អានតួអត្ថបទ
កម្ពុជា

អ្នក​ដំណើរ​នាវា Westerdam៖ ម៉ាឡេស៊ី​​​ថាមាន​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី តែ​កម្ពុជា​ស្នើ​ឲ្យ​​ពិនិត្យឡើង​វិញ

នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែ ​ក្រុង​ព្រះ​សីហនុ កាល​ពីថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២០​
នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែ ​ក្រុង​ព្រះ​សីហនុ កាល​ពីថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២០​ Reuters

អ្នក​ដំណើរនៃ​នាវា Westerdam ជា​​ជនជាតិ​អាមេរិកាំង​ម្នាក់ ត្រូវ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 បន្ទាប់​ពី​បាន​ចាកចេញ​ពី​នាវា​តាម​រយៈ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ស្នើ​ទៅ​កាន់​ភាគី​ម៉ាឡេស៊ី​ឲ្យ​ពិនិត្យ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​សុខភាព​នោះ​ឡើង​វិញ ដោយ​អះអាង​ថា អ្នក​ដំណើរ​ស្ដ្រី​រូប​នេះ ​មាន​សុខភាព​ល្អ​ប្រសើរ​ពេល​ចាកចេញ​ពី​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាន់​ដែល​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១៥​កុម្ភៈ ក្រសួង​សុខាភិបាល​បាន​គូស​បញ្ជាក់​ថា ស្ដ្រី​ជនជាតិ​អាមេរិកាំង វ័យ​៨៣​ឆ្នាំ ដែល​ជា​អ្នក​ដំណើរ​លើ​នាវា Westerdam ត្រូវ​ក្រសួង​សុខាភិបាល​ត្រួត​ពិនិត្យ​សុខភាព​យ៉ាង​ល្អិត​ល្អន់ មុន​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៤​កុម្ភៈ។ ការ​ធ្វើ​តេស្តន៍​សុខភាព​នោះ​ទៀត​សោត បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល គឺ​មាន​ការ​ចូល​រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ USCDC របស់​អាមេរិក ដោយ​អនុវត្ត​តាម​ស្តង់ដារ​បច្ចេកទេស និង​និយ័តកម្ម​សុខភាព​អន្ដរជាតិ​ឆ្នាំ​២០០៥ របស់​អង្គការ​សុខភាព​ពិភពលោក​។

លោក លី សូវ៉ាន់ ​​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​ផង​នោះ បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​តេស្តន៍​លើ​ស្ដ្រី​ជនជាតិ​អាមេរិកាំង និង​អ្នក​ដំណើរ​ផ្សេង​ទៀត បង្ហាញ​ពី​លទ្ធផល​អវិជ្ជមាន​នៃ​មេរោគ​កូរ៉ូណា Covid-19។ បន្ថែម​ពី​លើ​លទ្ធផល​តេស្តន៍​នោះ អ្នក​ដំណើរ​លើ​កប៉ាល់ Westerdam សុទ្ធ​តែ​បាន​ឆ្លង​កាត់​នូវ​ការ​វាស់​សីតុណ្ហភាព​រាងកាយ ដែល​ជា​លទ្ធផល ពួក​គេ​ពុំ​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 ឡើយ​។

បន្ទាប់​ពី​ទទួល​ដំណឹង​ថា អ្នក​ដំណើរ​ស្ដ្រី​ជនជាតិ​អាមេរិកាំង​ដែល​ចាកចេញ​ពីនាវា Westerdam រួច​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​នោះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី ពិនិត្យលទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​នេះ​ឡើង​វិញ ឲ្យ​មាន​សុក្រឹតភាព​។ សំណើ​ដូច​គ្នា​នេះ ក៏​មាន​ដែរ​ពី​សំណាក់​ក្រុមហ៊ុន​ Holland American Line ដែល​ជា​ម្ចាស់​នាវា Westerdam។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​អំពី​សុខភាព​ល្អ​ប្រសើរ​នៃ​អ្នក​ដំណើរ​ស្ដ្រី​ជនជាតិ​អាមេរិកាំង​វ័យ​៨៣​ឆ្នាំ​រូប​នេះ និង​អះអាង​ថា ខ្លួន​កំពុង​រង់ចាំ​លទ្ធផល​ធ្វើ​តេស្តន៍​សុខភាព​លើក​ទី​២ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​វត្តមាន​នៃ​មេរោគ​កូរ៉ូណា Covid-19។ សម្រាប់​ក្រុមហ៊ុន Holland American Line, លទ្ធផល​ដែល​ម៉ាឡេស៊ី​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី​១៥​កុម្ភៈ​នោះ គ្រាន់​តែ​ជា​លទ្ធផល​បឋម​ប៉ុណ្ណោះ ដែល​ចាំ​បាច់​ឲ្យ​មាន​ការ​ធ្វើ​តេស្តន៍​បញ្ជាក់​ម្ដង​ទៀត​ទើប​អាច​យក​ជា​ការណ៍​បាន​។

​ពី​ខាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​វិញ ស្ថាន​តំណាង​នេះ បាន​ទទួល​ហើយ ដំណឹង​ដែល​ថា ពលរដ្ឋ​របស់​ខ្លួន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19។ និង​ថា ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នៅ​កម្ពុជា និង​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ដើម្បីធានា​ថា ពលរដ្ឋ​អាមេរិកាំង បាន​ទទួល​ជំនួយ​និង​ការ​សម្រប​សម្រួលនានា​​តាម​តម្រូវ​ការនិង​ស្ថានការណ៍​ជាក់​ស្ដែង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ