អានតួអត្ថបទ
បរិស្ថាន-អាកាសធាតុ

Davos2020៖ សុន្ទរកថា​ឌឺដង​ឲ្យ​គ្នា​ស្តីពី​អាកាសធាតុ រវាង​លោក​ដូណាល់ ត្រាំ ​និង​កញ្ញា គ្រីតា ធុនប៊ែក

កញ្ញា គ្រីតា ធុនប៊ែក ដើរចេញពី​​វេទិកា ក្រោយ​ពេល​​លោក​​ដូណាល់ត្រាំ ថ្លែងសន្ទរក​ថា​ចប់។ ក្រុង​ដាវ៉ូស ថ្ងៃទី​​២១មករា​ ២០២០
កញ្ញា គ្រីតា ធុនប៊ែក ដើរចេញពី​​វេទិកា ក្រោយ​ពេល​​លោក​​ដូណាល់ត្រាំ ថ្លែងសន្ទរក​ថា​ចប់។ ក្រុង​ដាវ៉ូស ថ្ងៃទី​​២១មករា​ ២០២០ REUTERS/Jonathan Ernst

នៅក្នុងឱកាសបើកវេទិកាសេដ្ឋកិច្ចអន្តរជាតិលើកទី​៥០ នៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស កាលពីថ្ងៃអង្គារទី២១មករា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសកម្មជនបរិស្ថានវ័យក្មេង គ្រីតា ធុនប៊ែក បានបង្ហាញជំហរយល់ឃើញ ផ្ទុយគ្នាស្រលះ ទាក់ទិននឹងបញ្ហាអាកាសធាតុ។ ខណៈដែលកញ្ញាគ្រីតា ធុនប៊ែក​ បានថ្លែងលើកឡើង ពីភាពបន្ទាន់អាសន្ន ក្នុងការស្រោចស្រង់ភពផែនដី តែលោកដូណាល់ ត្រាំឯនោះ បាន​លើកឡើងថា កុំនាំគ្នាជឿ ចាញ់​បោក​ពពួកមនុស្សខ្លះ ដែល​ចូលចិត្ត​សាបព្រួស​រឿង​អកុសល ​ដើម្បី​បំភ័យ​ឲ្យមាន​ទុទិដ្ឋិនិយម។

ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ និងកញ្ញា គ្រីតា ធុនប៊ែក មិនបានជួបនិយាយគ្នាដោយផ្ទាល់ទេ​ តែអ្នកទាំង២ បានបោះសម្តីឲ្យគ្នាទៅវិញទៅមក តាមរយៈសុន្ទរកថារៀងៗខ្លួន នៅក្នុងវេទិកាសេដ្ឋកិច្ចក្រុងដា​វ៉ូស ដែលបានបើកទ្វារ កាលពី​ថ្ងៃទី​២១មករា។

ថ្លែងបើកវេទិកាសេដ្ឋកិច្ចលើកទី៥០នេះ លោកដូណាល់ ត្រាំ បាននិយាយថា “យើងទាំងអស់ ត្រូវតែបដិសេធ កុំជឿពពួកមនុស្សដែលដើរសាបព្រួសតែដំណឹងអកុសល ទស្សន៍ទាយ​បែបបំភ័យ ថានឹងមានមហន្តរាយអាកាសធាតុសកលលោក” ។ បន្ទាប់ពីបានអួតអំពីកំណើនសេដ្ឋកិច្ចរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក លោកដូណាល់ ត្រាំ បានអះអាងថា អាមេរិកក៏ចេះស្រលាញ់បរិស្ថានដែរ តែអាមេរិក និងមិនឲ្យគេមកបំផ្លាញ សេដ្ឋិកិច្ចទីផ្សារសេរីរបស់អាមេរិកបានឡើយ។ ដើម្បីចូលរួមជួយបរិស្ថាន លោកដូណាល់ ត្រាំ បានប្រកាសថា អាមេរិក និងចូលរួមជួយ​ដាំដើមឈើ ចំនួន​១០០ម៉ឺនលានដើម។

បន្តិច​ក្រោយមក កញ្ញាគ្រីតា ធុនប៊ែក បានថ្លែងសន្ទរកថា បើកអង្គសន្និសីតមួយ ក្រោម​ប្រធានបទថា “តើត្រូវធ្វើដូចម្តេច ដើម្បីចៀសឲ្យផុត ពីមហន្តរាយវិនាសកម្មអាកាសធាតុពិភពលោក?”។ សកម្មជ​នបរិស្ថានវ័យ១៧ឆ្នាំរូបនេះ បានចាប់ផ្តើមសន្ទរកថាខ្លួន ជាមួយនឹងឃ្លាថា៖ “ផ្ទះយើង ផែនដីយើងកំពុងតែឆាបឆេះ ហើយភាពអសកម្ម​របស់យើងគ្រប់គ្នា បានជំរុញឲ្យអណ្តាតភ្លើងឆេះកាន់តែខ្លាំង”។ កញ្ញាលើកឡើងបន្ត ​បែបផ្លែផ្កាឲ្យ​លោកដូណាល់ ត្រាំ ថា ត្រឹមតែដាំដើមឈើ វាមិនគ្រប់គ្រាន់នោះទេ។ កញ្ញាបានអំពាវនាវឲ្យ​ឈប់​ជាបន្ទាន់ នូវ​ការវិនិយោគរុគរក ឬធ្វើអាជីវកម្ម​លើ​ប្រភពថាមពល​ហ្វូស៊ីល ដែលជាប្រភពចំបង នៃការបញ្ចេញ​ឧស្ម័នកាបូនិក ទៅក្នុងបរិយកាស។

គួរកត់សំគាល់ថា សុន្ទរកថារបស់លោកដូណាល់ ត្រាំ ត្រូវបានអ្នកស្តាប់ខ្លះ​យល់ថា មានខ្លឹមសារសំដៅប្រាប់ទៅ​ប្រជាជនអាមេរិក ថាលោកជាប្រធានាធិបតីដ៏ល្អ បានដឹកនាំអាមេរិក ឲ្យមានសេដ្ឋកិច្ចរឹងមាំឡើងវិញ មិនដូចមេដឹកនាំមុន។ លោកដូណាល់ ត្រាំ និយាយអួតតែពីតួលេខ នៃកំណើនសេដ្ឋកិច្ច និងជោគជ័យផ្ទួនៗ ក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលអាមេរិកបានធ្វើជាមួយចិន និងបណ្តាប្រទេសមួយចំនួនទៀត​។

លោក Joseph Stiglitz ជ័យលាភីណូបែលផ្នែកសេដ្ឋកិច្ច ដែលមានវត្តមាននៅវេទិកាក្រុងដាវ៉ូល បានលើកឡើងថា “សម្តីលោកដូណាល់ ត្រាំ មានខ្លឹមសារដដែលដូចលើកមុនគឺ « America First » ពោលគឺផលប្រយោជន៍អាមេរិកជាអាទិភាព”។ លោកស្រី Jennifer Morgan នាយកប្រតិបត្តិអង្គការGreenpeace វិញ បានលើកឡើងថា “ក្នុងកាលៈទេសៈដែលពិភពលោកកំពុងតែប្រឈមនឹងភាពអាសន្នផ្នែកអាកាសធាតុ លោកដូណាល់ ត្រាំបែជានិយាយ តែពីរឿងកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មទៅវិញ”។ លោកស្រីបន្តថា “លោកដូណាល់ ត្រាំ ប្រហែលជាភ្លេចថា យើងមិនអាចរកប្រាក់ចំណេញ ពីផែនដីមួយ ដែលកំពុងតែស្លាប់នោះ​បានទេ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ