អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit៖ អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​ជាផ្លូវការ តែ​ត្រូវ​ស្ថិតក្នុង​រយៈពេល​អន្តរកាល​រហូត​​​ដាច់​ឆ្នាំ​២០២០

សំឡេង ០៦:៣៤
បាតុករប្រឆាំង​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ ពីសហភាពអឺរ៉ុប លើកទង់ជាតិអង់គ្លេស និងទង់សហភាពអឺរ៉ុប នៅខាងមុខ​សភាអង់គ្លេស ទីក្រុងឡុងដ៍ ថ្ងៃទី​៣០ មករា ២០២០​
បាតុករប្រឆាំង​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ ពីសហភាពអឺរ៉ុប លើកទង់ជាតិអង់គ្លេស និងទង់សហភាពអឺរ៉ុប នៅខាងមុខ​សភាអង់គ្លេស ទីក្រុងឡុងដ៍ ថ្ងៃទី​៣០ មករា ២០២០​ REUTERS/Antonio Bronic

នៅម៉ោង១២យប់ ថ្ងៃទី​៣១មករានេះ ប្រទេសអង់គ្លេស នឹងត្រូវចាកចេញពីសហភាពអឺរ៉ុប ជាផ្លូវការហើយ​។ មានន័យថាចាប់ពីថ្ងៃទី​១កុម្ភៈទៅ អង់គ្លេស នឹងមិនមែន​ជាសមាជិកនៃសហភាពអឺរ៉ុបទៀតឡើយ។ តែយ៉ាងណា អង់គ្លេស និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា បន្តរយៈពេលអន្តរកាល រហូតដល់ដាច់ឆ្នាំ២០២០ ដើម្បី​ចរចាគ្នាស្តីពីទំនាក់ទំនង គ្រប់វិស័យទាំងអស់ ទៅថ្ងៃអនាគត។ ដូច្នេះតើក្នុងរយៈពេលអន្តរកាលនេះ នឹងមានអ្វីផ្លាស់ប្តូរ សម្រាប់ទំនាក់ទំនង រវាងអង់គ្លេស និងសហភាពអឺរ៉ុប?​

ផ្សាយពាណិជ្ជកម្ម

អង់គ្លេស​លែងមានសិទ្ធិអ្វីទាំងអស់ ក្នុងសហភាពអឺរ៉ុប

ការរួមរស់របស់អង់គ្លេស នៅក្នុងមហាគ្រួសារសហភាពអឺរ៉ុប រយៈពេល​៤៧ឆ្នាំកន្លងមកនេះ ត្រូវចប់ជាស្ថាពរ នៅថ្ងៃទី​៣១មករានេះហើយ។ ចាប់ពីថ្ងៃទី១កុម្ភៈទៅ គឺជាទំព័រថ្មី នៃទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ដែលទំនាក់ទំនងនេះ នៅមិនទាន់មានរូបរាងនៅឡើយទេ។ ហេតុដូច្នេះហើយ បានជាសហភាពអឺរ៉ុប និង​អង់គ្លេស បានព្រមព្រៀងគ្នា ស្ថិតក្នុងរយៈពេលអន្តរកាល ១១ខែ ពោលគឺពីថ្ងៃទី​១កុម្ភៈ ដល់ថ្ងៃទី​៣១ធ្នូ ចុងឆ្នាំ២០២០។

សួរថាតើ ចាប់ពីពេលនេះទៅ ក្នុងការអនុវត្តជាក់ស្តែង វាមានអ្វីប្រែប្រួលខ្លះ? អ្វីដែលប្រែប្រួល គឺថាភាពជាសមាជិកក្នុង​សហភាពអឺរ៉ុប របស់អង់គ្លេស ត្រូវចប់ជាស្ថាពរ។ មានន័យថា អង់គ្លេសនឹងលែង​មាន​សិទ្ថិលែងមាន​ចំណែកអ្វីទៀតហើយ នៅក្នុង​ស្ថាប័ន ឬក្របខណ្ឌប្រជុំទាំងអស់របស់សហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការសម្រេចនានារបស់ក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប គឺលែងមានវត្តមានអង់គ្លេសទៀតហើយ។​ នៅសភាអឺរ៉ុបវិញ ក៏លែងមានសមាជិកសភាតំណាងឲ្យប្រជាជនអង់គ្លេសទៀតដែរ។ អង់គ្លេស នឹងក្លាយជាអ្នកដទៃសុទ្ធសាធ។

អង់គ្លេសបន្តនៅក្នុង​ទីផ្សាររួមអឺរ៉ុប រហូតដល់ចប់សម័យអន្តរកាល​ចុងឆ្នាំ២០២០

តែអ្វីដែលមិនប្រែប្រួល សម្រាប់រយៈពេល​១១ខែនេះ គឺអង់គ្លេស ត្រូវបន្តអនុវត្តបទវិធាន ឬច្បាប់ទាំងអស់ ដែលមានធរមានកន្លងមក របស់សហភាពអឺរ៉ុប រហូតដល់ដាច់ឆ្នាំ​២០២០។ មានន័យថា​ ក្នុងវិស័យពាណិជ្ជកម្ម ការនាំចេញនាំចូល អត្រាពន្ធដារ វិធានច្បាប់ទាក់ទិននឹងចរាចរណ៍មនុស្ស ឬទំនិញ បទដ្ឋានស្តង់ដារទំនិញ ចំណីអាហារ ឬថ្នាំពេទ្យ ពោលគឺទំនាក់ទំនងគ្រប់វិស័យទាំងអស់ មិនថាសុខាភិបាល សន្តិសុខ យុត្តិធម៌ ការអប់រំ ។ល។ គឺថាអង់គ្លេស ត្រូវបន្តគោរពច្បាប់វិធានរួមរបស់សហភាព​អឺរ៉ុប ទាំងអស់សិន រហូតទាល់តែដល់ថ្ងៃទី៣១ធ្នូ ទើបផុតសម័យអន្តរកាល។

ក្នុងអំឡុងពេល១១ខែ នៃសម័យអន្តរកាលនេះ សហភាពអឺរ៉ុប និងអង់គ្លេសត្រូវចរចាគ្នា គូសវាសទំនាក់ទំនងទាំងអស់នេះទៅថ្ងៃខាងមុខ ថាតើត្រូវធ្វើដូចម្តេចទៀត ត្រូវរាប់អានគ្នាដោយរបៀបណា ពោលគឺដូចជាមនុស្ស២នាក់ ដែលទើបតែស្គាល់គ្នាថ្មី ហើយត្រូវចាប់ផ្តើមកសាងទំនាក់ទំនងនឹងគ្នា ពីសូន្យទៅ។

១១ខែ ត្រូវចរចាគ្នាឡើងវិញ គ្រប់វិស័យ

យើងមើលបទពិសោធន៍កន្លងមកក៏ដឹងថា ការចរចាគ្នារវាងអឺរ៉ុបនិងអង់គ្លេស​ មិនមែនជារឿងងាយទេ ព្រោះថា​ម្នាក់ៗ​មានគោលជំហរ ចង់ការពារផលប្រយោជន៍រៀងៗខ្លួន។ ១១ខែ​ គឺតិចណាស់ សម្រាប់​ការចរចា។ មាន​អ្នកវិភាគ​ខ្លះ បាន​លើកឡើង​ថា អង់គ្លេស និងសហភាពអឺរ៉ុប ប្រាកដ​ជាពន្យារពេលសម័យអន្តរកាលនេះ ថែម១ឆ្នាំ ឬក៏អាច២ឆ្នាំទៀតផងក៏មិនដឹង។ បើសិនចង់ពន្យារ គឺអង់គ្លេសត្រូវដាក់ពាក្យសុំ ឲ្យ​បាន​មុនថ្ងៃ​ទី​​១​ខែ​កក្កដា។

តែយ៉ាងណា លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស ធ្លាប់បានអះអាងហើយ ថាលោក​មិនចង់បន្ត​រយៈ​ពេល​អន្តរកាល​នេះឲ្យ​យូរ​ហួសពី១១ខែទេ។ លោកចនសុន ចង់ធ្វើវាឲ្យដាច់ស្រេចអស់ មុនដាច់ឆ្នាំ២០២០។ ទាក់ទិននឹងអនាគតទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអង់គ្លេស គឺលោកបូរីស ចន​សុន បានបញ្ជាក់ថា លោកចង់យកគំរូ តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអឺរ៉ុបបានចុះហត្ថលេខា​ ​ជាមួយ​កាណាដា។ មាន​គំរូ​ស្រាប់អ្វីៗនឹងលឿនរហ័ស។

តែយ៉ាងណា ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម នៅ​មាន​វិស័យ​ផ្សេងទៀត ដែល​ត្រូវ​​រកឲ្យបាននូវកិច្ចព្រមព្រៀងដែរ។ ដូចជាផ្នែកសន្តិសុខ កិច្ច​សហប្រតិបត្តិកា​រនៃ​ប្រព័ន្ធ​យុត្តិធម៌ កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ លោកស្រី អៀរស៊ូឡា វ៉ុន ដឺឡេយិន ប្រធានគណៈកម្មការអឺរ៉ុប បានទទួលស្គាល់ថា រយៈពេល១១ខែខ្លីណាស់ សម្រាប់ចរចាលើបញ្ហាទាំងអស់នេះ។ សម្រាប់ភាគីអឺរ៉ុប គេ​មិនមែន​ចង់រត់តាមពេលវេលានោះទេ។ កិច្ចព្រមព្រៀងនីមួយៗ ត្រូវមានខ្លឹមសារការពារផលប្រយោជន៍គេ មិនមែនចេះតែចុះហត្ថលេខាឲ្យតែបានៗ ដោយសារខ្លាចដល់ពេលកំណត់នោះឡើយ។

អាចនឹងគ្មានកិច្ចព្រមព្រៀង ពេលផុតកំណត់រយៈពេលអន្តរកាល

បញ្ហានេះហើយ ដែលជាការព្រួយបារម្ភ។ សេណារីយ៉ូនេះ អាចនឹងកើតឡើងបាន ដូចពេលកន្លងមក​។ ដល់ថ្ងៃកំណត់នៅតែចរចាគ្នាមិនត្រូវ។ ទាក់ទិននឹងបញ្ហានេះ លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បាន​លើកឡើង​ថា ភាគីទាំង២ច្បាស់ជាត្រូវសម្រេចចិត្ត​ រើសយកតែវិស័យអាទិភាពមួយចំនួន​ មកចរចាមុនសិន​។ មានន័យថា បើមិនបានទាំងអស់ ក៏ត្រូវបាន​កិច្ចព្រមព្រៀងក្នុងវិស័យសំខាន់ៗមុនដែរ។ វិស័យសំខាន់នោះ គឺទំនាក់ទំនងពាណិជ្ជកម្ម ចរាចរណ៍ទំនិញ ចរាចរណ៍មនុស្ស អត្រាពន្ធដារ និងស្តង់ដាទំនិញ​​​គ្រប់ប្រភេទ​ជាដើម។

បើដល់ថ្ងៃទី​១មករា ឆ្នាំ២០២១ នៅតែគ្មានកិច្ចព្រមព្រៀង ​ គឺមានន័យថា អង់គ្លេសនឹងត្រូវចាកចេញ​ពី​ទីផ្សាររួមរបស់អឺរ៉ុប ដោយពុំមាន​កិច្ចព្រមព្រៀងអ្វីទាំងអស់។ បញ្ហានេះនឹងធ្វើឲ្យមាន​ការលំបាក ​វិបត្តិសេដ្ឋកិច្ច​ប្រាកដ​ជា​កើតមាន​សម្រាប់ក្រុមហ៊ុន សហគ្រាសមិនថាខាងប្រទេសទាំង២៧របស់អឺរ៉ុប មិន​ថា​ខាងអង់គ្លេស​។​ ប្រទេស​មួយចំនួន ដូចជាបារាំងជាដើម ដែលមានព្រំដែន​ជាប់ជាមួយ​អង់គ្លេស តាមរយៈផ្លូវក្រោម​សមុទ្រ​ គឺគេបានត្រៀមជើងព្រួលរួចខ្លះ​ហើយ ទាក់ទិននឹងការត្រួតពិនិត្យទំនិញ។

ភាពមិនប្រាកដប្រជានេះ ធ្វើឲ្យមានការបារម្ភខ្លាំងណាស់ ដល់ការរកស៊ី ការវិនិយោគ​ ក៏ដូចជាការរស់នៅរបស់ប្រជាជន​​អឺរ៉ុប និងប្រជាជនអង់គ្លេស​​ ដែលត្រូវទៅធ្វើការ ឬរស់នៅឆ្លងប្រទេស។ បើគ្មានកិច្ចព្រមព្រៀង ពីនេះរហូតដល់ចុងឆ្នាំ២០២០ទេ អ្វីៗនឹងរញ៉េរញ៉ៃ គ្មានអត្ថបទច្បាប់ចាត់ចែងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ