អានតួអត្ថបទ
ស៊ីរី-អាវុធគីមី

អឺរ៉ុបទាមទារដាក់ទណ្ឌកម្ម តែស៊ីរីបរិហាររបាយការណ៍របស់អង្គការហាមឃាត់អាវុធគីមី

អង្គការ​ហាមឃាត់​អាវុធ​គីមី​ចេញ​របាយការណ៍​បញ្ជាក់​ថា​យោធា​ស៊ីរី​ជា​អ្នក​វាយប្រហារ​អាវុធ​គីមី​កាលពី​ឆ្នាំ​២០១៧
អង្គការ​ហាមឃាត់​អាវុធ​គីមី​ចេញ​របាយការណ៍​បញ្ជាក់​ថា​យោធា​ស៊ីរី​ជា​អ្នក​វាយប្រហារ​អាវុធ​គីមី​កាលពី​ឆ្នាំ​២០១៧ DR

អ្នក​ទទួល​ខុស​ត្រូវ ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាពលរដ្ឋស៊ីវិល ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​។ នេះ​ជា​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​បាន​ឃើញ​របាយការណ៍​របស់​​អង្គការ​ហាមឃាត់​អាវុធ​គីមី  (OIAC) ចង្អុលមុខ ពួក​​​យោធា​ស៊ីរី ថា​អ្នក​ទម្លាក់​គ្រាប់​បែ​ក​មាន​សារធាតុ​គីមី​ទៅ​លើ​ភូមិមួយ​​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាលពីឆ្នាំ​២០១៧។ ប៉ុន្តែ​សម្រាប់​ក្រុង​ដាម៉ាស របាយការណ៍​របស់​អង្គការ​ហាម​ឃាត់អាវុធ​គីមី គ្មាន​មូលដ្ឋានច្បាស់​លាស់​ទេ។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍៍​ស្តីពីការ​ប្រើប្រាស់​សារធាតុ​គីមី នៅ​ក្រុង​ ឡាតាមណេកាលពីឆ្នាំ​២០១៧ ​ជា​សេចក្តីសន្និដ្ឋានដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​តាក់តែងឡើង​ក្នុង​បំណង​ក្លែងបន្លំ​ហេតុការណ៍ និង​ដើម្បី​ចោទ​ប្រកាន់​រដ្ឋាភិបាល​ស៊ីរី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍រ​បស់​ក្រសួង​ការបរទេស​ស៊ីរី ដែល​បដិសេធ​យ៉ាង​ដាច់​អហង្កា ថា​មិន​បាន​ប្រើ​ប្រាស់​ឧស្ម័ន​ពុល​គីមីសោះ មិន​ថា នៅ​ក្រុង​ឡាតាមណេ ឬ​ក្រុង​ផ្សេង​ទៀត​ក្នុង​ផ្ទៃ​ប្រទេសទេ។ រដ្ឋាភិបាល​ស៊ីរី ច្រាន​ចោល​ទាំង​ស្រុង​ ​របាយការណ៍​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី។

អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​ចេញ​របាយការណ៍​កាលពី​ថ្ងៃពុធ​ទី ៨ មេសា​ ចោទ​ប្រកាន់​ក្រុមយោធា​របស់​លោក បាស្ហារ អាល់អាសាដ ថា​បាន​ទម្លាក់គ្រាប់​បែក​ដែល​មាន​ផ្ទុក​សារធាតុ​គីមី សារាំង និង​ក្លរ ទៅ​លើ​តំបន់​ ឡាតាមណេ នៅ​ភាគ​ខាង​ជើង​ប្រទេស បណ្តាលឱ្យ​ស្លាប់​ប្រជាពលរដ្ឋ​ស៊ីវិល​រាប់រយ​​នាក់។ នេះ​គឺជា​លើក​ទីមួយ​ហើយ អង្គការ​ហាមឃាត់​អាវុធ​គីមី ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ចង្អុល​មុខ​ពួក​យោធា​ដោយ​ចំៗ ថា​អ្នក​ទទួលខុស​ត្រូវ​ក្នុង​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមីចំនួន​បី​លើក ដោយ​ប្រើ​យន្តហោះ​ពីរគ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ នៅលើ​ទឹក​ដី​របស់ខ្លួន តែ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

គ្រាន់​តែ​បាន​ឃើញ​របាយការណ៍​ភ្លាម សហភាព​អឺរ៉ុប បាន​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​​ប្រឆាំង​នឹង​ក្រុម​ដៃ​ដល់​ប្រើ​អាវុធ​គីមី​គីមីឱ្យ​ខ្លាំងក្លា​​បំផុត​។ សម្រាប់​អឺរ៉ុប ការប្រើប្រាស់​អាវុធគីមី ជា​ការ​រំលោភច្បាប់​អន្តរជាតិ និង​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ ស្រដៀង​នឹងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងមនុស្ស​ជាតិ​ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​មិន​អាច​អនុគ្រោះបានទេមិន​ថា​ជន​ដៃដល់​ជា​រដ្ឋ ឬ​ជាបុគ្គលឡើយ​។ ​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ជា​ដាច់​ខាត​ដើម្បី​កុំ​ឱ្យមានការវាយប្រហារ​ដោយ​អាវុធ​គីមី​ទៀត។ ​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Josep Borrell ​ប្រមុខ​ការ​ទូត​អឺរ៉ុប។

សហភាពអឺរ៉ុប​ធ្លាប់​ដាក់​ចាត់​វិធានការ​ប្រឆាំងនឹង​មន្ត្រី​ជាន់ខ្ពស់​និង​អ្នក​វិទ្យាសាស្ត្រ​ស៊ីរី​ជា​ច្រើន​នាក់​រួច​មកហើយ ហើយ​ត្រៀមនឹង​បង្កើន​វិធានការ​ថ្មី​បន្ថែម​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ