អានតួអត្ថបទ
អ៊ីរ៉ាក់-វិបត្តិនយោបាយ

បាតុករ​អ៊ីរ៉ាក់​រងរបួស ​ដោយសារការបារញ់គ្រាប់កាំភ្លើងពិតពីសំណាក់​កងកម្លាំង​សន្តិសុខ​

គេឃើញផ្សែងចេញពីតង់ នៅពេលដែលកម្លាំងសន្តិសុខអ៊ីរ៉ាក់វាយឆ្មក់ទីតាំងតវ៉ាដ៏សំខាន់របស់បាតុករទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ថ្ងៃ នាទី ២៥ ខែមករាឆ្នាំ ២០២០។
គេឃើញផ្សែងចេញពីតង់ នៅពេលដែលកម្លាំងសន្តិសុខអ៊ីរ៉ាក់វាយឆ្មក់ទីតាំងតវ៉ាដ៏សំខាន់របស់បាតុករទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ថ្ងៃ នាទី ២៥ ខែមករាឆ្នាំ ២០២០។ REUTERS/Thaier al-Sudani

កងកម្លាំង​​សន្តិសុខ​អ៊ីរ៉ាក់​នៅថ្ងៃអាទិត្យទី ២៦ មករា​នេះ​ បាន​​បាញ់គ្រាប់កាំភ្លើង​ពិត​ដើម្បីបំបែកហ្វូងបាតុករ​ដែលបានទៅប្រមូលផ្តុំគ្នា​ធ្វើការតវ៉ា​នៅក្នុងទីក្រុងបាកដាដ​ និងភាគខាងត្បូងនៃប្រទេស​។ ទង្វើ​របស់​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ បានបណ្តាលឱ្យមានការ​ប៉ះទង្គិចគ្នា​ជាមួយបាតុករ​​ និង​បានធ្វើឲ្យ​បាតុករ​រងរបួស​យ៉ាងហោច​ណាស់​ ១៧ នាក់។

ផ្សាយពាណិជ្ជកម្ម

សកម្មភាព​បំបែក​ហ្វូងបាតុករ​ដោយ​ការបាញ់គ្រាប់កំាំភ្លើងពិត​ មិនបាន​ធ្វើឱ្យក្រុមបាតុករ​ខ្លាចរអារទេ​ ក៏ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់​ កាន់​តែ​ប្តេជ្ញា​រក្សា​នូវ​ចលនា​បាតុកម្ម​របស់ពួកគេ​ទៅវិញ​នោះទេ​។

ប៉ូលិស​បង្ក្រាបបាតុកម្ម​ កាលពីថ្ងៃសៅរ៍​ម្សិលមិញ​បានចូលទៅ​រុះរើ​ជំរំតង់​របស់​ក្រុមអ្នកតវ៉ា​នៅតាម​​ទីតាំងជាច្រើន​ដូចជា​នៅក្នុង​រដ្ឋធានីបាកដាដ​ និង​ទីក្រុង​ដទៃទៀត​។ ក៏ប៉ុន្តែ​ ចលនានៃ​បាតុកម្ម​បានវិលត្រឡប់​មកវិញ​ក្នុងចំនួន​ដ៏ច្រើន​និងកាន់តែធំជាងមុន​នៅល្ងាច​សៅរ៍​ និងនៅ​ព្រឹក​ថ្ងៃអាទិត្យនេះ​រហូតបណ្តាល​ឱ្យមានការ​ប៉ះទង្គិចគ្នា​កើតមានឡើង​។

យោងតាមប្រភព​ព័ត៌មាន​ពីប៉ូលិសម្នាក់​ នៅក្នុង​ទីក្រុងបាកដាដ​ កងកម្លាំង​ថែរក្សាសន្តិសុខ​បានបាញ់គ្រាប់កាំភ្លើង​ពិត ក្នុងគោលបំណង​បំបែកការប្រមូលផ្តុំគ្នារបស់ក្រុមអ្នកតវ៉ា​។ ភ្លាមៗនោះ​ ក្រុមបាតុករវ័យក្មេង​ ក៏បានតបតវិញ​តាមរយៈ​ការគប់ដុំថ្ម​ដាក់ប៉ូលិស​។

ប្រភពដដែល​បានបន្តថា​ ការប៉ះទង្គិចគ្នា​ហិង្សា​ រវាងប៉ូលិស​ និងក្រុមបាតុករ​បានបណ្តាល​ឱ្យ​បាតុករ​យ៉ាងហោច​ណាស់​ ១៧ នាក់​រងរបួស​ ដែលក្នុងនោះ​មាន ៦ នាក់​រងរបួស​ដោយគ្រាប់កាំ​ភ្លើង​។

គួរបញ្ជាក់ជូនថា​ បាតុកម្ម​ហិង្សា​បានផ្ទុះឡើង​នៅទូទាំង​ប្រទេសអ៊ីរ៉ាក់​ ​ជាពិសេស​នៅក្នុង​ទីក្រុងបាកដាដ​ និងភាគខាងត្បូង​នៃប្រទេស​តាំងតែ​ពីដើមខែតុលា​ ឆ្នាំ ២០១៩​ មកម្ល៉េះ។ បាតុកម្ម​ភាគច្រើនធ្វើឡើងដោយ​ក្រុម​យុវជនវ័យ​ក្មេងអ៊ីរ៉ាក់​ ដើម្បី​ទាមទារ​ឱ្យ​មានការ​រើរុះចោល​នូវ​រចនាសម្ព័ន្ធ​​រដ្ឋាភិបាល​ដែល​កើតចេញ​ពីការ​លើក​បន្តុប​​របស់​អាមេរិក​ និង​​ដែល​សព្វថ្ងៃ​ធ្លាក់​ក្នុង​​ក្រញាំ​ឥទ្ធិពល​​​របស់​​ប្រទេស​អ៊ីរ៉ង់​។

ក្រោយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ លាលែងចេញពី​តំណែង​កាលពីចុង​ខែវិច្ឆិកា​ ឆ្នាំ ២០១៩ ​ចលនា​បាតុកម្ម​ក៏នៅ​តែបន្តធ្វើ​ឡើង ក្នុងគោល​បំណង​ទាមទារ​ឱ្យមានការបោះឆ្នោត​ជ្រើសរើសនាយករដ្ឋមន្រ្តី​ដោយឯករាជ្យ​ និង​ទាមទារឲ្យមាន​ការកាត់ទោសមន្ត្រី​ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ឬបុគ្គល​ដែល​មាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​ការ​បង្ក្រាបហិង្សា​លើ​ក្រុម​បាតុករ​នាពេលថ្មីៗ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ