគ្នាធ្វើកម្ចីប្រាក់​ ដើម្បីយកមកដោះស្រាយជួយសេដ្ឋកិច្ច។ ក៏ប៉ុន្តែក្រុមប្រទេសខាងជើង ដែលមានអាល្លឺម៉ង់ និងហូឡង់ជាអ្នកនាំមុខ បាន​បដិសេធដាច់អហង្កា ចំពោះគម្រោងខ្ចីប្រាក់រួមគ្នានេះ។ លោកស្រីអង់ហ្គេឡា មែរកិល បានលើកឡើងថា ដរាបណាលោកស្រីនៅមានជីវិត គឺលោកស្រីមិនអនុញ្ញាតឲ្យអាល្លឺម៉ង់ ខ្ចីប្រាក់រួមជាមួយនរណាទាំងអស់។ លោកស្រីបានអះអាងថា ប្រទេសមួយចំនួន គ្មានការចាត់ចែង​ការចំណាយរដ្ឋឲ្យបានត្រឹមត្រូវទេ ដូច្នេះអាល្លឺម៉ង់ មិនអាចប្រថុយគ្រោះថ្នាក់ជាមួយបានឡើយ។

ក្រុមប្រទេសខាងជើង បានស្នើឲ្យអនុវត្តយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ។ គឺយន្តការអឺរ៉ុបដើម្បីរក្សាស្ថិរភាព MES។ តាមរយៈយន្តការនេះ ប្រទេសសមាជិក​​ អាចខ្ចីប្រាក់បន្ទាន់ ប្រមាណ២%នៃចំណូលដុលក្នុងស្រុក ពោលគឺបើសរុបទូទាំងតំបន់ចាយប្រាក់អឺរ៉ូ គឺទឹកប្រាក់អាចមាន​២៤ម៉ឺនលានអឺរ៉ូ។ តែជាថ្នូរ យន្តការនេះតម្រូវឲ្យប្រទេសដែលខ្ចី គោរពនូវលក្ខខណ្ឌមួយចំនួន។

គឺលក្ខខណ្ឌនេះហើយ ដែលប្រទេសភាគខាងត្បូង ដូចជាអ៊ីតាលីនិងអេស្ប៉ាញ បដិសេធមិនទទួល។ ប្រទេសទាំង២នេះ បានលើកឡើងថា ក្នុងកាលៈទេសៈអាសន្នបែបនេះ គេត្រូវសម្តែងការ​សាមគ្គីជួយគ្នា គេមិនត្រូវនិយាយពីលក្ខខណ្ឌទេ។ បើតាមការឲ្យដឹង បារាំង កំពុងព្យាយាម ទាញភាគីទាំង២រកចំណុចកណ្តាល ដោយបានស្នើ ការធ្វើកម្ចីរួម តែយកមកប្រើតែក្នុងវិស័យសំខាន់ មួយចំនួនប៉ុណ្ណោះ ដូចជាវិស័យសុខាភិបាល និងវិស័យដែលទទួលផលលំបាកខ្លាំង ពីវិបត្តិសេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ