អានតួអត្ថបទ

បារាំង​ចាប់ខ្លួន បុគ្គល​សំខាន់​ម្នាក់​នៃ​អំពើប្រល័យ​ពូជសាសន៍ រវ៉ាន់ដា ក្រោយរត់គេចខ្លួន​អស់​២៥ឆ្នាំ

ដំណឹងស្វែងរកចាប់ខ្លួន Felicien Kabuga ជនសង្ស័យ​លើ​ប្រល័យពូជសាសន៍នៅរវ៉ាន់ដា ត្រូវ​ចុះផ្សាយ​នៅ​ក្នុ​ងកាសែត​ក្នុង​ប្រទេស​កេនយ៉ា​ឆ្នាំ ២០០២
ដំណឹងស្វែងរកចាប់ខ្លួន Felicien Kabuga ជនសង្ស័យ​លើ​ប្រល័យពូជសាសន៍នៅរវ៉ាន់ដា ត្រូវ​ចុះផ្សាយ​នៅ​ក្នុ​ងកាសែត​ក្នុង​ប្រទេស​កេនយ៉ា​ឆ្នាំ ២០០២ REUTERS/George Mulala/File Photo

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​ស្វាគម អាជ្ញាធរ បារាំង​ដែលទើប​ចាប់ខ្លួន​ជនសង្ស័យ​ដ៏សំខាន់ម្នាក់ នៃ​អំពើប្រល័យពូជសាសន៍ នៅប្រទេស​រវ៉ាន់ដា។ នៅព្រឹកថ្ងៃ​សៅរ៍ម្សិលមិញ ប៉ូលិស​បារាំង ទទួល​បន្ទុក ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បាន​ចាប់ខ្លួន Felicien Kabuga​ដែល​គេ​ចាត់ទុក​ជា​ហិរញ្ញិក ឧបត្ថម្ភ គាំទ្រ ក្រុមឈ្លប​ប្រដាប់​អាវុធ​ហ៊ូទូ ក្នុង​បទឧក្រិដ្ឋ​សម្លាប់​ប្រជាជន​ទុយស៊ី នៅរវ៉ាន់ដា កាលពី​២៥ឆ្នាំ មុន។ 

ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីថ្លែងការណ៍​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដែល​មានទីស្នាក់ការ​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ប៉ូលិស​បារាំង​បាន​ឈាន​ទៅ​ចាប់ខ្លួន ជនសង្ស័យ Felicien Kabuga បន្ទាប់​ពីមាន​ការសហការ​ដ៏ប្រទាក់ក្រឡា និង​ការស៊ើបអង្កេត​ពី​ទីតាំង ដ៏​កៀកកិត​បំផុត។

Felicien Kabuga អាយុ ៨៤ ឆ្នាំ​ដែល​តុលាការ​អន្តរជាតិ កំពុង​តាមរក​ចាប់ខ្លួន ក្នុង​បទចោទប្រកាន់​ចំនួន ៧ ទាក់ទង​នឹង​អំពើប្រល័យពូជសាសន៍ នៅរវ៉ាន់​(ក្នុងនោះ មាន​អំពើប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ) ត្រូវ​បាន​ប៉ូលិស​បារាំង​សង្រ្គប់ ចូល​ចាប់ខ្លួន នៅផ្ទះរបស់​កូនប្រុស ដែល​ស្ថិតនៅ​សង្កាត់​អ្នកមាន​មួយ ជាយក្រុង​ប៉ារីស។

រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាលពី​ថ្ងៃសៅរ៍ ​បាន​ថ្លែងអំណរគុណ​ប៉ូលិស​បារាំង និង​ប្រទេស​ផ្សេងទៀត រួម​ទាំង​ប៉ូលិស​អាំងទែរប៉ូល អឺរ៉ូប៉ូល ដែលបាន​រួមចំណែក ជួយ​ឲ្យ​គេចាប់ខ្លួន មនុស្ស​សំខាន់​នៃ​អំពើប្រល័យពូជសាសន៍ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ៨សែននាក់ នៅរវ៉ាន់ដា។ “ការចាប់ខ្លួន Felicien Kabuga នៅថ្ងៃ​នេះ រំលឹក​ឲ្យ​គេឃើញ​ថា អ្នកទទួល​ខុសត្រូវ​លើ​ប្រល័យពូជសាសន៍ នៅតែ​ត្រូវ​គេ​នាំ​មក​ជំនុំជម្រះ ទោះជា​នៅ ២៦​ឆ្នាំ ក្រោយ ការប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​របស់​ពួកគេក្តី” នេះជា​ប្រសាសន៍​របស់​លោក Serge Brammertz រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

នៅ​ឆ្នាំ ១៩៩៤ Felicien Kabuga ជា​មនុស្ស​សំខាន់​ក្នុង​រង្វង់​ប្រធានាធិបតី ហ៊ូទូ ដែល​ត្រូវ​គេ​លបធ្វើឃាត នៅ​ខែ​មេសា ឆ្នាំដដែល។ តាម​បញ្ជី​ចោទប្រកាន់​របស់​តុលាការ អន្តរជាតិ ​ Felicien Kabuga​ជា ប្រធាន​វិទ្យុ​ដ៏ល្បីឈ្មោះ​របស់​រវ៉ាន់ដា ឈ្មោះ កូនភ្នំ ១ពាន់ ដែល​បាន​ផ្សព្វផ្សាយ លើកទឹកចិត្ត ឲ្យ​មានគេ​កាប់សម្លាប់​ប្រជាជន​ទុតស៊ី។ លោកជាប្រធាន​មូលនិធិ​ការពារ​ជាតិ​ដែល​មាននាទី​ប្រមូល​ថវិកា​សម្រាប់​ទិញ អាវុធ ផ្គត់ផ្គង់​ពួកឈ្លប ហ៊ូទូ ដើម្បី​កាប់សម្លាប់ ជនជាតិ​ទុតស៊ី។ លោកនៅបាន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​របស់លោក ទិញ នាំចូល​កាំបិត ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​ប្រជាជន​ទុតស៊ី។

រត់គេចខ្លួន​ពី​រវ៉ាន់ដា នៅខែ​កក្កដា ឆ្នាំ ១៩៩៤ Felicien Kabuga បាន​ទៅ​សំងំលាក់ខ្លួន​នៅ​ស្វ៊ីស មុននឹង​ត្រូវអាជ្ញាធរ​ស្វ៊ីស​បណ្តេញចេញ​ពីប្រទេស។ តាម​អង្គការ​ក្រៅរដ្ឋាភិបាល Felicien Kabuga​ធ្លាប់​ទៅរស់នៅ​លាក់ខ្លួន នៅ​បណ្តា​ប្រទេស​អាហ្វ្រិក ប៉ុន្តែ ត្រូវ​រត់គេចខ្លួន​ជាបន្តបន្ទាប់ ដោយសារ​តែ​ដីកា​តាមចាប់ខ្លួន​របស់​តុលាការ។ តាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​បារាំង គេ​ជឿថា Felicien Kabugaធ្លាប់​ទៅ​រស់នៅ​អាល្លឺម៉ង់ និង​បែលហ្ស៊ិក។ អាមេរិក​វិញ ធ្លាប់​បាន​សន្យា​ផ្តល់​រង្វាន់ ៥លាន​ដុល្លារ បើសិន​គេអាច​ផ្តល់ព័ត៌មាន​សម្រាប់​ឈាន​ទៅ​ចាប់ខ្លួន Felicien Kabuga។

តាម​ការិយាល័យ​របស់​រដ្ឋអាជ្ញាធរ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Felicien Kabuga​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ប្រឈម​នឹងការកាត់ទោស​របស់​ Mechanism សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​សាខា​នៅ​ប្រទេស​តង់ហ្សានី។ Mechanism អន្តរជាតិ ជា​រចនាសម្ព័ន្ធ​មួយ​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដែល​ទទួល​បន្ទុក ជំនុំជម្រះ សំណុំរឿង បន្ត ពី​តុលាការ​អន្តរជាតិ​សម្រាប់​រវ៉ាន់ដា ដែល​បាន​បិទបញ្ចប់​ការជំនុំជម្រះ កាលពី​ឆ្នាំ ២០១៥។ ប្រភព​តុលាការ​ក្រុង​ឡាអេ បាន​ពន្លយប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថា ដំណើរការ​ចាប់បញ្ជូន​ខ្លួន ជនសង្ស័យKabugaនឹង​អាចត្រូវ​ពន្យារពេល ដោយសារ វិធានការ​បិទព្រំដែន ដើម្បី​ទប់ស្កាត់​ការចម្លងជំងឺ កូវីដ ១៩។ តាម​ប៉ូលិស​បារាំង Kabuga ក្នុង​អាយុ ៨៤ ឆ្នាំ​ដែលស្ងប់ស្ងាត់ និង​បន្លំ​ឈ្មោះ អត្តសញ្ញាណ រស់លាក់ខ្លួន នៅ​បារាំង​នឹង​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​បារាំង ដែល​ជាអ្នកអាច​សម្រេច​ការឃុំខ្លួន ក្នុង​ពេល​រង់ចាំ ការចាប់បញ្ជូនខ្លួន​ឲ្យ​ទៅកាត់ទោស នៅ តុលាការ​អន្តរជាតិ ដែលបោះទីតាំង​នៅ​ប្រទេស​តង់ហ្សានី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ