អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺវង្វេងវង្វាន់ ៖ អាន​សៀវភៅ​អាច​ជួយ​រក្សា​ការ​ចង​ចាំ

សំឡេង ០៧:០០
ខួរក្បាល​មនុស្ស​ដែល​មាន​សុខភាព​ល្អ (រូបឆ្វេង) និង​ខួរ​ក្បាល​រួម​តូច ពេល​មាន​ជំងឺ​វង្វេងវង្វាន់(រូបស្តាំ)
ខួរក្បាល​មនុស្ស​ដែល​មាន​សុខភាព​ល្អ (រូបឆ្វេង) និង​ខួរ​ក្បាល​រួម​តូច ពេល​មាន​ជំងឺ​វង្វេងវង្វាន់(រូបស្តាំ) REUTERS/Denis Balibouse

ថ្ងៃ​ទី ២១ កញ្ញា នេះ ជា​ទិវាពិភពលោក ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វង្វេងវង្វាន់ ឬ​ជា​ភាសា​បារាំង ជំងឺ​ Alzheimer។ ចំនួន​មនុស្ស​កើត​ជំងឺ​នេះ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ នៅ​លើ​ពិភពលោក ប៉ុន្តែ​គេ​ច្រើន​ធ្វេស​ប្រហែស និង​លាក់​បំបាំង ដោយ​គិត​ថា​ជា​ជំងឺ​របស់​មនុស្ស​ចាស់។ ជាទូទៅ​ជំងឺ​នេះ ច្រើន​កើត​នៅ​លើ​មនុស្ស​ចាប់​ពី​៦៥ ទៅ​៧០​ឆ្នាំ​ ឡើងទៅ ប៉ុន្តែ​តាម​ការពិត មនុស្ស​វ័យ​កណ្តាល ក្រោម​៥០​ឆ្នាំ​ក៏​អាច​ជួប​គ្រោះ​កើត​ជំងឺ​វង្វេង​នេះ​ដែរ។ ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ មាន​ការ​វិវឌ្ឍន៍​​​យ៉ាង​ខ្លាំង​ ប៉ុន្តែ​​នៅ​តែ​មិន​ទាន់​រក​ឃើញ​​ថ្នាំ​ព្យាបាល​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព។

ផ្សាយពាណិជ្ជកម្ម

 

ភ្លេច​​វង្វេង​វង្វាន់ ជា​ជំងឺ​មនុស្ស​ចាស់ ដែល​មាន​ពាក់​ព័ន្ធ​នឹង​​ប្រាជ្ញា ការ​ចេះ​ដឹង និង​ការ​ចង​ចាំ។ និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​យើង​ភ្លេច​ភ្លាំង រលត់​ការ​ចង​ចាំ​អ្វី​បន្តិច​បន្តួច គឺ​មាន​ជំងឺ​វង្វេងវង្វាន់​នោះ​ទេ។ ជា​ធម្មតា មនុស្ស​យើង​នៅ​ពេល​កើត​មក​តែ​រៀន​ចេះ​ដឹង​ ចង​ចាំ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​វ័យ​មួយ ចាប់​ពី​អាយុ​ហាសិប​ឡើង​ទៅ មនុស្ស​យើង​ចាប់​ផ្តើម​ចេះ​ភ្លេច ខួរ​ក្បាល លែងសូវ​​ចង​ចាំ។

ប្រសិន​បើ​ជា​ ​ ជំងឺវង្វេង​វង្វាន់ ​​នោះ​រោគ​សញ្ញា នឹង​ផ្តើម​ដោយ​ការ​ភ្លេច​ភ្លាំង​ រលត់​ការ​ចង​ចាំ ភេ្លច​ឈ្មោះ បន្ទាប់​មក​​ លែង​​ចេះ​គិត ​ចេះ​គូរ លែង​ស្គាល់​របស់​របរ ឬ​មុខ​កូន​ចៅ យូរៗ​ទៅ​ភ្លេច​ទាំង​អស់ ទាំង​ពេល​វេលា ភ្លេច​និយាយ​ស្តី ជា​ដើម វង្វេង​រក​ទី​ ឬ​ទិសដៅ ឬ​កន្លែង​​អ្វី​លែង​ឃើញ។ នៅ​ដំណាក់កាល​ធ្ងន់​ធ្ងរ គឺ​គេ​លែង​អាច​ស្តាប់​ មិន​អាច​​យល់​ និង​ធ្វើ​អ្វី​បាន​ ក្លាយ​ជាមនុស្ស​ដែល​មិន​អាច​រស់​ដោយ​ពឹង​លើ​ខ្លួន​ឯង​បាន។ នេះហើយ​ជា​ជំងឺ​វង្វេង​វង្វាន់។

កាលពី​ឆ្នាំ ២០០៥ មាន​មនុស្ស​ប្រមាណ​​២៦​លាន​នាក់​កើត​ជំងឺ​វង្វេង​នេះ តែ​វា​អាច​នឹង​កើន​ឡើង​​​ជា​បួន​ដង​នៅ​ឆ្នាំ​២០៥០។ គិត​ត្រឹម​តែ​ឆ្នាំ​២០១០​នេះ នៅ​លើ​ពិភពលោក​យើង​មាន​អ្នក​កើត​ជំងឺ​នេះ​ ជា​ផ្លូវការ​ដល់​ទៅ ជិត​៣៦​លាន​នាក់ និង​បាន​ក្លាយ​ជា​ជំងឺ​ ដែល​គេ​ចំណាយ​ថវិកា​ច្រើន​បំផុត​ នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន។

ជំងឺ​ភេ្លច​វង្វេងវង្វាន់​នេះ មាន​កើត​ឡើងច្រើន​​នៅ​លើ​មនុស្ស​ចាប់​ពី​អាយុ​ ៦៥​ឆ្នាំ​ឡើង​ទៅ និង​​មាន​ការ​វិវឌ្ឍន៍​លឿន​ ឬ​យឺត ទៅ​តាម​បុគ្គល​ម្នាក់ៗ​ខ្លាំង​ណាស់ ជា​ហេតុនាំ​ឲ្យ​​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​វិភាគ​រោគ​សញ្ញា​​ជួប​ការ​លំបាក​ខ្លាំង។ ជាទូទៅ ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​កើត​ជំងឺ​នេះ ជីវិត​ពួក​គាត់​អាច​មាន​សង្ឃឹម​ រស់​រាន​ បាន​ពី​បី ទៅ​៨​ឆ្នាំ។

ប៉ុន្តែ​ពេល​នេះ វិទ្យាសាស្ត្រ​មាន​ការ​ជឿន​លឿន​ខ្លាំង ផ្នែក​ស្រាវជ្រាវ​រក​​ជំងឺ​វង្វេង​វង្វាន់​នេះ ដោយ​ក្រៅ​ពី​ការ​ធ្វើ​តេស្ត​ស្ទាប​ស្ទង់​បញ្ញា​ស្មារតី គេ​អាច​ថត​ឆ្លុះ​ ខួរ​ក្បាល​ តាម​ប្រព័ន្ធ អ៊ីអ៊ែរអ៊ឹម IRM ដ៏​ទំនើប​បំផុត ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ខួរ​ក្បាល គឺ​មាន​ន័យ​ថា គេ​អាច​​មើល​ឃើញ​ថា​ ​មាន​ជំងឺ​នៅ​ខួរក្បាល។

ចំណែក​ ការស្រាវ​ជ្រាវ​រក​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​វង្វេង​វង្វាន់​នេះ ក៏​មាន​លក្ខណៈ​សកម្ម​ខ្លាំង​ណាស់ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​យល់​ច្បាស់ អំពី​ភាព​ប្រឈម​នឹង​​ជំងឺ​អនាគត​មួយ​នេះ ដោយ​មនុស្ស​លោក​មាន​អាយុ​កាន់​តែ​វែង ប្រជាជន​កាន់​តែ​ចាស់ទៅៗ។ ប៉ុន្តែ​លទ្ធផល​នៅ​មាន​កំរិត​នៅ​ឡើយ។ ថ្នាំ​ជំនាន់​ទី​បី ដែល​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ ពុំ​មាន​ប្រសិទ្ធិភាព​ដូច​ការ​គិត​ទេ នេះ​ជា​ការ​ទទួល​ស្គាល់​របស់​អ្នក​ឯកទេស​បារាំង​។

ផ្ទុយ​ទៅ​វិញ​ ក្តី​សង្ឃឹម​មួយ​កំពុង​ផុស​ឡើង ព្រោះ​ការ​សិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា ប្រសិន​បើ​គេ​ទទួល​ទាន​ថ្នាំ​ (ពពួក​ Donépézil ​) និង​បាន​ទទួល​ការ​តាមដាន​ពិនិត្យ​ នៅ​ដំណាក់​កាល​ដំបូង​ មួយ​ឆ្នាំ​មុន​ការ​ចាប់​ផ្តើម​នៃ​ជំងឺ​ នោះ​គេ​នឹង​អាច​កាត់​បន្ថយ ​ ការ​ស្រុត​ចុះ​នៃ​ទំហំ​ខួរ​ក្បាល​ចង​ចាំ​របស់​យើង​ បាន​៤៥% ​​។

ថ្វីដ្បិត​តែ​គេ​ពុំ​ទាន់​អាច​រក​ឃើញ​​ថ្នាំ​មក​ព្យាបាល​ ឬ​ការពារ​ជំងឺ​នេះ​ឲ្យបានជា​ និង​ពុំ​ទាន់​រក​ឃើញ​អំពី​មូលហេតុ​ពិត​ ដែល​បង្ក​ឲ្យ​កើត​ជំងឺនេះ​ក៏​ពិត​មែន ប៉ុន្តែ​​គេ​អាច​ជួយ​ទប់​ស្កាត់​ការ​វិវឌ្ឍន៍​របស់​ជំងឺ​កុំ​ឲ្យ​ទៅ​លឿន​ពេក និង​បាន​សន្និដ្ឋាន​​ថា ជំងឺ​នេះ​មាន​ពាក់​ព័ន្ធ​នឹង​កត្តាពូជ និង​បរិស្ថាន​ដែល​នៅ​ជុំ​វិញ​ខ្លួន។

ក្រៅ​ពី​​អាយុ និង​​ប្រវត្តិ​គ្រួសារ​​ដែល​យើង​មិន​​អាច​ចៀសវាង​បាន គឺ​នៅ​ពេលនេះ​គេ​បាន​ដឹងថា មាន​​កត្តា​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យ​ងាយ​កើត​ជំងឺ​វង្វេងវង្វាន់​នេះ ៖

-          រស់​នៅ​ក្នុង​ប្រទេស​ជឿន​លឿន តាម​បែប​ទំនើប​ជ្រុល​ហួស​ហេតុ
-          ​មាន​ជំងឺ​លើស​ឈាម
-          មាន​ជំងឺ​សរសៃ​ឈាម​បេះដូង តាំ​ង​ពី​នៅ​វ័យ​កណ្តាល
-          ធ្លាប់​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ប៉ះទង្គិច​ក្បាល
-          កង្វះ​សារជាតិ​ខ្លាញ់​មិន​ឆ្អែត ពពួក​ អូមេហ្កា​៣ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ
-          ទទួល​ទាន​សុរា​ច្រើន​
-          ជក់​បារី សុទ្ធ​សឹង​ជា​កត្តា​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​កើត​ជំងឺ​វង្វេង​វង្វាន់​នេះ។

សូម​បញ្ជាក់ថា​ ការ​ជក់​បារី បង្កើន​គ្រោះ​កើត​ជំងឺ​នេះ​ យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​។ យោង​តាម​ការស្រាវ​ជ្រា​វ​របស់​ក្រុម​អ្នក​ឯក​ទេស​នៅ​ប្រទេស​ហ្វាំង​ឡង់​ ​ មនុស្ស​ដែល​ជក់បារី​ច្រើន​នៅ​ក្នុង​វ័យ​កណ្តាល​ ​អាច​ប្រឈម​នឹង​ ការ​កើត​ជំ​ងឺ​វង្វេង​វង្វាន់​ នៅ​ក្នុង​​រយៈ​ពេល​២០​ឆ្នាំ​ក្រោយ។ បើ​ជក់​ជាង​ពី​រ​បញ្ចប់​ក្នុង ​មួយ​ថ្ងៃ​មាន​អត្រា​កើត​ជំងឺ​វង្វេង​វង្វាន់​ និង​ជំងឺ​បាត់​បង់​ការ​ចង​ចាំ​ខ្ពស់​បំផុត​បើ​ប្រៀប​ធៀបទៅ​​នឹង​អ្នក​ដែល​ មិន​ជក់​បារីសោះ​។

ពេល​នេះ​គេ​បាន​ដឹង​ពី​គ្រោះ​កើត​ជំងឺ​នេះ​ខ្លះ​ហើយ ដូច្នេះ​ប្រសិន​បើ​យើង​អាច​ប្រតិបត្តិ​ខ្លួន​ឲ្យ​ត្រឹម​ត្រូវ​ នោះ​គេ​នឹង​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​នេះ​បាន​ខ្លះ។ ម្យ៉ាង​វិញ​ទៀត បើ​តាម​លទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៃ​ការ​ស្រាវជ្រាវ​ផ្នែក​​វេជ្ជសាស្ត្រ​របស់​ក្រុម​គ្រូពេទ្យ​​ឯកទេស​បារាំង របបអាហារ​ប្រចាំ​ថ្ងៃដែល​សម្បូរ​ដោយ​បន្លែ​ ផ្លែឈើ​​ចម្រុះ​ច្រើន​មុខ គ្រាប់​ធញ្ញជាតិ មិន​សូវ​ប្រើ​ជាតិ​សាច់ បញ្ចេញ​កម្លាំង​ថាមពល​ផ្លូវ​កាយ​ច្រើន និង​​ហាត់​ពត់​លត់​ដំ ទម្លាប់​ប្រើ​ខួរក្បាល​​ ដូច​ជា​អាន​សៀវភៅ និង​លេង​ល្បែង​ប្រើ​ខួរ​ក្បាល​ ប្រើ​ប្រាជ្ញា​គិត អាច​ជួយ​ទ្រទ្រង់​ខួរក្បាល​កុំ​ឲ្យ​ឆាប់​ស្ពឹក​ និង​កុំ​ឲ្យ​ឆាប់​ចាប់​បាត់​បង់​សមត្ថភាព​ចង​ចាំ​របស់​ខ្លួន​បាន។

គ្មាន​អ្វី​ប្រសើរ​ជាង​ការ​អាន និង​ការ​និយា​យ​ឡើង​វិញ​អំពី​សៀវភៅ​ដែល​បាន​អាន​នោះ​ទេ !

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ