អានតួអត្ថបទ

វិបត្តិ​នៅ​កាស្មៀរ​កាន់តែ​តានតឹង​ដោយសារ​ការបន្ត​វាយប្រយុទ្ធគ្នា​រវាង​ឥណ្ឌានិង​ប៉ាគីស្ថាន​

បុរសម្នាក់ដើរឆ្លងកាត់ជញ្ជាំងផ្ទះអ្នកភូមិប៉ាគីស្ថាន ដែលធ្លុះធ្លាយដោយសារការបាញ់ផ្លោងរបស់ឥណ្ឌា នៅថ្ងៃទី១ មីនា ឆ្នាំ២០១៩។
បុរសម្នាក់ដើរឆ្លងកាត់ជញ្ជាំងផ្ទះអ្នកភូមិប៉ាគីស្ថាន ដែលធ្លុះធ្លាយដោយសារការបាញ់ផ្លោងរបស់ឥណ្ឌា នៅថ្ងៃទី១ មីនា ឆ្នាំ២០១៩។ REUTERS/Adnan Abidi

នៅថ្ងៃ​សុក្រ ទី១ មីនា នេះ​ ស្ថានការណ៍​នៅ​តំបន់​កាស្មៀរ​ នៅតែ​កើនកម្តៅខ្លាំង​គួរឲ្យ​ព្រួយបារម្ភ​ ដោយសារ​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​រវាងឥណ្ឌា និងប៉ាគីស្ថាន នៅតែ​បន្តកើតមាន​។ វិបត្តិ​នៅ​កាស្មៀរ​នេះ​ បាន​ធ្វើឲ្យ​គេ​មានការព្រួយ​បារម្ភខ្លាំង​ផងដែរ​ អំពី​សុវត្ថិភាព​របស់​អ្នកស្រុក​ដែល​រស់នៅ​ក្បែរ​តំបន់​មានជម្លោះ​ បន្ទាប់ពី​អំពើហិង្សា​ធ្វើឲ្យ​មាន​មនុស្សស្លាប់​និងរបួស​ កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃព្រហស្បតិ៍​ឈានចូល​ព្រឹកថ្ងៃសុក្រ​នេះ​។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ឥណ្ឌា​បានឲ្យដឹងថា​មាន​ស្ត្រី​ម្នាក់​ស្លាប់​ និង​ប៉ូលិសឥណ្ឌា​ម្នាក់​ទៀត​រងរបួស​ក្នុងហេតុការណ៍​បាញ់ផ្លោង​ និង​ទម្លាក់​គ្រាប់បែក​ដាក់គ្នា​ទៅវិញទៅមក​រវាងកងទ័ព​ឥណ្ឌា​ និង​ប៉ាគីស្ថាន​នៅ​តំបន់​កាស្មៀរ​។ ទន្ទឹមគ្នានេះ​ ឥណ្ឌា​ក៏បានឲ្យដឹង​ដែរថា កងកម្លាំង​របស់​ខ្លួន​បានសម្លាប់​ទាហាន​ពីរ​នាក់​ដែល​គេ​សង្ស័យថា​ជា​ពួកភេរវករ​វិញ​ផងដែរ​។

សូមជម្រាបជូនថា​ ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​ពោល​គឺ​ឥណ្ឌា​ និង​ប៉ាគីស្ថាន​បាន​ធ្លាក់​ដុនដានខ្លាំង​នៅក្នុង​សប្តាហ៍នេះ​ ដោយសារ​ការបាញ់​កំទេច​យន្តហោះ​ទម្លាក់គ្រាប់បែក​ទាំងសងខាង​។ ជា​ការប៉ះទង្គិចគ្នា​ដ៏​ក្តៅ​គគុក​ចុងក្រោយ​បង្អស់​របស់​ប្រទេស​ទាំងពីរ​ ដែល​កើតចេញដំបូងពី​អំពើភេរវកម្ម​ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌាចំនួន​ជាង ៤០ នាក់​ កាលពីថ្ងៃ​ទី១៤ កុម្ភៈ​ ឆ្នាំ២០១៩​ កន្លងទៅ​។

ទាក់ទង​រឿងនេះដែរ​ អ្នកជំនាញ​បាន​លើកឡើងថា​ការបាញ់ផ្លោង​ និង​ការទម្លាក់​គ្រាប់បែក​ដាក់គ្នា​ឥតឈប់ឈរ​ ពី​សំណាក់​ទាហានឥណ្ឌា និងប៉ាគីស្ថាន​នឹង​ធ្វើឲ្យ​ប្រជាជន​របស់​ប្រទេស​ទាំងពីរ​ ដែល​មានផ្ទះសម្បែង​ក្បែរ​តបន់​ជម្លោះ​ រស់នៅដោយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់​ និងរស់នៅ​ដោយក្តី​ទុក្ខកង្វល់​ជារៀងរាល់ថ្ងៃ​។

ជាការពិត​ ប្រជាជន​ឥណ្ឌា​ជាច្រើនអ្នក​បានសម្តែងនូវ​ក្តីបារម្ភ​យ៉ាងខ្លាំង​នៅពេល​ដែល​ អំពើហិង្សា​ និង​ការផ្ទុះអាវុធ​បន្ត​កើតមាន​នៅក្បែរ​លំនៅឋាន​របស់​ពួកគេ​។ ជាក់ស្តែង​ ប្រជាជន​ឥណ្ឌាម្នាក់​ ដែល​រស់នៅក្បែរ​ព្រំប្រទល់ដែនតំបន់កាស្មៀរ​គឺ​លោក Kumar បាន​និយាយថា​ លោក​ចង់ឲ្យ​អាជ្ញាឥណ្ឌា​សងសឹក​ចំពោះ​ទង្វើភេរវកម្ម​ ប៉ុន្តែ​លោក​ក៏ចង់ឲ្យ​អាជ្ញាធរ​គិតគូរពី​សុវត្ថិភាព​របស់​ប្រជាជន​ផងដែរ​។

ជាមួយគ្នានេះ​ ភរិយា​របស់​លោក Kumar ក៏បាន​លើកឡើងដែរថា​ គ្រួសារ​របស់​គាត់​ ព្រមទាំង​អ្នកភូមិ​ផ្សេងទៀត​ មិនអាច​រស់នៅ​ជាមួយ​ភាពភ័យខ្លាច​ដូចសព្វថ្ងៃ​បាន​រហូតនោះទេ​ ហើយ​ថា​ ប្រសិនបើ​មានជម្រើស​ អ្នកស្រី​ និង​ក្រុមគ្រួសារ​នឹង​ចាកចេញពី​កន្លែង​មានជម្លោះ​ជារឿង​រហូត​។ អ្នកស្រី​សង្កត់ធ្ងន់​ទៀតថា​ គ្រួសារ​របស់​អ្នកស្រី​ក្រីក្រមែន​ ក៏ប៉ុន្តែ​ពួកគេ​ក៏​ស្រលាញ់​អាយុជីវិត​របស់ខ្លួន​ដូច​អ្នកផ្សេង​ឯទៀតៗ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ