អានតួអត្ថបទ
កូវីដ១៩ ទាហានបារាំង

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​បារាំង ត្រលប់​ចូលផែវិញ​ ក្រោយ​សង្ស័យ​មាន​នាវិក​ឆ្លងកូវីដ១៩

នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង Charles de Gaulle
នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង Charles de Gaulle via REUTERS - RITZAU SCANPIX

នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង កំពុងបន្ថែមល្បឿន ត្រលប់ចូលផែវិញ​ មុនការកំណត់ បន្ទាប់ពីមានការសង្ស័យថា មាននាវិកជាច្រើននាក់ ឆ្លងមេរោគកូវីដ១៩។ យោងតាមក្រសួងកងទ័ពបារាំង ការបញ្ជារឲ្យនាវាផ្ទុកយន្តហោះចម្បាំង ត្រលប់មកវិញ គឺជាវិធានការបង្កា ការពារសុខភាពកងកម្លាំងទាហានទាំងអស់ ដែលនៅលើនាវា បើទោះបីជានៅលើនាវានោះ មានសម្ភាៈនិងក្រុមគ្រូពេទ្យជំនាញ​ គ្រាប់គ្រាន់ក្តី។

ផ្សាយពាណិជ្ជកម្ម

នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង ឈ្មោះ Charles De Gaulle ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក បានបន្ថែមល្បឿនបើកត្រលប់មកកំពង់ផែក្រុងទូឡុង ភាគខាងត្បូងប្រទេសបារាំងវិញ ឲ្យបាន​មុនការកំណត់ ប្រមាណជា២សប្តាហ៍។ អ្នកនាំពាក្យអគ្គបញ្ជាការកងទ័ពបារាំង បានឲ្យដឹងថា នៅលើនាវា មាននាយទាហានជាច្រើននាក់ ដែលមានអាការៈជំងឺ គួរឲ្យសង្ស័យ ថាពួកគេអាចផ្ទុកមេរោគកូវីដ១៩។

បច្ចុប្បន្ន នាយទាហាន ដែលមានអាការៈជំងឺ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក នៅលើនាវា ដោយពុំមាននរណា មានស្ថានភាពធ្ងន់ធ្ងរ គួរឲ្យបារម្ភឡើយ។ ក្រសួងកងទ័ពបារាំង បានបញ្ជាក់ នៅព្រឹកថ្ងៃទី​៨មេសា ថាគេ​បាន​បញ្ជូនក្រុមអ្នកជំនាញ ទៅលើ​នាវា ដើម្បីធ្វើតេស្តស្វែងរកមេរោគ។

បើតាមប្រភពពីក្រសួងកងទ័ពបារាំង នាវា Charles De Gaulle មានផ្ទុក​ទាហានសរុបចំនួន​១៧៦០នាក់ ដែលមានអាយុជាមធ្យម៣០ឆ្នាំ។ នៅរវាងពាក់កណ្តាលខែមីនា នាវានេះ បានចូលចតសម្រាកនៅកំពង់ផែទីក្រុងប្រេសត៍ ភាគខាងលិចបង្អស់នៃប្រទេសបារាំង បន្ទាប់ពីបានបញ្ចប់​បេសកកម្មរួម ជាមួយកងទ័ព​ជើងទឹកហូឡង់ ដាណឺម៉ាក និងស៊ុយអែត។ អគ្គបញ្ជាការកងទ័ពបារាំង សង្ស័យថា​នាយទាហាន អាចប្រហែលជាបានឆ្លងមេរោគកូវីដ១៩ នៅក្នុងពេលចូលចតសម្រាកនៅទីក្រុងប្រេសត៍ ព្រោះរោគសញ្ញាបានចេញមកប្រមាណ៣សប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំងបារាំង មានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និង សុខាភិបាល ដ៏ទំនើបបំផុត។ តែទោះជាយ៉ាងណា ក្រសួងកងទ័ពបារាំង បានជ្រើសយកវិធានការបង្កាទុកមុន ដោយតម្រូវឲ្យនាវាបើកចូលផែវិញ ឲ្យបានឆាប់បំផុត។ អ្នកនាំពាក្យក្រសួងបានអះអាងថា បើសិនជាមុន​ពេលនាវាបើកមកដល់កំពង់ផែក្រុងទូឡុង ហើយមាននាយទាហានអ្នកម្នាក់មាន​អាការៈជំងឺធ្ងន់ធ្ងរ នោះគេអាចបញ្ជូនយន្តហោះទៅដឹកយកនាយទាហាននោះមកព្យាបាលបន្ទាន់។

គួររំលឹកដែរថា នាវាផ្ទុកយន្តហោះចម្បាំងអាេមរិក Theodore Roosevelt ក៏មានករណីនាយទាហានជាង១០០នាក់ ឆ្លងមេរោគកូវីដ១៩ ដែរ បន្ទាប់ពីបានចូលចតនៅកំពង់ផែក្រុងដាណាង កាលពីដើមខែមីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ