អានតួអត្ថបទ

មហាសេដ្ឋី​អង់គ្លេស ឃើញ​ទ្រព្យសម្បត្តិ​របស់ខ្លួន ធ្លាក់ថយចុះ ដោយសារ​វិបត្តិកូវីដ

មហាសេដ្ឋីប្រាក់រាប់ពាន់​លានផោន របស់​ក្រុមហ៊ុន ArcelorMittal, លោក Lakshmi Mittal (ឆ្វេង) កាលពីថ្ងៃទី​៨ ឧសភា ២០២០
មហាសេដ្ឋីប្រាក់រាប់ពាន់​លានផោន របស់​ក្រុមហ៊ុន ArcelorMittal, លោក Lakshmi Mittal (ឆ្វេង) កាលពីថ្ងៃទី​៨ ឧសភា ២០២០ AFP /JEAN-CHRISTOPHE VERHAEGEN

ជាលើកទី១ ក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ដែល​បណ្តា​មហាសេដ្ឋី អង់គ្លេស ដែល​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ បាន​សង្កេត​ឃើញ​ចំនួន​ទ្រព្យសម្បត្តិ​របស់ខ្លួន ធ្លាក់ចុះ​គួរ​ឲ្យ​កត់សំគាល់ នៅ​ឆ្នាំ ២០២០។ តាម​កាសែត Sunday Times ដែល​ចុះផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នៅ​ប្រទេស​អង់គ្លេស ក្រុមមហាសេដ្ឋីគ្រាក់ៗ​នៅអង់គ្លេស បាន​បាត់បង់ទ្រព្យធន​របស់ខ្លួន ប្រមាណ ៥៤ពាន់​លាន​លីវ្រ ឬ​ស្មើនឹង​៦៥ពាន់​លាន​ដុល្លារអាមេរិក នៅក្នុង​រយៈពេល ២ខែ ដែលកើតមាន​វិបត្តិជំងឺកូវីដ ១៩។ 

ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ ១៩ ធ្វើ​ឲ្យ​បណ្តា​មហាសេដ្ឋី អង់គ្លេស ដែល​មាន​ទ្រព្យសម្បត្តិ​ចាប់ពី ១ពាន់​លាន​ដុល្លារឡើងទៅ ត្រូវ​ខាតបង់ ទឹកប្រាក់​សរុប ៥៤ពាន់លាន​ផោន ឬ ៦៥ពាន់​លាន​ដុល្លារ ក្នុងរយៈពេល​តែ​២ខែ។ ការធ្លាក់ថយចុះ​ទ្រព្យសម្បត្តិ​របស់​ក្រុមមហាសេដ្ឋី​លើកនេះ មានទំហំធំធេង ជាង កាល​ពេល​ពិភពលោក ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ កាលពី​ឆ្នាំ ២០០៩​ទៅទៀត។

តាម​របាយការណ៍ ប្រចាំឆ្នាំ របស់​កាសែត Sunday Times ដែល​តាមដាន​កត់ត្រា បញ្ជី​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ជាង​១ពាន់នាក់ ​ប្រទេស​អង់គ្លេស ពាក់កណ្តាល​នៃ​ចំនួនអ្នកមាន​បំផុត នៅអង់គ្លេស បានខាតបង់​ទ្រព្យធន របស់ខ្លួន ចាប់តាំង​ពី​កើតមាន​វិបត្តិ​កូវីដ ១៩។ ជាក់ស្តែង បងប្អូន​មហាសេដ្ឋី​អង់គ្លេស ដើមកំណើត​ឥណ្ឌា ត្រកូល Hinduja ដែល​ធ្វើជំនួញ ទៅលើ​ការនាំចេញ ធនាគារ មន្ទីរពេទ្យ នៅ​ទីក្រុង​មុមបៃ បាន​បាត់បង់​ទ្រព្យសម្បត្តិ ប្រមាណ​៦ពាន់​លាន​ផោន ។ ការណ៍នេះ ធ្វើ​ឲ្យ​ត្រកូល Hinduja ដែល​ធ្លាប់មាន​ទ្រព្យសម្បត្តិ ២២​ពាន់លាន​ផោន ធ្លាក់​មកនៅចំណាត់​ថ្នាក់​លេខ២ ក្នុងនាម​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​នៅអង់គ្លេស។ មហាសេដ្ឋីដែកថែប Lakshmi Mittal វិញ ឃើញ​ទ្រព្យសម្បត្តិរបស់ខ្លួន​ថយចុះ​អស់ ៤ពាន់លាន​ផោន រហូត​ធ្វើ​ឲ្យធ្លាក់ខ្លួន​ទៅនៅ​ចំណាត់ថ្នាក់ ទី ១៩នៃ​បញ្ជីឈ្មោះ​ក្រុមអ្នកមានអង់គ្លេស។

ការខាតបង់​ទ្រព្យធន រាប់ពាន់​លាន​ដុល្លារ របស់​ក្រុមមហាសេដ្ឋី​គ្រាក់ ផ្ទុយទៅវិញ បាន​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន លក់​គ្រឿងអេឡិចត្រូនិក James Dyson ដែល​មាន​ទ្រព្យសម្បត្តិ ១៦ពាន់លាន​ផោន បាន​ក្លាយ​ជា​មហាសេដ្ឋី ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​នៅអង់គ្លេស។

ជារួម បញ្ជី​ក្រុមមហាសេដ្ឋី បាន​រាប់រក​ឃើញថា ទ្រព្យសម្បត្តិ​សរុប​របស់​ក្រុមមហាសេដ្ឋី នៅអង់គ្លេស បាន​ថយចុះមកនៅត្រឹម ៧៤៣ពាន់​លាន​ផោន គឺ​ថយចុះ អស់ ២៩​ពាន់​លាន​ផោន បើប្រៀបធៀប​នឹង​ឆ្នាំមុន។

ការធ្លាក់ចុះ​ទ្រព្យសម្បត្តិ​របស់​ក្រុមមហាសេដ្ឋី រឹតតែ​ធ្វើឲ្យ​មានការបារម្ភថា អង់គ្លេស កំពុង​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ និង​យូរអង្វែង ក្នុង​វិបត្តិ​សេដ្ឋកិច្ច ដើរថយក្រោយ។ អ្វីដែល​កាសែត​បាន​កត់សំគាល់ គឺ​ថា សមាជិក​របស់​ក្រុមអ្នកមាន​ប្រមាណ ៦៣នាក់ ដែលនៅក្នុង នោះ មាន​២០នាក់ ជាមហាសេដ្ឋី ប្រាក់រាប់ពាន់លាន​ផោន បាន​ស្វះស្វែង​រកជំនួយ ឧបត្ថម្ភ ពី​រដ្ឋាភិបាល ដើម្បី ឲ្យជួយ​បើកប្រាក់ខែ ប្រមាណ ៨០%​របស់​បុគ្គលិក ក្នុង​ពេល​កំពុង​កើតមាន​វិបត្តិកូវីដ នៅអង់គ្លេស។ ឧទាហរណ៍ បងប្អូន មហាសេដ្ឋី ត្រកូល Hinduja បាន​សុំ​ឲ្យ​មាន​អន្តរាគមន៍​របស់​រដ្ឋាភិបាល ក្នុង​ការបើកប្រាក់ខែ​ដល់​បុគ្គលិក​ទាំង ៣៦០នាក់ ដែលធ្វើការ​នៅរោងចក្រ​ផលិត​រថយន្តក្រុង នៅ​ភាគខាងជើង​អង់គ្លេស។ សម្រាប់​Carys Roberts ប្រធានប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សម្រាប់​ការស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ វា​ជា​រឿងខ្មាស់អៀន ដែល ក្រុមមហាសេដ្ឋី ដែល​មានប្រាក់​រាប់ពាន់​លាន​ដុល្លារ ត្រូវ​មក​លាដៃ សុំ​លុយរដ្ឋ ដែល​ជា​ញើសឈាម របស់​ប្រជាជន អ្នកបង់ពន្ធ​អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ