អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអឺរ៉ុបរកឃើញផែនការសង្គ្រោះសេដ្ឋកិច្ចរួម ប្រឈម​នឹង​ការ​រាតត្បាត​នៃ​កូវីដ១៩

សំឡេង ០៥:៥៨
រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក  Bruno Le Maire ក្នុង​ជំនួប​ប្រជុំ​អឺរ៉ុប តាម​វីដេអូខុនហ្វេរិន ថ្ងៃទី​៩ មេសា ២០២០
រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire ក្នុង​ជំនួប​ប្រជុំ​អឺរ៉ុប តាម​វីដេអូខុនហ្វេរិន ថ្ងៃទី​៩ មេសា ២០២០ Ludovic MARIN / AFP

ប្រឈម​នឹង​វិបត្តិ​​កូវីដ​១៩ ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោករងគ្រោះ​​យ៉ាង​ខ្លាំង ជាង​វិបត្តិ​នៅ​ឆ្នាំ ១៩២៩ទៀតនោះ ​ សហភាពអឺរ៉ុប​ បាន​ធ្វើ​ជា​គំរូ​ល្អ និង​បាន​បង្ហាញ​សាមគ្គីភាពជា​ធ្លុងមួយ ដោះស្រាយ​វិបត្តិ​រួម​គ្នា។ នៅ​យប់​ថ្ងៃព្រហស្បតិ៍ទី ០៩មេសា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​សម្រេច​រក​ឃើញ​​ផែនការសង្គ្រោះ​សេដ្ឋកិច្ច​រួម ដែល​មាន​ទំហំ​ដល់​ទៅ ៥៤០ពាន់​លាន​អឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ទាំង​២៧​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប បានព្រមព្រៀងគ្នា​លើ​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​រួម​ តម្លៃ ៥៤០ពាន់​លានអឺរ៉ូ ក្រោម​ស្នូរ​ទះដៃ និង​ការ​អបអរ​មកពី​ខាង​គ្រប់​ភាគី ជាពិសេស​អ៊ីតាលី ដែល​​រងគ្រោះ​ខ្លាំង​ជាង​គេ។

ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​បី​ចំណុច

ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​​ពី​វិបត្តិកូវីដ១៩ ​ដែល​ឆ្លង​កាត់​​បរាជ័យម្តង​កាលពី​ថ្ងៃ​អង្គារ​ទី ៧​មេសា មាន​ទិស​ដៅ​សំខាន់បី ៖ ទីមួយ​ ​​អឺរ៉ុប​​នឹង​ផ្តល់​មូលនិធិ​ ២០០​ពាន់​លានអឺរ៉ូ សំដៅ​ជួយ​​ក្រុមហ៊ុន​សហគ្រាស។ ​ចំណុចនេះ​អឺរ៉ុប​​មាន​ការ​ព្រមព្រៀង​គ្នា​ខ្លាំង​ជាង​គេ។ ទីពីរ គឺ​​អឺរ៉ុបព្រមព្រៀង​ត្រៀម​​មូលនិធិ​ ​១០០ពាន់​លានអឺរ៉ូ សម្រាប់ឱ្យ​រដ្ឋាភិបាល​យក​ទៅ​ជួយ​​​អត់​ការងារធ្វើ ដោយ​បង្ខំ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​កូវីដ១៩។ មុនវិបត្តិ​កូវីដ​១៩ ប្រទេស​ចំនួន​១៨​ មាន​ជាអាទិ៍​បារាំង ​អាល្លឺម៉ង់​ មាន​យន្តការ​ជួយ​អ្នក​អត់​ការងារធ្វើ​ស្រាប់​ហើយ តែ​ពេល​នេះត្រូវ​ពង្រឹង​បន្ថែម ហើយ​សមាជិកសហភាពអឺរ៉ុបទាំង​អស់​​ត្រូវ​ប្រើ​យន្តការ​នេះដែរ​ ដើម្បី​ចៀសវាង​កុំ​ឱ្យ​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​នៅ​ពេល​ចប់វិបត្តិ។

ផែនការ​ទី​បី មាន​ទំហំ ២៤០​ពាន់​លាន​ គឺ​ជា​មូលនិធិ​​សម្រាប់សង្គ្រោះ​​តំបន់​អឺរ៉ូ។ ជា​ចំណុច​នេះ ដែល​អឺរ៉ុប​ចំណាយ​ពេលវេលា​យូរ ទម្រាំ​ព្រមព្រៀង​គ្នា។ ហេតុ​អ្វី ? មូលនិធិសង្គ្រោះ​នេះ មានពាក់ព័ន្ធ​នឹង​​​យន្តការ​ស្ថិរភាព​អឺរ៉ុប ដែល​សហភាពអឺរ៉ុប​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ ពេល​តំបន់អឺរ៉ូជួប​វិបត្តិ​ ប្រទេស​ក្រិកធ្លាក់​ក្នុង​គ្រោះ​ក្ស័យធន កាលពី​ឆ្នាំ​២០១០​។ ​មូលនិធិ​នោះ​តម្កល់​​ថវិកា​បាន​ដល់​ ៤១០​ពាន់​លានអឺរ៉ូ សម្រាប់ជួយ​​រដ្ឋ​ណា​ដែល​គ្មាន​សមត្ថភាព​ហិរញ្ញវត្ថុ​នៅ​លើទីផ្សារ។ ប៉ុន្តែ​ឥលូវ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ចង់ដក២៤០​ពាន់​លាន សម្រាប់​​ឱ្យ​ប្រទេស​ដែល​រងគ្រោះ​កូវីដ១៩​ខ្លាំង​ជាងគេ អាច​ខ្ចីមូលនិធិ​នេះ ​ដើម្បីជា​កិច្ច​ការពារ​ប្រឈម​នឹង​វីរុស​។

ប៉ុន្តែ​ ​ប្រទេស​ហូឡង់  ដែល​ទំនង​គាំទ្រ​ដោយអូទ្រីស ​ស៊ុយអែត និង​ដាណឺម៉ាក ប្រឆាំង​ខ្លាំង​ពី​ដំបូង  ខ្ទប់​មិន​ឱ្យ​មាន​ដំណើរការ​ ​យន្តការ​ស្ថិរភាព​អឺរ៉ុប ដើម្បី​បញ្ចេញមូលនិធិ​មកប្រើក្នុង​បរិបទ​កូវីដ១៩​​ទេ ដោយ​សំអាង​ថា​មូលនិធិ​នេះ​ ប្រើ​​សម្រាប់​សង្គ្រោះ​តំបន់​អឺរ៉ូ ទល់​នឹងការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច។ ជំហរ​របស់​ហូឡង់​រងការ​រិះគន់​យ៉ាង​ខ្លាំង ទើ​ប​នៅទី​បំផុត​ហូឡង់ឈប់​ប្រឆាំង ហើយ​អឺរ៉ុប​អាច​​សម្រេចព្រមព្រៀងបាន​​នៅ​យប់មិញ។

មូលនិធិ​កូរ៉ូណា

​ចំនុច ដ៏ក្តៅគគុក​បំផុត​​មួយ​ទៀត ដែលអឺរ៉ុបមិន​​អារ​កាត់​សេចក្តី នៅក្នុង​ជំនួប​ប្រជុំ​ គឺ​មូលនិធិកូរ៉ូណា។ ​មូលនិធិកូរ៉ូណា ត្រូវ​បាន​​ស្នើ​បង្កើត​ឡើង​ដោយក្រុមប្រទេស​រងគ្រោះ​កូរ៉ូណាវីរុស​ខ្លាំង​ជាង​គេ នាំ​មុខ​ដោយ​​អ៊ីតាលី និង​ក៏​មាន​ដែរ​បារាំង អេស្ប៉ាញ ម៉ាល់ត៍ ក្រិក និង​អៀរឡង់។ មូលនិធិ​សង្គ្រោះ ជា​ផែនការ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​ ​រយៈពេលយូរ ក្រោយចប់​​វិបត្តិ ក្នុង​ទម្រង់​ជា​បំណុល​រួម​។ ប៉ុន្តែ​អាល្លឺម៉ង់និង​ហូឡង់ ប្រឆាំងនឹង​គំនិត​ផ្តួច​ផ្តើម​នេះ​ខ្លាំង​ជាង​គេ។ ហូឡង់​បដិសេធ​មិន​ឱ្យ​បញ្ចូល​ក្រុម​ប្រទេស​មាន​បំណុល​ខ្ពស់​ចូល​ក្នុង​បញ្ជី​នេះ​ទេ។ នៅ​ទីបំផុត ដោយចាត់​ទុក​ថាផែនការ​សង្គ្រោះ​​មិនមែនជា​វិធានការ​បន្ទាន់ ​អឺរ៉ុប​បាន​ចែង​​​អំពី​មូលនិធិកូរ៉ូណានេះកិច្ចព្រមព្រៀង​បង្ហើយ​ដែរ តែខ្លឹមសារ​និង​ការអនុវត្ត​ត្រូវ​លើក​ទៅជជែក​សម្រេច​នៅ​ពេល​ក្រោយ។

​​​ផែនការ​សង្គ្រោះបារាំង

ក្រៅ​អំពី​ផែនការសង្គ្រោះ​ថ្នាក់​អឺរ៉ុប ប្រទេស​ជា​សមាជិក​ក៏​មាន​​ផែនការ​សង្គ្រោះផ្ទាល់​ជា​របស់​ខ្លួន។ ​ក្នុង​ករណី​ប្រទេស​បារាំង ​ការ​ព្យាករ​​​សេដ្ឋកិច្ចអាក្រក់​ហួស​ពី​ការ​នឹក​ស្មាន។ ប្រទេសធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ផលិតផលសរុប​ក្នុង​ស្រុក ចុះ​​ថយ​យ៉ាង​តិច ​៦% បំណុល​សាធារណៈ​​នឹង​កើន​ឡើង​ដល់ ៧,៦% និង​បំណុល​ជាតិ​អាច​កើន​ដល់​១១២%​នៃ​ផលិតផល​សរុប​។ ក្នុង​ស្ថានភាព​បែប​នេះ រដ្ឋាភិបាល​បារាំង​បាន​លើក​ផែនការ​បន្ទាន់​សង្គ្រោះក្រុមហ៊ុន​ ដែល​មាន​ទំហំ​ ១០០ពាន់​លាន​អឺរ៉ូ ទល់​នឹង​​​៤៥​ពាន់​លាន​អឺរ៉ូ​ កាលពី ដំបូង។ បារាំង​ក៏នឹងប្រើ​មធ្យោបាយ​ធំ ​សន្ធឹក​សន្ធាប់​ដែរ​ ដើម្បី​ជួយ​ក្រុមហ៊ុន​ខ្នាតតូច​។ ​ទោះ​បី​ជា​រដ្ឋ​ចំណាយច្រើន​​មហិមាខុស​ទម្លាប់​ក្តី ក៏នៅ​ពេល​ភ្លាមនេះ ​រដ្ឋាភិបាល​រក្សា​ចិត្ត​មិន​ដំឡើង​ពន្ធទេ។ ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ ​មិន​ទាន់​ត្រូវ​បានលម្អិត​ទេ ​ប៉ុន្តែបើ​តាម​​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ​អាទិភាពដំបូង​ នឹងផ្តោត​លើ ការលើក​ទឹកចិត្ត​វិស័យ​វិនិយោគ ការគាំទ្រ​ជាពិសេស​ដល់​វិស័យ​ដែល​រងគ្រោះខ្លាំង​ដូច​ជាអាកាសចរណ៍ ​សណ្ឋាគារ-ភោជនីដ្ឋាន និង​សហការ​ដោះស្រាយ​កំរិត​អឺរ៉ុប ព្រោះ​ពេល​នេះ​អឺរ៉ុប​មាន​ផែនការសង្គ្រោះ​រួម​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ