អានតួអត្ថបទ
វ៉េណាស៊ុយអេឡា-អឺរ៉ុប

សហភាព​​អឺរ៉ុប​​កោះហៅ តំណាង​អង្គទូត​វ៉េណេស៊ុយអេឡា ក្រោយ​លោក​ម៉ាឌូរ៉ូ បណ្តេញ​​ទូត​​អឺរ៉ុប​​ប្រចាំ​​ការ៉ាកាស

លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ដែលសហភាព​អឺរ៉ុប មិនទទួលស្គាល់។​
លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ដែលសហភាព​អឺរ៉ុប មិនទទួលស្គាល់។​ REUTERS - Manaure Quintero

សហភាពអឺរ៉ុប បានកោះហៅលោកស្រីតំណាងអង្គទូតរបស់វ៉េណេស៊ុយអេឡា ប្រចាំនៅសហភាពអឺរ៉ុប ឲ្យចូលជួបជាបន្ទាន់ នៅថ្ងៃទី​៣០មិថុនា។​ ការកោះហៅនេះ គឺជាការឆ្លើយតប ទៅលើការសម្រេចរបស់​លោក​ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណាស៊ុយអេឡា ដែលបាន​ប្រកាសបណ្តេញ​ តំណាងអង្គទូតសហភាពអឺរ៉ុប ឲ្យចេញពីទីក្រុងការ៉ាកាសជាបន្ទាន់។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអ្នកកាសែត នៅរសៀលថ្ងៃទី​៣០មិថុនា លោកស្រី Virginie Battu-Henriksson អ្នកនាំពាក្យ​កិច្ចការបរទេស របស់សហភាព​​អឺរ៉ុប បានបញ្ជាក់ថា សហភាពបានកោះហៅ តំណាងអង្គទូតរបស់ វ៉េណេស៊ុយអេឡា គឺលោកស្រី Claudia Salerno ឲ្យចូលជួបជាបន្ទាន់។ អ្នកនាំពាក្យរូបនេះបន្ថែមថា សហភាពអឺរ៉ុប អាចនឹងប្រកាស ចាត់ទុកតំណាងអង្គទូតវ៉េណេស៊ុអេឡា ជាមនុស្សដែលគេមិនស្វាមន៍ « Persona non grata » ដោយយោងតាម​មាត្រា៩ នៃសន្ធិសញ្ញាទីក្រុងវីយែន។

តែយ៉ាងណាលោកស្រី Virginie Battu-Henriksson បានបញ្ជាក់ថា ចំណាត់ការបណ្តេញ​តំណាងអង្គទូតបរទេសណាម្នាក់ របៀបនេះ គឺសហភាពអឺរ៉ុបមិនអាចសម្រេចតែម្នាក់ឯងបានទេ គឺត្រូវមានការព្រមព្រៀងជាឯកច្ឆ័ន្ទ ពីសំណាក់ប្រទេសសាមជិកទាំងអស់ ជាពិសេស គឺប្រទេសម្ចាស់ផ្ទះ ពោលគឺប្រទេសប៊ែលហ្សិក ដែលជាអ្នក​ទទួលអង្គទូតវ៉េណេស៊ុយអេឡា។

សូមបញ្ជាក់ថា ការដែលអឺរ៉ុប កោះហៅ​ទូតវ៉េណេស៊ុយអេឡានេះ គឺធ្វើឡើងក្នុងន័យឆ្លើយតបទៅនឹង ការប្រកាសរបស់​លោក​នីកូឡា ម៉ាឌូរ៉ូ កាលពីថ្ងៃចន្ទទី​២៩មិថុនា ដែលបាន​បណ្តេញ​លោកស្រី Isabel Brilhante តំណាងអង្គទូតសហភាពអឺរ៉ុប ចេញពី​ទីក្រុងការ៉ាកាស ក្នុងរយៈពេល​៧២ម៉ោង។ ក្រោយ​ការប្រកាសនេះភ្លាម លោក Josep Borell ប្រមុខការទូតសហភាពអឺរ៉ុប បានថ្កោលទោស នឹងបាន​សន្យាថា អឺរ៉ុបនឹងចាត់វិធានាការឆ្លើយតបវិញ។

គួរកត់សំគាល់ផងដែរថា មូលហេតុដែលធ្វើឲ្យ​លោកម៉ាឌូរ៉ូ ខឹងច្រលោតនឹងសហភាពអឺរ៉ុប​ គឺដោយសារតែសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រី​១១នាក់ នៃអំណាចផ្តាច់ការវ៉េណេស៊ុយអេឡា ដែលក្នុងនោះមាន លោក Luis Parra ស្និទបំផុតនឹងលោកម៉ាឌូរ៉ូ ហើយដែលបានព្យាយាម​ ច្បាមយកកៅអីប្រធានសភាវ៉េណេស៊ុយអេឡា ពីលោក Juan Guaido។

សហភាពអឺរ៉ុប ព្រមទាំងប្រទេសប្រមាណ​ជា៥០ទៀត បានប្រកាសទទួលស្គាល់ ថាលោក Juan Guaido គឺជាប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណាស៊ុយអេឡា។ ប្រមុខការទូតអឺរ៉ុប បានលើកឡើងថា មានតែការចរចាគ្នា រវាងភាគីនយោបាយ​វ៉េណេស៊ុយអេឡាទេ ដែលអាចនាំទៅរកផ្លូវចេញ ពីវិបត្តិដែលធ្លាក់ជ្រៅទៅៗនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ