អានតួអត្ថបទ
អ៊ីតាលី

សម្តេច​ប៉ាបFrançois បរិហារ​វប្បធម៌​"មិន​អើពើ"​របស់​ពិភពលោក

សម្តេច​ប៉ាប​ François ឱ្យ​ពរជ័យ​ដល់​ជន​អន្តោប្រវេសន៍​អាហ្វ្រិក​នា​ឱកាស​ទស្សនកិច្ច​នៅ​Lampedusa ថ្ងៃ​ទី​៨​កក្កដា ២០១៣
សម្តេច​ប៉ាប​ François ឱ្យ​ពរជ័យ​ដល់​ជន​អន្តោប្រវេសន៍​អាហ្វ្រិក​នា​ឱកាស​ទស្សនកិច្ច​នៅ​Lampedusa ថ្ងៃ​ទី​៨​កក្កដា ២០១៣ AFP PHOTO / ANDREAS SOLARO

នា​ឱកាស​និមន្ត​ចេញ​ធ្វើ​ទស្សនកិច្ច​សាសនា​នៅ​កោះ​Lampedusa របស់​អ៊ីតាលី ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ១៣៨​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្ទ​ប្រទេស​ទុយនីស៊ី​ សម្តេច​ប៉ាប François បាន​ត្មះដៀល​ពិភពលោក ដែល​មិន​អើ​ពើ​ ចំពោះ​មរណភាព​របស់​ជន​​អន្តោប្រវេសន៍​​មក​ពី​ទ្វីប​អាហ្វ្រិក។ បណ្តា​ជន​អាហ្វ្រិក​ដែល​ខ្លះ​លក់​ស្រែ​ចម្ការ​យក​លុយ​ទៅឱ្យ​មេខ្យល់​​​​ធ្វើ​ដំណើរ​ឆ្លង​សមុទ្ទ តាម​ទូក​តូចៗ​មក​អឺរ៉ុប ក្នុង​បំណង​ប្រាថ្នា​​​តែ​មួយ​ គឺ​ស្វែង​រក​ទឹកដី​សួគ៌ា សម្រាប់​កសាង​ជីវិត​ថ្មី។

ផ្សាយពាណិជ្ជកម្ម

 

“វប្បធម៌​​​សុខ​ស្រួល បាន​ធ្វើ​ឱ្យ​យើង​លែង​ឮ​សម្រែក​អ្នក​ដទៃ និង​លែង​អើពើ​អ្វី​ទាំងអស់!”​នេះ​ជា​សង្ឃដីកាដ៏​សង្វេកស្តោក​ស្តាយ​​​​របស់​សម្តេច​ប៉ាប​ ​ក្នុង​ពិធី​សូត្រ​ធម៌​ ដែល​មាន​គ្រិស្តសានិក​ចូល​រួម​ស្តាប់​ជាង​មួយម៉ឺន​នាក់។ លែង​ខ្វល់​ លែង​អើពើ​នឹង​ទុក្ខ​សោក​អ្នក​ដទៃ ដែល​សម្តេច​ប៉ាប ចង់​សំដៅ​លើ​​​បណ្តា​ជន​នៅ​ទ្វីប​អាហ្វ្រិក ភៀស​ខ្លួន​តាម​ទូក​តូចៗ​ ប្រថុយ​ជីវិត​នឹង​សេចក្តី​ស្លាប់​ ដើម្បី​អាច​មក​កសាង​ជីវិត​ និង​ក្រុមគ្រួសារ​នៅ​អឺរ៉ុប។

មុន​ដំណើរ​និមន្ត​មក​ដល់​កោះ​នេះ​បន្តិច អន្តោប្រវេសន៍​​អាហ្វ្រិក​ជាង​២៨០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ។ ​ចំនួន​ជន​ភៀសខ្លួន​អាហ្វ្រិក ឆ្លង​កាត់​​ច្រក ​ Lampedusa បាន​កើន​ឡើង​ឥត​ឈប់ឈរ។ រយៈពេល​​៦ខែ​ ដើម​ឆ្នាំ​នេះ មាន​ជន​អន្តោប្រវេសន៍​ ៧៨០០នាក់ បាន​ហែល​ឆ្លង​តោង​កោះ​អ៊ីតាលីបាន ពោល​គឺ​២​ដង​លើស​ឆ្នាំ​កន្លង​ទៅ។

ទោះ​បី​ជា​ចំនួន​កើន​ឡើង​យ៉ាង​ណា​ក៏ដោយ តែ​ចំនួន​ជនមនុស្ស​ស្លាប់​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ បាន​ធ្លាក់​ចុះ​។ បើ​តាម​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ មាន​ស្លាប់​៥០០​នាក់​នៅ​ឆ្នាំ​២០១២ ហើយ​ស្លាប់​និង​បាត់​ខ្លួន​៤០​នាក់​នៅ​ឆ្នាំ​២០១៣។ សូម​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​តាម​ទូក តាម​មេខ្យល់​ ទាំងអស់​នេះ នៅ​ពេល​បាន​ជាន់​កោះ​​អ៊ីតាលី ត្រូវ​បញ្ជូន​ភ្លាម​ទៅ​កាន់​មណ្ឌល​ទទួល​អន្តោប្រវេសន៍​បឋម ដ៏​តូច​មួយ បន្ទាប់​មក​ទើប​នាំ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​រដ្ឋបាល​ មុន​នឹង​សម្រេច​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ ឬ​ទៅ​កន្លែង​សុំ​សិទ្ធិ​ជ្រកកោន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ