អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ច្បាប់​សញ្ជាតិ​ថ្មី​របស់​ឥណ្ឌា​ បង្កជា​ភាពចម្រូងចម្រាស​ខ្លាំង​នៅក្នុង​ប្រទេស​

សំឡេង ០៧:១៣
ក្រុមអ្នកតវ៉ា ក្នុងពេលធ្វើបាតុកប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌានាថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩។
ក្រុមអ្នកតវ៉ា ក្នុងពេលធ្វើបាតុកប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌានាថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩។ REUTERS/Adnan Abidi

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌា បានធ្លាក់ផុងខ្លួនចូលក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ។ ជាវិបត្តិ កើតចេញមកពី ច្បាប់សញ្ជាតិថ្មី ដែលទើបត្រូវបានអនុម័តដោយសភាជាតិ កាលពីថ្ងៃពុធទី ១១ ធ្នូ។ បើតាមរដ្ឋាភិបាលឥណ្ឌា ច្បាប់សញ្ជាតិថ្មីនេះ នឹងជួយការពារសិទ្ធិ ព្រមទាំងផ្តល់ជម្រកដល់ជនអន្តោប្រវេសន៍ដែលជាជនជាតិភាគតិច ពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនា។ ក៏ប៉ុន្តែ ក្រោយសភាសម្រេចអនុម័តលើច្បាប់ថ្មីនេះភ្លាម ប្រជាពលរដ្ឋឥណ្ឌា បានខឹងសម្បាជាខ្លាំង និងថែមទាំងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម រហូតបណ្តាលឲ្យមានការប៉ះទង្គិចគ្នាហិង្សា ជាមួយអាជ្ញាធរផងដែរ។តើច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌា មានខ្លឹមសារយ៉ាងណាខ្លះ? ហេតុអ្វីបានជា ច្បាប់នេះបង្កជាភាពចម្រូងចម្រាសខ្លាំងម្ល៉េះនៅក្នុងសង្គមឥណ្ឌា?

ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារសំខាន់ៗដែលមានចែងក្នុងច្បាប់សញ្ជាតិថ្មីដ៏ចម្រូងចម្រាសរបស់ឥណ្ឌា

រឿងដំបូងដែលគួរជម្រាបជូននោះគឺថា ច្បាប់សញ្ជាតិរបស់ឥណ្ឌា មានអាយុកាល៦៤ ឆ្នាំមកហើយ ក៏ប៉ុន្តែច្បាប់នេះត្រូវបានគេធ្វើវិសោធនកម្ម និងសម្រេចអនុម័តដោយសភាជាតិឥណ្ឌាកាលពីថ្ងៃពុធ ទី ១១ ធ្នូ ឆ្នាំ ២០១៩នេះ។

ច្បាប់សញ្ជាតិចាស់ មិនអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ ឬជនបរទេស ក្លាយជាពលរដ្ឋឥណ្ឌាស្រួលៗនោះទេ ដែលនេះខុសពីច្បាប់ថ្មីដែលទើបត្រូវបានកែប្រែមួយចំនួន។ 

បើតាមច្បាប់ចាស់ ជនបរទេសដែលមិនមែនជាជនជាតិឥណ្ឌា ត្រូវតែរស់នៅក្នុងប្រទេសឥណ្ឌា ឬក៏បានធ្វើការឱ្យរដ្ឋាភិបាលសហព័ន្ធយ៉ាងហោចណាស់ក៏ ១១ ឆ្នាំដែរ ទើបពួកគេអាចដាក់ពាក្យសុំសញ្ជាតិបាន។

ដោយឡែក សម្រាប់ច្បាប់ថ្មីវិញ លក្ខខណ្ឌនេះនៅតែរក្សាដដែល សម្រាប់ជនបរទេសដែលចង់ចូលសញ្ជាតិឥណ្ឌា។ ក៏ប៉ុន្តែ មានករណីលើកលែងសម្រាប់ក្រុមសហគមន៍ជនជាតិភាគតិចចំនួន៦ ដែលជាក្រុមកាន់សាសនាហិណ្ឌូ ស៊ីក ពុទ្ធសាសនា ហ្សង់ ប៉ាស៊ី និងគ្រិស្តសាសនា មកពីប្រទេសចំនួន ៣ ក្នុងនោះមានប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងបង់ក្លាដែស។

ក្នុងករណីចង់ស្នើសុំសញ្ជាតិឥណ្ឌា បើយោងទៅតាមមាត្រាដែលមានចែងនៅក្នុងច្បាប់ថ្មី ក្រុមជនជាតិភាគតិចទាំងនោះ ត្រូវរស់នៅ ឬក៏ធ្វើការនៅក្នុងប្រទេសឥណ្ឌាតិចជាមុនចំនួន ៥ ឆ្នាំ។ នេះមានន័យ ពួកគេត្រូវរស់នៅ ឬធ្វើការត្រឹមតែរយៈពេល ៦ ឆ្នាំនោះទេ ដើម្បីមានសិទ្ធិស្នើសុំចូលសញ្ជាតិឥណ្ឌាបាន។

ហេតុអ្វីបានជាសញ្ជាតិច្បាប់ថ្មី មានភាពចម្រូងចម្រាសខ្លាំងម្ល៉េះ?

ជាការពិត ច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌា ពិតជាបានបង្កឲ្យភាពចម្រូងចម្រាសខ្លាំងណាស់មែនទែននៅក្នុងសង្គម។ មិនតែប៉ុណ្ណោះ វាក៏បានជំរុញឲ្យមានការតវ៉ាប្រឆាំង រីករាលដាលខ្លាំងទៀតផង នៅភាគឦសាននៃប្រទេសឥណ្ឌា មានព្រំដែនជាប់ប្រទេសបង់ក្លាដែស។

សម្រាប់រដ្ឋាភិបាលឥណ្ឌា ដែលមានលោកណារិនដ្រា ម៉ូឌី ជាប្រមុខដឹកនាំ និងជាអ្នកជាតិនិយមហិណ្ឌូ ច្បាប់ថ្មីនេះ ជួយការពារជនអន្តោប្រវេសន៍ ដែលជាជនជាតិភាគតិច គេចផុតពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនា។

ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រឆាំងវិញ ច្បាប់ថ្មីនេះមានភាពលម្អៀង និងរើសអើងផ្នែកសាសនា ពីព្រោះថា ក្រុមជនជាតិភាគតិចដែលរដ្ឋាភិបាលផ្តល់លទ្ធភាពឲ្យអាចស្នើសុំសញ្ជាតិឥណ្ឌាងាយស្រួលជាងមុន គ្មានក្រុមអ្នកកាន់សាសនាអ៊ីស្លាមឡើយ។ ហេតុដូចនេះហើយទើប សកម្មជនអ៊ីស្លាមដើម្បីសិទ្ធិមនុស្ស យល់ឃើញថា ច្បាប់ថ្មី គឺនយោបាយជាតិនិយមហិណ្ឌូ របស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី ក្នុងការធ្វើឲ្យប្រជាជនឥណ្ឌាកាន់សាសនាអ៊ីស្លាមប្រមាណ ២០០ លាននាក់ ទទួលរងគ្រោះ។

ទាក់ទងរឿងនេះដែរ ក្រុមបាតុករមួយចំនួនបាននិយាយថា  ពួកគេសុខចិត្តស្លាប់ ក៏មិនព្រមទ្រាំឈរឱបដៃ មើលជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅក្នុងទឹកដីរបស់ពួកគេឡើយ។ ពួកគេ បានអះអាងដែរថា នឹង ធ្វើអ្វីៗគ្រប់សព្វបែបយ៉ាងឲ្យអស់លទ្ធភាព ដើម្បីឲ្យរដ្ឋាភិបាល ព្រមដកចេញមកវិញនូវច្បាប់សញ្ជាតិថ្មី ដើម្បីការពារកុំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកដណ្តើមការងារពីពួកគេ និងធ្វើឲ្យរលាយអត្តសញ្ញាណ-វប្បធម៌ដើម របស់ឥណ្ឌាដែលជាម្ចាស់ស្រុក។

ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងប្រទេសឥណ្ឌា និងប្រតិកម្មរបស់រដ្ឋាភិបាល

ស្ថានការណ៍នៅឥណ្ឌា គិតត្រឹមរសៀលថ្ងៃអាទិត្យទី ១៥ ធ្នូនេះ នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ ជាក់ស្តែង បាតុកម្មនៅតែបន្តកើតមាននៅថ្ងៃនេះ គឺថាមានប្រជាជានឥណ្ឌារាប់ពាន់នាក់ ចេញធ្វើបាតុកម្ម ជាពិសេសនៅក្នុងទីក្រុងហ្គូវ៉ាហាទី (Guwahati) នៃរដ្ឋអាសាម Assam។ ជារដ្ឋ ដែលគេជឿថាមានជនជាតិភាគតិចបង់ក្លាដែសកាន់សាសនាហិណ្ឌូច្រើនរស់នៅទីនោះ។

នៅថ្ងៃអាទិត្យនេះដែរ គេមិនទាន់ឃើញមានអំពើហិង្សា ណាមួយកើតឡើងរវាងប៉ូលិសឥណ្ឌា និងក្រុមបាតុករឡើយ។ នៅកន្លែងធ្វើបាតុកម្ម គេគ្រាន់តែឃើញមានកងកម្លាំងការពារសន្តិសុខរបស់រដ្ឋាភិបាលរាប់រយនាក់ ឈរចាំឃ្លាំមើលសកម្មភាពរបស់ក្រុមអ្នកតវ៉ា។

នៅត្រង់ចំណុចនេះ គួររំឭកជូនថា អំពើហិង្សា និងការប៉ះទង្គិចគ្នារវាងអាជ្ញាធរឥណ្ឌា និងក្រុមបាតុករ នៅក្នុងរយៈពេល៤ ថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋឥណ្ឌា ៦ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

ក្រៅពីនេះ ទ្រព្យសម្បត្តិសាធារណៈដូចជារថភ្លើង និងរថយន្តក្រុងជាច្រើនគ្រឿង ត្រូវក្រុមបាតុករដុតបំផ្លាញ រហូតបង្ខំឲ្យរដ្ឋាភិបាល ផ្អាកសេវាកម្មរថភ្លើង នៅផ្នែកខ្លះនៃភាគឦសានប្រទេសទៀតផង។

ទន្ទឹមគ្នានេះ នៅថ្ងៃអាទិត្យនេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌាលោកអាមីតសា ដែលគេដឹងថាជាមនុស្សជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រីណារិន ដ្រាម៉ូឌី បានចេញមុខអំពាវនាវជាថ្មីម្តងទៀត ឱ្យប្រជាជនឥណ្ឌារំងាប់អារម្មណ៍ និងឈប់ធ្វើបាតុកម្មបន្តទៅមុខទៀត។

លោកអាមីតសា បានពន្យល់ទៅក្រុមអ្នកតវ៉ា ដែលគេឃើញមានផ្សាយតាមបណ្តាញទូរទស្សន៍ News18 ផងដែរថា វប្បធម៌ ប្រពៃណីរបស់ពួកគេ មិនស្ថិតក្រោមការគំរាមកំហែងនោះទេ។ ជាមួយគ្នានេះ លោកក៏បានអះអាងដែរថា វប្បធម៌ ភាសា អត្តសញ្ញាណសង្គម និងសិទ្ធិនយោបាយរបស់ពលរដ្ឋឥណ្ឌាគ្រប់រូបនៅមានដូចៗគ្នាដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ