អានតួអត្ថបទ
បារាំង-កូវីដ១៩

បារាំង​ ថា​មិនមាន​សញ្ញា​នៃ​ការ​កើនឡើង​ករណី​ឆ្លង​កូវីដ​១៩​ ចាប់​តាំងពី​ដក​ចេញនូវ​វិធានការ​បិទខ្ទប់

មនុស្សពីរនាក់ពាក់ម៉ាសមុខថតរូប Selfie នៅទីលាន Trocadero ជិតអគារ Eiffel Tower នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២០។
មនុស្សពីរនាក់ពាក់ម៉ាសមុខថតរូប Selfie នៅទីលាន Trocadero ជិតអគារ Eiffel Tower នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២០។ REUTERS - Gonzalo Fuentes

រដ្ឋ​មន្រ្តី​សុខាភិបាល​បារាំង​ នៅ​ថ្ងៃ​ពុធ ​ទី​២០ ឧសភា​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ នោះ​ទេ​ ចាត់តាំង​ពី​ប្រទេស​បារាំង​ ដក​ចេញ​នូវ​វិធាន​ការ​បិទ​ខ្ទប់​ប្រជាជន​រួចមក​។ ជាក់ស្តែង​ តួលេខ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ក្នុង​ប្រទេស​បារាំង​ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ មាន​និន្នាការ​ថយ​ចុះ​ជា​លំដាប់​។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​១៩​ រដ្ឋាភិបាល​បារាំង​បាន​សម្រេច​ដើរ​ចេញ​ពី​វិធានការ​បិទខ្ទប់​ប្រជាពលរដ្ឋ​ឲ្យ​នៅតែ​ក្នុង​ផ្ទះ​នាថ្ងៃ​ទី ១១​ ខែ​ឧសភា​ កន្លងទៅ​ ហើយ​បើ​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈពេល​ ១០​ថ្ងៃ​គត់​។

រដ្ឋ​មន្រ្តី​សុខាភិបាល​បារាំង​លោក​ អូលីវីយេ ​វ៉េរ៉ង់ ​( Olivier Véran ) បាន​ព្រមាន​ថា​ រយៈពេល​ត្រឹមតែ​ ១០ ថ្ងៃ​ វា​លឿន​ពេក​ហើយ​ក្នុងការ​វាយ​តម្លៃ​អំពី​ស្ថានភាព​នៃ​មេរោគកូវីដ​ក្នុង​ប្រទេស​។ ក៏ប៉ុន្តែ​ ទន្ទឹមគ្នានេះ​លោក​បាន​ប្រាប់​ដែរ​ថា​ ក្នុង​អំឡុង​ពេលនេះ​ គេ​នៅ​មិន​ទាន់​​ឃើញមាន​សញ្ញា​ណា​មួយ​បង្ហាញថា​ករណី​ឆ្លង​នៃ​កូវីដ​១៩​ មាន​ការ​រីកដាល​ខ្លាំង​ដូច​ពី​មុន​នោះទេ​។

“ ដើម្បី​ដឹង​អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​កូវីដ​១៩​ គេ​ត្រូវ​ការ​ពេល​យ៉ាង​ហោចណាស់​ ក៏​ពី​ ១០​ ទៅ ១៥​ថ្ងៃ​ដែរ​ ”។ នេះ​ គឺជា​ការ​បញ្ជាក់​ប្រាប់​របស់​ លោក​រដ្ឋមន្រ្តី​សុខាភិបាល​បារាំង​ ដោយ​បាន​បន្ថែម​ទៀត​ថា​ “ដូចោ្នះហើយ​ ទោះបីជា​នា​ខណៈពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ការកើន​ឡើង​ថ្មី​នៃ​ករណី​ឆ្លង​រាលដាល​វីរុស​កូវីដ១៩​ យ៉ាងណា​ក៏​ដោយ​ ក៏​នេះ​មិន​មែន​មាន​ន័យថា​ ករណី​ឆ្លង​កូវីដ​មិន​កើន​ឡើងខ្លាំង​ជាថ្មី​ទៀត​នោះដែរ​”។

គួរគូសបញ្ជាក់ជូនថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី២១​ ឧសភា​នេះ​ អ្នក​ឆ្លង​កូវីដ​១៩​ សរុប​ទាំងអស់​នៅក្នុង​ប្រទេស​បារាំង​មាន​ចំនួន​ជាង​ ១៨​ ម៉ឺន​ ១​ ពាន់​ករណី​ និង​មាន​ស្លាប់​ជាង​ ២​ម៉ឺន​ ៨​ពាន់​នាក់​។ យោង​តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​សុខាភិបាល​បារាំង​ អ្នក​ជំងឺ​ឈឺធ្ងន់​ដែល​សម្រាក​នៅ​បន្ទប់​សង្គ្រោះបន្ទាន់​ដែល​ពី​មុន​ឡើង​ដល់​ជាង​ ៧ ពាន់​នាក់​ ឥឡូវ​ធ្លាក់ចុះ​មក​ចំនួន​ត្រឹមតែ​ជាង​ ១​ពាន់ ៧រយនាក់​ប៉ុណ្ណោះ​។

ដោយឡែក​ បើ​និយាយ​ពី​ស្ថានភាព​កូវីដ​នៅ​ទូទាំង​ពិភពលោក​វិញ​ ចំនួន​អ្នក​ឆ្លង​សរុប​ទាំងអស់​កើនឡើង​ដល់​ ជាង​ ៥​ លាន​ ១​សែន​ និង​មាន​ស្លាប់​ប្រមាណ​ ៣៣​ ម៉ឺន​នាក់​។ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ទុក​ថា​នេះ​ គឺជា​ចំនួន​ឆ្លង​ដ៏​ច្រើន​ និង​ជារឿង​ដ៏​គួរ​ឲ្យ​សោកសៅ​ជាទី​បំផុត​ដែល​មនុស្ស​ជាច្រើន​ត្រូវ​រងគ្រោះ​ដោយសារ​ជំងឺ​រាត​​ត្បាតសកល​ដ៏​កាច​សាហាវ​ដូចជា​កូវីដ​១៩​ នេះ​។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក​តេដ្រូ​ (Tedros Adhanom Ghebreyesus) បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ ទី​១៩​ ឧសភា​ថា​ មាន​ករណី​ឆ្លង​កូវីដ​ចំនួន​ ១០​ ម៉ឺន​ ៦​ ពាន់​ករណី​ ត្រូវ​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក ​ដែល​នេះ​គឺជា​ចំនួន​ដ៏ច្រើន​បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ចាប់តាំង​ពី​មាន​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​​នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ