អានតួអត្ថបទ
ឥណ្ឌា-ច្បាប់

នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​លោកម៉ូឌី​ ទទួលស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​សភា​នៅញូវដែលី​

អ្នកគាំទ្រគណបក្សអាំ អាត់មី (AAP) អបអរជ័យជម្នះនៅខាងក្រៅទីស្នាក់ការបក្សក្នុងទីក្រុងញូវដែលី នាថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០។
អ្នកគាំទ្រគណបក្សអាំ អាត់មី (AAP) អបអរជ័យជម្នះនៅខាងក្រៅទីស្នាក់ការបក្សក្នុងទីក្រុងញូវដែលី នាថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០។ REUTERS/Anushree Fadnavis

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី កាលពីថ្ងៃអង្គារម្សិលមិញ ​បានជួបបរាជ័យយ៉ាងខ្លាំង​ ក្នុងការបោះឆ្នោតសភានៅរដ្ឋធានីញូវដែលី។ ក្រោយបានដឹងដំណឹងនេះ ក្រុមអ្នកដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានលើកគ្នាទៅជួបជុំ និងដើររាំតាមដងផ្លូវនានា ដើម្បីអបអរសាទរចំពោះលទ្ធផលឆ្នោតដែលបានដូចក្តីបំណង។

ផ្សាយពាណិជ្ជកម្ម

គណបក្សដែលអាចដណ្តើមយកជ័យជម្នះ ពីបក្សកាន់អំណាចឥណ្ឌា ក្នុងការបោះឆ្នោតជ្រើសតំណាងរាស្ត្រនៅរដ្ឋធានីញូវដេលីឈ្មោះថាអាំ អាត់មី (Aam Aadmi)។ តាមរយៈលទ្ធផលបឋម គណបក្សអាំ អាត់មី បានយកឈ្នះចំនួន ៣៦ អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភាញូវដែលី ដែលមានអាសនៈសរុបទាំងអស់ចំនួន ៧០។

ក្រោយការប្រកាសលទ្ធផលបឋម នាយករដ្ឋមន្ត្រីហិណ្ឌូនិយមឥណ្ឌាលោកណារិនដ្រា ម៉ូឌី បានចេញមុខអបអរសាទរចំពោះ ជ័យជម្នះរបស់បក្សអាំ អាត់មី ដែលជាបក្សត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២។ តាមរយៈសារនៅលើបណ្តាញសង្គមធ្វីតទឺ លោកម៉ូឌី បានលើកទឹកចិត្តពួកគេ ឲ្យធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើប្រជាពលរដ្ឋឥណ្ឌា ដែលរស់នៅក្នុងទីក្រុងញូវដែលី។

គួរកត់សម្គាល់ថា មុនការបោះឆ្នោតសភា គណបក្សស្តាំនិយមរបស់លោកណារិនដ្រា ម៉ូឌី បានខិតខំធ្វើយុទ្ធនាការបោះឆ្នោតយ៉ាងខ្លាំង ដើម្បីយកឈ្នះលើគណបក្សអាំ អាត់មី ដែលមានលោក អាកវីន គេជ្រីវ៉ាល់ ជាប្រធាន។

យុទ្ធនាការនេះ ធ្វើឡើង តាមរយៈការបង្កើតច្បាប់សញ្ជាតិថ្មី ដែលជាច្បាប់អនុញ្ញាតឲ្យជនជាតិភាគតិច មិនមែនជាអ្នកកាន់សាសនាអ៊ីស្លាម មកពីប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងបង់ក្លាដែស មានលទ្ធភាពទទួលបានសញ្ជាតិឥណ្ឌាស្រួលជាងមុន។

តែផ្ទុយពីការរំពឹងទុក ការដាក់ចេញនូវច្បាប់សញ្ជាតិថ្មី មិនបានជួយឲ្យបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី ឈ្នះការបោះឆ្នោតសភានៅញូវដេលីឡើយ។ មួយវិញទៀត បរាជ័យក្នុងការបោះឆ្នោតលើកនេះ ក៏ជាតឹកតាងមួយបង្ហាញពីការមិនពេញចិត្ត របស់ប្រជាពលរដ្ឋឥណ្ឌាអ្នកកាន់សាសនាអ៊ីស្លាម ចំពោះច្បាប់សញ្ជាតិថ្មីដ៏ចម្រូងចម្រាសនេះដែរ។

គួររំឭកជូនថា ច្បាប់សញ្ជាតិថ្មី ត្រូវបានអនុម័តដោយសភាឥណ្ឌា កាលពីខែធ្នូ ឆ្នាំមុន។ បើតាមរដ្ឋាភិបាលឥណ្ឌា ច្បាប់សញ្ជាតិថ្មីនេះ ជួយការពារជនអន្តោប្រវេសន៍ដែលជាជនជាតិភាគតិច ឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនា។ ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រឆាំងវិញ ច្បាប់ថ្មីនេះមានភាពលម្អៀង និងរើសអើងផ្នែកសាសនា សម្រាប់ក្រុមអ្នកកាន់សាសនាអ៊ីស្លាម។

ក្រោយសភាជាតិឥណ្ឌាសម្រេចអនុម័តលើច្បាប់ថ្មីនេះរួចភ្លាម ប្រជាពលរដ្ឋឥណ្ឌា បានខឹងសម្បាជាខ្លាំង និងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម រហូតបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ២៥ នាក់ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ