អានតួអត្ថបទ
ឥណ្ឌា-ច្បាប់

ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីឥណ្ឌា-ជប៉ុន ត្រូវពន្យារពេលដោយសារកម្លាំងបាតុកម្មរបស់មហាជនឥណ្ឌា

ក្រុមបាតុករ ពេលប៉ះទង្គិចគ្នាជាមួយអាជ្ញាធរឥណ្ឌានៅញូវដេលី នាថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៩។
ក្រុមបាតុករ ពេលប៉ះទង្គិចគ្នាជាមួយអាជ្ញាធរឥណ្ឌានៅញូវដេលី នាថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៩។ REUTERS/Adnan Abidi

មេដឹកនាំឥណ្ឌា និងជប៉ុន បានសម្រេចពន្យារពេលធ្វើជំនួបកំពូលរវាងគ្នាដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី១៥ ធ្នូខាងមុខ បន្ទាប់ពីមានបាតុកម្មផ្ទុះឡើងជាច្រើនកន្លែង ជាពិសេសនៅក្នុងទីក្រុងហ្គូវ៉ាហាទី (Guwahati) ដែលជាទីតាំងប្រជុំ ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា។ ពាក់ព័ន្ធនឹងការពន្យារពេលប្រជុំនេះដែរ រដ្ឋាភិបាលឥណ្ឌា មិនបាននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែលើកឡើងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា លើកកិច្ចប្រជុំទៅពេលក្រោយវិញ។

ផ្សាយពាណិជ្ជកម្ម

ការណ៍ដែលពលរដ្ឋឥណ្ឌារាប់ពាន់នាក់ នាំគ្នាចុះផ្លូវធ្វើបាតុកម្មនៅតាមទីតាំងជាច្រើន អស់ជាច្រើនថ្ងៃមកនេះ មិនមែនដោយសារតែពួកគេ ប្រឆាំងទៅនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនស្ហីនហ្សូ អាបេ នៅក្នុងប្រទេសនោះទេ។ ក៏ប៉ុន្តែ បាតុកម្មនេះ ធ្វើឡើងដើម្បីតែប្រឆាំងទៅនឹងការធ្វើវិសោធនកម្មច្បាប់របស់រដ្ឋាភិបាលឥណ្ឌាតែប៉ុណ្ណោះ។ ជាច្បាប់ដែល អនុញ្ញាតឲ្យជនអន្តោប្រវេសន៍ជាច្រើន ជាពិសេសក្រុមអន្តោប្រវេសន៍បង់ក្លាដែស កាន់សាសនាហិណ្ឌូ ដែលកំពុងរស់នៅក្នុងស្រុកឥណ្ឌា មានលទ្ធភាពទទួលបានសញ្ជាតិឥណ្ឌាស្រួលជាងមុន។

ក្រុមអ្នកតវ៉ា បានលើកឡើងថា ពួកគេប្រឆាំងដាច់ខាតទៅនឹងច្បាប់ខាងលើ។ ពួកគេយល់ថា ការផ្តល់សញ្ជាតិឲ្យពួកអន្តោប្រវេសន៍ងាយៗពេក នឹងធ្វើឲ្យប្រជាជនឥណ្ឌាក្លាយជាជនរងគ្រោះ ពីព្រោះថា ជនអន្តោប្រវេសន៍ទាំងនោះ នឹងដណ្តើមការងារពីពួកគេ និងធ្វើឲ្យរលាយអត្តសញ្ញាណ-វប្បធម៌ដើម របស់ប្រជាជនឥណ្ឌាដែលជាម្ចាស់ស្រុក។

ជាមួយគ្នានេះដែរ មានបាតុករម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា បាតុករឥណ្ឌា មិនអាចទ្រាំឈរឱបដៃ​ មើលជនអន្តោប្រវេសន៍ខុសច្បាប់ រស់នៅក្នុងទឹកដីរបស់ពួកគេឡើយ ហើយថា ពួកគេសុខចិត្តស្លាប់ ក៏មិនអនុញ្ញាតឲ្យអ្នកខាងក្រៅ មករស់នៅលើទឹកដីកំណើតរបស់ខ្លួនដែរ។

ជាមួយគ្នានេះ សកម្មជនក្នុងស្រុកឥណ្ឌាម្នាក់ទៀត បានឲ្យដឹងដែរថា ក្រុមបាតុករនឹងយកឈ្នះលើរដ្ឋាភិបាល ហើយនិងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យរដ្ឋាភិបាលរបស់លោកណារិនដ្រា ម៉ូឌី ដកចេញវិញនូវច្បាប់ពាក់ព័ន្ធនឹងការផ្តល់សញ្ជាតិឲ្យក្រុមជនអន្តោប្រវេសន៍។

គួរជម្រាបជូនថា ប្រជាពលរដ្ឋឥណ្ឌាជាច្រើនពាន់នាក់ បានចេញធ្វើបាតុកម្ម នៅតាមរដ្ឋជាច្រើន អស់រយៈពេលប្រមាណជា ២-៣ ថ្ងៃមកហើយ ដើម្បីបង្ហាញជំហរប្រឆាំងតវ៉ា នឹងច្បាប់ថ្មី ដែលទំនងជាផ្តល់ភាពងាយស្រួលឲ្យ ជនអន្តោប្រវេសន៍ដែលជាអ្នកកាន់សាសនាហិណ្ឌូ ចូលសញ្ជាតិឥណ្ឌា។

គួរជ្រាបទៀតថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលម្ងៃ មានបាតុករពីរនាក់បានស្លាប់ និងប្រមាណ ២០ នាក់ផ្សេងទៀតរងរបួស។ ក្រៅពីនេះ សកម្មភាពបង្ក្រាបរបស់អាជ្ញាធរឥណ្ឌា នៅគ្រាកន្លងមក តាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការប្រើដំបង ក៏បានរុញច្រានឲ្យក្រុមបាតុករ តបតវិញតាមរយៈការដុតបំផ្លាញរថយន្ត គប់ដុំថ្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនានានៅតាមដងផ្លូវផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ