អានតួអត្ថបទ

ក្រុមប្រឹក្សា​រដ្ឋ​បារាំង​បញ្ជា​ឲ្យ​ប៉ូលិស​ឈប់​ប្រើ​ដ្រូនឃ្លាំមើល​មនុស្ស​តាមផ្លូវ

នៅទីក្រុង​ប៉ារីស ប៉ូលិសបារាំង​ប្រើដ្រូន​តាមឃ្លាំ មើល​កុំ​ឲ្យ​មនុស្ស​ជួបជុំគ្នា​ច្រើន ដើម្បី​កុំ​ឲ្យ​ឆ្លងជំងឺកូវីដ។
នៅទីក្រុង​ប៉ារីស ប៉ូលិសបារាំង​ប្រើដ្រូន​តាមឃ្លាំ មើល​កុំ​ឲ្យ​មនុស្ស​ជួបជុំគ្នា​ច្រើន ដើម្បី​កុំ​ឲ្យ​ឆ្លងជំងឺកូវីដ។ AP - Christophe Ena

ក្រុមប្រឹក្សា​រដ្ឋ​បារាំង កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សម្រេច​ហាម​ប៉ូលិស​ក្រុងប៉ារីស មិន​ឲ្យ​ប្រើ​ដ្រូន​តាមដាន មនុស្ស នៅតាម​ផ្លូវ នៅក្នុង​ក្របខ័ណ្ឌ តាមដាន​ការរក្សា​គម្លាតសង្គម ដើម្បី ទប់ស្កាត់​ការឆ្លងជំងឺ​កូវីដ។ ទៅ​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​រដ្ឋ​បារាំង ដ្រូន​របស់​ប៉ូលិស​ត្រូវបាត់មុខ​ពីផ្ទៃមេឃ​ប៉ារីស  ចាប់ពីថ្ងៃ ចន្ទ តទៅ ព្រោះ​វា​បាន​ប៉ះពាល់ រំខាន​ដល់​ជីវិត​ឯកជន​របស់​ប្រជាជន​នៅក្នុង​ទីក្រុង។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីសម្រេច កាលពី​ថ្ងៃ​ចន្ទ ក្រុមប្រឹក្សា​រដ្ឋ ដែល​ជា​តុលាការកំពូល​ខាង​រដ្ឋបាល​បារាំង បានបញ្ជា​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់ វិធានការ​ឃ្លាំ​មើល​មនុស្ស តាមរយៈប្រើប្រាស់​ដ្រូន។ ការសម្រេច​នេះ​ធ្វើឡើង បន្ទាប់​ពី សម្ព័ន្ធ​សិទ្ធិមនុស្ស និង​សមាគម​ការពារ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាជន​នៅក្នុង​អ៊ីនធ័រនែត​បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង ប៉ូលិស​ក្រុងប៉ារីស ដែល​បាន​ប្រើដ្រូន​ថត តាមដាន​មនុស្ស នៅក្រោយ រដ្ឋាភិបាល លុបចោល​វិធានការ​បិទខ្ទប់​មនុស្ស ឲ្យ​នៅក្នុងផ្ទះ។

តាម​សមាគម​ការពារ​សិទ្ធិមនុស្ស ការកំណត់​បាន​អត្តសញ្ញាណ​របស់​មនុស្ស​ដើរតាមផ្លូវ ដែល​ដ្រូន​ថត​បាន គឺ​ជា​បញ្ហា​ដែលធ្វើឲ្យ​ប៉ះពាល់ដល់ សិទ្ធិ​ជីវិត​ឯកជន និង​សិទ្ធិ​ស្តីពីការការពារ​ទិន្នន័យផ្ទាល់ខ្លួន។ បើតាម​សមាគម ប៉ូលិស​ក្រុង​ប៉ារីស​បានប្រើ​ដ្រូន​ ថត​មនុស្សតាមផ្លូវ ដោយ​គ្មាន​ឯកសារ​ផ្លូវច្បាប់​ស្តីការប្រើប្រាស់ ទិន្នន័យ​អ្វីទាល់តែសោះ។

ជារួម សមាគម​ការពារ​សិទ្ធិមនុស្ស​ទាំងពីរ​ខាងលើ​បាន​បរិហារ​រិះគន់ ប្រតិបត្តិការ​ដ្រូន​របស់​ប៉ូលិស​ទីក្រុង​ប៉ារីស ថា ខុសច្បាប់ និង​ប៉ះពាល់​ដល់​ជីវិត​ផ្ទាល់​ខ្លួន។

ក្រសួងមហាផ្ទៃ និង​ប៉ូលិស​ក្រុង​ប៉ារីស វិញ បាន​បកស្រាយ​ថា ការកំណត់​បានអត្តសញ្ញាណ​របស់​មនុស្ស​នៅតាមផ្លូវ នោះ មិនមែន​ជា​គោលដៅ​ចង់បាន របស់​ប៉ូលិស​នោះទេ។ នៅទីក្រុង​ប៉ារីស ប៉ូលិស​ប្រើដ្រូន ដើម្បី អាច​កំណត់​កន្លែង និង​បំបែក​ក្រុម​មនុស្ស ដែល​ប្រមូលផ្តុំគ្នា ចាប់ពី​១០នាក់​ឡើងទៅ។ យ៉ាងណាក៏ដោយ នៅក្នុង​សវនការ​កាលពី​ថ្ងៃ​ចន្ទ អ្នកតំណាង​របស់​ប៉ូលិស​ក្រុងប៉ារីស​ទទួល​ស្គាល់​ថា ដោយ​ថត ក្នុង​រយៈកំពស់ ពី​៨០ ទៅ ១០០​ម៉ែត្រ ពីដី ដ្រូនផ្តល់​រូបភាព​ច្បាស់ ដែល​អាច​ឲ្យ​គេស្គាល់​មុខ​មនុស្ស ហើយ​និង​ពណ៌សំបុរ​របស់​ខោអាវ។

នៅក្នុង​សេចក្តីសម្រេច ចៅក្រម​តុលាការ​កំពូល​ខាងរដ្ឋបាល​បារាំង បានលើកឡើង ពី​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់ ទាំងឡាយ ដែលផ្ទុយពីការគោរព​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាជន​បារាំង។​យ៉ាងណាក៏ដោយ សម្រាប់​ចៅក្រម​បារាំង ​ប៉ូលិស​នឹង​អាច​បញ្ជា​ប្រើដ្រូនឡើងវិញ  ដើម្បី តាម​ឃ្លាំ​មើល​មនុស្ស នៅ​ក្រោយ​ការដក​វិធានការ​បិទខ្ទប់​មនុស្ស​ក្នុង​ផ្ទះ បើសិន គេ​មាន​ច្បាប់​ច្បាស់លាស់​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់ ទិន្នន័យ ឬមួយ​ក៏ប៉ូលិស​បារាំង អាច​ធ្វើ​ឲ្យព្រិល​រូបមុខ​មនុស្ស​ដែល​ដ្រូនថតបាន។

ដរាបណា ប៉ូលិស នៅមិនទាន់​មាន​លក្ខខ័ណ្ឌ​ទាំងពីរ​ខាងលើ ការប្រើប្រាស់​ដ្រូន​របស់​ប៉ូលិស ដើម្បី តាមឃ្លាំ​មើល​ការអនុវត្ត រក្សាគម្លាតសង្គម របស់​ប្រជាជន​ប៉ារីស ត្រូវតែ​ផ្អាកព្យួរ ជា​បន្ទាន់ ចាប់ពីថ្ងៃ​ចន្ទ​តទៅ។

សម្រាប់​លោកស្រី Claire Rameix មេធាវី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​រដ្ឋ សបញ្ជាក់​ឲ្យឃើញ​ថា ស្ថាប័ន​ច្បាប់​កំពូល​បារាំង នៅតែឲ្យ​តម្លៃ​ទៅលើ​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិសេរីភាព​របស់​ប្រជាជន។ ក្រុមប្រឹក្សា​រដ្ឋ​បាន​រំលឹក​រដ្ឋាភិបាលថា គ្មានសិទ្ធិ​ធ្វើអ្វី​គ្រប់យ៉ាង​នោះទេ។ គឺ​នៅមាន​ច្បាប់ និង​វិន័យ​ដែល​ត្រូវ​គោរព។ ការរំលឹក​នេះ​សំខាន់​ណាស់ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​បារាំង កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ផ្នែក​សុខភាព ដោយសារ​តែ​វិបត្តិកូវីដ។ ដោយ​សំអាង​លើ​ច្បាប់​ស្តីពី​ស្ថានភាពអាសន្ន​សុខភាព រដ្ឋាភិបាល​បារាំង ពេលខ្លះ បានជាន់ឈ្លី សិទ្ធិសេរីភាព  ដោយហេតុតែ​ចង់​បាន​លទ្ធផល​លឿន និង​មាន​ប្រសិទ្ធិភាព។ នេះបើតាម​ការលើកឡើង​របស់​មេធាវី​របស់​សមាគម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ