អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

"I ​Have ​A ​Dream"​៖ ​ដំណើររឿង​ពីក្រោយ​ឃ្លា​ដ៏​ល្បីល្បាញ​របស់​លោក ​Martin Luther King

សំឡេង ០៤:០៩
លោក​ Martin Luther King
លោក​ Martin Luther King

នៅថ្ងៃ​ទី៤ ខែមេសា​នេះ គឺ​ជា​ខួប​គម្រប់ ៥០ឆ្នាំ នៃ​មរណភាព​របស់​​​លោក Martin Luther King ដែល​ជា​ឥស្សរជន​ដ៏​ល្បី​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ប្រឆាំង​ពូជសាសន៍។ អ្វី​ដែល​គេ​នៅ​ចងចាំ​ជាងគេ អំពី​លោក Martin Luther King គឺ​សុន្ទរកថា​ កាល​ពី​ជាង ៥០ឆ្នាំ​មុន ជាមួយ​នឹង​ឃ្លា​ដ៏ល្បីល្បាញ​មួយ​ថា “I Have A Dream” ដែល​មានន័យថា “ខ្ញុំ​មាន​ក្តីសុបិន​មួយ”។ តើអ្វីទៅ​ជា “ក្តីសុបិន” របស់​លោក​ Martin Luther King?

ផ្សាយពាណិជ្ជកម្ម

“I have a dream” គឺ​ជា​ឃ្លា​ដ៏ល្បីល្បាញ​ និង​ដែល​គេ​ចងចាំ​ច្រើន​បំផុត នៅ​ក្នុង​សុន្ទរកថា​របស់​លោក Martin Luther King នៅ​ឆ្នាំ​១៩៦៣ គឺ​កាល​ពី​៥០ឆ្នាំមុន។ សុន្ទរកថា ដែល​ធ្វើឡើង នៅ​ក្នុង​​ក្បួនព្យុហយាត្រា​ដ៏ធំមួយ នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីងតោន ដើម្បី​ទាមទារ​សិទ្ធិ សម្រាប់​ជនជាតិ​អាមេរិក​ស្បែកខ្មៅ ហើយ​​ដែល​គេ​ឲ្យឈ្មោះ​ថា “ក្បួនព្យុហយាត្រា​ដើម្បី​ការងារ និង​សិទ្ធិសេរីភាព” (March on Washington for Jobs and Freedom)។

គិតមកត្រឹមឆ្នាំ​១៩៦៣​នោះ គឺ​គ្រប់​១០០ឆ្នាំ​គត់​ ដែល​ជនជាតិ​ស្បែក​ខ្មៅ​អាមេរិក​ត្រូវ​បាន​គេ​រំដោះចេញ​ពី​ភាព​ជា​ទាសករ ព្រមទាំង​មាន​សិទ្ធិបោះឆ្នោត ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ពេញលេញ។ ការបញ្ចប់​ភាព​ជាទាសករ​ស្បែកខ្មៅ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រឹត្យ​ (Executive Order) ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ អាប្រាហាំ លីនកុន (Abraham Lincoln) នៅថ្ងៃ​ទី១ ខែមករា ឆ្នាំ​១៨៦៣។ ក៏ប៉ុន្តែ បើទោះបី​ជា​តាមច្បាប់ ជនជាតិ​អាមេរិក​ស្បែកខ្មៅ​ត្រូវ​មាន​សិទ្ធិ​ដូច​ពួក​ស្បែក ស ក៏ដោយ តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការរើសអើង​ ទាំងពី​សំណាក់​ក្រុមហ៊ុន​នយោជក និង​ពី​សំណាក់​​មន្រ្តី​រដ្ឋាភិបាល។ នៅ​កន្លែង​ខ្លះ ជនជាតិ​អាមេរិក​ស្បែកខ្មៅ​ថែម​ទាំង​មិន​អាច​ទៅបោះឆ្នោត​បាន​ទៀត​ផង ដោយសារ​តែ​មាន​ការ​គំរាមកំហែង និង​អំពើ​ហិង្សា ពីសំណាក់​​ពួក​ស្បែក ស ជ្រុលនិយម។

 

នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ក្រុម​សកម្មជន​ការពារសិទ្ធិពលរដ្ឋ​អាមេរិក​បាន​រៀបចំ​ក្បួន​​ព្យុហយាត្រា ដើម្បី​ការងារ និង​សិទ្ធិសេរីភាព នៅថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ​១៩៦៣។ ក្បួន​ព្យុហយាត្រា ដែលមាន​អ្នក​ចូលរួម​ប្រមាណ​ជា ២៥ម៉ឺននាក់ បាន​ចេញដំណើរ​ពី​ Washington Monument ឆ្ពោះទៅកាន់ Lincoln Memorial (វិមាន​ដែល​គេ​សង់ ដើម្បី​ឧទ្ទិស​ ដល់​លោក​ប្រធានាធិបតី​ Abraham Lincoln ដែល​ជា​អ្នក​ដោះ​ពួក​ស្បែកខ្មៅ​ពី​ទាសភាព)។ គឺនៅនឹង​ជើងជណ្ដើរ​នៃ​វិមាន Lincoln Memorial នោះ​ហើយ​ ដែល​​លោក Martin Luther King ​គ្រូគង្វាល​វិហារ​ប្រូតេស្តង់ មកពី​រដ្ឋ Georgia បាន​ឡើង​ថ្លែង​សុន្ទរកថា​ ដែល​​ក្រោយមក​ត្រូវបាន​គេ​ចាត់ទុក​ថាជា​សុន្ទរកថា​ដ៏ល្បីល្បាញ​បំផុត​នៃ​​ប្រវត្តិសាស្រ្ត​អាមេរិក ក្នុងសតវត្សរ៍​ទី២០។

 

នៅ​ក្នុង​សុន្ទរកថា ១៦នាទី លោក Martin Luther King បាន​រំឭក​អំពី​ក្រឹត្យ​របស់​លោក Abraham Lincoln កាលពី១០០ឆ្នាំមុន ដែល​បាន​រំដោះ​ជនជាតិអាមេរិក​ស្បែកខ្មៅ ពី​ទាសភាព។ ក៏ប៉ុន្តែ ១០០ឆ្នាំ​ក្រោយ​មក ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ ពួកស្បែកខ្មៅ​ ​នៅតែ​មិនមាន​សិទ្ធិសេរីភាព​ពេញលេញ។ គឺ​នៅចុងបញ្ចប់​នៃ​សុន្ទរកថា ដែល​លោក Martin Luther King បានលើកឡើង​ពី​ក្តីសុបិន​របស់​លោក។

 

“I have a dream” ខ្ញុំ​មាន​ក្តីសុបិន​មួយ គឺ​ក្តីសុបិន​ថា ថ្ងៃ​ណាមួយ ប្រជាជាតិ​អាមេរិក​នឹង​ងើបឡើង​ ហើយ​រស់នៅ​ស្របទៅនឹង​គោលការណ៍ ដែល​ថា មនុស្ស​​ត្រូវ​បាន​បង្កើត​មក​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា។ ខ្ញុំមាន​ក្តីសុបិន​ថា ថ្ងៃ​ណាមួយ ចៅៗ​របស់​ខ្ញុំ​នឹង​ធំដឹងក្តី ហើយ​រស់នៅក្នុង​ប្រជាជាតិមួយ ដែល​​មនុស្ស​ត្រូវ​បាន​​វាយតម្លៃ​តាមរយៈ​អត្តចរិត ហើយ​មិន​តាមរយៈ​ពណ៌សម្បុរ​ស្បែក។

 

Martin Luther King ត្រូវ​បាន​គេ​លបធ្វើ​ឃាត នៅថ្ងៃទី៤ ខែមេសា ​ឆ្នាំ​១៩៦៨ បន្សល់ទុក​នូវ​ក្តីសុបិន​ ដែល ៥០ឆ្នាំក្រោយមក មាន​អ្នកខ្លះ​យល់ថា វា​ហាក់ដូចជា​នៅតែ​មិនទាន់​បាន​ក្លាយ​ជា​ការពិត​នៅឡើយ។

 

យោងតាមការ​សិក្សា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវមួយ ដែល​មាន​ទីស្នាក់ការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន​ គម្លាត​ផ្នែក​សេដ្ឋកិច្ច រវាង​ជនជាតិ​អាមេរិក​ស្បែកខ្មៅ និង​ស្បែក ស នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅតែ​មាន​ទំហំធំធេង ប្រហាក់ប្រហែល​នឹង​កាល​ពី​៥០ឆ្នាំមុន​។ គិតជាមធ្យម ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​គ្រួសារ​អាមេរិក​ស្បែកខ្មៅ​​មាន​តែ​ប្រមាណ​ជា ៦០%​ប៉ុណ្ណោះ នៃ​​ប្រាក់​ចំណូល​របស់​​គ្រួសារ​អាមេរិក​​ស្បែក ស។

 

នៅ​ក្នុង​ការស្ទាបស្ទង់មតិ​កាល​ពី​ខែ​សីហា​​២០១៣ ក្នុង​ចំណោម​មនុស្ស​ជាង​២ពាន់នាក់ ដែល​ត្រូវបាន​សាកសួរ មាន ៤៩% យល់ថា នៅមាន​បញ្ហា​ជាច្រើន​ទៀត ដែល​ត្រូវ​កែលម្អ ដើម្បី​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រជាជាតិ​ ដែល​គ្មាន​ការ​រើសអើង​ពណ៌​សម្បុរ ដូច​ក្តីសុបិន​របស់​លោក Martin Luther King។

 

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ កាលពីយប់ថ្ងៃ​អង្គារ ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ មាន​ព្រឹត្តិការណ៍​មួយ ដែល​ធ្វើ​ឲ្យគេ​នាំគ្នា​នឹកឃើញ​ទៅដល់​ក្តីសុបិន​របស់​លោក Martin Luther King នោះគឺ​ការ​ជាប់ឆ្នោត​របស់​លោក​បារ៉ាក់ អូបាម៉ា ជា​ប្រធានាធិបតី​​ស្បែកខ្មៅ​ទីមួយ​ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ