អានតួអត្ថបទ
កូវីដ-១៩

លទ្ធផលនៃការសិក្សាបានអះអាងថា ថ្នាំអ៊ីដ្រូស៊ីក្លរ៉ូគីនគ្មានប្រសិទ្ធិភាពប្រឆាំងនឹងកូវីដ-១៩ទេ

បន្ទះថ្នាំ Hydroxychloroquine
បន្ទះថ្នាំ Hydroxychloroquine AFP/File

នៅ​ថ្ងៃ​សុក្រ ទី១៥ ឧសភា លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​ពីរ​បាន​សន្និដ្ឋាន​ដូច​គ្នា​ថា ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​គ្មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​កូវីដ-១៩​ទេ ទោះ​បី​ជា​ថ្នាំ​នេះ​ត្រូវ​បាន​ប្រើ​លើ​អ្នក​ជំងឺ​កូវីដ-១៩​ដែល​មាន​សភាព​ស្រាល ឬ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ក៏​ដោយ។ ទន្ទឹម​នឹង​គ្មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​កូវីដ-១៩ ការ​ប្រើ​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​ថែម​បាន​ផ្តល់​ផល​រំខាន​ផ្សេង​ទៀត​ដល់​អ្នក​ជំងឺ ពិសេស​ជំងឺ​គាំងបេះដូង នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ទាំង​ពីរ​ដដែល។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​ក្រុមគ្រូពេទ្យ ក្រុម​អ្នកវិទ្យាសាស្រ្ត និង​ក្រុម​អ្នកស្រាវជ្រាវ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​សិក្សា​ទាំង​ពីរ ការ​សិក្សា​ទី១ ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​បារាំង និង​ការ​សិក្សា​ទី២ ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ចិន។ ការ​សិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​បារាំង​បាន​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៨១នាក់​ដែល​សួត​របស់​ពួក​គេ​ត្រូវ​កូវីដ​វាយលុក និង​ត្រូវ​ការ​ជំនួយ​ខ្យល់អុកស៊ីសែន​ដើម្បី​ដក​ដង្ហើម។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង ១៨១នាក់ មាន ៨៤នាក់​បាន​លេប​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​ជា​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ជំងឺ ៩៧នាក់​ផ្សេង​ទៀត​មិន​បាន​លេប​ទេ។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា ស្ថានភាព​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ និង​គ្មាន​ប្រើ​ថ្នាំ​មិន​មាន​អ្វី​ខុស​គ្នា​ទេ។ មិន​ខុស​គ្នា​ព្រោះ​នៅ ២១ថ្ងៃ​ក្រោយ​មក មាន​អ្នក​ជំងឺ​ចំនួន ៧៦% ដែល​លេប​ថ្នាំ និង​អ្នក​ជំងឺ​ចំនួន ៧៥% ដែល​មិន​លេប​ថ្នាំ​ត្រូវ​ការ​ជំនួយ​ខ្យល់អុកស៊ីសែន​ដូច​គ្នា។ ចំណែក​អត្រា​ស្លាប់​ក៏​មិន​សូវ​ខុស​គ្នា​ដែរ ពោល​មាន ៨៩% ចំពោះ​អ្នក​លេប​ថ្នាំ និង ៩១% ចំពោះ​អ្នក​មិន​លេប​ថ្នាំ។

ចំណែក​ការ​សិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​ចិន​បាន​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៥០នាក់​ដែល​មាន​ស្ថានភាព​ស្រាល ក្នុង​នោះ មាន​ពាក់​កណ្តាល​បាន​លេប​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន។ លទ្ធផល​បាន​បង្ហាញ​ថា​នៅ ៤សប្តាហ៍​ក្រោយ​មក  អ្នក​លេប​ថ្នាំ និង​អ្នក​មិន​លេប​ថ្នាំ​នៅ​តែ​មាន​កូវីដ-១៩ ក្នុង​ខ្លួន​ដដែល។ លើស​ពី​នេះ អ្នក​ជំងឺ​ចំនួន ៣០% ដែល​ប្រើ​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​ថែម​ទាំង​មាន​ផល​រំខាន​ផ្សេង​ទៀត ដូច​យ៉ាង​រាករូស ពោល​ច្រើន​ជាង​អ្នក​ជំងឺ​មិន​លេប​ថ្នាំ​ដែល​អ្នក​រាករូស​មាន​តែ ៩%។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​ក្រុមគ្រូពេទ្យ ក្រុម​អ្នកវិទ្យាសាស្រ្ត និង​ក្រុម​អ្នកស្រាវជ្រាវ។

វេជ្ជបណ្ឌិត​បារាំង​លោក Didier Raoult បាន​បន្ត​លើក​ឡើង​ពី​ផលវិជ្ជមាន​នៃ​ការ​ប្រើ​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​ដោយ​រួម​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ តាំង​ពី​ឆ្លង​ភ្លាម។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ក៏​បាន​លើក​ឡើង​ពី​ប្រសិទ្ធិភាព​នៃ​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន​ប្រឆាំង​នឹង​កូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ