អានតួអត្ថបទ
កូវីដ១៩ ថ្នាំក្លូរ៉ូគីន

សហគ្រាសឱសថ​Sanofi ប្រកាស​ផ្តល់ថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូគីន ចំនួន​១០០លាន​ដូស ដល់​​៥០​​ប្រទេស

ថ្នាំPlaquénil  ផ្សំពីសារធាតុ Hydroxychloroquine ផលិតដោយសហគ្រាស​ Sanofi
ថ្នាំPlaquénil ផ្សំពីសារធាតុ Hydroxychloroquine ផលិតដោយសហគ្រាស​ Sanofi REUTERS - STEPHANE MAHE

​សហគ្រាសផលិតឱសថដ៏ធំរបស់បារាំង ឈ្មោះ Sanofi បាន​ប្រកាស​នៅថ្ងៃសុក្រទី​១០មេសា​​ថា ខ្លួននឹងផ្តល់ថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូគីន ចំនួន​​១០០លាន​​ដូស ឲ្យដល់​ប្រទេស​ប្រមាណ៥០ប្រទេស ដើម្បី​យកទៅសាកល្បង​ ព្យាបាល​អ្នកជំងឺ​កូវីដ១៩។ តែយ៉ាងណា សហគ្រាស​ឱសថនេះ បានឆ្លៀត​រំលឹក​ឲ្យមាន​​ការប្រុងប្រយ័ត្ន ព្រោះ​សម្រាប់​ពេលនេះ នៅមិនទាន់​មានការសន្និដ្ឋាន​បែបវិទ្យាសាស្ត្រ ជាក់លាក់​ណាមួយ ស្តីអំពី​ប្រសិទ្ធិភាព នៃ​សារធាតុ​ថ្នាំ​ក្លរ៉ូគីន ក្នុង​ការព្យាបាល​សម្លាប់​មេរោគ​​កូវីដ១៩​នោះទេ។

ផ្សាយពាណិជ្ជកម្ម

ដោយមានការស្នើសុំពីបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក សហគ្រាសផលិតឱសថ Sanofi បានសម្រេច ធ្វើអំណោយថ្នាំគ្រាប់ អ៊ីដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) ចំនួន​១០០លាន​ដូស​(Dose) ឲ្យទៅ​ប្រទេស​ប្រមាណ​៥០ប្រទេស យកទៅសាកល្បងព្យាបាលអ្នកជម្ងឺកូវីដ១៩។ លោក Paul Hudson អគ្គនាយកសហគ្រាសនេះ បានបញ្ជាក់ផងដែរថា សហគ្រាស បានបង្កើនការផលិតថ្នាំគ្រាប់ប្រភេទក្លរ៉ូគីន (Chloroquine) ឲ្យបានច្រើនបំផុត។

តែទន្ទឹមនឹងនេះ សហគ្រាស​Sanofi បានឆ្លៀតរំលឹកថា គិត​មកត្រឹមពេលនេះ ការសិក្សាលំអិតទៅលើប្រសិទ្ធិភាពនៃថ្នាំក្លរ៉ូគីន ក្នុងការប្រយុទ្ធនឹង​មេរោគកូវីដ​១៩ គឺនៅមិនទាន់អាចយកជាការ​បានទេ។ គេត្រូវរងចាំឲ្យមានការសន្និដ្ឋានរួម​ ពីសំណាក់អ្នកជំនាញ ក្រោយបញ្ចប់ការធ្វើតេស្តសាកល្បង ក្នុងទ្រង់ទ្រាយធំ។ បើសិនលទ្ធផលបង្ហាញថា ថ្នាំក្លរ៉ូគីន ពិតជាមានប្រសិទ្ធិភាពល្អ អាចព្យាបាលអ្នកជំងឺកូវីដ១៩មែននោះ សហគ្រាស Sanofi នឹងបន្តធ្វើអំណោយ ចែកជូនថ្នាំនេះ ទៅតាមប្រទេសផ្សេងៗទៀត។

គួរកត់សំគាល់ថា ក្រៅពីសហគ្រាស Sanofi របស់បារាំង សហគ្រាសផលិតឱសថស្វីស Novartis និងសហគ្រាសឱសថអ៊ីស្រាអែល Teva ក៏បានសន្យាចែកថ្នាំក្លរ៉ូគីនដោយឥតគិតថ្លៃដែរ។

សូមរំលឹកថា សារធាតុក្លរ៉ូគីន ដែលមានផ្សំក្នុងថ្នាំព្យាបាលជំងឺគ្រុនចាញ់ ត្រូវបានលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតបារាំង Didier Raoult នៅទីក្រុងMarseille អះអាងថាអាចព្យាបាល​ជម្ងឺ​កូវីដ​១៩បាន។ លោកបានធ្វើការសាកល្បង២លើក ទៅលើអ្នកជំងឺកូវីដ១៩ ហើយ៦ថ្ងៃក្រោយមក ៧៥%នៃអ្នកជំងឺបានជាសះស្បើយ លែងមានមេរោគកូវីដក្នុងខ្លួន។​ លោកសាស្ត្រាចារ្យ Didier Raoult  អះអាងថា ចង់ឲ្យថ្នាំក្លរ៉ូគីនមានប្រសិទ្ធិភាពកាន់តែខ្ពស់ គឺត្រូវប្រើថ្នាំនេះឲ្យបានឆាប់ ក្នុងពេលចាប់ផ្តើមចេញរោគសញ្ញា កុំរងចាំទាល់តែ​អ្នកជំងឺធ្ងន់ធ្ងរខ្លាំង។

ទោះយ៉ាងនេះក្តី ការអះអាងសន្និដ្ឋានរបស់​លោកសាស្ត្រា Didier Raoult មិនត្រូវបានមជ្ឈដ្ឋានអ្នក​ស្រាវជ្រាវ​វិជ្ជសាស្ត្រ​ទូទៅ ទទួលយល់ស្របទេ ដោយគេលើកលើងថា ការសាកល្បងទៅលើអ្នក​ជំងឺតិចនាក់ពេក ហើយ​វិធីសាស្រ្ត​ធ្វើការសន្និដ្ឋាន មិនគួរឲ្យទុកចិត្ត។

រដ្ឋាភិបាលបារាំង បានសម្រេចបញ្ចូលថ្នាំក្លរ៉ូគីននេះ ទៅក្នុងកម្មវិធីសាកល្បងទ្រង់ទ្រាយធំ រួមជាមួយថ្នាំផ្សេងទៀត ដើម្បីសាកប្រើ​ទៅលើអ្នកជំងឺកូវីដ១៩ ប្រមាណ​៨០០នាក់ ដោយសហការជាមួយអង្គការ​សុខភាព​ពិភពលោក និងប្រទេសអឺរ៉ុបផ្សេងទៀត។ លទ្ធផលនឹងប្រកាសផ្សាយ​ នៅរវាងចុងសប្តាហ៍នេះ។ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាឆន្ទៈចង់ស្វែងរកថ្នាំព្យាបាល​កូវីដ១៩ឲ្យបានឆាប់ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានទៅជួបលោកសាស្ត្រាចារ្យ Didier Raoult ដល់ទីក្រុងម៉ាកសី កាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ